ភ្នំពេញ៖ ព្រះវិហារព្រះកុមារយេស៊ូ នៃព្រះសហគមន៍កាតូលិកនៅបឹងទំពុន រាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ផ្ដល់ក្តីសង្ឃឹមដល់កុមារអូទីស្សឹម។
រាត្រីតន្ត្រីនេះមានគោលបំណងរៃអង្គាសថវិកាសម្រាប់ការសាងសង់អគារសិក្សាកម្ពស់ ១០ ជាន់ ជាមជ្ឈមណ្ឌលនៃការអប់រំនិងការថែទាំកុមារដែលមានពិការភាពអូទីស្សឹម ដល់ «សាលាអប់រំពិសេសនៃការលូតលាស់» (GSES)។
ក្រោមការដឹកនាំផ្នែកសិល្បៈរបស់លោកស្រី Ai Iwasaki ជាអ្នកផលិតចម្រៀងជប៉ុនដ៏ល្បី និងជាផលិតករប្រតិបត្តិនៃគម្រោងល្ខោនអូប៉េរ៉ាកម្ពុជា ការប្រគំតន្ត្រី «A Mozart Spiritual Bouquet» របស់ក្រុម Cambodia Opera Project និង MusiCA នឹងមានការលាយបញ្ចូលគ្នានៃតន្ត្រីបុរាណ និងសកម្មភាពសប្បុរសធម៌នៃក្តីសង្ឃឹមសម្រាប់កុមារអូទីស្សឹមនៅកម្ពុជា។
គណៈកម្មាធិការព្រះសហគមន៍កាតូលិកបានសម្រេចចិត្តលើការសាងសង់អគារថ្មីកម្ពស់ ១០ ជាន់នៅក្នុងបរិវេណដីរបស់ព្រះវិហារ ដើម្បីបម្រើដល់តម្រូវការបច្ចុប្បន្ននិងអនាគតរបស់កុមារ អាណាព្យាបាល និងគ្រូអប់រំពិសេស។
អ្នកស្រី ភោគ ម៉ានី ស្ថាបនិក និងអ្នកសម្របសម្រួលសាលាអប់រំពិសេស (GSES) បានអំពាវនាវដល់សប្បុរសជននានា ចូលរួមវិភាគទានជាថវិកា និងសម្ភារៈ ដើម្បីធានាបាននូវអគារសិក្សាដ៏ទំនើប និងធំទូលាយសម្រាប់កុមារអូទីស្សឹម។
អ្នកស្រីបាននិយាយថា៖ «គណៈគ្រប់គ្រងសាលា អាណាព្យាបាល និងកុមារមានបញ្ហាអូទីស្សឹម ព្រមទាំងបុគ្គលិកសាលាអប់រំពិសេសនៃការលូតលាស់ នឹងកត់ត្រា ហើយចងចាំនូវទឹកចិត្តសប្បុរសរបស់អ្នកឧបត្ថម្ភទាំងអស់»។
ការសម្ដែង «A Mozart Spiritual Bouquet» របស់ក្រុម Cambodia Opera Project និង MusiCA មានគោលបំណងបំផុសគំនិតមិនត្រឹមតែការកោតសរសើរចំពោះតន្ត្រីបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះបុព្វហេតុផងដែរ។
អ្នកស្រី Iwasaki បានឱ្យដឹងថា៖ «តន្ត្រីមានថាមពលក្នុងការព្យាបាល ការរួបរួមនិងជំរុញសកម្មភាព។ តាមរយៈការប្រគំតន្ត្រីនេះ យើងសង្ឃឹមថានឹងធ្វើឱ្យមានការអភិវឌ្ឍន៍ដ៏មានអត្ថន័យសម្រាប់ក្មេងៗ និងក្រុមគ្រួសាររបស់ពួកគេដ៏មិនគួរឱ្យជឿ»។
កម្មវិធីតន្ដ្រីសប្បុរសធម៌នឹងផ្តល់កន្លែងអង្គុយដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួម ខណៈកន្លែងអង្គុយ VIP ត្រូវបានបម្រុងទុកសម្រាប់អ្នកឧបត្ថម្ភ។ ការឧបត្ថម្ភមានប្រភេទមាស (១០០០ ដុល្លារ) ប្រាក់ (៥០០ ដុល្លារ) និងសំរឹទ្ធ (១០០ ដុល្លារ) ដោយបើកស្វាគមន៍ម្ចាស់អាជីវកម្ម និងបុគ្គលឱ្យចូលរួមគាំទ្រគំនិតផ្តួចផ្តើមនេះ។
អាហារ អាហារសម្រន់ និងកន្លែងមើលថែកុមារតូចៗនឹងផ្ដល់ជូនដល់ភ្ញៀវទាំងអស់ ដោយធានាបាននូវបទពិសោធន៍ប្រកបដោយផាសុកភាព និងរួមបញ្ចូលសម្រាប់ទាំងអស់គ្នា។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ សាលានេះបានអភិវឌ្ឍខ្លួនពីផ្ទះមួយល្វែងសម្រាប់បម្រើកុមារតែប៉ុន្មាននាក់។ ប៉ុន្ដែបច្ចុប្បន្ន សាលាអប់រំពិសេសនៃការលូតលាស់ មានសិស្សដល់ចំនួន ៣១៣ នាក់នៅក្នុងថ្នាក់រៀនចំនួន ១៧ ក្រោមដំបូលផ្ទះជួលចំនួន ៣ល្វែង។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក៏ដោយ សម្ភារៈបរិក្ខារបច្ចុប្បន្ននៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់កុមារអូទីស្សឹម។ សាលារៀនក៏បន្ដយកចិត្ដទុកដាក់ចំពោះក្រុមគ្រួសារដែលប្រាថ្នាចង់បានការគាំទ្រផ្នែកអប់រំ និងការព្យាបាលគ្រប់គ្រាន់។
អគារថ្មីកម្ពស់ ១០ ជាន់ គឺជាគម្រោងផ្លាស់ប្តូរដែលនឹងមានបន្ទប់ចំនួន ៥០ រួមទាំងថ្នាក់រៀន បន្ទប់ព្យាបាលផ្នែកចលនា បន្ទប់ព្យាបាលផ្នែកញាណ បន្ទប់ថែទាំ និងសូម្បីតែអាងហែលទឹក។
រចនាសម្ព័ន្ធទំនើបនេះនឹងមិនត្រឹមតែបំពេញតម្រូវការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបរិយាកាសចិញ្ចឹមបីបាច់សម្រាប់ការបណ្តុះបណ្តាលបំណិនជីវិត និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នផងដែរ។
តម្លៃប៉ាន់ស្មាននៃអគារនេះគឺ ១,៦៥ លានដុល្លារ ដោយត្រូវការយ៉ាងតិច ១ លានដុល្លារសម្រាប់នាំយកក្ដីសុបិន្តនេះក្លាយជាការពិត។
ជាមួយបទពិសោធន៍ផ្ទាល់ក្នុងនាមជាម្ដាយដែលមានកូនអូទីស្សឹម អ្នកស្រី ម៉ានី បានជំរុញទឹកចិត្តអ្នកស្រីឱ្យចាប់ផ្តើមគម្រោងត្រួសត្រាយផ្លូវនេះ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំចង់ផ្តល់ឱកាសនៃការអប់រំដល់ពួកគេ ពីព្រោះពួកគេអាចមិនមានកន្លែងទៅ។ គម្រោងនេះមិនត្រឹមតែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្ដែវាជានិមិត្តរូបនៃក្តីសង្ឃឹមនិងសមភាព»។
ឥទ្ធិពលនៃ GSES មានអានុភាពលើសពីថ្នាក់រៀន។ តាមរយៈការផ្តល់ការអប់រំសមរម្យសម្រាប់កុមារអូទីស្សឹម សាលារៀននេះក៏កាត់បន្ថយភាពតានតឹងលើគ្រួសារផងដែរ។ ឪពុកម្តាយអាចធ្វើការ ជីដូនជីតាអាចសម្រាកបាន ហើយទំនាក់ទំនងគ្រួសារមានភាពប្រសើរឡើង។
ពន្លឺនៃក្ដីសង្ឃឹម
អ្នកស្រី គឹម ដាវន បានឱ្យដឹងថា កូនប្រុសរបស់អ្នកស្រី បានចូលរៀននៅសាលាអប់រំពិសេសនេះរយៈពេល ៧ ឆ្នាំ តាំងពីអាយុ ៤ ឆ្នាំ ហើយអ្នកស្រីបាននាំកូនចូលសាលាធម្មតានៅថ្នាក់ទីមួយ ខណៈបច្ចុប្បន្នកូនប្រុសរបស់អ្នកស្រីកំពុងសិក្សាថ្នាក់ទីពីរ។
អ្នកស្រីបានរំឭកថា៖ «កាលពីចូលរៀនដំបូង ស្ថានភាពគាត់គឺអត់ស្គាល់ថា ហៅប៉ាម៉ាក់យ៉ាងដូចម្ដេច អត់អាចឆ្លើយសំណួរនរណាបានដោយគ្រាន់តែអាចនិយាយបានតិចតួច និងមានអាកប្បកិរិយាពិបាកគ្រប់គ្រងខ្លាំង»។
ក្រោយពីសិក្សានៅសាលាបង្រៀនអប់រំពិសេសនេះមួយ រយៈកូនប្រុសរបស់អ្នកស្រី ដាវន អាចបញ្ចេញសំឡេងនិយាយបានច្រើន ចេះជួយខ្លួនឯង និងអាកប្បកិរិយាស្ងប់។
អ្នកម្ដាយដែលមានអារម្មណ៍មិនខុសពីឪពុកម្ដាយមានកូនអូទីស្សឹមដទៃទៀតនូវការខ្វល់ខ្វាយចំពោះកូន បានអះអាងថា៖ «បើអត់មានសាលានេះទេ ខ្ញុំពិតជាលំបាកខ្លាំងណាស់ ដោយសារយើងគ្មានលទ្ធភាពបង់ថ្លៃសាលាឯកជនដែលមានតម្លៃសិក្សាចាប់ពីមួយម៉ោង ២០ដុល្លារឡើង»។
ថ្វីដ្បិតតែកូនប្រុសរបស់អ្នកស្រីបានចាកចេញពីសាលាអប់រំពិសេសនេះរយៈពេលពីរឆ្នាំហើយក្ដី ក៏អ្នកស្រីមិនភ្លេចបន្ដការគាំទ្រ និងជួយដល់គម្រោងកសាងអគារសិក្សាថ្មី ដែលនឹងបន្ដជួយដល់កុមារអូទីស្សឹមជាច្រើនទៀត។
អ្នកស្រី ដាវន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំអរគុណមែនទែនចំពោះសាលារៀន និងលោកគ្រូអ្នកគ្រូដែលយកបេះដូងមកបង្រៀនសិស្ស។ បើគាត់សាលានេះ និងពួកគាត់ទេ កូនប្រុសរបស់ខ្ញុំនៅតែលំបាក និងមិនអាចចូលរៀនសាលាដូចក្មេងដទៃឡើយ»។
អ្នកស្រីបន្ដថា៖ «គ្រាន់តែឮថា សាលាមានគម្រោងកសាងអគារសិក្សាផ្ទាល់ខ្លួន ខ្ញុំ និងស្វាម៉ីចូលរួមជាថវិកាភ្លាមៗ។ ខ្ញុំពិតជាគាំទ្រពេញទំហឹងលើសពី១០០ភាគរយទៅទៀត»។
នេះជារឿងរ៉ាវនៃក្ដីស្រមៃក្លាយជាការពិតមួយរបស់អ្នកម្ដាយដែលមានកូនអូទីស្សឹមក្នុងចំណោមកុមារជាង ៥០នាក់ទៀត ដែលបានធ្វើសមាហរណកម្មទៅកាន់សាលាចំណេះដឹងទូទៅ។
អ្នកស្រី ម៉ានី បានឱ្យដឹងថា កន្លងមក កុមារ ៤៦នាក់បានចេញពីសាលាអប់រំពិសេសទៅបន្ដនៅសាលាចំណេះដឹងទូទៅ ហើយប្រមាណ ១០នាក់កំពុងសិក្សានៅសាលាអប់រំមួយវេន និងសាលាចំណេះដឹងទូទៅមួយវេន។
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំរំពឹងថា កុមារ ១០នាក់នេះ នឹងផ្ដាច់ខ្លួនពីសាលាអប់រំពិសេសនៅឆ្នាំក្រោយ»។
ការរួមបញ្ចូលសម្រាប់ការផ្លាស់ប្ដូរ
ទោះបីជាជោគជ័យទាំងនេះក៏ដោយ ដំណើរឆ្ពោះទៅរកបរិយាប័ន្នភាពគឺពោរពេញដោយបញ្ហាប្រឈម។ ការមាក់ងាយក្នុងសង្គម និងធនធានមានកម្រិត ធ្វើឱ្យកុមារអូទីស្សឹម បាត់បង់ឱកាស ដោយទុកឱ្យគ្រួសារគ្មានជំនួយ។
អ្នកស្រី ម៉ានី បានពន្យល់ថា គ្រួសារមួយចំនួនប្រឈមនឹងការរើសអើងនៅពេលព្យាយាមបញ្ចូលកូនរបស់ពួកគេទៅក្នុងសាលារដ្ឋ។
អ្នកស្រី បាននិយាយថា៖ «នៅកន្លែងសាធារណៈជាច្រើនមានការរើសអើងយ៉ាងខ្លាំងចំពោះកុមារពិការ។ នេះអាចប៉ះពាល់ខ្លាំងដល់ឪពុកម្តាយ និងកូនៗ»។
អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា កុមារម្នាក់ក្នុងចំណោម ១០០ នាក់នៅទូទាំងពិភពលោកមានអូទីស្សឹម (ASD) ទោះបីជាទិន្នន័យជាក់លាក់ចំពោះប្រទេសកម្ពុជាមានកម្រិតក៏ដោយ។
នេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការបង្កើនការយល់ដឹង ការស្រាវជ្រាវ និងធនធានដើម្បីគាំទ្រកុមារអូទីស្សឹម និងគ្រួសាររបស់ពួកគេនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសតាខ្មៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ កុមារជាង ១០០០ នាក់ដែលមានអូទីស្សឹមត្រូវបានរកឃើញនៅក្នុង ២៥ ស្រុក នៃខេត្តចំនួន ៦ ។ លោកថា កុមារជាង ២ម៉ឺននាក់ មានអូទីស្សឹមនៅកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទាក់អ្នកសម្របសម្រួល អ្នកស្រី ភោគ ម៉ានី តាមរយៈទូរស័ព្ទ ០១២ ៧១៣ ១៤៨ ឬតាមរយៈទំព័រហ្វេសប៊ុករបស់សាលា៕