ភ្នំពេញ៖ «Youth Light Up Talk» ជា​​​​កម្មវិធី​ផ្តោតលើ​ការបង្កើត​បរិ​យាប​ន្ន​សង្គម​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ Factory Phnom Penh​។

វា​ត្រូវ​​បាន​ផ្តួចផ្តើម​ដោយ​ក្រុមយុវទូត​ ឬ​ Youth Ambassadors ដោយ​ទទួលបាន​ការគាំទ្រ​ពី​គម្រោង USAID Cambodia Advancing Youth Leadership ដែល​កម្មវិធីនេះបានប្រមូលផ្តុំអ្នកដឹកនាំវ័យក្មេង ដែលមានសក្តានុពល រួមគ្នាក្នុងការជំរុញការអភិវឌ្ឍន៍សហគមន៍​។​

​បន្ទាប់ពី​ការរង់ចាំ​រយៈពេល​មួយឆ្នាំ ក្រុម Youth Ambassadors បាន​វិល​ត្រឡប់មក​សារជាថ្មី​ជាមួយ​គោលបំណង​ក្នុងការ «​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​យុវជន និង​បន្លឺសំឡេង​របស់​សហគម​ន៍​ចម្រុះ​»។

កម្មវិធី «Youth Light Up Talk» នេះ​នឹង​ប្រមូលផ្តុំ​ក្រុមយុវជន​ទូទៅ និង​យុវជន​តំណាង​សហគមន៍​ចម្រុះ ដូចជា​៖ ជន​មាន​ពិការភាព សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ជនជាតិដើម​ភាគតិច មក​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ​ និង​បន្លឺសំឡេង​របស់​ពួកគេ​ឱ្យមាន​ភាព​សុះសាយ​។

កញ្ញា ណាន់ ពេជ្រ​ភា​រី អ្នកតំណាង​ក្រុម Youth Ambassadors បាន​និយាយថា​៖ «យើង​ចង់​ប្រាក​ដ​ថា ​រឿងរ៉ាវ​របស់​គាត់​ត្រូវបាន​ស្តាប់ និង​កោតសរសើរ ដើម្បី​ផ្តល់ឱកាស និង​នាំមក​នូវ​ក្តីសង្ឃឹម ក៏ដូចជា​ការផ្លាស់ប្តូរ​ដោយ​មិន​គិតពី​ភាពលំបាក និង​ស្ថាន​ការ​នានា​របស់​ពួកគាត់​នៅក្នុង​សង្គម​។ យើង​ជឿជាក់ថា ​ការលើកកម្ពស់ និង​បំផុស​ភាព​ចម្រុះ ក៏​ដូចគ្នា​ជាមួយ​ការបង្កើត​បរិ​យាប​ន្ន​សង្គម​»។

យុវតី​ស្ម័គ្រចិត្ដ​កម្មវិធី Youth Light Up Talk កញ្ញា ចេង សិរី​សុធី​កា បាន​បង្ហាញ​ពី​ក្ដី​រំភើប​រីករាយ​ដែលបាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ និង​ទន្ទឹង​រងចាំ​ការ​ចែករំលែក​រឿង​រ៉ាវ​របស់​សហគម​ចម្រុះ​ដល់​មហាជន​។

កញ្ញា ចេង សិរី​សុធី​កា ចូលរួម​ជាមួយ​យុវជន​ស្ម័គ្រចិត្ដ​​ និង​ទន្ទឹង​រងចាំ​ការ​ចែករំលែក​រឿង​រ៉ាវ​របស់​សហគម​ចម្រុះ​ដល់​មហាជន​។ រូបថត សហការី

កញ្ញា​បាន​និយាយថា៖ «ខ្ញុំ​ដឹង​ប្រាកដថា ​បទពិសោធ​រប​ស់​វាគ្មិន​យើង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​»​។

ប្រធានបទនៅ​ឆ្នាំនេះ គឺ «​ភាពជា​អ្នកដឹកនាំ​របស់​យុវជន និង​ការ​បន្លឺសំឡេង​នៃ​សហគមន៍​ចម្រុះ​» ដែល​ផ្តួចផ្តើម​ក្នុង​គោលបំណង​បង្កើន​ការសន្ទនា​ជុំវិញ​បទដ្ឋាន​សង្គម ជំរុញឱ្យមាន​បរិ​យាប​ន្ន​សង្គម និង​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​យុវជន​។

តាមរយៈ​ការបង្កើត​វេទិកា​សម្រាប់​បន្លឺសំឡេង​ដែល​ត្រូវបាន​គេ​មើលរំលង កម្មវិធី​នេះ​លើកកម្ពស់​ភាព​ចម្រុះ ​និង​បង្ហាញ​ពី​សាច់រឿង​នៃ​ខ្សែជីវិត​ពិត​របស់​សហ​គម​ន៍​ចម្រុះ​ដែល​អ្នក​ពុំដែល​ធ្លាប់បានឮ​ពីមុនមក​។

កម្មវិធី​ Youth Light Up Talk បាន​ប្រមូលផ្តុំ​វាគ្មិន​យុវជន​ជាច្រើន​ ដែល​លើកឡើង​ពី​​ក្ដី​​សុបិន​របស់​ពួកគេ ដោយ​បង្ហាញ​ពីសំឡេង​​ចម្រុះ និង​រឿងរ៉ាវ​ដែល​បំផុសគំនិត​។​

យុវជន​ក្នុង​កម្មវិធី «Youth Light Up Talk» ផ្ដោតលើ​ការ​ជជែក​អំពី​ជន​មាន​ពិការភាព សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ជនជាតិដើម​ភាគតិច មក​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ​ និង​បន្លឺសំឡេង​របស់​ពួកគេ​ឱ្យមាន​ភាព​សុះសាយ។ រូបថត សហការី​

ស៊ីវ​ម៉ី អ្នកស្រាវជ្រាវ​ផ្នែក​កសិកម្ម​ដែល​តំណាងឱ្យ​យុវជន​ទូទៅ បាន​យកឈ្នះ​លើ​ការតស៊ូ​ផ្នែក​ហិរញ្ញវត្ថុ និង​ការលំបាក​ក្នុង​គ្រួសារ ដើម្បី​ឈានទៅ​មុខ​ក្នុងការ​ច្នៃប្រឌិត​វិស័យ​ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព​។​

ការងារ​របស់​កញ្ញា​​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន និង​អាហារ ដោយ​ផ្តល់​ការ​បំផុសគំនិត​ដល់​អ្នកដទៃ​ដែល​ប្រឈមមុខ​នឹង​ឧបសគ្គ​ស្រដៀង​គ្នា​នេះ​។​

ស្រី​ហង្ស ជា​និស្សិត​ផ្នែក​សារព័ត៌មាន​ឆ្នាំ​ទី ៣ មាន​ពិការភាព​ តស៊ូ​មតិ​សម្រាប់​ជនពិការ និង​ប្រាថ្នា​ចង់​ក្លាយជា​អ្នកយកព័ត៌មាន​ដែល​នាំ​រឿងរ៉ាវ​មិនសូវ​បង្ហាញជូន​ចំពោះមុខ​។​

លាភ សមាជិក​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​ចា​រាយ បាន​បន្ត​ការសិក្សា​កម្រិត​ខ្ពស់ បើទោះបីជាប្រឆាំង​នឹង​​ប្រពៃណី​នៅក្នុង​សហគមន៍​​ក៏ដោយ​។​

ដំណើរ​របស់​យុវតី​រូប​នេះ​​បាន​លើកទឹកចិត្ត​ដល់​ក្មេងស្រី​វ័យក្មេង​នៅក្នុង​សហគមន៍​​ឱ្យ​ស្វែងរក​ការអប់រំ និង​ឯករាជ្យភាព ដែល​បង្ហាញ​ពី​អំណាច​ផ្លាស់ប្តូរ​នៃ​ការអប់រំ និង​ការតស៊ូ​។​

សុខ​ជាតិ អ្នក​រចនា​ក្រាហ្វិក និង​ជា​អ្នកតស៊ូ​មតិ​សិទ្ធិ LGBTQI+ បាន​ទទួលយក​អត្តសញ្ញាណ​របស់ខ្លួន​​ដោយ​បើកចំហ និង​ក្លាហាន​។​

ការងារ​របស់លោក​​មិន​ត្រឹមតែផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ស្វែងរក​ការជំរុញ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​សង្គម ដោយ​បង្កប់​នូវ​ស្មារតី​នៃ​បរិយាប័ន្នភាព​ និង​ភាព​ធន់​។​

កម្មវិធី​យុវជន​​នេះ​បើក​ទូលាយ​សម្រាប់​​អ្នកចូលរួម​ស្ដាប់​នូវ​បទពិសោធ​ស្ដីពីរឿងរ៉ាវ​​ ដោយ​ឆ្លុះបញ្ចាំង​ពី​ថាមពល​នៃ​ភាព​ចម្រុះ និង​ជំរុញឱ្យមាន​ការប្តេជ្ញាចិត្ត​ជាថ្មី​ចំពោះ​ការចូលរួម៕