
ផ្សារខោអាវជជុះ កានតាម៉ាន់តូ ជន់ទៅដោយសម្លៀកបំពាក់ចាស់ៗ ដែលត្រូវបានដុត និងបោះចូលទៅសមុទ្រ។ រូបថត AFP
ក្រុងអាក្រា: នី អាម៉ា និងក្រុមការងារនេសាទប្រមាណ ៣០ នាក់ ត្រូវចំណាយពេលជាច្រើនម៉ោង ដើម្បីទាញអួនដ៏សែនធ្ងន់ទៅកាន់ច្រាំងលើឆ្នេរ Korle-Gonno ដ៏អ៊ូអរនៃរដ្ឋធានីអាក្រាប្រទេសហ្គាណា។
ទីបំផុត អ្វីដែលនៅក្នុងអួតដែលធ្វើឱ្យក្រុមការងារចំណាយពេលដ៏ច្រើននោះប្រែទៅជាឥតប្រយោជន៍ ដោយពួកគេទទួលបានតែសម្លៀកបំពាក់បោះចោលជាច្រើន។
កន្លែងដែលធ្លាប់សម្បូរត្រី ឥឡូវនេះពួកវាមិនអាចទ្រាំរស់នៅជាមួយខោអាវចាស់ៗរាប់តោនដែលបោះចូលទៅក្នុងមហាសមុទ្រអាត្លង់ទិកពីផ្សារលក់ផលិតផលជជុះដ៏ធំបំផុតមួយនៅក្នុងពិភពលោក កានតាម៉ាន់តូនោះទេ។
លោក អាម៉ាបានប្រាប់ AFP ថា៖«អួតរបស់យើងបានខូចខាតជាច្រើនដោយសារតែខោអាវជជុះនៅផ្សារ ហើយត្រីក៏លែងហ៊ាននៅក្នុងដែនទឹកនោះទៀតហើយ»។
ផ្សារ កានតាម៉ាន់តូ មានទំហំធំ លាតសន្ធឹងលើផ្ទៃដីជាង ២០ ហិចតា នៅចំកណ្តាលតំបន់ពាណិជ្ជកម្មក្រុងអាក្រា ហើយតូបលក់នីមួយៗសុទ្ធតែសម្លៀកបំពាក់ និងស្បែកជើងជជុះមកពីប្រទេសលោកខាងលិច និងប្រទេសចិន។
បើយោងតាមក្រុមបរិស្ថាន OR Foundation ពាណិជ្ជកម្មនាំចូលសម្លៀកបំពាក់ចំនួន ១៥ លានឈុត ក្នុងមួយសប្តាហ៍នេះ។ ប៉ុន្តែប្រហែល ៤០ ភាគរយត្រូវបានបោះចោលក្នុងកន្លែងចាក់សំរាម ហើយច្រើនតែត្រូវបានបោកចោលទៅក្នុងសមុទ្រ ដែលបង្កឱ្យមានវិបត្តិសុខភាពសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន។

សម្លៀកបំពាក់ចាស់ៗ ដែលត្រូវបានដុត និងបោះចូលទៅសមុទ្រ។
យោងតាមគេហទំព័រទិន្នន័យ Observatory of Economic Complexity (OEC) បានឱ្យដឹងថា ហ្គាណាបានក្លាយជាប្រទេសនាំចូលសម្លៀកបំពាក់ជជុះធំជាងគេលើពិភពលោកក្នុងឆ្នាំ ២០២១ ដោយសម្លៀកបំពាក់មានតម្លៃ ២១៤ លានដុល្លារត្រូវបានដឹកជញ្ជូនភាគច្រើនមកពីប្រទេសចិន ចក្រភពអង់គ្លេស និងកាណាដា។
ប៉ុន្តែការកើនឡើងនៃម៉ូដទាន់សម័យក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះបានធ្វើឱ្យប្រទេសហ្គាណាស្ថិតក្នុងចំណងទ្វេរដង ជាមួយនឹងរលកស៊ូណាមិកាន់តែធំនៃសម្លៀកបំពាក់បោះចោលដែលមកពីប្រទេសអ្នកមាន។
ទោះបីជាអាជីវកម្មនេះបានបង្កើតការងាររហូតដល់ ៣ម៉ឺននាក់ក៏ដោយ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានឱ្យដឹងថាវាស្ថិតក្នុងសភាពប្រកាស«អាសន្នផ្នែកបរិស្ថាន និងសង្គម» ដោយប្រទេសហ្គាណារកចំណូលបានតិចជាងមួយលានដុល្លារក្នុងឆ្នាំ ២០២១ នាំចេញសម្លៀកបំពាក់ប្រើប្រាស់រួចដែលខ្លួនទទួលបានទៅកាន់ប្រទេសអាហ្វ្រិកផ្សេងទៀត។
ក្រុមប្រឹក្សាមូលដ្ឋាន សភាក្រុងអាក្រា ចំណាយប្រហែល ៥០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដើម្បីប្រមូល និងបោះចោលវត្ថុដែលមិនចង់បានពីទីផ្សារកានតាម៉ាន់តូ។
ប៉ុន្តែវាអាចដោះស្រាយបានតែប្រហែល ៧០ ភាគរយនៃកាកសំណល់ទីផ្សារប៉ុណ្ណោះ។ នៅសល់ត្រូវបានដុតនៅក្បែរនោះ បង្កការបំពុលបរិយាកាស ឬបោះចោលក្នុងប្រព័ន្ធអេកូដែលផុយស្រួយ។
អ្វីៗកាន់តែអាក្រក់ទៅៗ នៅពេលដែលកន្លែងចាក់សំរាមអនាម័យតែមួយគត់របស់ប្រទេសហ្គាណាបានផ្ទុះក្នុងខែសីហា ឆ្នាំ ២០១៩ បន្ទាប់ពីត្រូវបានជន់លិចដោយសម្លៀកបំពាក់ជជុះ។
ទីលានចាក់សំរាម Kpone ត្រូវបានបិទបន្ទាប់ពីភ្លើងឆេះ ដោយបន្សល់ទុកនូវទីប្រជុំជនដែលរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក ដោយគ្មានកន្លែងចាក់សំរាមត្រឹមត្រូវ។៕ AFP/HR


AFP