ខេត្ដ​កំពង់ចាម៖ សម្រាប់អ្នកស្រី​ លឹម ហិច ដែល​បច្ចុប្បន្ន​មាន​អាយុ ៦៣ ឆ្នាំ អនុស្សាវរីយ៍ដ៏​សែន​ជូរចត់​​នៃ​របប​ខ្មែរក្រហម​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ ដូចជា​ស្លាកស្នាម​ដែល​មិនអាច​ជាសះស្បើយ​។​

កើត​នៅ​ភូមិ​ក្បាល​ស្លែង ឃុំ​ជាំ​ក្រវៀន ខេត្តកំពង់ចាម រឿង​របស់អ្នកស្រី ហិ​ច គឺជា​ទុក្ខសោក ការបាត់បង់ និង​ការរស់រានមានជីវិត​មួយ​ដែល​មិនអាច​នឹកស្មាន​ដល់​។​

ក្នុងចំណោម​សោកនាដកម្ម​ជាច្រើន​ដែល​ស្ដ្រីរូប​នេះ​​បាន​ស៊ូទ្រាំពុះពារ​ហែលឆ្លងកាត់​របប​ខ្មៅ​ងងឹត​​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា គ្រាមួយ​បាន​លងបន្លាចអ្នស្រី​​លើសពី​អ្វី​ទាំងអស់​គឺ​ការស្លាប់​របស់​ម្តាយ​ និង​ជោគវាសនា​អមនុស្សធម៌​នៃ​សព​ម្ដាយ​​។​

ក្នុង​វ័យ​កុមារភាព អ្នកស្រី ហិច​ បាន​នូវ​ភាព​ចលាចល​ជា​​គ្រា​ដំបូង​ក្នុង​ភូមិ​ដែល​ធ្លាប់​តែ​​សុខសាន្ត ដោយ​ប្រជាជន​រស់នៅ​យ៉ាង​​សុខដុមរមនា​។​

“​ឪពុក​របស់​នាង​ឈ្មោះ លឹម គឺជា​អ្នកចូលរួម​យ៉ាងសកម្ម​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល លន់ នល់​។ ទោះជា​យ៉ាងនេះ​ក្តី ជីវិត​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​” នេះ​បើ​យោងតាម​កញ្ញា​ វី ស៊ីថា មកពី​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam​។​

​កញ្ញា​ ស៊ីថា ដែល​បាន​ចងក្រង​ឯកសារ និង​សម្ភាសអ្នកស្រី ហិច​ បាន​ឱ្យដឹង​ថា គ្រួសារ​របស់​អ្នស្រី​ត្រូវបាន​ព្រាត់​ប្រាស់​​គ្នា ទ្រព្យសម្បត្តិ​ឯកជន​ត្រូវបាន​រឹបអូស ហើយសមាជិក​នីមួយៗ​​ត្រូវបាន​គេ​ដាក់ចូល​ក្នុង​អង្គភាព​ការងារ​យ៉ាងធ្ងន់ធ្ងរ​។​

នេះ​មានន័យថា អ្នកស្រី ហិច ​ត្រូវ​​បែក​ពី​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​ចូលរួម​ជាមួយ​កង​​ចល័ត ដើម្បី​ជីក​ប្រឡាយ និង​សាងសង់​ទំនប់​។​

នៅ​ឆ្នាំ ១៩៧៨ ខណៈពេល​កំពុងធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ អ្នកស្រី ហិ​ច បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ថា អ្នកម្តាយ​​​បាន​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​គេ​នាំទៅ​មណ្ឌល​ព្យាបាល​បណ្តោះអាសន្ន​នៅ​វត្ត​សសរ​១០០​។​

អ្នកស្រី លឹម ហិច បច្ចុប្បន្នអាយុ ៦៣ឆ្នាំ រស់នៅក្នុងពងទឹក ប្រកបរបរកសិកម្ម រំឭកពីការចងចាំកុមារភាពក្នុងរបបខ្មែរក្រហម ដែលអ្នកស្រីយំឱបសពម្ដាយ មុនពេលត្រូវបានបោះចូលទន្លេ។ រូបថត DC-Cam

ទម្រាំ​ដល់ពេល​ដែលអ្នកស្រី​ ហិច ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​លេង​ម្ដាយ​ វា​យឺត​ពេល​ហើយ​។ ម្ដាយ​របស់​អ្នកស្រី​​បានលា​ចាក​លោក​​ដោយសារ​​ជំងឺ​បន្ទាប់ពី​រង់ចាំ​ទទួល​ការ​ព្យាបាល​​គ្មានការ​យក​ចិត្ដទុកដាក់​​នៅក្នុង​វត្ត​ដែលមាន​មនុស្ស​ច្រើនពេក​។​ អ្នកស្រី ហិច គ្រាន់​តែ​​បាន​មកដល់​ទាន់ពេល​ដើម្បី​ឱប​សព​ម្តាយប៉ុណ្ណោះ​​។​

អ្នកស្រី ហិច បាន​​រំឭក​ដោយ​សំឡេង​យំ​ខ្សឹបខ្សួល​ថា​៖ «​យំ​ហើយ​ឱប​សព​គាត់​។ ប៉ុន្តែ​នៅ​ព្រឹក​បន្ទាប់ គ្រូពេទ្យ​បាន​ដាស់​ខ្ញុំថ្នមៗ​ ហើយ​បាន​ណែនាំ​ខ្ញុំ​ឱ្យ​ដាក់​សពម្ដាយ​ខ្ញុំ​​លើ​រទេះ​ដើម្បី​បោះ​ទៅក្នុង​ទន្លេ​»​។​

ទោះបីជា​ទីបំផុតនៃ​ឆាក​ជីវិត​ ក៏​កម្មាភិបាល​ខ្មែរ​ក្រហម​មិន​បាន​ផ្ដល់​ការ​គោរព​ដល់​សព​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ​នោះទេ​។ ​​សាកសព​ត្រូវបាន​គេ​បោះចោល​ក្នុង​ទន្លេ ឬកប់​ក្នុង​​ផ្នូរ​រាក់ ជា​អ្វីដែល​ក្រុម​ខ្មែរ​ក្រហម​បង្ហាញ​ពី​របប​ផ្ដាច់​ការ​របស់​ខ្លួន​។ ​

សមមិត្ដនារីថតរូបនៅមុខព្រះវិហារអ៊ីស្លាមមួយ។ រូបថត DC-Cam

អ្នកស្រី ហិច​ បានត្រឹមតែ​និយាយ​ខ្សឹបដាក់​ត្រចៀកដោយ​ប្រាប់អ្នក​​ម្តាយ​​ដោយ​ការសុំ​ទោស​យ៉ាង​ស្រក់​ទឹកភ្នែក ខណៈដែល​អ្នក​បរ​រទេះ​បាននិយាយ​ធ្វើ​ឱ្យ​អ្នក​ស្រីតក់ស្លុត​ថា ​សាកសព​ម្តាយ​ជាទី​ស្រឡាញ់​របស់​អ្នកស្រី​​នឹងត្រូវ​បោះ​ចូលទៅក្នុង​ទឹក​។​

អ្នកស្រី ហិច បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ជាខ្លាំង​។ នាង​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​ក្នុង​ជីវិត ហើយ​សូម្បីតែ​ស្លាប់​ក៏ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​មាន​សន្តិភាព​ដែរ​។​

គ្រានេះ​គ្រាន់តែ​ជា​ភាព​ភ័យរន្ធត់​មួយ​ក្នុងចំណោម​ភាពភ័យខ្លាច​ជាច្រើន​ដែល​អ្នកស្រី ហិច ក៏ដូចជា​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ទៀត​ ​បាន​ស៊ូទ្រាំ​ក្រោម​របប​ខ្មែរក្រហម​។

អ្នកស្រី​​បាន​រៀបរាប់​ពី​ការ​ឃើញ​ឆ្អឹង​មនុស្ស​នៅក្នុង​អណ្តូង មើល​ឃើញ​​សម​មិត្ត​ស្លាប់​ដោយ​ការនឿយហត់ និង​អត់ឃ្លាន ហើយ​រស់នៅ​ដោយការ​ទទួល​ទាន​​សំណល់​អាហារ​ដែល​គេ​លួច​។​

សំណល់សម្លៀកបំពាក់របស់ជនរងគ្រោះដែលត្រូវបានកម្មាភិបាលខ្មែរក្រហមសម្លាប់ ត្រូវបានតាំងបង្ហាញនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ រូបថត ហុង រស្មី

ទោះបីជា​មានការ​លំបាក​មិនស្រាក​ស្រាន្ដ​​ក៏ដោយ ក៏អ្នកស្រី ហិច នៅតែបន្ដពុះពារ​ ទៅតាម​សភាវគតិ​ដើម្បី​រស់រានមានជីវិត និង​ក្តីសង្ឃឹម​នៃ​ការជួបជុំ​ជាមួយ​គ្រួសារ​របស់​អ្នកស្រី​​ឡើងវិញ​។​

នៅពេល​របបខ្មែរ​ក្រហម​​នេះ​ដួលរលំ​ក្នុង​ឆ្នាំ ១៩៧៩ អ្នកស្រី​បានធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​ត្រឡប់ទៅផ្ទះ​​នៅ​ស្រុក​មេមត់វិញ​​។​

នៅតាម​ផ្លូវ អ្នកស្រី​​បាន​ជួបប្រទះ​ស្លាក​ស្នាម​បន្សល់​ទុក​ពី​​អំពើ​ប្រល័យពូជសាសន៍​ ដូចជា​ ផ្លូវ​ដែល​ពោរពេញ​ដោយ​សាកសព និង​ភូមិ​ដែលគ្មាន​ជីវិត​។​

ប៉ុន្តែ នៅក្នុង​សំណល់​ដ៏​​បំផ្លិចបំផ្លាញ អ្នកស្រី​​បាន​រកឃើញ​ពន្លឺ​​នៃ​ក្តីសង្ឃឹម​។ ការ​តស៊ូ​បានអនុញ្ញាត​ឱ្យ​អ្នកស្រី​​កសាង​ជីវិត​​ឡើងវិញ រៀបការ និង​ចិញ្ចឹម​កូន​ប្រាំ​បីនាក់​។​

សព្វថ្ងៃនេះ អ្នកស្រី ហិ​ច រស់នៅ​យ៉ាង​ស្ងប់ស្ងាត់​នៅក្នុង​ភូមិ​ពងទឹក ដោយ​ធ្វើ​ស្រែចំការ ​​ចិញ្ចឹម​គ្រួសារ​របស់អ្នកស្រី​ជាច្រើន​ជំនាន់​។ យ៉ាងណាក៏ដោយ អតីតកាល​នៅតែ​ជា​ស្រមោលអន្ទោល​តាម​ប្រាណ​​។​

​អ្នកស្រី ហិច បាន​​ចែករំលែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ដើម្បី​ធានាថា​ មនុស្ស​ជំនាន់​ក្រោយ​បាន​យល់​ពី​ភាពរន្ធត់​នៃ​ខ្មែរក្រហម និង​គោរព​ដល់​ការចងចាំ​របស់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​។​

អ្នកស្រី​​និយាយថា​៖ «​ការឈឺចាប់​មិនចាក​ឆាយ​ពី​ខ្លួន​យើង​ទេ​។ ​ប៉ុន្តែ​ការចែករំលែក​រឿង​រប​ស់​ខ្ញុំ​គឺជា​វិធី​របស់ខ្ញុំ​ក្នុងការ​រក្សា​ការពិត ​និង​កិត្តិយស​ម្តាយ​របស់ខ្ញុំ​»​។​

សក្ខីកម្ម​របស់អ្នកស្រី​ លឹម ហិច គឺជា​ការ​រំឭក​យ៉ាងច្បាស់​អំពី​តម្លៃ​មនុស្ស​ក្នុងសម័យ​ខ្មែរក្រហម​ ជា​ជំពូក​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​មិនអាច​បំភ្លេចបាន​៕