​ភ្នំពេញ៖ ការតាំង​ពិ​ព័រ​ណ៍​ «ចន្លោះ​ខ្យល់​ដង្ហើម» របស់​សិល្បករ​ កញ្ញា សុខ អេ​ឡេ​អូ​ន័​រ ដែល​កំពុង​ដាក់តាំង​បង្ហាញ​នៅ​ហាង Java Creative Café ទួល​ទំពូង ផ្តល់ជូន​អ្នកទស្សនា​នូវការ​ស្វែង​យល់​​​បទពិសោធន៍​របស់​មនុស្ស​តាមរយៈ​​​ការសម្តែង និង​សិល្បៈ​សោតទស្សន៍​​។​

​ចាប់ពី​ថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់​ថ្ងៃទី១០ ខែមករា ឆ្នាំ២២០២៥ កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីមហោស្រព​រូបថត​ភ្នំពេញ​ លើក​ទី១៥ ដែលជា​ព្រឹត្តិការណ៍ពិព័រណ៍​​ថតរូប​ដ៏​សំខាន់បំផុត​មួយ​របស់​អាស៊ីអាគ្នេយ៍​។​

អេ​ឡេ​អូ​ន័​រ ជា​វិចិត្រករ​ជនជាតិ​បារាំង​-​ខ្មែរ​ដែលមក​កាន់​​កម្ពុជា​​​តាំងពី​ឆ្នាំ២០១៥ មាន​ភាព​ល្បីល្បាញ​ចំពោះ​គំនិត​ច្នៃប្រឌិត​បង្កើត​ស្នាដៃ​សិល្បៈ​ ពី​ការរួមបញ្ចូល​គ្នា​នៃ​ការថតរូប ការសម្តែង និង​សិល្បៈ​រាងកាយ​ដើម្បី​ស្វែងយល់​ពី​ប្រធានបទ​​​ភាពជា​ស្ត្រី ការចងចាំ បំណងប្រាថ្នា ក៏ដូចជា​​ចំណុចប្រសព្វ​នៃ​ប្រវត្តិសាស្ត្រ​ផ្ទាល់ខ្លួន និង​សមូហភាព​។​

ពិ​ព័រ​ណ៍​ «ចន្លោះ​ខ្យល់​ដង្ហើម» ផ្ដោតលើ​សំខាន់​លើ​​​រាងកាយ​មនុស្ស​ជា​នាវា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​​ឱបក្រសោប​ភាព​តានតឹង​ដែល​កំពុងតែ​ផុស​ឡើង​រវាង​ការដឹង ​និង​មិនដឹង​​។​

យោងតាម​អ្នករៀបចំមហោស្រព​រូបថត​ភ្នំពេញ បាន​ឱ្យដឹង​ថា៖ «ក្នុងនាម​ជា​ទស្សនិកជន យើង​ចង់​ដាក់ខ្លួន​​ឱ្យ​លង់​ចូលទៅក្នុង​ពេលវេលា​មួយ​ដែល​ពោល​ពេញ​ទៅដោយ​ភាព​ប្រហុចញុច​ និង​ភាពចាំបាច់​នោះ ដូចជា​ការដកដង្ហើម​ចូល​យ៉ាង​វែង ការ​រ​វេញខ្សែ​​ឱ្យ​​កាន់តែ​តឹង​ទៅៗ ឬ​ក៍​ដូចជា​ការ​ទាញ​ប្រយឺត​ខ្សែ​ធ្នូ ថាមពល​ទាំងនេះ​បញ្ចូល​គ្នា គឺមាន​ទាំង​ភាពគ្រោះថ្នាក់ និង​ភាព​រំភើប​ញាប់​ញ័រ​»។

​សិល្បៈ​ស៊េរី​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅក្នុង​ការតាំង​ពិ​ពណ៍​គឺ​ការងារ​របស់​កញ្ញា​​ជាមួយ​សិល្បករ​ New Cambodian Artists ​ជា​ក្រុម​របាំ​សហ​សម័យ​ដែលកញ្ញា​​បាន​បង្កើត​ឡើង​ក្រោម​​ចំណងជើង​ថា «គ្រាប់ពូជ និង​សាបព្រួស​»​។​

«គ្រាប់ពូជ និង​សាព្រួស» ជាផ្នែកមួយនៃ ពិព័រណ៍ «ចន្លោះ​ខ្យល់​ដង្ហើម» គឺជាកម្រងរូបភាពសម្តែងដែលបង្កើត និងផលិតឡើងដោយសហការជាមួយ New Cambodian Artists (NCA) ​ជាក្រុមអ្នករាំបីនាក់របស់យុវនារីកម្ពុជាក្នុងឆ្នាំ ២០១៩​ និង ២០២០។ រូបថត សហការី​

បើយោងតាម​សំណេរ​ជីវប្រវត្ដិរបស់កញ្ញា អេឡេអូន័រ បាន​បង្ហាញថា​៖ «គ្រាប់ពូជ និង​សាបព្រួស ​ជា​ផ្នែក​មួយ​នៃ​ការតាំង​ពិ​ព័រណ៍​នៅឯ Art Nomad “Natte, Nappes” បី​ឆ្នាំ​នៅ​ប្រទេស​បារាំង (២០២១)​។ វា​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​មហោស្រព​រូបថត​ឥណ្ឌា (២០២៣) និង​មហោស្រព​រូបថត​ភ្នំពេញ (២០២៣)»។​

​ការងារ​និពន្ធ​ ការថតរូប និង​ឯកសារ​របស់​កញ្ញា​ រួមទាំង​ការសរសេរ​អត្ថបទ​កាសែត​​ឆ្នាំ ២០១៩​ បាន​ផ្តោត​​លើ​ភាពស្មុគស្មាញ​នៃ​អត្តសញ្ញាណ​ខ្មែរ រចនាសម្ព័ន្ធ​សង្គម និង​អន្ត​រកម្ម​នៃ​ការចងចាំ​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ជីវិត​សម័យ​ទំនើប​។​

សិល្បៈ​របស់កញ្ញា អេឡេអូន័រ ផ្ដោតលើ​សំខាន់​លើ​​​រាងកាយ​មនុស្ស​ជា​នាវា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​​ឱបក្រសោប​ភាព​តានតឹង​ដែល​កំពុងតែ​ផុស​ឡើង​រវាង​ការដឹង ​និង​មិនដឹង​​។​ រូបថត សហការី​

ការពិ​ព័រ​ណ៍​ «ចន្លោះ​ខ្យល់​ដង្ហើម» នៅ Java Creative Café អញ្ជើញ​អ្នកមើល​ឱ្យនៅ​ស្ងៀម​ក្នុង​គ្រា​នៃ​ភាព​តានតឹង និង​ការឆ្លុះ​ប​ញ្ចាំ​ង ដូចជាការ​ជញ្ជឹង​គិត​អំឡុង​ពេល​នៃ​​ចន្លោះការ​​ដកដង្ហើម​ចូល និង​ដង្ហើមចេញ​។​

ជា​ផ្នែក​មួយ​នៃ​មហោស្រព​រូបថត​ភ្នំពេញ ការតាំងពិព័រណ៍​នេះ​រួមចំណែក​ដល់​ការសន្ទនា​កាន់តែ​ទូលំទូលាយ​អំពី​តួនាទី​នៃ​ការថតរូប​​ និង​សួរ​សំណួរ​អំពី​ការផ្លាស់ប្តូរ​សង្គម​។​

នៅក្នុងសិល្បៈ​ស៊េរី អេឡេអូន័រ បានអញ្ជើញអ្នកសម្ដែង​ឱ្យស្វែងយល់ពីការស្រមើស្រមៃ​ អត្តសញ្ញាណរាងកាយ​​ដែល​បែក​ខ្ញែក និង​​ភាព​ចម្លែក​ដ៏​គួរ​ឱ្យ​​រំខានចិត្ដ​។ រូបថត សហការី​

សម្រាប់​អ្នក​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ស្វែងរក​បទពិសោធន៍​សិល្បៈ​ប្រកបដោយ​ការ​ស្រមើល​ស្រមៃ និង​បំផុសគំនិត ការពិ​ព័រ​ណ៍​ «ចន្លោះ​ខ្យល់​ដង្ហើម» ផ្តល់ឱកាស​ដើម្បី​ផ្អាក ទប់​ដង្ហើម និង​រស់នៅក្នុង​ចន្លោះ​ដែល​ការពិត​ត្រូវបាន​លាតត្រដាង​ដោយ​ស្ងប់ស្ងាត់​។​​

មហោស្រព​រូបថត​ភ្នំពេញ​លើក​ទី១៥ នៅតែ​បន្ត​អបអរសាទរ​សិល្បៈ​ថតរូប​ដ៏​រស់​រវើក​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ការតាំង​ពិ​ព័រណ៍​ និង​ព្រឹត្តិការណ៍​ជាច្រើន ដែល​ផ្តល់​វេទិកា​សម្រាប់​សិល្បករ​ក្នុងស្រុក និង​អន្តរជាតិ​៕