ទីក្រុងហាណូយ: ក្រុងហាណូយ មិនត្រឹមតែល្បីស៊ុបហ្វ៊ើ និងបុនឆាប៉ុណ្ណោះទេ ថែមទាំងនំភូធួង ដែលត្រូវបានជ្រើសរើស សម្រាប់បម្រើអ្នកសារព័ត៌មាន និងភ្ញៀវបរទេស ក្នុងកិច្ចប្រជុំកំពូលនៃកូរ៉េខាងជើង-សហរដ្ឋអាមេរិក កាលនៅទីក្រុងហាណូយពីប៉ុន្មានឆ្នាំមុន។
អ្នកកាសែតមកពីប្រទេសអូស្ត្រាលី លោក ង្វៀង រីយ៉ាន ដែលថ្មីៗនេះ បានធ្វើដំណើរទេសចរណ៍លើកទី២ ទៅកាន់ប្រទេសវៀតណាម បាននិយាយថាជាមួយនឹងក្លិនក្រអូបពិសេស និងលក្ខណៈផ្ទាល់ខ្លួននំភូធួង បានធ្វើឱ្យភ្ញៀវមានការចងចាំ ដែលមិនអាចបំភ្លេចបាន។
អ្នកស្រី ង្វៀង ធីធូយ៉េន ជាអ្នកធ្វើនំអង្ករដំណើបភូធួង រយៈពេលជាង ៤៥ ឆ្នាំបាននិយាយថា គ្មាននរណាម្នាក់ដឹងច្បាស់ថាដើមកំណើតនំនេះកើតនៅពេលណានោះទេប៉ុន្តែចាប់តាំងពីអ្នកស្រីមានអាយុ ៦ ឆ្នាំ មកជីដូនរបស់អ្នកស្រី បានប្រាប់ថា ចុងភៅក្នុងអ្នកភូមិតែងតែ ប្រើអង្ករដំណើប ដាំនៅវាលស្រែភូមិដើម្បីថ្វាយព្រះនិងដូនតាក្នុងពិធីបុណ្យចូលឆ្នាំឬបុណ្យភូមិ។
អ្នកស្រី ធីធូយ៉េន គឺជាមនុស្សជំនាន់ទីបីនៃគ្រួសារ ដែលបន្ដប្រពៃណីធ្វើនំ ភូធួង នេះនៅភូមិភូធួងស្រុកតាយ ហូ។
អ្នកស្រី និយាយថា៖ «ក្នុងវ័យកុមារភាពរបស់ខ្ញុំខ្ញុំតែងតែដើរតាមជីដូន ហើយបន្ទាប់មកម្តាយរបស់ខ្ញុំបន្ដធ្វើនំនេះទៅលក់នៅកែងផ្លូវក្នុងទីក្រុងហាណូយ។ ខ្ញុំត្រូវបានបង្រៀនពីរបៀបជ្រើសរើសអង្ករដែលមានគុណភាពនិងគ្រឿងផ្សំផ្សេងទៀតដើម្បីចម្អិនម្ហូបឆ្ងាញ់»។
ថ្វីត្បិតតែឆ្លងកាត់សម័យកាលជាច្រើនក៏ដោយក៏អ្នកបន្ដប្រពៃណីធ្វើនំបាយដំណើបប្រពៃណីត្រូវបានរក្សានិងអភិវឌ្ឍយ៉ាងខ្លាំង។ ជាលទ្ធផលវាត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិកាលពីសប្តាហ៍មុនដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍។ វាក៏ត្រូវបានទទួលស្គាល់ថាជាភូមិសិប្បកម្មប្រពៃណីក្នុងឆ្នាំ ២០១៦ ផងដែរ។
នៅពេលសួរអំពីអាថ៌កំបាំងរូបមន្ដ អ្នកស្រី ធីធូយ៉េន បាននិយាយថាអ្នកស្រីតែងតែគិតថា អង្ករដំណើបគឺជាគុជ ដែលផ្តល់ដោយស្ថានសួគ៌ និងផែនដីសម្រាប់អ្នកធ្វើនំ។ ដូច្នេះគ្រឿងផ្សំ ដែលមានគុណភាពត្រូវតែផ្តល់សារៈសំខាន់ជាចម្បង។ គ្រឿងផ្សំទាំងអស់ដូចជាអង្ករដំណើបសណ្តែកដីសណ្តែកបាយសណ្តែកខ្មៅនិងល្ងត្រូវតែជ្រើសរើសដោយប្រុងប្រយ័ត្នបំផុត។
អ្នកស្រីបន្ដថា៖ «ខ្ញុំត្រូវក្រោកពីម៉ោង ២ ទៀបភ្លឺ ដើម្បីធ្វើនំ។ វាជាកិត្តិយសដ៏អស្ចារ្យហើយក៏ជាឱកាសមួយសម្រាប់ខ្ញុំ និងអ្នកភូមិក្នុងការណែនាំនំបាយដំណើបពិសេសដល់ពិភពលោកតាមរយៈព្រឹត្តិការណ៍ដ៏ធំបែបនេះ»។
អ្នកស្រី ធីធូយ៉េន បាននិយាយថា ភ្ញៀវជាច្រើននាក់ បានសួរអ្នកស្រីអំពីរូបមន្តនេះ និងកន្លែងដែលពួកគេរកទិញនំបាយដំណើបភូធួង នៅពេលដែលពួកគេត្រឡប់ទៅហាណូយវិញ។
មានគ្រួសារចំនួន ៦០០ ដែលកំពុងធ្វើនំបាយដំណើបតាមបែបប្រពៃណីនៅភូមិភូធួង។ គុណភាពផលិតផលឈានដល់កម្រិតស្តង់ដាជាតិ។ នំបាយដំណើបនេះមានវត្តមានយ៉ាងទូលំទូលាយនៅទូទាំងក្រុងហាណូយ រួមទាំងភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយប្រាំ៕