ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែធ្នូនេះ បានប្រគល់ឧបករណ៍តន្ត្រីបុរាណដល់សាលាមធ្យមវិចិត្រសិល្បៈ ក្រោមជំនួយឥតសំណងនៃគម្រោង គូសាណូណិ (KUSANONE)។
ការប្រគល់ឧបករណ៍បុរាណទាំងនេះធ្វើឡើងដោយលោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ហាប់ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីនិស្សិតនិងសាស្ត្រាចារ្យនៅសាលាមធ្យមវិចិត្រសិល្បៈ ចំនួន ៤០០នាក់។
លោក អ៊ូអិណូ បានថ្លែងនៅក្នុងពិធីប្រគល់ឧបករណ៍បុរាណទាំងនោះថា៖ «ឧបករណ៍តន្ត្រីបុរាណទាំងនេះជាការឧបត្ថម្ភពីប្រជាជន និងរដ្ឋាភិបាលជប៉ុន ក្រោមគ្រោង ការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។ ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមពីលើកម្ចីខ្នាតធំ និងគម្រោងជំនួយឥតសំណងផ្សេងៗ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តគម្រោងគូសាណូណិ នៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបា លនានា ដែលកំពុងអនុវត្តគម្រោងរបស់ពួកគេ»។
ការប្រគល់ឧបករណ៍បុរាណនេះ ធ្វើឡើងតាមសំណើពីសាលាមធ្យមវិចិត្រសិល្បៈ ដោយរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៨,៧៥០ ដុល្លារ សម្រាប់ការផ្តល់ជូនឧបករណ៍តន្ត្រីបុរាណសម្រាប់សិស្សានុសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈប្រើប្រាស់ ដែលពីមុនមក ចំនួនឧបករណ៍ដែលសិស្សានុសិស្សអាចប្រើប្រាស់បានមានកម្រិតជាខ្លាំង។
លោក អ៊ូអិណូ បានថ្លែងបន្តថា៖ «ឥឡូវនេះ ដោយឧបករណ៍តន្ត្រីបុរាណកាន់តែច្រើន ត្រូវបានផ្តល់ជូន ខ្ញុំរំពឹងថា សិស្សានុសិស្ស នៅសាលាមធ្យមវិចិត្រសិល្បៈនឹងអាចហ្វឹកហាត់បានញឹកញាប់ជាងមុនដើម្បីពង្រឹងជំនាញបច្ចេកទេសរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា ឧបករណ៍ដែលបានផ្តល់ជូននឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវបានយកទៅប្រគំនៅក្នុងកម្មវិធីបុរាណ និងកម្មវិធីធំៗនាពេលអនាគតផងដែរ។ បន្ថែមពីលើនេះ ខ្ញុំសង្ឃឹមថា ឧបករណ៍ទាំងនេះនឹងចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌បុរាណរបស់កម្ពុជា ដែលនឹងផ្តល់ឲ្យយើងនូវជីវិតកាន់តែស្រស់បំព្រង»។
បើតាមលោក អ៊ូអិណូ នៅក្នុងរយៈពេល ៣៤ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានរួមចំណែកក្នុងគម្រោងចំនួនប្រហែល ៧០០គម្រោងតាមរយៈកម្មវិធីជំនួយឥតសំណងគូសាណូណិនេះ ដែលក្នុងនោះគម្រោងចំនួន ១០ ពាក់ព័ន្ធនឹងបញ្ហាវប្បធម៌ និងកីឡា៕