ក្រុងញូវយ៉ក៖ ពីរដ្ឋកាលីហ្វ័រនីញ៉ា ដល់អាស៊ីអាគ្នេយ៍ Facebook កំពុងទាក់ទាញអ្នកប្រើប្រាស់ជំនាន់ថ្មី ដែលមើលឃើញថាវាជាឧបករណ៍ពាណិជ្ជកម្ម ជាជាងប្លេតហ្វមបណ្តាញសង្គមបែបកម្សាន្ដ។
អ្នកប្រើប្រាស់ជាច្រើនទំនងជាកំពុងលើកកម្ពស់អាជីវកម្មរបស់ពួកគេជាជាងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ។
នៅពេលដែលប្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមជើងចាស់មួយនេះប្រារឰខួប ២០ ឆ្នាំ របស់ខ្លួន អ្នកប្រើប្រាស់ ៤ នាក់ចែករំលែកបទពិសោធន៍របស់ពួកគេជាមួយ AFP ។
អ្នកស្រី នីណា វូគីសេវិក អាយុ ៣១ ឆ្នាំ រដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា៖«ខ្ញុំមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ខ្ញុំមិនអាចប្រាប់បានទេថាខ្ញុំមើលវាលើកចុងក្រោយនៅពេលណា» ។
អ្នកស្រី វូគីសេវិក គឺជាអ្នកគ្រប់គ្រងកសិដ្ឋាននៅ Common Roots Farm ជាអង្គការមិនរកប្រាក់កម្រៃនៅ Santa Cruz ដែលផលិតអាហារសរីរាង្គ និងបើកវគ្គបណ្តុះបណ្តាលផ្នែកថែសួន និងកសិកម្ម។
អ្នកស្រីបាននិយាយថា Facebook មានការប្រើប្រាស់ជាច្រើនសម្រាប់អាជីវកម្ម មិនថាការចែករំលែកគំនិតនៅក្នុងក្រុមអ្នកឯកទេស ឬបង្ហោះព័ត៌មានថ្មីៗទៅកាន់ទំព័ររបស់កសិដ្ឋាននោះទេ។
ពួកគេបាននិយាយថា៖«ដោយមានការចងក្រងជាក្រុម ខ្ញុំអាចស្វែងរកទំនាក់ទំនងក្នុងតំបន់បានកាន់តែច្រើន ប៉ុន្តែក៏មានធនធានពីជុំវិញពិភពលោកផងដែរ លើអ្វីដែលខ្ញុំចាប់អារម្មណ៍។ខ្ញុំអាចជជែកជាមួយអ្នកថែសួនក្នុងប្រទេសស្វ៊ីសដែល ខ្ញុំមិនធ្លាប់អាចភ្ជាប់ទំនាក់ទំនងកន្លងមកនោះទេ។និយាយឱ្យត្រង់ទៅ (ប្រសិនបើ Facebook បាត់) ខ្ញុំនឹងត្រូវខាតបង់ ដោយសារនៅលើបណ្ដាញសង្គមនេះមានធនធានទាំងនេះ»។
លោក ដាវ ម៉ាញធួន អាយុ ៣៣ ឆ្នាំ នៅក្រុងហាណូយ មានអ្នកតាមដាន១ពាន់នាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននិង៣៨០០០ នាក់ នៅលើគណនីអាជីវកម្មរបស់លោក។
លោកបាននិយាយថា៖ «គ្មាននរណាម្នាក់អាចបដិសេធអត្ថប្រយោជន៍របស់ Facebook បានទេ ព្រោះវាភ្ជាប់ទំនាក់ទំនងមនុស្សច្រើន»។
លោក ធួនបើកអាជីវកម្មលក់ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិក ដូចជាក្តារចុច និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត ហើយប្រើប្លេតហ្វមនេះដើម្បីផ្សាយពាណិជ្ជកម្ម និងបង្កើតការលក់តាមរយៈ Messenger។
ប៉ុន្តែលោកបាននិយាយថា ការលក់ដូរនៅលើប្លេតហ្វមនេះមានការធ្លាក់ចុះ ជាពិសេសនៅពេលដែលអ្នកលក់ផ្សេងទៀតលក់ផលិតផលមិនស្មោះត្រង់។
លោកបាននិយាយថាប្លេតហ្វមផ្សេងៗ ដូចជា Lazada របស់ក្រុមហ៊ុន Alibaba មានមុខងារផ្សាយបន្តផ្ទាល់ល្អជាងនិងអនុញ្ញាតឱ្យមានការលក់ផ្ទាល់។
កញ្ញា ណាត់ឆា រ៉ាមីងវុង អាយុ ២១ ឆ្នាំ នៅក្រុងបាងកក ជានិស្សិតសាកលវិទ្យាល័យ បាននិយាយថា Facebook ល្អសម្រាប់អាជីវកម្ម ដោយកញ្ញាបានរចនា និងលក់គ្រាប់ចុចឃ្យូតៗ ដែលអនុញ្ញាតឱ្យអ្នកប្រើកុំព្យូទ័រអាចប្ដូរក្តារចុចរបស់ពួកគេបាន។
ទំព័រ Facebook របស់ BungkeeCaps បង្ហាញដោយមោទនភាពនូវរូបភាពបដានៃជ្រូកពណ៌ផ្កាឈូកតូចរុំក្នុងភួយដែលកាន់រួមគ្នាជាមួយនឹងម្ជុលខ្ទាស់។
កញ្ញាបាននិយាយថា៖«ខ្ញុំបានដឹងថាមានមនុស្សមួយក្រុម ដែលស្រឡាញ់គ្រាប់ចុចកុំព្យូទ័រខ្លាំង»។
កញ្ញា ណាត់ឆា រ៉ាមីងវុងបានប្រើប្លេតហ្វម Facebook នេះជាលើកដំបូង នៅពេលដែលគ្រូរបស់កញ្ញាបានបង្កើតក្រុមសម្រាប់ថ្នាក់រៀនកាលពី ១០ ឆ្នាំមុន ហើយកញ្ញារីករាយជាមួយបទពិសោធន៍ថ្មីជាលើកដំបូង។
កញ្ញាបាននិយាយថា៖ «ខ្ញុំចាប់ផ្ដើមដោយការរចនាគ្រាប់ចុចកុំព្យូទ័រដំបូងរបស់ខ្ញុំ ហើយខ្ញុំបានបង្ហោះក្នុងក្រុម។ពេលនោះ សមាជិកក្រុមហាក់ដូចជាចូលចិត្តវា»។
យុវតី រូប៊ី ហាមម័រអាយុ ១៨ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា៖«វាជារឿងឆ្កួតដែលគិតថាកម្មវិធីទូរស័ព្ទមួយអាចទ្រទ្រង់ខ្លួនវាបានយូរយ៉ាងនេះ»។
នាងបានចាប់ផ្តើមប្រើប្រាស់ Facebook កាលពីមួយឆ្នាំមុន ភាគច្រើនដើម្បីផ្តល់សេវាកម្មជាអ្នកមើលផ្ទះ និងអ្នកមើលថែទាំក្មេង។
ហាមម័របាននិយាយថា៖ «ខ្ញុំប្រើ Facebook ជាពិសេសដើម្បីកំណត់គោលដៅទស្សនិកជនមួយចំនួនព្រោះខ្ញុំដឹងថាមិត្តភក្តិរបស់ម្តាយខ្ញុំនឹងចាប់អារម្មណ៍។ Facebook ពិតជាល្អចំពោះមនុស្សជំនាន់មុន»។
យុវតីរូបនេះ បានបន្ថែមថា កញ្ញានឹងមិនប្រើវាជាឧបករណ៍ទំនាក់ទំនងសង្គមទេព្រោះមិនចង់ឃើញរឿងរ៉ាវ«អាម៉ាស់» ដែលឪពុកម្តាយរបស់នាងបង្ហោះអំពីនាង។
ដូចមនុស្សវ័យក្មេងជាច្រើន Instagram និង Snapchat គឺជាគោលដៅ ដែលទំនងសម្រាប់ទំនាក់ទំនងសង្គមចំពោះនាង៕ AFP/HR