ជាការដឹងគុណដល់ទីសង្គ្រោះជីវិតប្អូនស្រីពីជំងឺដំណាក់កាលចុងក្រោយ អតីតសិស្សអត្តពលិករត់ចម្ងាយ លោក ឆូយ ប៊ុយសុខហេង ជាអ្នកដឹកនាំក្រុមស្ម័គ្រចិត្ត WALK – Across Cambodia បានផ្ដួចផ្ដើមយុទ្ធនាការ យាត្រា ដើរចម្ងាយ ៥២៨គីឡូម៉ែត្រ ឆ្លងកាត់ ៧ ខេត្ត ដើម្បីរៃអង្គាសថវិកាជួយដល់កុមារក្នុងមន្ទីរពេទ្យកុមារអង្គរ។
លោក សុខហេង មកពីក្រុងប៉ោយប៉ែត ជានិស្សិត និងបុគ្គលិកកំពុងបម្រើការផ្នែករចនាក្រាហ្វិកនៅរាជធានីភ្នំពេញ ជាអ្នកគូរគំនូរសហសម័យ និងជាសិល្បករថតរូបបែបសិល្បៈសហសម័យនៃទីលាននិម្មិត។
លោកព្យាយាមរៀបចំយុទ្ធនាការរៃអង្គាសថវិកាដោយដើរជាលើកដំបូង ក្នុងគោលបំណងធំតែមួយគត់គឺដើម្បីកៀរគរថវិកាដើម្បីជូនទៅមន្ទីរពេទ្យទិញនូវសម្ភារ និងបរិក្ខាពេទ្យ ដើម្បីជួយឱ្យកុមារអាចក្រោកពីគ្រែដើរបានធម្មតាដូចគេឯង។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំជឿថា រាល់ការបរិច្ចាគរបស់លោកអ្នក គឺពិតជាជួយដល់ការព្យាបាល នឹងអាចជួយឱ្យកុមារជាសះស្បើយ និងអាចក្រោកដើរចេញពីគ្រែពេទ្យ ទៅលេង ដើរទៅរៀនសូត្រវិញដូចកុមារដទៃទៀតដែរ»។
បើយោងតាមទិន្នន័យរបស់មន្ទីរពេទ្យកុមារអង្គរបច្ចុប្បន្ន កុមារដែលមានជំងឺនៅតែបន្តកើនឡើង កុមារចំនួន ១៤៧៨នាក់ នៅផ្នែកជំងឺធ្ងន់ធ្ងរ កុមារចំនួន ១៧៧២នាក់ ផ្នែកសង្គ្រោះបន្ទាន់ និងកុមារចំនួន ១០៦៨នាក់ បានទទួលការវះកាត់ធំ និងត្រូវការសម្ភារបរិក្ខាពេទ្យមួយចំនួនដើម្បីព្យាបាលដល់កុមារដែលមានរបួសធ្ងន់ធ្ងរ។
ថវិកាពីការបរិច្ចាគទាំងអស់នឹងប្រើដើម្បីទិញនូវសម្ភារ ឧបករណ៍ដាក់ដែកអបឆ្អឹង (Large Fragment Set) និងបរិក្ខាពេទ្យដែលនឹងអាចជួយព្យាបាល សង្គ្រោះកុមាររងរបួសធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចអាចក្រោកដើរចេញពីគ្រែ អាចរត់លេង និងអាចដើរទៅរៀនដូចកុមារដទៃទៀត។
លោក សុខហេង បាននិយាយថា៖ «ខ្ញុំចង់ឃើញកុមារជាច្រើននាក់ទទួលបាននូវការព្យាបាលឱ្យជាសះស្បើយហើយអាចក្រោកដើរចេញពីគ្រែពេទ្យឆាប់ៗ ដើរបន្តទៅផ្ទះវិញដោយក្តីរីករាយ មានស្នាមញញឹមជាមួយគ្រួសារ»។
ការតាំងចិត្តរបស់លោកចេញពីបទពិសោធន៍ផ្ទាល់ខ្លួនដែលស្ទើរតែបាត់បង់ប្អូនស្រីបង្កើត។ លោក និងក្រុមគ្រួសារមានការដឹងគុណចំពោះមន្ទីរពេទ្យកុមារអង្គរដែលបានជួយសង្គ្រោះប្អូនស្រីរបស់លោក ពីជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ឱ្យរស់រានមានជីវិត និងមានសុខភាពល្អឡើងវិញ។
លោក សុខហេង បានប្រាប់ទៀតថា៖ «ហេតុផលមួយទៀត ខ្ញុំដែលបានសម្រេចចិត្តចង់តបស្នងដឹងគុណដល់មន្ទីរពេទ្យវិញគឺមានរឿងរ៉ាវមួយដែលក្រុមគ្រួសារនឹកចាំមិនភ្លេចឡើយកាលពី ៧ឆ្នាំមុនអំពីការសង្គ្រោះប្អូនស្រីបង្កើតរបស់ខ្ញុំឱ្យជាសះស្បើយ និងឥតគិតថ្លៃពីជំងឺរលាកស្ងួតដំណាក់កាលចុងក្រោយ និងគ្មានសង្ឃឹមទាល់តែសោះ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (អាយ ស៊ី យូ) ដោយប្រើពេលវេលាប្រហែល ៥០ថ្ងៃ គឺថាសាច់ញាតិគ្រួសារខ្ញុំគឺត្រៀមតែឡានដឹកចេញទៅផ្ទះ និងធ្វើពិធីតាមប្រពៃណីតែប៉ុណ្ណោះ»។
សិល្បករ និងអតីតសិស្សអត្តពលិករត់ចម្ងាយរូបនេះ បានបន្តទៀតថា៖ «បច្ចុប្បន្នប្អូនស្រីខ្ញុំមានសុខភាពល្អ កំពុងបន្ត និងត្រៀមបញ្ចប់ការសិក្សានៅសាលាភូមិន្ទកសិកម្មចំការដូង ក៏ទើបបានត្រឡប់មកកម្ពុជាវិញ ដែលបានទៅរៀនហាត់ការនៅប្រទេសអ៊ីស្រាអ៊ែលថ្មីៗនេះ»។
យាត្រា ជាពាក្យបាលីសំស្ក្រឹត ប្រែថាការដើរ។ ការដើរជាមធ្យោបាយដំបូងបំផុតរបស់ជីវិតមនុស្ស និងសត្វ។ ការដើរក៏ជាលំហាត់ប្រាណមួយបែបយ៉ាងសាមញ្ញ ជាពិសេសវាជួយឱ្យមានសុខភាពល្អ ជួយសម្រួលដល់ផ្លូវដង្ហើមសរីរាង្គកាយរឹងមាំមួយ និងស្រស់ស្អាតផងដែរ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យាត្រា ឬយុទ្ធនាការដើរនេះ កើតចេញពីការចូលចិត្តធ្វើដំណើរផ្សងព្រងជាមួយមធ្យោបាយដូចជាជិះកង់ ម៉ូតូ និងដើរចូលព្រៃឡើងភ្នំ ស្ទើរតែជុំវិញស្រុកខ្មែរ ដែលធ្វើឱ្យខ្ញុំស្គាល់ភូមិសាស្ត្រ ឧទាហរណ៍ ខ្ញុំត្រឡប់ទៅលេងផ្ទះនាពេលបុណ្យជាតិដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥នេះស្រាប់»។
ក្រោមពាក្យស្លោកថា «ខ្ញុំដើរ អ្នកដើរ យើងចង់ឃើញកុមារដើរ» យុទ្ធនាការនឹងរៀបចំធ្វើរយៈពេល ៩ថ្ងៃ ពីថ្ងៃសៅរ៍ទី ២៨ រហូតដល់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ដែលមានចម្ងាយ ៥២៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីរាជធានីភ្នំពេញ ត្រង់សួនច្បាររង្វង់មូលកួចកាណុង ទៅដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ឆ្លងកាត់ខេត្តចំនួន ៧ រួមមានខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ទោះបីជាលោក សុខហេង មិនអាចរត់ចម្ងាយបានដូចមុនក៏ដោយ តែលោកបានជ្រើសរើសការដើរជំនួសវិញ ហើយឆ្លងតាមការពិសោធខាងលើ លោក និងក្រុមស្ម័គ្រចិត្ត WALK – Across Cambodia បានរួមគ្នាដើម្បីកៀរគរថវិកាជួយដល់គ្រួសារដែលខ្វះខាត ដូចជា គ្រួសាររបស់លោក ឱ្យមានសុខភាពល្អ និងអនាគតល្អប្រសើរ។
លោក សុខហេង បញ្ជាក់ថា៖ «ដោយកត្តាសុខភាពរបស់ខ្ញុំក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ និងលើសទម្ងន់ មិនអាចរត់ចម្ងាយឆ្ងាយ និងមិនអាចលេងកីឡាធ្ងន់ៗបានដូចមុនបាន ប៉ុន្តែខ្ញុំជ្រើសរើសធ្វើលំហាត់ប្រាណដោយការដើរជំនួសវិញ»។
ការដើរពេលព្រឹកម៉ោង ៤ ដល់ ៩ ព្រឹក និងការដើរពេលរសៀល ម៉ោង ៣ កន្លះ ដល់ ៨ យប់ ដោយរំពឹងថាមួយថ្ងៃអាចដើរបានចន្លោះពី ៤០ ទៅ ៦០គីឡូម៉ែត្រ។
ការស្នាក់នៅ និងស្ដារសុខភាព អាចស្នាក់នៅដោយការបោះជំរំ គេងក្នុងតង់ ឬអង្រឹងមានមុង ការសុំសំណាក់នៅផ្ទះប្រជាជន ឬវត្តអារាម និងផ្ទះសំណាក់ ក្នុងករណីមានការឧបត្ថម្ភ។
លោកមានចំណាប់អារម្មណ៍ថា៖ «ដំណើរនោះ នាំមកនូវការបង្កើតមិត្តភាពរវាងខ្មែរ និងគ្រួសារខ្មែរជាមួយពាក្យដើរលេង ឬទេសចរណ៍ក្នុងស្រុក តំបន់ភូមិសាស្ត្រនានា ក្នុងនោះខ្ញុំឃើញ និងស្គាល់អំពីការររស់នៅរបស់ប្រជាជននៅតាមទីដាច់ស្រយាល តំបន់ខ្វះខាត ទីឆ្ងាយមន្ទីពេទ្យ សាលារៀន ជាដើម»។
ក្រុមសម្បុរធម៌រំពឹងទុកថា មន្ទីរកុមារអង្គរអាចទទួលបានបរិច្ចាគរបស់លោកអ្នកយុទ្ធនាការដើររៃអង្គាសថវិកានេះក្នុងចំនួន ១២៦លានរៀល ឬប្រហាក់ប្រហែល ៣១៥០០ ដុល្លារអាមេរិកសម្រាប់បរិក្ខាពេទ្យមួយចំនួន។
លោក សុខហេង បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា រាល់ថវិកាពីសប្បុរជនក្នុងស្រុក ឬក្រៅស្រុក ពិតជាសម្រួលដល់ការទិញសម្ភារបរិក្ខាពេទ្យ សង្គ្រោះកុមារដែលមានជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចទាំងនោះ អាចទទួលបានការព្យាបាលជាសះស្បើយដោយឥតគិតថ្លៃផងដែរ»។
លោកនិយាយថា៖ «កុមារ ជាពន្លកថ្មី ជាយុវជនជំនាន់ក្រោយនៃសង្គមជាតិ។ ក្នុងនាមយើងជាគ្រួសារខ្មែរ ខ្ញុំសូមលើកទឹកចិត្តដល់លោកអ្នកសូមចូលរួមនៅក្នុងយុទ្ធនាការនេះ និងបរិច្ចាគតាមកម្លាំងសធា ជាថវិការក្តី សម្ភារ ឬសកម្មភាពទាំងឡាយណាដែលជួយបំពេញនូវតម្រូវការចំបាច់រាល់កិច្ចការមនុស្សធម៌ក្នុងស្រុកយើង»។
The Phnom Penh Post ភ្នំពេញប៉ុស្តិ៍ ប៉ុស្តិ៍ខ្មែរ និង SR News បានផ្តល់ភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយដល់យុទ្ធនាការ «ខ្ញុំដើរ អ្នកដើរ យើងចង់ឃើញកុមារដើរ» ដោយ WALK – Across Cambodia ដើម្បីលើកកម្ពស់សកម្មភាពសប្បុរសធម៌ របៀបរស់នៅដែលមានសុខភាពល្អ និងគំនិតផ្តួចផ្តើមសប្បុរសរបស់យុវជន៕