ផ្ទះចំនួនកន្លែងដែលជាកម្មសិទ្ធិរបស់តារារ៉េបអាមេរិកគឺលោក Sean Diddy Combs នៅរដ្ឋ Los Angeles និង Miami ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរសហព័ន្ធទីក្រុងញូវយ៉កជុំវិញករណីជួញដូរផ្លូវភេទ។
បើតាមអាជ្ញាធរក្នុងតំបន់ គឺមានការអនុវត្តច្បាប់ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងអំពីការជួញដូរផ្លូវភេទដើម្បីបន្តការស៊ើបអង្កេតទៅដល់ឬសគល់នៃអ្នកពាក់ព័ន្ធ។
ប៉ុន្តែយ៉ាងណានៅមិនទាន់មានការបញ្ជាក់ណាមួយពីការជាប់ពាក់ព័ន្ធរបស់ លោក Sean Diddy Combs (Diddy) ទៅក្នុងការជួញដូរផ្លូវភេទនេះនៅឡើយទេ។ ទន្ទឹមនឹងនេះ មេធាវី និងអ្នកតំណាងផ្សេងទៀតរបស់ តារារ៉េបរូបនេះ ក៏មិនទាន់ចេញប្រតិកម្មតបតអ្វីដែរ។
មិនទាន់មានការបញ្ជាក់ ក៏មានន័យថាលោក Diddy មិនទាន់ទទួលបានភាពស្អាតស្អំ នៅឡើយទេ។ លើសពីនេះទៅទៀត នៅប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរទទួលបានពាក្យបណ្ដឹងជា ច្រើនទៅលើលោក Diddy ទាក់ទងនឹងសំណុំរឿងរំលោភបំពានផ្លូវភេទ។
កាលពីចុងឆ្នាំ២០២៣ កន្លងទៅអតីតមិត្តស្រីរបស់លោក Diddy បានដាក់ពាក្យបណ្ដឹង ដោយចោទប្រកាន់មិត្តប្រុសពីបទរំលោភបំពានផ្លូវភេទខ្លួនជាច្រើនឆ្នាំ។ អតីតមិត្តស្រីរបស់តារ៉ារ៉េបរូបនេះក៏អះអាងពីការបង្ខិតបង្ខំនាងឱ្យរួមភេទជាមួយបុរសរកស៊ីផ្លូវភេទ ខណៈដែលលោក Diddy ជាអ្នកថតវីដេអូទុក។
កាលពីខែកុម្ភៈកន្លងទៅផងដែរ ផលិតករតន្ត្រីម្នាក់បានដាក់ពាក្យបណ្ដឹងដោយចោទប្រកាន់លោក Diddy ថាបានបង្ខិតបង្ខំរូបគេឱ្យរកស្ត្រីដែលបម្រើសេវាកម្មផ្លូវភេទ និងបង្ខំលោកឱ្យរួមភេទជាមួយស្ត្រីទាំងនោះ។ ប៉ុន្តែមេធាវីរបស់លោក Diddy នាពេលនោះបានចេញមកបដិសេដ និងអះអាងថានោះជាការកុហកទាំងស្រុង។
ក្រៅពីនោះក៏មានស្ត្រីមួយរូបទៀតដែលបានដាក់ពាក្យបណ្ដឹងដោយមិនបញ្ចេញអត្តសញ្ញាណដោយចោទប្រកាន់ថាលោក Diddy បានរំលោភបំពានផ្លូវភេទតាំងតែពីពេលដែលនាងមានអាយុ ១៧ឆ្នាំ។
ក្រោយការចោទប្រកាន់ជាបន្តបន្ទាប់នេះ លោក Diddy បានចេញមុខបដិសេដជាផ្លូវការនិងថាលោកមិនប្រព្រឹត្តិអំពើដ៏អាក្រក់ទាំងឡាយដូចដែលគេចោទប្រកាន់នោះទេ។
លោក Diddy គឺជាផលិតករតន្ត្រីដែលមានឥទ្ធិពលបំផុតក្នុងចំណោមអ្នកផលិតតន្ត្រីហ៊ីបហប (Hip Hop) ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ លោកក៏ជាស្ថាបនិកនៃផលិតកម្ម Bad Boy Records និងបានឈ្នះពានរង្វាន់ Grammy ចំនួនបីដង ថែមទាំងធ្លាប់ធ្វើការជាមួយសិល្បករលំដាប់កំពូលៗជាច្រើននាក់ទៀត៕