ភ្នំពេញ៖ នៅពីក្រោយភាពស្រស់ស្អាតចំពោះសិល្បៈនៃការថតរូប និងការពុះពារឧបសគ្គ លោក ទីវ តារារិទ្ធ ជាអ្នកជិះកង់កម្ពុជា និងជាអ្នកបង្កើតមាតិកា កំពុងធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាសម្រាប់កុមារកម្ពុជា។
ជាមួយនឹងការធាក់ឈ្នាន់កង់មួយៗ យុវជនរូបនេះមិនត្រឹមតែធ្វើដំណើរដ៏វែងឆ្ងាយប៉ុណ្ណោះទេ ថែមទាំងឆ្លៀតផ្ដិតយករូបភាពដ៏ស្រស់ស្អាត និងបញ្ហាប្រឈមនានាជុំវិញខ្លួនតាមរយៈលែនកាមេរ៉ារបស់លោកផងដែរ។
បច្ចុប្បន្នកំពុងជិះកង់ឆ្លងកាត់ប្រទេសឥណ្ឌា លោក តារារិទ្ធ បានចែករំលែករឿងរ៉ាវពីការផ្សងព្រេង ទាក់ទងនឹងសិល្បៈនៃការថតរូបនៅតំបន់ជួរភ្នំដ៏លំបាក។
នៅក្នុងរូបថតដ៏គួរឱ្យចាប់អារម្មណ៍មួយ លោក តារារិទ្ធ ត្រូវបានឃើញជិះកង់ឆ្លងកាត់ខ្សែទឹកថ្មដែលព័ទ្ធជុំវិញដោយជួរភ្នំពណ៌បៃតងនៃផ្លូវឆ្លងកាត់ភ្នំដាច់ស្រយាល។
ចំពោះរូបភាពនេះ ទោះបីមើលទៅគ្មានអ្វីអស្ចារ្យយ៉ាងណាក៏ដោយ ក៏វាទាមទារខិតខំប្រឹងប្រែងខ្លាំងបំផុត នៅពេលអ្នកអ្នកផ្សងព្រេងរូបនេះ ត្រូវរៀបចំកាមេរ៉ាថតខ្លួន។
លោក តារារិទ្ធ ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសឥណ្ឌា បានចែករំលែកបទពិសោធនៃការផិតយករូបភាពស្រស់ស្អាតនៅតាមគោលដៅជាច្រើនចាប់ពីកម្ពុជា ឡាវ ថៃ រហូតដល់នេប៉ាល់ និងឥណ្ឌាអស់រយៈពេលជាច្រើនខែកន្លងមកនេះ។
លោកបានឱ្យដឹងថា ចំពោះការថតរូបបែបវិជ្ជាជីវៈខ្លួនឯងអំឡុងពេលធ្វើដំណើរផ្សងព្រេងដោយជិះកង់កាត់វាលចូលព្រៃ កាន់ព្រៃឆ្លងជ្រលងភ្នំ និងវាលខ្សាច់ដ៏លំបាកលំបិន វាទាមទារនូវជំនាញមួយពិតប្រាកដ។
លោក តារារិទ្ធ បាននិយាយថា៖ «ដោយសារខ្ញុំមានបទពិសោធច្រើននៃការធ្វើដំណើរ ដូចឆ្នាំមុន ខ្ញុំធ្វើដំណើរកាត់តំបន់អាស៊ីអាគ្នេយ៍ ធ្វើដំណើរទៅអឺរ៉ុប ដែលបានជំរុញឱ្យខ្ញុំមានជំនាញក្នុងការថតរូបអំឡុងពេលធ្វើដំណើរ។ ប៉ុន្ដែមុនពេលទៅតំបន់ណាមួយ ខ្ញុំត្រូវគិតទុកជាមុន ដោយគួរចាប់ប្លង់ថតបែបណា ដោយកត់ចំណាំទុកក្នុងកូនសៀវភៅ»។
អ្នកផលិតមាតិកាទេសចរណ៍ជាមួយបទពិសោធជិះកង់ឆ្លងកាត់ទ្វីបនេះ លោក តារារិទ្ធ បានបង្ហើបឱ្យដឹងថា លោកសិក្សាស្វែងយល់អំពីទិកនិកនៃថតរូបច្រើន តាមរយៈការទស្សនាភាពយន្ដឯកសារ បណ្ដាញសង្គមយូរធូបអំពីការផលិតមាតិកា និងកត់ចំណាំទុកនូវប្លង់ថតសំខាន់ៗ។
លោក តារារិទ្ធ បានពន្យល់ថា៖ «ពេលឃើញរូបភាពប្លង់ស្អាតៗមួយចំនួនដែលខ្ញុំបង្ហោះនោះ វាកើតចេញពីការខិតខំប្រឹងប្រែងខ្លាំងណាស់។ ប្លង់ថតខ្លះកើតចេញពីប្លង់សំណាង ហើយបើអត់មានប្លង់សំណាងទេ វាអត់មានអ្វីសោះតែម្ដង ដូចជា ការជិះកង់ចុះពីលើភ្នំ ថ្ងៃលិច ក្មេងញញឹម ស្ដ្រីលើផ្លូវ និងចាស់ៗ ដែលទាមទារឱ្យពួកគេមានការចូលរួម»។
រូបភាពរបស់លោកមានអត្ថន័យលើសពីភាពស្រស់ស្អាត។ គ្រប់សន្លឹកនៃទិដ្ឋភាពនីមួយៗបង្កប់នូវមនោសញ្ចេតនា និងឱកាសដ៏តិចតួចដែលពិបាកក្នុងការបង្កើតឡើងវិញ។
ការធ្វើដំណើរនេះមិនកើតឡើងដោយគ្មានបញ្ហាប្រឈមនោះទេ ជាពិសេសនៅប្រទេសនេប៉ាល់ ជាកន្លែងដែលផ្លូវការលំបាកយ៉ាងខ្លាំង។
លោកបានកត់សម្គាល់ថា «ស្ថានភាពផ្លូវក្នុងប្រទេសនេប៉ាល់គឺអាក្រក់ណាស់សម្រាប់អ្នកជិះកង់។ មានផ្លូវខូចស្ទើរគ្រប់ទីកន្លែង។
យ៉ាងណាក៏ដោយ ស្ថានភាពដ៏លំបាករបស់ប្រទេសនេប៉ាល់បាននាំឱ្យជំនាញរបស់លោក តារារិទ្ធ ជាអ្នកជិះកង់ផ្សងព្រេងផង និងអ្នកថតផង បង្កើតភាពវិសេសផ្ទាល់ខ្លួន។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រូបភាពជិះកង់ឆ្លងកាត់ឧបសគ្គទាំងនោះ មើលទៅ វាហាក់បីដូចជាមានគេថតឱ្យអ៊ីចឹង។ តាមការពិត វាជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបមានរូបភាពទាំងអស់នោះ។ ខ្ញុំបានដាក់កាមេរ៉ាលើ tripod និងរៀបចំប្លង់ (focus) ឱ្យហើយនៅទីតាំង ហើយចាប់ផ្ដើមជិះទៅដល់ទីតាំងនោះដោយកំណត់ឋេរវេលាថត»។
លោកទទួលស្គាល់ថា ទម្រាំតែបានរូបថតស្អាតមួយសន្លឹក វាទាមទារឱ្យមានការព្យាយាមជាច្រើនលើកច្រើនសាដោយពុះពារទាំងការថត និងការជិះកង់លើទីតាំងលំបាកសាចុះសាឡើង។
នៅពេលក្រោយនៃរូបភាពស្អាត វាទាមទារឱ្យមានការតស៊ូ និងជំនាញច្បាស់លាស់ក្នុងការផលិតមាតិកាផ្ដោតលើការធ្វើដំណើរ បង្កើតស្នាមញញឹម ស្វែងយល់អំពីប្រពៃណីនៃរបៀបរបបការរស់នៅរបស់ប្រជាជនតាមតំបន់ ក៏ដូចជា ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន និងវប្បធម៌របស់កម្ពុជាដល់បរទេស៕