
ទូកល្បឿនលឿនមកដល់កំពង់ផែកោះរ៉ុង ជាកន្លែងដែលភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរចូលមកក្រៅកោះក្នុងរដូវសម្បូរភ្ញៀវនេះ។ រូបថត ហុង រស្មី
ខេត្ដព្រះសីហនុ៖ កោះរ៉ុង ជាកោះមួយតភ្ជាប់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ពីភូមិនេសាទប្រពៃណី ទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។
កោះនេះត្រូវបានគេកំណត់ជាផ្លូវការថាជាទីក្រុងក្នុងឆ្នាំ២០១៩ ឥឡូវនេះបានទាក់ទាញទេសចរមកពីជុំវិញពិភពលោក ដោយចង់ទទួលបានបទពិសោធន៍សម្រស់ឆ្នេរដ៏ស្រស់ស្អាត ជីវិតពេលរាត្រីដ៏រស់រវើក និងសម្រស់ធម្មជាតិ។
កោះរ៉ុងមានភូមិនេសាទចំនួន ៤ គឺភូមិកោះតូច ភូមិដើមថ្កូវ ភូមិព្រៃស្វាយ និងភូមិសុខសាន្ដ។ ភូមិនីមួយៗមានផែនេសាទផ្ទាល់ខ្លួន ដែលបម្រើជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានថ្លែងថា៖ «រហូតមកដល់ថ្ងៃនេះ ការប្រកបរបរនេសាទនៅតែមាន តែតិចតួចទេ ដែលត្រឹមប្រមាណ ១៥ ទៅ ២០នាទីប៉ុណ្ណោះ។ ពួកគាត់ងាកមកផ្ដល់សេវាកម្មវិស័យទេសចរណ៍វិញ។ ជីវភាពរបស់ពួកគាត់ ពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនលើវិស័យទេសចរណ៍»។
ជាច្រើនជំនាន់មកហើយ អ្នកស្រុកនៅលើកោះនេះពឹងផ្អែកលើទឹកដ៏សម្បូរបែបជុំវិញកោះរ៉ុង ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ ជាមួយនឹងការនេសាទជាប្រចាំ។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវិស័យទេសចរណ៍ចាប់ផ្តើមរីកចម្រើននៅកម្ពុជា សេដ្ឋកិច្ចរបស់កោះនេះបានផ្លាស់ប្តូរ ហើយអ្នកភូមិជាច្រើនបានងាកទៅរកសេវាកម្មដែលទាក់ទងនឹងទេសចរណ៍ដើម្បីទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាព និងចំណេញច្រើនជាង។
សព្វថ្ងៃនេះ កោះរ៉ុងគឺជាមេដែកមួយសម្រាប់ភ្ញៀវទេសចរ ដោយមានកំពង់ផែទូកល្បឿនលឿនជំនួសផែនេសាទប្រពៃណីជាមជ្ឈមណ្ឌលនៃសកម្មភាព។ជាពិសេស ភូមិកោះតូច បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កោះ ដែលល្បីល្បាញដោយសារការកម្សាន្តពេលរាត្រីដ៏កក្រើក ភោជនីយដ្ឋាន ផ្ទះសំណាក់ និងបឹងហ្គាឡូ។
បើតាមគេហទំព័រ Visit Koh Rong ភូមិដ៏តូចរបស់សង្កាត់កោះរ៉ុងសំឡឹម ដែលស្ថិតលើដែនកោះរ៉ុងដ៏ច្រើនសន្ធឹកសន្ធាប់ រួមមាន ហាងតូចៗ ម៉ាស៊ីន ATM និងសូម្បីតែគ្លីនិកផងដែរ។

អ្នកដំណើរនៅលើទូកល្បឿនលឿនទៅកាន់កោះរ៉ុង ដែលចំណាយពេលប្រហែល ៤០ នាទីពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់កំពង់ផែកោះរ៉ុង។ រូបថត ហុង រស្មី
កន្លែងស្នាក់នៅមានចាប់ពីអន្តេវាសិកដ្ឋានតម្លៃសមរម្យ រហូតដល់បឹងហ្គាឡូដ៏ប្រណិត ដែលមានតម្លៃចន្លោះពី ១០ ដុល្លារ ទៅ ៧០ ដុល្លារក្នុងមួយយប់ ដែលផ្តល់ជូនអ្នកធ្វើដំណើរដ៏សម្បូរបែប។
ផ្ទះបែបប្រពៃណីខ្មែរតូចៗសង់ប្រជ្រៀតគ្នារកេតរកូត បារ និងភោជនីយដ្ឋានដែលផ្តល់នូវភាពទាក់ទាញ ផ្លូវដីខ្សាច់សក្បុរ លាយឡំជាមួយតូបលក់ដូរ និងស្លាកសញ្ញាផ្សាយពាណិជ្ជកម្មពីសកម្មភាពក្នុងតំបន់។
ទេសចរអន្ដរជាតិប្រមូលផ្តុំជុំវិញភោជនីយដ្ឋានបែបបុរាណ ជជែកសើចក្អាកក្អាយជាមួយសម្លៀកបំពាក់បែបលម្ហែនៅសមុទ្រ។
ក្របខ័ណ្ឌរដ្ឋបាល
នៅឆ្នាំ២០១៩ អនុក្រឹត្យបានប្រែក្លាយកោះរ៉ុងពីសង្កាត់មួយនៃក្រុងព្រះសីហនុទៅជាក្រុងថ្មី។ សព្វថ្ងៃនេះ កោះនេះមានផ្ទៃដីប្រមាណ ១០២,៥ គីឡូម៉ែត្រក្រឡា និងមានប្រជាជន ១៣៥១ គ្រួសារ ដែលមានប្រជាជនសរុបចំនួន ៣៩៥០ នាក់។
ក្រុងកោះរ៉ុង មានពីរសង្កាត់ និង ៤ភូមិ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសំឡឹម ដែលមានវិសាលភាពគ្រប់គ្រងរហូតដល់ ១៨កោះ រួមទាំង កោះតាង និងកោះពូលូវ៉ៃ។
លោកបានឱ្យដឹងថា៖ «ប៉ុន្ដែជាក់ស្ដែង ការគ្រប់គ្រងយើងសព្វថ្ងៃ មានតែពីរកោះនោះទេ គឺកោះរ៉ុង និងកោះរ៉ុងសំឡឹម ហើយនៅតាមបណ្ដាកោះផ្សេងៗ មានតែកម្លាំងកងទ័ពដែលលោកឈរជើងនៅទីនោះ»។
ថ្វីដ្បិតតែសង្កាត់កោះរ៉ុងសំឡឹមមានរដ្ឋបាលផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏ភូមិមួយក្នុងចំណោមពីរភូមិរបស់កោះនេះ គឺភូមិកោះតូច ស្ថិតនៅលើដែនកោះរ៉ុង ដែលស្ថិតលើទីតាំងដាច់ពីគ្នា។

ភ្ញៀវទេសចរកំពុងធ្វើដំណើរទៅកាន់ចំណតតាក់ស៊ី ដើម្បីធ្វើដំណើរទៅកាន់ភូមិនានា ជាពិសេសភូមិកោះតូច។ រូបថត ហុង រស្មី
បញ្ហាប្រឈមគឺប្រជាពលរដ្ឋក្នុងភូមិកោះតូចត្រូវប្រើប្រាស់សេវារដ្ឋបាលនៅកោះរ៉ុងសំឡឹម ដែលជាការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។លោកអភិបាលក្រុងកោះរ៉ុង បានពន្យល់ថា៖ «ការធ្វើដំណើរតាមទូកទៅទទួលសេវានៅកោះរ៉ុងសំឡឹមជួបហានិភ័យខ្លះចំពោះបញ្ហាអាកាសធាតុ»។
លោកបានថា ដើម្បីកាត់បន្ថយហានិភ័យ ការចំណាយលើការធ្វើដំណើរគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ មន្ដ្រីសង្កាត់កោះរ៉ុងសំឡឹមតែងតែធ្វើដំណើរដោយផ្ទាល់មកកាន់កោះរ៉ុងដើម្បីផ្ដល់សេវាដល់ប្រជាពលរដ្ឋភូមិកោះតូចរបស់ខ្លួន។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានគាំទ្រការផ្លាស់ប្តូររបស់កោះរ៉ុងទៅជាគោលដៅទេសចរណ៍ទំនើប។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសាងសង់ផ្លូវបេតុងប្រវែង ៤០ គីឡូម៉ែត្រជុំវិញកោះ ដោយបង្កើនការតភ្ជាប់រវាងភូមិរបស់ខ្លួន។អគ្គិសនីក៏ត្រូវបានពង្រីកពីតារ៉ាសាគរទៅកោះរ៉ុងដែរ បើទោះជាកោះរ៉ុងសំឡឹមនៅខ្វះអគ្គិសនីរដ្ឋក៏ដោយ។
ទោះបីជាមានការរីកចម្រើនទាំងនេះក៏ដោយ ក៏កោះនេះប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ដូចជាកង្វះទឹកស្អាតក្នុងរដូវប្រាំង។លោកអភិបាល ប៊ុនថុល បានអំពាវនាវដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតដែលមានអាជ្ញាប័ណ្ណ ពន្លឿនការងាររបស់ខ្លួន ដើម្បីដោះស្រាយតម្រូវការដ៏សំខាន់នេះ។
សេវាថែទាំសុខភាពនៅលើកោះក៏មានភាពប្រសើរឡើងផងដែរ។ មណ្ឌលសុខភាពកោះរ៉ុង ផ្តល់ការថែទាំសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។លោកបានឱ្យដឹងថា៖ «ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់ខេត្តព្រះសីហនុ ដើម្បីព្យាបាលបន្ថែម គាំទ្រដោយក្រុមហ៊ុនទូកល្បឿនលឿនរបស់លោក ទៀ វិចិត្រ ដែលមានជំនាញក្នុងការដឹកជញ្ជូនជាបន្ទាន់»។

ភូមិកោះតូចបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កោះរ៉ូងសម្រាប់អ្នកទេសចរសម្ពាយ ដែលល្បីល្បាញដោយសារការកម្សាន្តពេលរាត្រី ភោជនីយដ្ឋាន ផ្ទះសំណាក់ និងបឹងហ្គាឡូ។ រូបថត ហុង រស្មី
ឱកាសក្នុងវិស័យអប់រំ
ការអប់រំគឺជាចំណុចស្នូលសម្រាប់ការអភិវឌ្ឍន៍លើកោះរ៉ុង។ កោះនេះពីមុនមានអនុវិទ្យាល័យតែមួយ គឺអនុវិទ្យាល័យព្រៃស្វាយ ដែលបង្ខំសិស្សឱ្យធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីសិក្សានៅថ្នាក់វិទ្យាល័យ។
ជារឿយៗនេះនាំឱ្យមានអត្រាបោះបង់ការសិក្សាខ្ពស់ ដោយកុមារជាច្រើនបានចាប់យកការងារក្នុងវិស័យសំណង់ ឬទេសចរណ៍ជំនួសវិញ។លោក ប៊ុនថុល បានថ្លែងថា កន្លងមក សិស្សត្រូវធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីរៀននៅវិទ្យាល័យ ដោយបង្ខំឱ្យអ្នកខ្លះបោះបង់ចោលការសិក្សាពីព្រោះខ្វះលទ្ធភាព។
លោក ប៊ុនថុល បានថ្លែងថា៖ «បច្ចុប្បន្ននេះ អនុវិទ្យាល័យភូមិព្រែកស្វាយ ត្រូវបានតំឡើងទៅជាវិទ្យាល័យ ដែលមានអគារ ៤ខ្នង ក្រោមជំនួយរបស់ធនាគារពិភពលោក និងក្រសួងអប់រំ»។
ការផ្លាស់ប្តូរបរិស្ថាន និងសេដ្ឋកិច្ច
ការផ្លាស់ប្តូរពីការនេសាទទៅជាទេសចរណ៍បាននាំមកនូវឱកាស និងបញ្ហាប្រឈម។ បច្ចុប្បន្នអតីតអ្នកនេសាទជាច្រើនធ្វើការក្នុងវិស័យទេសចរណ៍ ដោយផ្តល់សេវាកម្ម ដូចជា ការដឹកជញ្ជូន មគ្គុទ្ទេសក៍ទេសចរណ៍ និងកន្លែងស្នាក់នៅ។
យុវជន ឈួន អាន អាយុ ១៦ឆ្នាំ ជាអ្នកបើកបរតាក់ស៊ី ដែលដឹកភ្ញៀវតាមរថយន្តភីកអាប់ឆ្លងកាត់កោះនោះ បាននិយាយថា ភាគច្រើនខ្លួនដឹកភ្ញៀវពីកំពង់ផែទៅកាន់គោលដៅផ្សេងៗនៅលើកោះ ជាពិសេសភូមិកោះតូច និងសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងជាដើម។

ភ្ញៀវទេសចរជួលម៉ូតូតម្លៃ ១៥ ដុល្លារក្នុងមួយថ្ងៃ ដើម្បីធ្វើដំណើរ និងស្វែងយល់ភូមិឋាននានានៅកោះរ៉ុង។ រូបថត ហុង រស្មី
យុវជន អាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំបានឈប់រៀននៅថ្នាក់ទី ៦ និងធ្វើជាកម្មករសំណង់ មុនពេលខ្ញុំរៀនបើកឡាន ហើយចាប់ផ្តើមធ្វើការឱ្យជីតារបស់ខ្ញុំ»។
អាន បាននិយាយថា ខ្លួនចូលចិត្តធ្វើជាអ្នកបើកបរជាងការធ្វើជាអ្នកនេសាទ ព្រោះវាងាយស្រួល មិនប្រឈមគ្រោះថ្នាក់ និងរកចំណូលបានច្រើន។
អ្នកបើកបរដឹកភ្ញៀវរូបនេះ អាចរកប្រាក់បានចន្លោះពី ៤០ ទៅ ៧៥ ដុល្លារក្នុងមួយជើង អាស្រ័យលើទិសដៅដែលអតិថិជនពេញចិត្ត ជារឿយៗជាភ្ញៀវទេសចរដែលធ្វើដំណើរជាក្រុម។
យុវជនរូបនេះ បានបន្ដថា៖ «ប្រសិនបើខ្ញុំទៅនេសាទនៅសមុទ្រ ខ្ញុំត្រូវក្រោកនៅម៉ោង២ទៀបភ្លឺ ហើយត្រលប់មកវិញមុនពេលអាហារថ្ងៃត្រង់។ ថ្វីត្បិតតែក្នុងរដូវមិនសម្បូរភ្ញៀវ ខ្ញុំអាចដឹកភ្ញៀវពីរ-បីក្រុមក្នុងមួយសប្តាហ៍ដែរ ខ្ញុំនៅតែគិតថា វាប្រសើរជាងការនេសាទ។ ក្នុងរដូវកាលនេះ ជាពិសេសពេលចូលឆ្នាំខ្មែរ ខ្ញុំមានអតិថិជនជារៀងរាល់ថ្ងៃ»។
ខណៈពេលដែលវិស័យទេសចរណ៍បានលើកកម្ពស់ជីវភាពរស់នៅក្នុងស្រុក វាក៏បានបង្ហាញពីបញ្ហាប្រឈមផ្នែកបរិស្ថានផងដែរ។អនាម័យឆ្នេរត្រូវបានថែរក្សាជាប្រចាំ ប៉ុន្តែការគ្រប់គ្រងទឹកស្អុយនៅតែមិនគ្រប់គ្រាន់។ ជាឧទាហរណ៍ ភូមិកោះតូច បានជួបប្រទះនូវទឹកសម្អុយដែលហូរចូលទៅក្នុងសមុទ្រ ដែលបង្ហាញពីតម្រូវការបន្ទាន់សម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយត្រឹមត្រូវ។
លោក ប៊ុនថុល បានថ្លែងថា៖ «ខ្ញុំសូមសំណើរដែរថា បើសិនជាយើងមានអាងប្រព្រឹត្ដិកម្ម វាពិតជាល្អ។ ជាការពិត ការសាងសង់របស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើងចម្រុះ ដោយគ្មានស្ដង់ដាដោះស្រាយបញ្ហាចេញនោះទេ»៕