ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្ដល់ភាពងាយស្រួលដល់ផលិតករទាំងជាតិ និងអន្ដរជាតិក្នុងការផលិតភាពយន្ដនៅកម្ពុជា ទាំងការផ្ដល់រយៈពេលខ្លីក្នុងការស្នើសុំ ការផ្ដល់ទីតាំងថត ការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីផ្សព្វផ្សាយសក្តានុពលនៃសិល្បៈវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍ទៅកាន់ឆាកអន្ដរជាតិ។
តបតាមការស្នើសុំរបស់ក្រសួងវប្បធម៌វប្បធម៌ និងវិចិត្រសិល្បៈ ទីស្ដីការគណៈរដ្ឋមន្ដ្រីបានសម្រេចលើគោលការណ៍សម្រួលដល់សកម្មភាពថតភាពយន្តនៅកម្ពុជា ដែលមិនតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី មិនត្រូវពិនិត្យបន្ថែមលើអត្ថបទនិពន្ធភាពយន្តនោះឡើយ ក្រោយទទួលបានលិខិតអនុញ្ញាតនិងសំណើរពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
យោងតាមសេចក្ដីសម្រេច បានបង្ហាញថា៖ «បន្ទាប់ពីចេញលិខិតអនុញ្ញាតថត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវបន្តសម្របសម្រួលទីតាំងថតភាពយន្ត ជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី តាមរយៈលិខិតជូនដំណឹងស្នើសុំទីតាំងជូនផលិតករ។ ក្រសួងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី ត្រូវកាត់បន្ថយរយៈពេលនៃការផ្តល់លិខិតអនុញ្ញាតទីតាំងថត ឱ្យមកត្រឹមរយៈពេលយ៉ាងយូរបំផុត៣ថ្ងៃនៃថ្ងៃធ្វើការ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បន្ដរក្សារយៈពេលកំណត់ក្នុងការពិនិត្យអនុញ្ញាតថតភាពយន្ត យ៉ាងយូរបំផុត ៥ ថ្ងៃនៃថ្ងៃធ្វើការ សម្រាប់ការពិនិត្យ និងចេញលិខិតអនុញ្ញាតថតភាពយន្តខ្នាតខ្លី ភាពយន្តភាគទូរទស្សន៍ ចម្រៀងកាយវិការ (ខារ៉ាអូខេ) ភាពយន្តឯកសារ ខ្នាតខ្លី និងស្បតពាណិជ្ជកម្ម និងយ៉ាងយូរបំផុត ១៥ថ្ងៃនៃថ្ងៃធ្វើការ សម្រាប់ភាពយន្តខ្នាតវែង។
យ៉ាងណាមិញ ផលិតករត្រូវគោរពទៅតាមគោលការណ៍ និងតម្លៃសេវានៅតាមទីតាំងសាធារណៈនានា ស្ថិតក្រោម ការគ្រប់គ្រងរបស់រដ្ឋ រីឯទីតាំងសាធារណៈផ្សេងទៀត ដែលពុំទាន់មានការកំណត់តម្លៃសេវា មិនតម្រូវឱ្យមានការបង់ថ្លៃសេវាថត ឬតម្កល់ប្រាក់ធានាសម្រាប់ថតភាពយន្តនោះឡើយ រហូតដល់មានការកំណត់តម្លៃ ផ្លូវការ ក្នុងពេលណាមួយនាពេលអនាគត។
សេចក្ដីសម្រេចក៏បានធានាថា ផលិតករភាពយន្ត ត្រូវទទួលខុសត្រូវចំពោះការខូចខាតនានាលើទីតាំងថត ព្រមទាំងត្រូវចូលរួមថែរក្សា អនាម័យនិងសណ្តាប់ធ្នាប់សាធារណៈ។
លើសពីនេះ ក្រុមហ៊ុនឯកជនដែលទទួលបានកិច្ចសន្យាសម្បទានសេដ្ឋកិច្ច ត្រូវសម្របសម្រួលផ្តល់ទីតាំងថតភាពយន្ត និងគួរបង្កភាពអនុគ្រោះដល់សកម្មភាពផលិតភាពយន្ត ជាពិសេសតម្លៃសេវាលើទីតាំងថត។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្ដថា គោលការណ៍សម្រួលដល់សកម្មភាពនៃការថតភាពយន្តនៅកម្ពុជាដែលរាជរដ្ឋាភិបាលបានផ្តល់ជូនដល់ផលិតករភាពយន្តកម្ពុជា និងអ្នកសម្របសម្រួលការផលិតភាពយន្តបរទេសនៅកម្ពុជាទាំងអស់ ព្រមទាំងបានចូលរួមដោះស្រាយនូវបញ្ហាប្រឈមមួយភាគធំរបស់វិស័យភាពយន្តកម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ជំហថា៖ «ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តចូលរួមសហការ និងជំរុញការផ្តល់សេវាថតភាពយន្តជូនផលិតករឱ្យមានប្រសិទ្ធភាព តម្លាភាព ព្រមទាំងជួយសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធររាជធានីខេត្តក្នុងការសម្រួលផ្តល់ទីតាំងថតភាពយន្ត ជូនផលិតករជាតិ អន្តរជាតិ ដែលមកថតនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃសិល្បៈវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ»៕