ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធចំពោះការចុះផ្សាយចោទប្រកាន់របស់កាសែត The Nation Thailand នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
កាសែតថៃមួយនេះបានចុះផ្សាយថា ក្រសួងទេសចរណ៍កម្ពុជាមិនបានរៀបចំ និងស្វាគមន៍អ្នកចូលរួមកម្មវិធីប្រកួត Miss Grand International 2024 ឱ្យបានត្រឹមត្រូវ ដែលនាំឱ្យកម្ពុជាត្រូវលុបចោលតួនាទីជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះភ្លាមៗ។
យោងតាមការបង្ហោះហ្វេសប៊ុករបស់ The Nation Thailand ហេតុផលមួយក្នុងចំណោមហេតុផលដែលត្រូវបានលើកឡើងសម្រាប់ការលុបចោលគឺអវត្តមានរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងសន្និសីទសារព័ត៌មានដូចបានសន្យា ក៏ដូចជាការខកខានរបស់មន្ត្រីកម្ពុជាក្នុងការស្វាគមន៍បេក្ខភាពបវរកញ្ញានៅពេលពួកគេបានមកដល់។
ការចោទប្រកាន់ទាំងនេះទាក់ទងនឹងការសម្រេចចិត្តរបស់គណៈកម្មាធិការរៀបចំកម្មវិធី Miss Grand International ក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍ពីប្រទេសកម្ពុជាទៅប្រទេសថៃ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ក្រសួងទេសចរណ៍ សូមច្រានចោល និងបដិសេដចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពីការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា»។
ក្រសួងបានបំភ្លឺថា តាមពិតទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជួបជាមួយអ្នករៀបចំកម្មវិធី Miss Grand International 2024 និងបេក្ខនារីទាំងអស់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួង។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួម និងបានពិភាក្សាអំពីឥទ្ធិពលវិជ្ជមាននៃព្រឹត្តិការណ៍នេះក្នុងការលើកកម្ពស់វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។
ជាងនេះទៅទៀត ក្រសួងបានសង្កត់ធ្ងន់ថា៖ «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត និង/ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីការទទួលជួបសំណេះសំណាល ជាមួយប្រតិភូ និងបេក្ខនារី»។
ក្រសួងក៏បានសម្របសម្រួលកិច្ចសហប្រតិបត្តិការយ៉ាងរលូនជាមួយស្ថាប័នផ្សេងៗ ដើម្បីជួយសម្រួលដល់ការចូល ចេញ និងទស្សនាការប្រកួតរបស់បេក្ខជន។
សេចក្តីថ្លែងការណ៍បាននិយាយថា៖«ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មាន The Nation Thailand កែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតខាងលើ និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ»។
ទំព័រហ្វេសប៊ុក Miss Grand Cambodia (MGC) បង្ហោះរូបថតជាច្រើនសន្លឹកនិងបានសរសេរថា កម្រងរូបភាពក្នុងស្នាមញញឹមនៃជំនួបដ៏កក់ក្តៅជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា និងក្រុមការងារ MGI កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នេះ។
MGC បានឱ្យដឹងថា៖ «ក្នុងនាមស្ថាប័នជាតិ និងអន្តរជាតិ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រសួងទេសចរណ៍ក្នុងការផ្តល់កិច្ចសហការគាំទ្រចំពោះដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតបវរកញ្ញាជាប្រវត្តិសាស្ត្រមួយនេះ»។
ហ្វេសប៊ុកនេះបានបន្ដថា៖ «យើងខ្ញុំទទួលបានការស្វាមគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងសមាជិក សមាជិកាទាំងអស់នៃក្រសួងទេសចរណ៍ប្រចាំព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍មួយនេះ នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែល្បីសុះសាយទូទាំងសកលលោក»។
លោកស្រី អ៊ឹម សុគន្ធា ជាអតីតតារាសម្ដែងល្បីឈ្មោះនិងបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន HK7 បានចុះហត្ថលេខាធ្វើជាអ្នកគ្រប់គ្រងថ្មីក្នុងកម្មវិធី Miss Grand Cambodia បានធ្វើការបកស្រាយក្នុងសន្និសីទកាសែតនៅថ្ងៃទី៩ ខែតុលានេះ។
លោកស្រីបានឱ្យដឹងថា ការសម្រេចចិត្ដធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International (MGI) បីវគ្គ និងបីវគ្គទៀត រៀបចំនៅប្រទេសថៃ ដោយមានការផ្ដល់ជំនួយបច្ចេកទេសពីលោក Nawat Itsaragrisil និងការចំណាយពីភាគីកម្ពុជា។
លោកស្រីបានអះអាងថា៖ «ខ្ញុំស្រឡាញ់កម្មវិធីនេះ និងចង់ផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ជាអ្វីដែលខ្ញុំស្រឡាញ់មែនទែន។ កម្មវិធីពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ យើងទៅទទួលបវរកញ្ញាពីបណ្ដាប្រទេសនានាដោយរលូត»។
ប៉ុន្ដែភាពមិនប្រក្រតីបានកើតឡើងថ្ងៃទី ៤ នៅពេលលោកស្រី សុគន្ធា ទៅទទួលលោក Nawat នៅ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញជាកំហិតនៅម៉ោង ១១:៣០ ខណៈពេលភ្ញៀវបែរជាដើរគេចពីក្រុមអ្នកទទួល និងចូលរថយន្ដចេញដំណើរទៅបាត់។
នៅថ្ងៃទី៥ ខែតុលា ជាពិធីបំពាក់ឈៀងនៅសណ្ឋាគារសុខាភ្នំពេញ ដែលលោកស្រី សុគន្ធា បានឱ្យដឹងថា វាជាវេលាដ៏លំបាកបំផុត ដែលរបៀបវីរៈ និងកម្មវិធីត្រូវបានផ្លាស់ប្ដូរ រួមទាំងពេលវេលា និងបន្ថែមបរិក្ខា។
លោកស្រី សុគន្ធា បាននិយាយក្នុងសន្និសីទកាសែតថា លោកស្រីបានអញ្ជើញរដ្ឋមន្ដ្រីក្រសួងទេសចរណ៍នៅម៉ោង ៥ល្ងាច ខណៈកម្មវិធីផ្សាយផ្ទាល់នឹងចាប់ផ្ដើមនៅម៉ោង ៦ល្ងាច។ ប៉ុន្ដែលោក Nawat ទាមទារឱ្យបិទសាលអគារនៅសណ្ឋាគារនៅម៉ោង ៤ ដើម្បីធ្វើការផ្សាយផ្ទាល់មុនម៉ោងកំណត់។
លោកស្រីនិយាយទាំងអួលដើមកថា៖ «គាត់ទៅ live កម្មវិធីម៉ោង ៤។ ខ្ញុំ បងប្អូនទាំងអស់ ខ្ញុំនិយាយមែន ញ័រដៃញ័រជើងណាស់ ពីព្រោះខ្ញុំជាអ្នកអញ្ជើញគេ [រដ្ឋមន្ដ្រី] អ្នកធំ គិតមើល។ ខ្ញុំភ័យណាស់ គាត់ធ្វើអ៊ីចឹងដាក់ខ្ញុំ ហើយបើមានបញ្ហា នរណាជាអ្នកដោះស្រាយ មិនខ្ញុំជាអ្នកដោះស្រាយ ពីព្រោះខ្ញុំជាអ្នកអញ្ជើញថ្នាក់ដឹកនាំមក»។
លោកស្រី បានបន្ថែមថា លោករដ្ឋមន្ដ្រីទទួលយកការលុបចោលចំពោះការចូលរួមនោះ។ ប៉ុន្ដែលោក Nawat បែរជាហ៊ាននិយាយថា ថ្នាក់ដឹកនាំមិនចូលរួម និងមិនផ្ដល់កិត្ដិយសឱ្យរូបលោក។ លោកស្រីបានចោទសួរវិញថា៖ «តើនរណាជាអ្នកមិនផ្ដល់កិត្ដិយសដល់ប្រទេសកម្ពុជាពិតប្រាកដ?»។
យោងតាមប្រភពព័ត៌មានពីប្រទេសថៃ កញ្ញាឯកថៃបានស្រែកយំពេលទៅដល់អាកាសយានដ្ឋានប្រទេសថៃ និងបានត្អូញត្អែរថា កញ្ញាទទួលទានពងក្រួចដែលមានដង្កូវជាដើម។
លោកស្រី សុគន្ធា ក៏បានបកស្រាយរឿងរ៉ាវដែលផ្ទុះល្បីខ្លាំងចំពោះហេតុការណ៍ជិះទូកនោះថា នៅក្នុងការវិភាគ គ្មានកម្មវិធីជិះទូកនោះទេ តែលោក Nawat ជាអ្នកសំណូមពរផ្ទាល់ និងទទួលទានអាហារនៅលើទូក ទោះបីជាលោកស្រីព្យាយាមបង្វែទៅទីតាំងផ្សេង ដែលស័ក្ដិសមជាងនេះ។
លោកស្រីបានថ្លែងថា៖ «ម៉ោង ៥ល្ងាចជាង មេឃកំពុងភ្លៀង ការតុបតែងផ្សេងៗនៅតុ ត្រូវបានរុះរើចេញ និងបារម្ភពីការរៀបចំឡើងវិញនៅម៉ោង ៧យប់ និងអាចបង្កគ្រោះថ្នាក់ដល់បេក្ខភាពបវរកញ្ញាចំពោះការអិល»។
កញ្ញា ប៊ី សុធារី បេក្ខភាពបវរកញ្ញា Miss Grand Cambodia 2024 បានបញ្ជាក់ថា ការសម្រេចចិត្ដផ្លាស់ប្ដូរទូក ខណៈពេលទូកធំដែលត្រូវបានរៀបចំមិនទាន់ចូលចំណត លោក Nawat ជ្រើសរើសទូកផ្សេង និងទិញពងក្រូច និងសណ្ដែកដីជាដើម។
លោកស្រី សុគន្ធា បានបន្ដថា៖ «ខ្ញុំសូមបញ្ជាក់ថា ទូកដែលត្រូវបានថតផ្សព្វផ្សាយនោះ គឺជាទូកដែលគាត់ [Nawat] ជ្រើសរើសខ្លួនឯង មិនមែនជាទូកដែលនាងខ្ញុំរៀបចំជូនគាត់នោះទេ។ ចំណែកឯពងក្រួច និងសណ្ដែកដី គាត់ជាទិញ និងរៀបចំខ្លួនឯង តែនាងខ្ញុំជាអ្នកចេញលុយ»។
រហូតមកដល់ពេលនេះ បេក្ខនារី Miss Grand International 2024 បានបន្តការប្រកួតនៅក្នុងប្រទេសថៃវិញ ខណៈដែលភាពចម្រូងចម្រាសជុំវិញការរៀបចំនៅកម្ពុជាមិនទាន់ផុតរលត់៕