មណ្ឌលគិរី៖ មហោស្រព​សិល្បៈ​បុណ្យ​ភូមិ​មាន​ជើង ត្រៀម​នាំ​អារម្មណ៍​មហាជន​ទៅកាន់​ដែនដី​ភាគ​ឦសាន្ដ​នៃ​ខេត្ដមណ្ឌលគិរី​ដ៏​ស្រស់ត្រកាល​​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ រួមបញ្ចូល​ការ​ប្រារឰ​ពិធី​វប្បធម៌ ការសម្តែង​សិល្បៈ និង​ការ​ផ្សព្វផ្សាយ​​វិស័យ​ទេសចរណ៍​ធម្មជាតិ ដើម្បី​លើកកម្ពស់​ប្រពៃណី​ដ៏​សម្បូរបែប និង​អច្ឆរិយៈ​ធម្មជាតិ​នៃ​តំបន់​ដែល​មិនសូវមានប្រជាប្រិយ​​របស់​កម្ពុ​ជា​។​

មហោស្រព​សិល្បៈ​ឆ្នាំនេះ​ផ្តោតលើ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​រប​ស់​ខេត្តមណ្ឌលគិរី នៃ​តំបន់​ខ្ពស់​រាប​​វាលស្មៅ​ដ៏​ខៀវស្រងាត់ ដំរី​ដ៏​មហិមា និង​ប្រពៃណី​ស់​ជនជាតិ​ដើម​ភាគតិចពូនង​​។​

ដំរី ជា​សត្វ​ដែល​បាន​ប្រវត្តិ​ផ្សារភ្ជាប់​ជាមួយ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​យូរលង់​ណាស់​ហើយ មាន​តួនាទី​សំខាន់​ក្នុង​ព្រឹត្ដិការណ៍​បុណ្យ​ភូមិ​មាន​ជើង​នេះ​។

កញ្ញា រិទ្ធី លំអរពេជ្រ ឬស្គាល់ជា YoKi ជា​សហស្ថាបនិក​បុណ្យភូមិ​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ ដោយ​កើត​ចេញ​ពី​ការ​ស្រឡាញ់​ល្ខោន​ស្រមោល​ស្បែក​ធំ បាន​ឱ្យដឹងថា បុណ្យ​ភូមិ​មាន​ជើង គឺជា​កម្មវិធី​មួយ​របស់​កម្មវិធី​បុណ្យ​ភូមិ។

នេះជា​ឆ្នាំ​ទីពីរ​ដែល​ក្រុម​ការងារ​បុណ្យ​ភូមិ​ប្រារឰ​មហោស្រព​សិល្បៈ​បុណ្យ​ភូមិ​មាន​ជើង ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ទីតាំង តំបន់ ក៏ដូចជា​ខេត្ដ អំពី​អេកូទេសចរណ៍ និង​សត្វ ជា​គោលដៅ​ដែល​មិនសូវមាន​ប្រជាប្រិយភាព និង​កំពុង​តែ​ត្រូវការ​ចំណាប់​អារម្មណ៍​ពី​មហាជន​។ 

កញ្ញា លំអរពេជ្រ បាន​និយាយថា ព្រឹត្ដិការណ៍​ឆ្នាំ​ទីមួយ ត្រូវបាន​រៀបចំ​ឡើង​នៅខេត្ដ​ក្រចេះ ដោយ​ផ្ដោត​សំខាន់​លើ​ផ្សោត​ទន្លេមេគង្គ (Mekong Dolphin)។

សហស្ថាបនិកបុណ្យភូមិរូប​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​បុណ្យ​ភូមិ​មាន​ជើង​លើ​ទីពីរ​នៅ​ទឹក​ដី​មណ្ឌលគិរី​នេះ យើង​ផ្ដោត​លើ​ជនជាតិ​ដើម​ភាគតិច​ពូនង និង​ដំរី​នៅភូមិ​ភាគ​ឦសាន្ដ​​»។

នេះ​ជា​ការ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​សត្វ​ដំរី ក៏ដូចជា​ផ្សព្វផ្សាយ​សក្ដានុពល​អេកូ​ទេសចរណ៍​នៅលើទឹកដី​ដែល​សម្បូរ​ទៅ​ដោយ​វាល​ភ្នំ​ស្មៅ​ដ៏​ស្រស់​ត្រកាល​។

មហោស្រព​សិល្បៈ​បុណ្យ​ភូមិ​មាន​ជើង ​នឹងផ្ដល់​​នូវ​បទពិសោធន៍​វប្បធម៌​ដ៏​សម្បូរបែប​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាមួយ​​ប្រធានបទ និង​សកម្មភាពកម្សាន្ដ​​ប្លែកៗ​​។​

នៅ​ថ្ងៃទី១ (​ថ្ងៃទី២២ ខែវិច្ឆិកា​) មហោស្រព​សិល្បៈចាប់ផ្តើម​ដោយ​ការ​ប្រារឰទិវា​កុមារ​ពិភពលោក​នៅ​សាលាបឋមសិក្សា ពូលូង​ ជាមួយនឹង​ព្រឹត្តិការណ៍​ផ្តោតលើ​ការផ្តល់​សិទ្ធិអំណាច​ដល់​កុមារ​ និង​យុវជន​ក្រោម​ប្រធានបទ «ការពង្រឹងសមត្ថភាពកុមារ និងយុវជន​ គឺជាការកសាងពិភពលោកឲ្យមានភាពស្រស់បំព្រង»។​

ថ្ងៃទី២ (​ថ្ងៃទី២៣ ខែវិច្ឆិកា​) ប្រែក្លាយ​សួន​ដំរី​ដែក​ទៅជា​កន្លែង​ប្រគំ​តន្ត្រី​ដ៏​រីករាយ​ ដោយមាន​ការសម្តែង​ដោយ​សិល្បករ​ជនជាតិដើម​ភាគតិច រួម​ជាមួយនឹង​ទេពកោសល្យ​ដ៏​ល្បី​មកពី​រាជធានី​ភ្នំពេញ​។​

មហោស្រព​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី៣ (​ថ្ងៃទី២៤ ខែវិច្ឆិកា​) ដោយមាន​ការតាំង​បង្ហាញ​សិល្បៈ​ប្រពៃណី ការ​សម្ដែង​ល្ខោនខោល និង​ការសម្តែង​វប្បធម៌​ដ៏​ទាក់ទាញ រួមទាំង​ការសម្ដែង​ដោយ​អ្នករាំ​របាំ​បុរាណ​ខ្មែរ​ដ៏​ល្បីឈ្មោះ កញ្ញា​ សុខ​គា គឹម​លាង ឬ Kon Ant ដែល​នឹង​ធ្វើឱ្យ​ទស្សនិកជន​ជក់ចិត្ត​ជាមួយនឹង​រឿង «​ទេពធីតា​ក្នុង​ព្រៃ​ជប់​ដំរី​»។

កញ្ញា សុខគា គឹមលាង ឬ Kon Ant អ្នករបាំប្រពៃណី នឹងធ្វើឱ្យទស្សនិកជនជក់ចិត្តជាមួយនឹងរឿង «ទេពធីតាក្នុងព្រៃជប់ដំរី»។ រូបថត សហការី

ចំណុច​ពិសេស​មួយ​ក្នុង​ពិធីបុណ្យ​នេះ​គឺ​ការសម្ដែង​​​ល្ខោនខោល «គុជ​រី គុជ​រឹង» គឺជា​សាច់រឿង​មួយផ្នែក​ដែល​ដកស្រង់​ចេញពី​រឿង រាមកេរ្តិ៍ ជា​​ការសម្តែង​ល្ខោនខោល​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​គោលបំណង​លាយ​បញ្ចូល​កេរ្តិ៍ដំណែល​សិល្បៈ​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ភាពរស់រវើក​នៃ​ការ​សម្ដែង​​សហ​សម័យ​។​

កញ្ញា លំអរពេជ្រ បាន​រំឭកថា​៖ «​មូលហេតុ​ដែល​យើង​បាន​ដាក់​ឈ្មោះ​បុណ្យ​ភូមិ​មាន​ជើង​នេះ ដោយសារ​យើង​ពាក់​ស្បែក​ជើង​ឱ្យ​បុណ្យ​ភូមិ ដើរ​ទៅ​តាមតំបន់​ ទៅតាម​ទីតាំង ទៅតាម​ខេត្ដ​ ដែលត្រូវការ​សំឡេង​របស់​បុណ្យ​ភូមិ និង​ការ​ជួយ​ជ្រោម​ជ្រែង​ លើកតម្កើន អបអរ​សាទរ​នូវ​អត្ដសញ្ញាណ វប្បធម៌ សិល្បៈប្រចាំ​តំបន់​»។

កម្មវិធីបុណ្យ​ភូមិ​មាន​ជើង​នេះ មាន​កិច្ចសហការ​ជាមួយ UNICEF Cambodia ដែល​លើក​កម្ពស់​សិទ្ធិ​កុមារ KampumEra ដែល​ផ្ដោតលើ​ទៅ​សកម្មភាព​យុវជន និង​លើក​កម្ពស់​សិល្បៈ។

កញ្ញាបាន​បញ្ជាក់ថា អ្នក​នៅរាជធានី​ភ្នំពេញ​ក៏​អាច​ចូលរួម​កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង​ ដែល​ប្រារឰ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ទី ២៤ ខែ​វិច្ឆិកា​ តាម​រយៈ​រថយន្ដ​តម្លៃ​ពិសេស​របស់ BookMeBus។

យោងតាម UNICEF Cambodia - ដើម្បី​កុមារ​គ្រប​រូប បាន​ឱ្យ​ដឹងថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី២ ដែល​ភ្លើងគប់ បុណ្យភូមិ និង​យូនីសេហ្វ សហការ​គ្នា​រៀបចំ​បុណ្យ​ភូមិ​មាន​ជើង​ជាមួយ​នឹង​ការ​អបអរ​ទិវា​កុមារ​ពិភព​លោក ក្រោម​ប្រធាន​បទ «ការ​ពង្រឹង​សមត្ថភាព​កុមារ​និង​យុវជន​គឺជា​ការ​កសាង​ពិភពលោក​ឲ្យ​មាន​ភាព​ស្រស់បំព្រង»។

UNICEF Cambodia បាន​ឱ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «ថ្ងៃនេះ យើង​អបអរ​សក្ដានុពល ភាព​ធន់ និង​សំឡេង​របស់​កុមារ​នៅ​គ្រប់​ទី​កន្លែង។ សូម​បន្ត​ស្តាប់​គាំទ្រ​និង​ក្រោក​ឈរ​ឡើង​សម្រាប់​សិទ្ធិ​របស់​ពួកគេ ពីព្រោះ​កុមារ​គ្រប់​រូប​សម​នឹង​ទទួល​បាន​អនាគត​ដ៏​ភ្លឺស្វាង​និង​មាន​ក្តី​សង្ឃឹម។ ចូរ​យើង​រួម​គ្នា​កសាង​ពិភពលោក​ដ៏​ស្រស់​បំព្រង​មួយ​សម្រាប់​កុមារ​គ្រប់រូប»៕