
ស្ត្រីប៉ាគីស្ថាននៅតំបន់ជនបទនៅតែត្រូវបានស្វាមីហាមមិនឲ្យបោះឆ្នោត។ AFP
ក្រុង Dhurnal: អង្គុយលើគ្រែប្រពៃណី អ្នកស្រី Naeem Kausir និយាយថា ខ្លួនក៏ចង់ទៅបោះឆ្នោតដែរ ក្នុងការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសប៉ាគីស្ថាន ប្រសិនបើមានតែបុរសណាម្នាក់ក្នុងគ្រួសារ អនុញ្ញាតឱ្យអ្នកស្រីធ្វើដូច្នោះ។
មិនខុសពីស្ត្រីទាំងអស់នៅក្នុងទីក្រុង Dhurnal អ្ននកស្រី Kausir ជាអតីតនាយិកាសាលាអាយុ ៦០ ឆ្នាំ និងកូនស្រី ៧ នាក់របស់ ដោយក្នុងនោះ ៦ នាក់ បានចូលរៀននៅសកលវិទ្យាល័យរួចហើយនោះ ត្រូវបានបុរសចាស់ទុំក្នុងគ្រួសារហាមឃាត់មិនឱ្យបោះឆ្នោត។
គ្របដណ្ដប់ដោយស្បៃលើក្បាល អ្នកស្រី Kausir បាននិយាយនៅក្នុងទីធ្លាផ្ទះថា៖ «ស្ត្រីម្នាក់ៗប្រឈមនឹងការបង្ខំ ដោយបុរសមិនថាជាប្តី ឪពុក កូនប្រុស ឬបងប្រុសនោះទេ។ នៅទីនេះនាងខ្វះស្វ័យភាពក្នុងការសម្រេចចិត្តដោយឯករាជ្យ»។
ស្ត្រីមេម៉ាយរូបនេះបានប្រាប់ AFP ថា៖ «បុរសទាំងនេះខ្វះភាពក្លាហានក្នុងការផ្តល់សិទ្ធិដល់ស្ត្រី»។

ស្ត្រីប៉ាគីស្ថាននៅតំបន់ជនបទនៅតែត្រូវបានស្វាមីហាមមិនឲ្យបោះឆ្នោត។AFP
ទោះបីជាការបោះឆ្នោតជាសិទ្ធិតាមរដ្ឋធម្មនុញ្ញសម្រាប់មនុស្សពេញវ័យទាំងអស់នៅក្នុងប្រទេសប៉ាគីស្ថានក៏ដោយ ក៏តំបន់ជនបទមួយចំនួនក្នុងប្រទេសអភិរក្សនិយមមួយនេះ សង្គមជាក់ស្ដែងនៅតែគ្រប់គ្រងដោយប្រព័ន្ធចាស់គំរឹលតាមបែបបទបុរសអ្នកចាស់ទុំក្នុងភូមិប ដែលមានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងសហគមន៍របស់ពួកគេ។
នៅតំបន់ជនបទនៃក្រុង Dhurnal ក្នុងរដ្ឋ Punjab ដែលលាតសន្ធឹងដោយវាលស្រែ និងជាជម្រកអ្នកភូមិមនុស្សរាប់ពាន់នាក់ បុរសក្នុងភូមិ បានអះអាងពីហេតុផលជាច្រើន សម្រាប់ការហាមឃាត់ស្ត្រីបោះឆ្នោត តាមទម្លាប់ជាង ៥០ ឆ្នាំ មកហើយ។
លោក Malik Muhammad សមាជិកក្រុមប្រឹក្សាភូមិបានរំឭកប្រាប់ថា៖ «ប៉ុន្មានឆ្នាំមុន ក្នុងអំឡុងពេលនៃអត្រាអក្ខរកម្មទាប ប្រធានក្រុមប្រឹក្សាមួយបានចេញសេចក្តីសម្រេចថា ប្រសិនបើបុរសចេញទៅបោះឆ្នោត ហើយស្ត្រីធ្វើតាម តើនរណាជាអ្នកចាត់ចែងកិច្ចការគ្រួសារ និងការថែទាំកុមារនៅផ្ទះ?»។
លោកបានបញ្ចប់ថា៖ «ការខកខានកិច្ចការផ្ទះ ដើម្បីតែការបោះឆ្នោតមួយប៉ុណ្ណោះ ត្រូវបានគេចាត់ទុកថាមិនចាំបាច់ទេសម្រាប់ស្ត្រី»។

អ្នកស្រី Robina Kausir អាយុ ៤០ឆ្នាំ ជាបុគ្គលិកថែទាំសុខភាព បានរៀបចំឡានក្រុងដឹកស្ត្រីទៅ បោះឆ្នោត។AFP
ប៉ាគីស្ថាន បានបោះឆ្នោតជ្រើសរើសមេដឹកនាំស្ត្រីមូស្លីមដំបូងគេរបស់ពិភពលោកក្នុងឆ្នាំ ១៩៨៨ គឺលោកស្រី Benazir Bhutto ដែលបានណែនាំគោលនយោបាយជំរុញការអប់រំ លទ្ធភាពទទួលបានប្រាក់ចំណូល សម្រាប់ស្ត្រី និងបានប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមខាងសាសនា បន្ទាប់ពីមេដឹកនាំផ្តាច់ការយោធា Zia ul-Haq បានណែនាំយុគសម័យថ្មីនៃសាសនាឥស្លាម។ សិទ្ធិស្ត្រីត្រឡប់មកវិញ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ជាង 30 ឆ្នាំក្រោយមក មានតែស្ត្រីចំនួន 355 នាក់ប៉ុណ្ណោះដែលកំពុងប្រកួតប្រជែងដណ្តើមយកអាសនៈសភាជាតិនៅក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍បើធៀបនឹងបុរសចំនួន ៦០៩៤ នាក់។
អ្នកស្រី Robina Kausir អាយុ ៤០ ឆ្នាំ ជាបុគ្គលិកថែទាំសុខភាពបាននិយាយថា ស្ត្រីកាន់តែច្រើនឡើងនៅក្នុងទីក្រុង Dhurnal ចង់ប្រើសិទ្ធិបោះឆ្នោតរបស់ពួកគេ ប៉ុន្តែពួកគេខ្លាចមានប្រតិកម្មពីសហគមន៍អភិរក្សសាសនាប្រសិនបើពួកគេហ៊ានធ្វើរឿងនេះ ជាពិសេសការគំរាមកំហែលែងលះដែលជាបញ្ហាដ៏ធំ និងអាម៉ាស់នៅក្នុងវប្បធម៌ប៉ាគីស្ថាន។
អ្នកស្រីបានលើកឡើងពីគុណប្រយោជន៍មួយនៃការផ្លាស់ប្តូរ គឺការទទួលបានព័ត៌មានដោយសារតែកំណើននៃការប្រើប្រាស់ស្មាតហ្វូន និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ស្ត្រីប៉ាគីស្ថាននៅតំបន់ជនបទនៅតែត្រូវបានស្វាមីហាមមិនឲ្យបោះឆ្នោត។AFP
អ្នកស្រីបានប្រាប់ AFP ថា៖ «បុរសទាំងនេះបង្កការភ័យខ្លាចដល់ស្ត្រី ហើយស្ត្រីជាច្រើនរងការកំរាមកំហែង» ។
សំណាងល្អ អ្នកស្រី Robina ដែលត្រូវបានគាំទ្រដោយស្វាមីរបស់អ្នកស្រី គឺជាមនុស្សម្នាក់ក្នុងចំណោម ដែលបានរៀបចំខ្លួនដើម្បីប្រថុយក្នុងការតស៊ូមតិលើកតម្កើងសិទ្ធិបោះឆ្នោតរបស់ស្ត្រី។
នៅពេលដែលរឿងព្រេងនិទានកីឡាគ្រីឃីត Imran Khan បានឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ អ្នកស្រី Robina បានសម្រួលមធ្យបាយធ្វើដំណើរ ដោយរៀបចំឡានក្រុងសម្រាប់ដឹកស្ត្រីទៅកាន់ការិយាល័យបោះឆ្នោតក្នុងតំបន់។
មានតែស្ត្រីមួយក្តាប់តូចប៉ុណ្ណោះដែលបានចូលរួមជាមួយអ្នកស្រី ប៉ុន្តែអ្នកស្រីនៅតែសម្គាល់ថាវាជាជោគជ័យ ហើយនឹងបន្តធ្វើដូចគ្នានៅក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
អ្នកស្រី Robina បាននិយាយថា៖ «ខ្ញុំត្រូវបានគេបំពាន ប៉ុន្តែខ្ញុំមិនខ្វល់ទេ ខ្ញុំនឹងបន្តតស៊ូដើម្បីសិទ្ធិបោះឆ្នោតរបស់អ្នកគ្រប់គ្នា»៕ AFP/HR