ក្រុងប៊ូហ្គូតា: អាជ្ញាធរប្រទេសកូឡុំប៊ី បានចាប់កង្កែបពុលចំនួន ១៣០ ក្បាល ដែលត្រូវបានជួញដូរតាមអាកាសយានដ្ឋានប៊ូហ្គូតា កាលពីថ្ងៃចន្ទ (២៩ មករា) ហើយបានចាប់ខ្លួនស្ត្រីជនជាតិប្រេស៊ីលដែលដឹកពួកគេ។
ស្ត្រីរូបនេះកំពុងដឹកជញ្ជូនកង្កែបពុល harlequin ចម្រុះពណ៌ (oophaga histrionica) ក្នុងប្រអប់រុំហ្វីម ខណៈពេលដែលធ្វើដំណើរទៅកាន់ទីក្រុងសៅប៉ូឡូ ដោយឈប់សម្រាកនៅប៉ាណាម៉ា។
លោកស្រី អេនទ្រីយ៉ាណា សូតូ រដ្ឋលេខាធិការបរិស្ថានប៊ូហ្គូតា បាននិយាយនៅក្នុងវីដេអូមួយដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយថា៖ «គាត់បានអះអាងថា សហគមន៍ក្នុងតំបន់បានផ្តល់កង្កែបទាំងនោះជាអំណោយ»។
កង្កែប Harlequin មានពិស ទំហំតូចជាង ៥ សង់ទីម៉ែត្រ និងរស់នៅក្នុងព្រៃសើម តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក រវាងអេក្វាឌ័រ និងកូឡុំប៊ី ក៏ដូចជានៅក្នុងប្រទេសផ្សេងទៀតនៅអាមេរិកកណ្តាល និងខាងត្បូង។
មេបញ្ជាការប៉ូលិស ប៊ូហ្គូតា លោក ចូន កាឡូស អារ៉េវ៉ាឡូ បាននិយាយថា៖ «ប្រភេទសត្វជិតផុតពូជទាំងនេះមានការពេញនិយមនៅលើទីផ្សារអន្តរជាតិ។ អ្នកប្រមូលទិញលក្ខណៈឯកជនហ៊ានចំណាយរហូតដល់ ១ ពាន់ដុល្លារអាមេរិកក្នុងមួយក្បាល»។
ប៉ូលិសបានរាយការណ៍ថា ស្ត្រីដែលដឹកកង្កែបត្រូវបានចាប់ខ្លួន «ពីបទឧក្រិដ្ឋកម្មជួញដូរសត្វព្រៃ» មុនពេលត្រូវបានប្រគល់ឱ្យការិយាល័យព្រះរាជអាជ្ញា។
ការជួញដូរសត្វគឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជីវចម្រុះបំផុតនៅក្នុងពិភពលោក ជាពិសេសគឺពពួកសត្វ amphibians ថនិកសត្វតូចៗ និងផ្នែកសត្វសមុទ្រ ដូចជាត្រីឆ្លាមជាដើម៕