ក្រុងបាងកក: ប្រទេសថៃ បានបញ្ជាឱ្យកំពង់ផែរបស់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីតាមដានការនាំចូល «ខោដំរី» មកកាន់ព្រះរាជាណាចក្រមួយនេះ ខណៈទីក្រុងបាងកកបានបន្លឺសំឡេងទាមទារកម្មសិទ្ធិបញ្ញារបស់ខ្លួនចំពោះការបោះពុម្ពគំរូរូបភាពសត្វដំរីដ៏ពេញនិយម។
ខោកប្បាសស្តើង ជាវត្ថុសំខាន់របស់អ្នកធ្វើដំណើរសម្ពាយអឺរ៉ុប ជាយូរមកហើយដែលធ្វើដំណើរឆ្លងកាត់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខោដំរីបានក្លាយជាការពេញនិយមខ្លាំងចំណោមយុវជនថៃ។
ប៉ុន្តែការហូរចូលនៃខោផលិតពីប្រទេសចិន ដែលមានតម្លៃថោកបានធ្វើឱ្យមានការព្រួយបារម្ភចំពោះក្រុមហ៊ុនផលិតក្នុងស្រុក និងទាក់ទាញការយកចិត្តទុកដាក់របស់មន្ត្រីផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា៖ «យើងបានបញ្ជាឱ្យមានការឃ្លាំមើលខោដំរីនៅក្នុងកំពង់ផែទាំងអស់»។
លោក Phumtham ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយថា ការរចនាគំនូរដំរីនៅលើផ្ទៃខោត្រូវបានរក្សាកម្មសិទ្ធិបញ្ញា។
លោកបានថ្លែងថា៖ «ប្រសិនបើយើងអនុញ្ញាតឱ្យផលិតករបរទេសផលិតវាឡើង វាអាចនឹងប៉ះពាល់ដល់ផលិតផលថៃក្នុងស្រុក។ ផលិតផលថៃមានស្តង់ដា។ ផលិតផលខ្លះ (នាំចូល) ងាយដាច់រហែក បន្ទាប់ពីប្រើពីរបីដង»។
ខណៈដែលខោដំរីត្រូវបានលក់ចេញពីតូបផ្សារក្នុងតម្លៃត្រឹមតែ ១៥០ បាត (៤ ដុល្លារ) អ្នកលក់រាយលំដាប់ខ្ពស់ក៏បានជ្រើសរើសប្រភេទខោកំពុងតែមានភាពទាន់សម័យមួយចំនួន ដែលមានតម្លៃរហូតដល់ ៣០ ដុល្លារ។
ការលើកឡើងរបស់លោក Phumtham ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ត្រូវបានសួរអំពីខោដំរី ផលិតពីប្រទេសចិន ដែលមានតម្លៃថោកកំពុងគ្របដណ្តប់ទីផ្សារក្នុងស្រុក។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «នេះមិនមានអ្វីថ្មីទេក្នុងការធ្វើអាជីវកម្ម។ កន្លែងណាមានឱកាស មានអ្នកឆ្លៀតឱកាស។ ប្រសិនបើយើងមិនធ្វើលឿនទេ យើងនឹងបាត់បង់ឱកាស ដូចអ្វីដែលយើងបានបាត់បង់កន្លងមក»៕HR