ភ្នំពេញ៖ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​​មូស្លីម​កម្ពុជា​ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែធ្នូ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​ប្រធានបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម » កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ។​

​​​វេទិកា​ទេសចរណ៍​​មូស្លីម​កម្ពុជាដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​​ទេសចរណ៍​ឥស្លាម​កម្ពុជា​នៅ​ក្រសួងទេសចរណ៍ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​​កម្ពុជា​ក្នុងការ​លើកកម្ពស់​ការ​ទាក់ទាញ​របស់ខ្លួន​ក្នុងនាម​ជា​គោលដៅ​សម្រាប់​ប្រជាជន​មូស្លីម​។​

​វា​មាន​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ទេសចរណ៍ តាមរយៈ​ការផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌ និង​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់​សហគម​ន៍​អ៊ីស្លាម ដោយ​ផ្តល់ជូន​ភ្ញៀវទេសចរ​ក្នុងស្រុក និង​អន្តរជាតិ​នូវ​ទស្សនវិស័យ​ពិសេស​មួយ​អំពី​ប្រវត្តិសាស្ត្រ​ចម្រុះ​របស់​ប្រទេស​។​

អ្នកស្រី​ សូ ហ្វា​រី​ណា នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បាន​សង្កត់ធ្ងន់​លើ​ចក្ខុវិស័យ​រយៈពេល​វែង​នៅ​ពីក្រោយ​វេទិកា​នេះ​។​

​អ្នកស្រី​បាន​និយាយថា​៖ «យើង​​ក៏មានផែនការ​​​សកម្មភាព​វែងឆ្ងាយចំពោះ​​ចក្ខុវិស័យ​​ពីព្រោះ​​នេះ​គឺជា​វេទិកា​លើកទីមួយ​ និង​​ជា​ផ្នែក​មួយ​នៃផែ​នការ​សកម្មភាព ហើយដោយ​សារ​វា​ជា​លើកទីមួយ​ យើង​មាន​វាគ្មីន​​ប្រទេស​ផ្សេង ដូចជា ម៉ាឡេស៊ី ឬ​ថៃ​ មក​ចែករំលែកបទពិសោធ​ក្នុង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​សហគម​អ៊ីស្លាម​ដើម្បី​ឱ្យ​គេ​ស្គាល់ និង​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​​»។ ​

គោលដៅ​នៃការ​រៀបចំ​វេទិកានេះ គឺ​ជំរុញការ​​រីកចម្រើន​សេដ្ឋកិច្ច​តាមរយៈ​ទេសចរណ៍​នៅក្នុងសហគមន៍​អ៊ីស្លាម ឬមូស្លីម​ ​និង​​កសាង​ទំនាក់ទំនងឱ្យ​​គេ​ស្គាល់​នៅ​ស្រុក​ខ្មែរ​​ ជាពិសេស​ ថា​តើ​សហគមន៍​អ៊ីស្លាម​មាន​តំបន់​ទេសចរណ៍​ប៉ុន្មាន​កន្លែង​ និងមាន​ស្នាដៃ​អ្វីខ្លះ ដែល​ភ្ញៀវ​ទេសចរ​អាច​សិក្សា​ស្វែង​យល់​ និង​ទស្សនា​។

បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ស្ត្រីចាមបានប្រើក្រមាធ្វើជាកន្សែងរុំ មុនពេលពួកគេបង្កើតកន្សែងផ្ទាល់ខ្លួនដែលកើតចេញពីការចងចាំរបស់ពួកគេ។ រូបថត DC-CAM

អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​វាលគ្មីន​ខ្មែរ​យើង​ក៏​នឹង​ចែក​រំលែក​នូវ​ភាព​ខ្លាំង ក៏ដូចជា​អ្វីដែល​យើង​អាច​ផ្សព្វផ្សាយ​ជាមួយ​គេ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណុច​ខ្វះ​ខាត​។ សម្រាប់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យើង​ធ្លាប់​ធ្វើ​កិច្ចការ​​​ច្រើន​ទាក់ទងទេសចរ​ណ៍ ក៏ដូចជា​យើង​ហៅថា ទេសចរណ៍​ប្រវត្តិសាស្ត្រ​​ដែល​មានន័យថា ​យើង​មើល​​ទីតាំង​ផ្សេង​ៗ​ដែល​សហគមន៍​ទទួលរង ​ក៏ដូចជា​ភាពខ្លាំង​របស់​សហគម​ន៍​»។

អ្នកស្រី បាន​លើកឡើងថា សហគមន៍​មាន​ស្នាដៃ​សិល្បៈ ​ដូចជាសូត្រចាម​ ដែល​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ជួយ​ដល់​ស្ដ្រី​ចំណាស់​នៅ​​ខេត្ដ​កំពង់ចាម​។

សូត្រ​ចាមជួយ​​ចូលរួម​ចំណែក​ក្នុងការ​ចងចាំ ​​ការរក្សា​នូវ​អ្វីដែលពួកគេ​មាន​ ជា​ផ្នែក​នៃ​សិល្បៈ និង​វប្បធម៌​ ក៏ដូចជា​បង្កើន​ប្រាក់​ចំណូល​ ដែលជាការ​​ជំរុញ​កំណើនសេដ្ឋកិច្ច​​​ផ្ទាល់ខ្លួន ​គ្រួសារ ​និង​សហគមន៍​។

​ចុងក្រោយ ពួកគេ​​អាច​ចូលរួមចំណែក​ដល់​ប្រទេសជាតិ​ដែល​មាន​ន័យថា ពួកគេ​អាច​ផលិត​សូត្រ​បាន​ច្រើន​ នៅពេល​ពួកគេ​មាន​ភាព​ខ្លាំង និង​គំនិត​ច្នៃ​ប្រឌិត​។

សូត្រ​ចាម​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ពីព្រោះ​សូត្រ​ចាម​​មាន​សារៈសំខាន់​នៅត្រង់ថា ក្រៅពី​ផលិត​ផល​សូត្រ វា​មាន​​ជា​សាច់រឿង​នៅ​ពីក្រោយ​សូត្រ​ថា តើ​វាមាន​ប្រវត្ដិ​យ៉ាង​ដូច​ម្ដេច​ ហើយ​​វា​មាន​អត្ថន័យ​យ៉ាងដូច​ម៉េចដែល​បង្កើត​ជាគោម​ ឬ​ពណ៌​។

អ្នកស្រី ហ្វារីណា បាន​បញ្ជាក់ថា​៖ «​គោម​ និង​​ពណ៌ទាំង​នេះ កើត​ចេញ​ពី​ការ​ចងចាំ​ថា តើ​ពីដើម​ឡើយ សូត្រចាម​មាន​ពណ៌​យ៉ាង​ដូចម្ដេច គោម ឬ​ក្បាច់​យ៉ាង​ដូច​ម្ដេច ដែល​ប្រើ​ប្រាស់​វត្ថុ​ធម្មជាតិ និង​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​គាត់​»។​

អ្នកស្រីបន្ដថា៖ «​យើង​ផ្ដល់​អំណាច​ដល់ស្ដ្រីចាម​​ទាក់ទង​វប្បធម៌ និង​ជំនួញ​ ក៏ដូចជា ប្រវត្ដិសាស្ដ្រ ដែល​ពួកគាត់​និយាយ​អំពី​សាច់​រឿង​ ហើយ​ប្រើ​ប្រាស់​សាច់​រឿង​នេះ​បង្កើត​ការ​ចងចាំ និង​រក្សា​ការចងចាំ ក៏ដូចជា​បង្កើត​ចំណូល​ផ្សារ​ភ្ជាប់​ពិភពលោក​»។

ឯកអគ្គរដ្ឋទូតទួរគីប្រចាំកម្ពុជា លោកស្រី Ülkü Kocaefe រុំកន្សែងសូត្រចាម នៅពិព័រណ៍ SheTrades នៅកោះពេជ្រ រាជធានីភ្នំពេញ។ រូបថត DC-CAM

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​​​មាន​ទីតាំង​​សម្រាប់ការ​ទស្សនា​​នៅ​ស្វាយ​ឃ្លាំង ដូចជា សឺន ឬ​ប៉ម​អ៊ីស្លាម ដែល​សហគមន៍​កសាង​ឡើង​សម្រាប​មើល​ព្រះខែ​ និង​ស្រែក​ប្រាប់​បុព្វជិក​អ៊ីស្លាម​ទៅ​ថ្វាយ​បង្គំ​។

ក្រុម​ស្ដ្រី​ចាម ដែល​រស់រាន​ពី​សម័យ​ខ្មែរ​ក្រហម បាន​ចង​ក្រង​ជា​ក្រុម​ក្នុងការ​ផលិត​វត្ថុ​សិល្បៈ​សូត្រ​ចាម​ ដែល​កើតឡើងពី​ការ​ចងចាំ​តៗ​គ្នា។

អ្នកស្រី ហ្វារីណា បាន​ថ្លែងថា​៖ «​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ក្រសួង​ទេសចរណ៍​ ជាពិសេស​ក្រុម​ការងារ​ទេស​ចរណ៍​មូស្លីម​កម្ពុជា បាន​ផ្សារភ្ជាប់ DC-Cam ក្នុង​កិច្ចការ​នេះ​។ វាជាការ​ផ្សារ​ភ្ជាប់​ប្រវត្ដិសាស្ដ្រ សេដ្ឋកិច្ច និង​វប្បធម៌ឱ្យ​កាន់តែ​រឹង​មាំ​»។

​ដោយសារ​កម្ពុជា​ដាក់ខ្លួន​ជា​គោលដៅ​ទេសចរណ៍​មិត្តភាព​មូស្លីម​ដែល​កំពុង​រីកចម្រើន វេទិកា​ទេសចរណ៍​​​មូស្លីម​កម្ពុជា​ឆ្នាំ២០២៤ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការរៀបចំ​អនាគត​នៃ​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស ដោយ​រួមបញ្ចូល​គ្នា​នូវ​ការអភិរក្ស​វប្បធម៌​ជាមួយនឹង​កំណើនសេដ្ឋកិច្ច៕