ភ្នំពេញ៖ ក្នុងការបង្ហាញពីសេចក្តីស្រឡាញ់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ ឪពុកម្តាយរបស់កុមារអូទីស្សឹមបានរួមគ្នាទិញស្នាដៃសិល្បៈរបស់កូនពួកគេ ដោយប្រាក់ចំណូលទាំងអស់នឹងឆ្ពោះទៅការសាងសង់សាលាថ្មីកម្ពស់ ១០ ជាន់ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារអូទីស្សឹម។
គំនិតផ្តួចផ្តើមដ៏ស្មោះស្ម័គ្រនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់ការយល់ដឹង និងមូលនិធិសម្រាប់គម្រោងសាងសង់សាលាអប់រំពិសេសនៃការលូតលាស់ (GSES) ដែលនឹងផ្តល់នូវបរិយាកាសបរិយាប័ន្នភាព និងគាំទ្រដល់កុមារទាំងនេះ។
គ្រាដ៏មោទនភាពបំផុតមួយនៃយុទ្ធនាការនេះ គឺបានមកពី អ្នកស្រីភិន លីណា ជាម្តាយរបស់កុមារី ពៃ អាយុ ១២ឆ្នាំ ដែលកំពុងរស់នៅជាមួយអូទីស្សឹម។
ស្នាដៃសិល្បៈរបស់ ពៃ ជាការពណ៌នាដ៏ស្រស់ស្អាតនៃរូបភាពបេះដូងចំនួនពណ៌បីបានឆក់យកចិត្តមនុស្សជាច្រើន។
និយាយពីការងារសិល្បៈរបស់កូនស្រី លីណា បានចែករំលែកថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះគាត់ដែលបានបង្កើតស្នាដៃដ៏ស្រស់ស្អាតបែបនេះ។ វាជាការរំឭកពីសក្តានុពលរបស់កូនៗរបស់យើង។ ពេលខ្ញុំឃើញស្នាដៃរបស់គាត់ ខ្ញុំគិតថា ‹នេះជាសុបិនរបស់គាត់ដែលភ្លឺឡើង›»។
អ្នកស្រី លីណា ក៏បានចូលរួមចំណែកក្នុងបុព្វហេតុផ្ទាល់ខ្លួនដោយការទិញគំនូរនោះតម្លៃ ២៥ ដុល្លារសម្រាប់ការសាងសង់សាលារៀន។
អ្នកស្រីនិយាយថា៖ «ខ្ញុំជឿជាក់លើគម្រោងនេះ ហើយខ្ញុំចង់បង្ហាញការគាំទ្ររបស់ខ្ញុំ។ មិនមែនគ្រាន់តែទិញស្នាដៃសិល្បៈរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែជាការជួយបង្កើតអនាគតសម្រាប់កូនៗទាំងអស់ដូចគាត់ដែរ»។
ការបង្កើតសិល្បៈមិនមែនជាកិច្ចការងាយស្រួលសម្រាប់កុមារអូទីស្សឹមទេ ហើយវាទាមទារការអត់ធ្មត់ និងការណែនាំដ៏ធំធេង។
អ្នកគ្រូ យិន រស្មី គ្រូបង្រៀនថ្នាក់រៀនសេកនៅ (GSES) បានចែករំលែកការយល់ដឹងអំពីបញ្ហាប្រឈមនៃការបណ្តុះបណ្តាលកុមារទាំងនេះឱ្យផលិតស្នាដៃសិល្បៈ។
អ្នកគ្រូបានបន្តថា៖ «រាល់ស្នាដៃត្រូវចំណាយពេលសម្រាប់កូនម្នាក់ដើម្បីបញ្ចប់ស្នាដៃសិល្បៈមួយនេះត្រូវចំណាយពេលប្រហែលមួយសប្តាហ៍។ ជារឿយៗសិស្សរបស់យើងត្រូវការជំនួយបន្ថែមពីគ្រូរបស់ពួកគេ ដើម្បីបង្ហាញពីខ្លួនឯងតាមរយៈការងាររបស់ពួកគេ។ វាជាកម្លាំងនៃសេចក្តីស្រឡាញ់ ប៉ុន្តែលទ្ធផលពិតជាលើកទឹកចិត្ត»។
ក្នុងចំណោមសិស្ស ៣១៣ នាក់ដែលមានពិការភាពអូទីស្សឹមនៅសាលានោះ មានតែប្រហែល ៥០ នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគម្រោងសិល្បៈ ដោយសារពួកគេមានភាពស្ងប់ស្ងាត់គ្រប់គ្រាន់ដើម្បីចូលរួមក្នុងដំណើរការច្នៃប្រឌិត។
ខណៈពេលដែលស្នាដៃសិល្បៈជាច្រើនត្រូវបានលក់អស់កំឡុងពេលយុទ្ធនាការនេះ វាគឺជាឪពុកម្តាយដែលនៅតែជាអ្នកគាំទ្រការងារសិល្បៈរបស់កូនពួកគេ។
អ្នកស្រី ភោគ ម៉ានី ស្ថាបនិក និងជាអ្នកសម្របសម្រួលនៃ (GSES) បាននិយាយថា៖ «ឪពុកម្តាយគឺជាកម្លាំងចលករនៅពីក្រោយគម្រោងនេះ។ ពួកគេមិនត្រឹមតែទិញសិល្បៈរបស់កូនៗខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តអ្នកដទៃឱ្យចូលរួមចំណែកផងដែរ។ វាពិតជារីករាយណាស់ដែលឃើញសេចក្តីស្រឡាញ់ និងការលះបង់ដែលពួកគេមានចំពោះកូនៗ ហើយថវិកាដែលបានរៃអង្គាសបាននឹងចូលដោយផ្ទាល់ទៅក្នុងការសាងសង់សាលាថ្មីដែលទំនើបទាន់សម័យ»។
អ្នកស្រីបានបន្ដថា៖ «លោកបណ្ឌិត គួច ម៉េងលី ក៏បានសន្យាជួយឧបត្ថម្ភថវិកាចំនួន ៣ លានរៀលក្នុងគម្រោងនេះ។ សាលាក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Yeo's Cambodia សម្រាប់គម្រោងសប្បុរសធម៌ដើម្បីសាងសង់កន្លែងអប់រំទំនើបសម្រាប់កុមារអូទីស្សឹមដែរ»។
គួរបញ្ជាក់ថា អគារសិក្សាក្នុងគម្រោងនោះ មានកម្ពស់ ១០ ជាន់ គឺជាគម្រោងផ្លាស់ប្តូរដែលនឹងមានបន្ទប់ចំនួន ៥០ រួមទាំងថ្នាក់រៀន បន្ទប់ព្យាបាលផ្នែកចលនា បន្ទប់ព្យាបាលផ្នែកញាណ បន្ទប់ថែទាំ និងសូម្បីតែអាងហែលទឹក៕