ភ្នំពេញ៖ អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បង្រៀនភាសាអង់គ្លេសសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ ២០២៤ ផ្នែកគ្រូបង្រៀនភាសា។

ការប្រកួតប្រជែងដែលរៀបចំដោយ SEAMEO QITEP in Language Center ក្នុងប្រទេសឥណ្ឌូនេស៊ី ទទួលស្គាល់ការរួមចំណែកដ៏ពិសេសចំពោះការអប់រំភាសានៅទូទាំងអាស៊ីអាគ្នេយ៍។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអបអរសាទរ និងកោតសរសើរលើទំព័រហ្វេសប៊ុករបស់លោកចំពោះការចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្ខរកម្ម។

លោកបានឱ្យដឹងថា៖ «ពានរង្វាន់ SEKAR ត្រូវបានផ្តល់ជូនក្នុងគោលបំណងទទួលស្គាល់ និងគាំទ្រដល់គ្រូបង្រៀនភាសា និងបុគ្គលិកអប់រំឆ្នើម ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មក្នុងការលើកកម្ពស់អក្ខរកម្ម។ ជ័យលាភីក្នុងការប្រកួតប្រជែងនេះនឹងរួមចំណែកក្នុងការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀនភាសា និងការកែលម្អគុណភាពអក្ខរកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។

លោកបានបន្ដថា ការបង្កើតពានរង្វាន់ SEKAR រៀបចំឡើងក្រោមគោលបំណងលើកទឹកចិត្តគ្រូបង្រៀនភាសាឱ្យបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងសហគមន៍អប់រំ និងបំផុសគំនិតនវានុវត្តន៍ប្រកបដោយនិរន្តរភាពក្នុងការបង្រៀនភាសានាពេលអនាគត។

លោកបានថ្លែងថា៖ «កម្មវិធីប្រកួតប្រជែងនេះមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) ទាំង ១១ប្រទេស»។

ពានរង្វាន់ SEAQIL Kartini (SEKAR) ដែលរៀបចំដោយ SEAMEO QITEP ផ្តល់កិត្តិយសដល់គ្រូបង្រៀនភាសាអង់គ្លេស និងបុគ្គលិកអប់រំពិសេសនៅទូទាំងអាស៊ីអាគ្នេយ៍។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ ២០២៤ ផ្នែកគ្រូបង្រៀនភាសា។ រូបថត សហការី

ដោយដាក់ឈ្មោះតាម Raden Ajeng Kartini ជាវីរនារីជាតិឥណ្ឌូនេស៊ី ដែលបានឈ្នះពានរង្វាន់លើវិស័យអប់រំរបស់ស្ត្រី ពានរង្វាន់នេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ និងការពង្រឹងអំណាចនៃអ្នកអប់រំនៅក្នុងតំបន់។

SEKAR អបអរសាទរការរួមចំណែកដ៏ឆ្នើមចំពោះការអប់រំភាសា ដោយបង្ហាញពីការអនុវត្តអក្ខរកម្មប្រកបដោយភាពច្នៃប្រឌិត និងការលះបង់របស់អ្នកអប់រំក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈ។

ជ័យលាភីនៅឆ្នាំនេះ រួមបញ្ចូលការច្នៃប្រឌិត ការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្ត ជំរុញទឹកចិត្តអ្នកដទៃក្នុងវិស័យអប់រំភាសា។

Seameo QITEP in Language បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «SEAQIL មានមោទនភាពក្នុងការប្រកាសអ្នកឈ្នះរង្វាន់ SEAQIL Kartini (SEKAR) 2024។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូបង្រៀនភាសា និងបុគ្គលិកអប់រំនៅទូទាំងអាស៊ីអាគ្នេយ៍សម្រាប់ការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តចំពោះអក្ខរកម្ម។ ការលះបង់របស់អ្នកពិតជាបានបំផុសគំនិតយើងទាំងអស់គ្នាតាមរយៈកម្មវិធីនេះ»។

ដំណើរឆ្ពោះទៅរកឧត្តមភាព

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បានដឹងថា ការដាក់ប្រកួតប្រជែងត្រូវបានធ្វើឡើងនៅចុងខែកញ្ញា ហើយអ្នកគ្រូទើបទទួលបានដំណឹងរីករាយនាពេលថ្មីៗនេះ ជាពិសេស នៅពេលលោករដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ចែករំលែកសារអបអរសាទរនៅលើបណ្ដាញសង្គម។

អ្នកស្រីបានរៀបរាប់អំពីការដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤ នេះថា អ្នកស្រីត្រូវសរសេរអត្ថបទជាភាសាអង់គ្លេស ប្រភេទអត្ថបទបែបវិទ្យាសាស្ដ្រ និងវីដេអូខ្លីមួយផ្ញើទៅកាន់គណកម្មការប្រកួត។

អ្នកគ្រូ ច័ន្ទលក្ខិណា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំផ្ដោតលើប្រធានបទ ការអភិវឌ្ឍភាសាអង់គ្លេសនៅសាលារៀនជំនាន់ថ្មី ព្រែកលៀប តាមរយៈកម្មវិធី X-reading សម្រាប់ជួយបង្រៀនភាសាអង់គ្លេស»។

គណកម្មការត្រួតពិនិត្យ និងវាយតម្លៃទៅលើអត្ថបទ ក៏ដូចជាខ្លឹមសារសំណេររបស់បេក្ខភាពជាគ្រូបង្រៀនមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។

អ្នកគ្រូបានឱ្យដឹងថា អ្នកគ្រូទទួលដំណឹងបឋមពីការឈ្នះពានរង្វាន់នេះ តាមរយៈនាយកដ្ឋានអាស៊ាននៅចុងក្រោយវិច្ឆិកា។ ទើបតែម្សិលមិញនេះ ថ្ងៃទី២៣នេះ លោករដ្ឋមន្ដ្រីបានបង្ហោះនេះ វាជាលទ្ធផលផ្លូវការ។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បង្រៀនភាសាអង់គ្លេសសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប។ រូបថត សហការី

អ្នកគ្រូបង្រៀនសាលាជំនាន់ថ្មីរូបនេះ បានឱ្យដឹងថា ការប្រកួតប្រជែង និងការទទួលបានពានរង្វាន់នេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន។

ការសរសេរអត្ថបទជាការស្រាវជ្រាវតូចមួយដែលបានដឹងអំពីគុណតម្លៃនៃការអាន ដែលការអាននេះបានជួយអ្វីខ្លះទៅលើការបង្រៀនភាសាអង់គ្លេស ឬក៏ជួយអ្វីខ្លះដល់សិស្សានុសិស្ស ទាំងចំណេះដឹង និងបង្កើនទម្លាប់ការរៀនពេញមួយជីវិត។

អ្នកគ្រូ ច័ន្ទលក្ខិណា បានបន្ដថា៖ «ចំពោះរូបខ្ញុំផ្ទាល់ ក៏មានការសប្បាយរីករាយ និងបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះជាអ្វីដែលខ្ញុំបាននិងកំពុងធ្វើនេះស្ថិតលើផ្លូវមួយដ៏ត្រឹមត្រូវ និងទទួលបានការសាទរពីអ្នកនៅជុំវិញខ្លួន»។

អ្នកគ្រូ បានបន្ថែមថា វាជាការជំរុញទឹកចិត្ដរបស់អ្នកគ្រូ ក៏ដូចជាមិត្ដភក្ដិជាអ្នកផ្ដល់ការអបរំដទៃទៀតក្នុងការខិតខំបំពេញការងារបន្ថែមទៀត។

ច្បាស់ណាស់ អ្នកគ្រូ បានអះអាងថា វាជាកិត្ដិយសចំពោះខ្លួនឯង គ្រួសារ សាលារៀន និងមុខមាតប្រទេសកម្ពុជាទាំងមូល ដែលបញ្ញវន្ដកម្ពុជាអាចធ្វើបាន។

អ្នកគ្រូកម្ពុជាបានឈ្នះពានរង្វាន់លេខមួយ ម៉ាឡេស៊ីជាប់លេខ ២ ខណៈលេខ ៣ បានទៅលើម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ចំពោះប្រភេទគ្រូបង្រៀនភាសា។

អ្នកឈ្នះពានរង្វាន់ទាំង ៣ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ចំណាត់ថ្នាក់ ថវិកាលើកទឹកចិត្ដ ក៏ដូចជាការចូលរួមសិក្ខាសាលាមួយដែលរៀបចំឡើងនៅប្រទេសថៃ។

យ៉ាងណាមិញ អ្នកគ្រូ ច័ន្ទលក្ខិណា បានបញ្ជាក់ថា ដោយសារគណកម្មការរៀបចំមិនទាន់ គម្រោងចូលរួមសិក្ខាសាលានៅប្រទេសថៃ ទំនងជាខកខាន។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បង្រៀនភាសាអង់គ្លេសសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតពានរង្វាន់ SEAQIL

អ្នកគ្រូ ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានភាសាបរទេស (IFL) បានរំឭកថា ការចូលរួមប្រកួតប្រជែងនេះ តាមរយៈការផ្សព្វផ្សាយពីក្រសួងអប់រំ ដែលបង្ហោះចែករំលែកកម្មវិធីនេះ ហើយអ្នកគ្រូយល់ឃើញថា ការប្រកួតប្រជែងនេះត្រូវនឹងអ្វីដែលអ្នកគ្រូបាននិងកំពុងតែធ្វើរាល់ថ្ងៃដែរ។

ជាមួយចំណង់ចំណូលចិត្ដចង់យកឈ្នះចិត្ដខ្លួនឯង អ្នកគ្រូសាលាជំនាន់ថ្មីរូបនេះ ក៏បានចូលរួមប្រកួត ដោយអនុវត្ដទៅតាមការទាមទារនៃការប្រកួត។

អ្នកគ្រូ ច័ន្ទលក្ខិណា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនរំពឹងថានឹងទទួលបានលទ្ធផលល្អបែបនេះទេ គ្រាន់តែឃើញមានឱកាស ក៏ឆក់យកឱកាសនេះ ក៏ដូចជាធ្វើជាគំនូរដល់សិស្សានុសិស្ស»។

ដោយបានបង្រៀនរយៈពេល ៥ឆ្នាំ អ្នកគ្រូ បានឱ្យដឹងថា កាលពីនៅរៀនវិទ្យាស្ថានជាតិអប់រំ អ្នកគ្រូបានផ្លាស់ប្ដូរចិត្ដ ដែលមានបំណងទៅបង្រៀននៅខេត្ដសៀមរាប ដោយសារតែចាប់អារម្មណ៍សាលាជំនាន់ថ្មីនេះ។

អ្នកគ្រូមើលឃើញថា សាលាជំនាន់ថ្មីគឺជាកម្រែទម្រង់អប់រំដ៏ល្អមួយ និងបានដាក់ពាក្យប្រឡងចូលបង្រៀនសាលាជំនាន់ថ្មីព្រែកលៀបនេះ។

អ្នកគ្រូ ច័ន្ទលក្ខិណា បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា៖ «សាលាជំនាន់ថ្មីមានកម្មវិធីសិក្សាល្អ ដែលជួយវិស័យអប់រំនៅប្រទេសយើងបានច្រើន ដោយសារទាំងបរិប័ទ្មក្នុងការរៀន កូនសិស្ស ទាំងគ្រូបង្រៀន មានភាពខុសប្លែកពីកម្មវិធីធម្មតា ដែលធ្លាប់មានបទពិសោធខ្លួនឯងកាលនៅជាសិស្ស»។

អ្នកគ្រូបានអរគុណដល់ក្រុមគ្រួសារ មិត្ដភក្ដិរួមអាជីព សាលារៀនជំនាន់ថ្មីព្រែកលៀប ក៏ដូចជាក្រសួងអប់រំ ដែលតែងតែលើកទឹកចិត្ដ និងចែករំលែកដល់គ្រូបង្រៀនចំពោះឱកាសចូលរួមបញ្ចេញសមត្ថិភាពប្រកួតប្រជែងកម្មវិធីផ្សេងៗ៕