បាត់ដំបង៖ មហោស្រព​សៀក​អន្តរជាតិ «ទីនេះទីនោះ​»​ ត្រឡប់​មកវិញ​សម្រាប់​​ឆ្នាំ២០២៤ ជាមួយនឹង​ព្រឹត្ដិការណ៍​សិល្បៈ​កាន់តែ​ធំ​សម្បើម​ រួម​មាន​ការសម្ដែង​​សិល្បៈចម្រុះ​ វប្បធម៌ និង​ការលេងសៀក​ ក៏ដូចជា​ការ​ប្រគំ​តន្ដ្រី​អំឡុង​ពេល​កម្មវិធី​​​រយៈពេល​មួយ​សប្តាហ៍​។

រៀបចំ​ដោយ ហ្វារ​ពន្លឺ​សិល្បៈ​ មហោស្រព​នៅ​ឆ្នាំនេះ​មាន​សកម្មភាព​ដ៏កម្សាន្ដ​សម្បាយ​ដែល​លាយ​បញ្ចូល​សិល្បៈ​អន្តរជាតិ​ជាមួយ​ប្រពៃណី​ខ្មែរ​។​

មហោស្រព​ចាប់ផ្តើម​ជាមួយនឹង​ក្បួន​ដង្ហែ​សៀក​អាយ៉ង​យក្ស ដែលជា​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដែល​បានរៀបចំ​ដើម្បី​ប្រែក្លាយ​ផ្លូវ​ក្នុង​ខេត្តបាត់ដំបង​ទៅជា​ទីលាន​នៃការសម្ដែង​សិល្បៈ​​​ប្រកបដោយ​ភាព​ច្នៃប្រឌិត ​ហើយ​​កម្មវិធី​​បិទ​ជាមួយនឹង​ការប្រគំ​តន្ត្រី​​​ជាមួយ​តារាចម្រៀង​រ៉េ​ប វណ្ណដា​។​

​ក្បួន​ដង្ហែ​នឹង​បង្ហាញ​នូវ​អាយ៉ង​ដែល​រចនា​យ៉ាង​ប្រណិត តន្ត្រី​បន្ត​ផ្ទាល់ និង​សកម្មភាព​សៀក​យ៉ាង​ស្វាហាប់ បង្កើត​ជា​ឈុត​ឆាក​ផ្ដល់​​បទពិសោធន៍​សម្រាប់​មហាជន​ទស្សនា​​។​

លោក ចាន់ រតនៈ​ឧ​ត្ត​ម តំណាង​ក្រុម​ទំនាក់ទំនង​របស់​ហ្វារ​ពន្លឺ​សិល្បៈ ​បាន​ថ្លែងថា​៖ «​ឆ្នាំនេះ មហោស្រព​សៀក​អន្ដរជាតិ​ ទីនេះ​ទីនោះ​ នឹង​ក្លាយជា​មហោស្រព​ដ៏​ធំ​បំផុត​របស់​យើង ដោយ​មានការ​ដង្ហែ​ក្បួន​​អាយ៉ង​យក្ស ព្រមទាំង​ការសម្ដែង​សៀក​ដ៏​គួរ​ឱ្យ​​ភ្ញាក់ផ្អើល​ពី​សិល្បករ​ជាតិ និង​អន្តរជាតិ​ចំនួន ១៣ រូប​មកពី​ជាង ១០ ប្រទេស​»​។​

ឆ្នាំនេះ​គ្រោង​នឹង​ក្លាយជា​ការបោះពុម្ព​លើក​ធំ​បំផុត​មិន​ធ្លាប់មាន​របស់មហោស្រព​សៀក​អន្ដរជាតិ​ ទីនេះ​ទីនោះ​​ ជាមួយនឹង​សិល្បករ និង​ក្រុម​សៀក​មកពី ១២ ប្រទេស​ផ្សេងគ្នា រួមមាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា បារាំង អាល្លឺម៉ង់ អូស្ត្រាលី វៀតណាម ឡាវ និង​ថៃ​។​

ផែនទី​ក្បួន​ដង្ហែរ​អាយ៉ង​យក្ស​តាម​ដង​ផ្លូវ​ក្រុង​បាត់ដំបង និង​ការ​សម្ដែង​សៀក​ដ៏​អស្ចារ្យ​ក្នុង​ព្រឹត្ដិការណ៍​មហោស្រព​សៀក​អន្ដរជាតិ​កន្លងមក។ រូបថត សហការី​​

​ពួកគេ​នឹង​សម្តែង​នៅក្នុង​បរិវេណ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ និង​ទូទាំង​ក្រុង​បាត់ដំបង​។​

សកម្មភាព​ទាំងនេះ​​នឹងផ្សព្វផ្សាយ​ពី​វិសាលភាព​នៃ​​សិល្បៈ​សៀក​ប្រពៃណី ទាក់ទាញ​ទស្សនិកជន​គ្រប់​វ័យ​ជាមួយនឹង​កាយសម្ព័ន្ធ លេងល្បែង​ប្រជាប្រិយ និង​ការ​និទានរឿង​ដ៏​ជក់ចិត្ត​។​

ក្រៅពី​សកម្មភាព​អន្តរជាតិ មហោស្រព​នេះ​នឹង​បង្ហាញ​ពី​ការសម្តែង​ប្រពៃណី​របស់​ប្រទេស​កម្ពុជា ដែល​ផ្តល់នូវ​ការ​ទស្សនា​នូវ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

មហា​ជន​ក៏​អាច​ទស្សនា​ការតាំង​ពិ​ព័រណ៍​​សិល្បៈ រីករាយ​ជាមួយ​ម្ហូបអាហារ​​ក្នុងស្រុក​ជាច្រើន​នៅតាម​​តូប​លក់​អាហារ និងគាំទ្រ​​ផលិតផល​​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ដោយ​ដៃ​ដទៃ​ទៀត​។​

លោក រតនៈឧ​ត្ត​ម បាន​ពន្យល់ថា​៖ «​មហោស្រព​ឆ្នាំ​​នេះ​មិនមែន​គ្រាន់តែ​ជាការ​ប្រារឰ​សិល្បៈ​សៀក​នោះទេ​។ វា​ជា​ឱកាស​មួយ​ដើម្បី​នាំយក​សហគមន៍​រួមគ្នា ចែករំលែក​វប្បធម៌ និង​បង្កើត​បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន​»​។​

ឆ្នាំនេះគ្រោងនឹងក្លាយជាការបោះពុម្ពលើកធំបំផុតមិនធ្លាប់មានរបស់មហោស្រពសៀកអន្ដរជាតិ ទីនេះទីនោះ ជាមួយនឹងសិល្បករ និងក្រុមសៀកមកពី ១២ ប្រទេសផ្សេងគ្នា រួមមាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា បារាំង អាល្លឺម៉ង់ អូស្ត្រាលី វៀតណាម ឡាវ និងថៃ។ រូបថត សហការី

លោក ​រតនៈឧ​ត្ត​ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​មហោស្រព​​​នឹង​បិទបញ្ចប់​​ជាមួយ​ការប្រគំតន្ត្រី​សប្បុរសធម៌​ពិសេស​អបអរសាទរ​ខួប​ទី ៣០ របស់​ហ្វារ​ពន្លឺ​សិល្បៈ រួមទាំង​ការសម្តែង​របស់​សិល្បក​រ​ផលិតកម្មបារមី ​ដូចជា វណ្ណដា វណ្ណថាន និងតារា​​ផ្សេងៗ​ទៀត ដែល​រៀបចំ​នៅក្នុង​បរិវេណ​ហ្វារ​ពន្លឺ​សិល្បៈ»​។​

យោងតាម​កាលវិភាគ មហោស្រព​សៀក​អន្តរជាតិ ទីនេះទីនោះ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ជាមួយនឹង​ក្បួន​ដង្ហែរ​សៀក​អាយ៉ង​យក្ស ដែល​ប្រែក្លាយ​ផ្លូវ​ក្នុង​ខេត្តបាត់ដំបង ទៅជា​ការបង្ហាញ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។​ ​

ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៧ ខែវិច្ឆិកា មហោស្រព​នេះ​នឹង​បង្ហាញ​ពី​ការសម្តែង​សៀក​ដ៏​អស្ចារ្យ​ដោយ​សិល្បករ​ដែលមាន​ទេពកោសល្យ​ចំនួន ១៣​ នាក់​មកពី​ជាង ១០ ប្រទេស​។​

មហោស្រពចាប់ផ្តើមពីក្បួនដង្ហែសៀកអាយ៉ងយក្ស ដែលជាប្រែក្លាយដងផ្លូវក្នុងខេត្តបាត់ដំបងទៅជាទីលាននៃការសម្ដែងសិល្បៈប្រកបដោយភាពច្នៃប្រឌិត។ រូបថត សហការី

​ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៦ ខែវិច្ឆិកា មហាជន​​អាចរីករាយ​ជាមួយ​​​មរតក​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​ការសម្តែង​ប្រពៃណី ការតាំង​ពិព័រណ៍​​សិល្បៈ និង​តូប​លក់​អាហារ​ក្នុងស្រុក​ដ៏​សម្បូរ​បែប​​។​

សកម្មភាព​ទាំងនេះ​ផ្តល់ឱកាស​ពិសេស​មួយ​ដើម្បី​ទទួលយក​បទពិសោធន៍​ប្រសព្វ​នៃ​សិល្បៈ​ប្រពៃណី និង​សហ​សម័យ​។​

មហោស្រព​នឹង​បញ្ចប់​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​ជាមួយនឹង​ការប្រគំតន្ត្រី​សប្បុរសធម៌​ដែល​រៀបចំ​នៅ​បរិវេណ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាលវិភាគ និង​សំបុត្រ ​ចូលទៅកាន់​​គេហទំព័រ​របស់​ហ្វារ​ពន្លឺ​សិល្បៈ​៕