ក្រុងវ៉ាស៊ីនតោនៈការព្រមានអំពីហានិភ័យ ដែលការបោះឆ្នោតសេតវិមានឆ្នាំ ២០២៤ អាចប៉ះពាល់យ៉ាងខ្លាំងដោយព័ត៌ មានក្លែងក្លាយកើតចេញពីបច្ចេកវិទ្យាសិប្បនិម្មិត (AI) ជាពិសេសការប្រើប្រាស់សំឡេងក្លែងក្លាយ ដូចជាសំឡេងរបស់លោកប្រធានាធិបតី ចូ បៃឌិន ជាដើម។ ការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះបានបង្កើនការភ័យខ្លាចនិងព្រួយបារម្ភអំពីការលួចបំប្លែងព័ត៌មានមិនពិតដូចជាការពិត។
សារទូរស័ព្ទជាសំឡេងបាននិយាយថា អីក៏បំផ្លើសម្លេះ!» ដោយបន្លំសំឡេងរបស់លោក បៃឌិនជាលក្ខណៈឌីជីថល។ សំឡេងឌីជីថលបានស្នើឱ្យអ្នករស់នៅរដ្ឋ New Hampshire កុំទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ កាលពីខែមុន ដោយជំរុញឱ្យអាជ្ញាធររដ្ឋចាប់ផ្តើមការស៊ើបអង្កេតលើការគៀបសង្កត់អ្នកបោះឆ្នោត។
វាក៏បានបង្កឱ្យមានការទាមទារពីអ្នកធ្វើយុទ្ធនាការក្នុងការរឹតបន្ដឹងជុំវិញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ឬដាក់បម្រាមទាំងស្រុងលើការក្លែងសំឡេងបុគ្គលណាមួយ។
អ្នកស្រាវជ្រាវលើមាតិកាព័ត៌មានមិនពិតខ្លាចការប្រើប្រាស់កម្មវិធី AI ខុសឆ្គងច្រើននៅក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់នេះ ដោយសារឧបករណ៍ក្លូនសំឡេងកាន់តែរីកធំឡើងៗ ដែលមានតម្លៃថោក និងងាយស្រួលប្រើ តែពិបាកតាមដាន។
លោក Vijay Balasubramaniyan នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនសន្តិសុខ តាមអ៊ីនធឺណិត Pindrop បានប្រាប់ AFP ថា៖«វាពិតជាលំបាកដោះស្រាយខ្លាំងមែន។ យើងអាចនឹងឃើញមានព័ត៌មានក្លែងក្លាយជាច្រើនទៀតពេញមួយវដ្តនៃការបោះឆ្នោតនេះ»។
ការវិភាគលម្អិតដែលបានចេញផ្សាយដោយ Pindrop បានបង្ហាញថាប្រព័ន្ធបំប្លែងអត្ថបទទៅជាសំឡេង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AI ElevenLabs ត្រូវបានប្រើដើម្បីបង្កើតសំឡេងរបស់លោក ចូ បៃឌិន។
និយតករអាមេរិក បាននិងកំពុងពិចារណាដាក់ការបង្កើតសំឡេងរបស់AI ទាំងនេះជាទង្វើខុសច្បាប់ រួមទាំង ការបំប្លែងសំឡេងរបស់លោក បៃឌិន ផងដែរ។
លោក Robert Weissman ប្រធានក្រុមតស៊ូមតិសាធារណៈបាននិយាយថា៖«ពេលវេលាបង្កើតសំឡេងសិប្បនិម្មិតផ្នែកនយោបាយកើតឡើងហើយ។ អ្នកបង្កើតគោលនយោបាយត្រូវតែប្រញាប់ប្រញាល់ដាក់ការការពារ បើមិនដូច្នោះទេ យើងកំពុងប្រឈមមុខនឹងភាពចលាចលក្នុងការបោះឆ្នោត។ ការក្លែងបន្លំនៅ New Hampshire គឺជាសាររំឭកដ៏គួរឱ្យព្រួយបារម្ភ»។
អ្នកស្រាវជ្រាវបារម្ភពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI ដែលបង្កើតវីដេអូ និងអត្ថបទ មើលទៅហាក់ដូចជាពិតដែលអ្នកបោះឆ្នោតពិបាកក្នុងការបែងចែករវាងព័ត៌មានពិត និងប្រឌិត ដែលធ្វើឱ្យខូចទំនុកចិត្តលើដំណើរការបោះឆ្នោត។ក្តីបារម្ភបែបនេះមានការកើនឡើង នៅពេលដែលការរីកសាយភាយនៃសំឡេងសិប្បនិម្មិតAI ដ៏ច្រើនលើសលប់។
ក្រុមហ៊ុន ByteDance របស់ប្រទេសចិន ជាម្ចាស់ប្លេតហ្វមវីដេអូដ៏ពេញនិយម TikTok ថ្មីៗនេះ បានបង្ហាញ StreamVoice ជាឧបករណ៍ AI សម្រាប់ការបំប្លែងសំឡេងរបស់អ្នកប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែងទៅជម្រើសណាមួយដែលចង់បាន។
លោក Balasubramaniyan បាននិយាយថា៖«ទោះបីជាអ្នកវាយប្រហារបានប្រើ កម្មវិធី ElevenLabs នាពេលនេះក៏ដោយ ក៏បច្ចេកវិទ្យាជំនាន់ក្រោយទៀត វាកាន់តែទំនើប និងពិបាកបែងចែកថែមទៀត»។
លោកនិងអ្នកស្រាវជ្រាវផ្សេងទៀតបានផ្តល់អនុសាសន៍ឱ្យបង្កើតសញ្ញាសម្គាល់សំឡេង ឬហត្ថលេខាឌីជីថលទៅក្នុងឧបករណ៍សម្រាប់ការពារ ក៏ដូចជាបទប្បញ្ញត្តិដែលធ្វើឱ្យពួកវាអាចប្រើបានសម្រាប់តែអ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់ប៉ុណ្ណោះ៕ AFP/HR