ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍សៀវភៅ រយៈពេល ៣ ថ្ងៃ ក្នុងខែមីនា ឆ្នាំ ២០២៤ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ដែលជាចំណែកមួយក្នុងការលើកស្ទួយដល់ការអាន និងការតាក់តែងនិពន្ធសៀវភៅនៅកម្ពុជា។
យោងតាមការជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងថា ពិព័រណ៍សៀវភៅ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៩-១០-១១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ៧ យប់ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ពិព័រណ៍សៀវភៅ នេះសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងសហការរៀបចំដោយដៃគូឧបត្ថម្ភជាច្រើន។
ក្រសួងអប់រំ បញ្ជាក់ថា៖«សូមចូលរួមឱ្យបានកុះករ ដើម្បីជាចំណែកក្នុងការលើកស្ទួយដល់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា និងដើម្បីចូលរួមលើកទឹកចិត្តដល់បេក្ខជន ដែលមកពីទូទាំងប្រទេសក្នុងការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រ»។
ក្រសួងអប់រំបានឱ្យដឹងថា គោលបំណងនៃការប្រារព្ធទិវាជាតិអំណាន គឺការបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូត្រកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ។
ក្រសួងបានបញ្ជាក់ថា៖ «គោលបំណងសំខាន់ទៀតគឺ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»។
គួររំឭកដែរថា ដើម្បីអបអរសាទរទិវាជាតិអំណាន ១១ មីនា លើកទី ៨ កាលពីឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា បានរៀបចំទិវានេះចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២ ខែមីនានេះ ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ»៕