ភ្នំពេញ៖ មហោស្រពរូបថតភ្នំពេញឆ្នាំនេះនាំមកនូវរឿងរ៉ាវនៃការផ្សងព្រេង ភាពក្លាហាន និងចំណងដែលមិនអាចបំបែកបានតាមរយៈកែវភ្នែករបស់នារីខ្មែរដ៏ក្លាហានពីរនាក់គឺ សឿម ហឿង និងចៅ សោភ័ណ។
ការតាំងពិព័រណ៍របស់ពួកគេ «សេរីភាពនារីពីរនាក់» ដែលរៀបចំនៅ The Peak ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកាដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ រៀបរាប់ដំណើរដ៏អស្ចារ្យមួយឆ្លងកាត់ខេត្តចំនួន ២៥ របស់ប្រទេសកម្ពុជាដោយការជិះម៉ូតូ លើចម្ងាយផ្លូវជាង ១២០០០ គីឡូម៉ែត្រក្នុងរយៈពេល ៣៦៧ ថ្ងៃ។
ការតាំងពិព័រណ៍រូបថតបើកទូលាយដល់ទស្សនិកជនចូលទៅក្នុងពិភពនៃសេរីភាព ជាប្រធានបទចម្បងនៅក្នុងរូបភាពនីមួយៗ។
ក្រុមអ្នករៀបចំមហោស្រពបានចោទជាសំណួរថា៖ «តើវាមានអារម្មណ៍យ៉ាងណាក្នុងការធ្វើជាតាមអ្វីដែលអ្នកចង់បាន? តើអស្ចារ្យប៉ុនណាទៅនៅពេលដែលអាចធ្វើឱ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិត?»។
អ្នករៀបចំបានបន្ដថា៖ «ដំណើររបស់ ហឿង និងសោភ័ណ បង្កប់នូវសំណួរទាំងនេះ ដោយបង្ហាញពីថាមពលនៃភាពក្លាហាន និងការរកឃើញខ្លួនឯងនៅក្នុងទម្រង់បំផុសគំនិតពីសេរីភាព»។
មិត្តភក្តិទាំងពីរបានចាប់ផ្តើមដំណើរផ្សងព្រេងដោយបង្កើតនូវបទពិសោធជីវិតរស់នៅជាមួយគ្នាប្រចាំថ្ងៃ និងទទួលយកភាពស្រស់ស្អាតធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។
ពួកគេបានរុករកទាំងទេសភាពដ៏ស្រស់ត្រកាល និងផ្លូវដ៏លំបាក បង្កើតអនុស្សាវរីយ៍ដែលនឹងមានពេញមួយជីវិត ខណៈពេលដែលបន្ដរឹតចំណងមិត្តភាពមិនអាចបំបែកបាន។
អ្នករៀបចំមហោស្រពពិព័រណ៍រូបថតភ្នំពេញលើកទី១៥ បានឱ្យដឹងថា៖ «គម្រោងនេះគឺលើសពីការរៀបរាប់អំពីការធ្វើដំណើរ។ វាគឺជាការប្រមូលផ្ដុំនៃរឿងរ៉ាវ បទពិសោធន៍ និងរសជាតិជីវិតដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីខ្លឹមសារនៃជីវិតនៅក្នុងប្រទេសកម្ពុជា»។
ការធ្វើដំណើររបស់ពួកគេមិនមែនត្រឹមតែរាប់លើចម្ងាយផ្លូវរាប់គីឡូម៉ែត្រប៉ុណ្ណោះទេ ប៉ុន្តែអំពីការផ្តល់សិទ្ធិអំណាច និងការស្រវាយកសេចក្តីរីករាយដំណើរលើដែនដីសុវណ្ណភូមិនេះផងដែរ។
អ្នកនាង សឿម ហឿង ដែលមកពីខេត្តសៀមរាប និងបានសិក្សាផ្នែកសេដ្ឋកិច្ចកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងរាជធានីភ្នំពេញ បានធ្វើការលើគម្រោងអប់រំ និងបរិស្ថាន។
ក្រោយមក អ្នកនាងបានឈ្នះអាហារូបករណ៍ទៅសិក្សាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសនូវែលសេឡង់ ដោយបន្តការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសហគមន៍។
ទន្ទឹមនឹងនោះ ដៃគូធ្វើដំណើររបស់អ្នកនាងគឺ អ្នកនាង សោភ័ណ ជាអ្នកតស៊ូមតិយ៉ាងមុតមាំសម្រាប់ការពង្រឹងសិទ្ធិអំណាចយុវជន និងស្ត្រី ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងកម្មវិធីគណនេយ្យភាពសង្គម ការអប់រំ និងជីវភាពរស់នៅ។
សមិទ្ធិផលរបស់ស្ត្រីទាំងពីរ បញ្ជាក់ពីសារៈសំខាន់នៃជំនឿលើខ្លួនឯង។
អ្នកនាង សោភ័ណ បាឱ្យដឹងថា៖ «ដំណើររបស់យើងបង្ហាញថា សមត្ថភាពរបស់មនុស្សម្នាក់មិនត្រូវបានកំណត់ដោយយេនឌ័រ ឬឋានៈសង្គមទេ។ ខ្ញុំសង្ឃឹមថា នេះជាការបំផុសគំនិតអ្នកដទៃឱ្យមានជីវិតផ្ទាល់ខ្លួន និងបង្កើតឱកាសរបស់ពួកគេ»។
ចូលរួមកម្មវិធី មហោស្រពពិព័រណ៍រូបថតភ្នំពេញឆ្នាំ២០២៤ ដើម្បីធ្វើជាសាក្សីក្នុងដំណើរដ៏ផ្សងព្រេងឆ្លងកាត់ប្រទេសកម្ពុជា ដែលរូបថតនីមួយៗនិយាយអំពីភាពធន់ មិត្តភាព និងសេចក្តីស្រឡាញ់ចំពោះប្រទេសរបស់ពួកគេ៕