បាត់ដំបង: មហោស្រពសៀកអន្តរជាតិ «ទីនេះ ទីនោះ» ដ៏ល្បីល្បាញនឹងត្រឡប់មកវិញជាមួយព្រឹត្ដិការណ៍ស្វាគមន៍ដ៏ធំនៅខែមិថុនាខាងមុខ ក្នុងខេត្តបាត់ដំបង ជាការប្រារឰឡើងលើកទី១២ នៅក្នុងប្រវត្តិសាស្រ្តរបស់អង្គការហ្វារ។
គ្រោងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៤ មហោស្រពនេះ មានបំណងទាក់ទាញអ្នកចូលរួមជាង ១១ ០០០ នាក់ ជាមួយនឹងក្រុមសៀកអន្តរជាតិចំនួន ១៣ ក្រុមមកពីជុំវិញពិភពលោក។
មហោស្រពសិល្បៈសៀក ២ ឆ្នាំម្តងនេះ នឹងរៀបចំកម្មវិធីសៀក «ទីនេះ ទីនោះ» ដ៏ធំបំផុតមិនធ្លាប់មាន ដោយមានសិល្បករមកពីប្រទេសចំនួន ១០ រួមមាន ប្រទេសជប៉ុន សិង្ហបុរី បារាំង អាល្លឺម៉ង់ ឡាវ និងប្រទេសថៃ សម្តែងនៅបរិវេណសាលាហ្វារពន្លឺសិល្បៈ និងជុំវិញក្រុងបាត់ដំបង។
ការចែករំលែកចំណេះដឹង ការពិភាក្សារវាងសិល្បករ-សិល្បការនី ការសម្តែងសៀកនាពេលរាត្រី ការសម្តែងសៀកនៅទូទាំងក្រុងបាត់ដំបង ក្បួនដង្ហែសៀកតាមដងផ្លូវ ការប្រគំតន្ត្រីបិទវគ្គផ្តាច់ព្រ័ត្រ និងកម្មវិធីជប់លៀងសហគមន៍ដ៏ធំមួយដើម្បីអបអរសាទរខួប ៣០ ឆ្នាំ របស់ហ្វារពន្លឺសិល្បៈ។
លោក អូស្មាន់ ខាវ៉ាចា នាយកប្រតិបត្តិនៃហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា៖«មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ឆ្នាំនេះនឹងក្លាយជាព្រឹត្តិការណ៍នៃការចងចាំមួយ។ កម្មវិធីនេះតែងតែប្រមូលផ្តុំអ្នកចូលរួមមកពីជុំវិញពិភពលោកដើម្បីអបអរសាទរសិល្បៈសៀក ទំនាក់ទំនងក្រុមបណ្តាញនានា និងដើម្បីផ្លាស់ប្តូរការរៀនសូត្រពីគ្នាទៅវិញទៅមក។ ជាការពិតណាស់ សម្រាប់ទស្សនិកជន តែងតែទទួលបានភាពសប្បាយរីករាយ!»។
ទីនេះ ទីនោះ មានគោលបំណងនាំយកពិភពសៀកដ៏អស្ចារ្យមកកាន់កម្ពុជាដែលផ្ដល់ការកម្សាន្ដដល់ទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ ខណៈពេលដែលជួយចូលរួមចំណែកអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ និងសិល្បៈដ៏សម្បូរបែបរបស់ខេត្តបាត់ដំបង។
មហោស្រព្វត្រូវបានផ្តួចផ្តើមឡើងនៅឆ្នាំ ២០០៤ ក្នុងរាជធានីភ្នំពេញ ដោយក្រុមនៃអង្គការកម្ពុជា និងអន្តរជាតិដែលស្រឡាញ់សិល្បៈសៀក និងការផ្លាស់ប្តូរវប្បធម៌។
ប៉ុន្មានឆ្នាំមកនេះ មហោស្រពសិល្បៈសៀក ទីនេះ ទីនោះ មានការវិវត្តយ៉ាងខ្លាំង។ ដំបូងឡើយ វាផ្តោតលើការបង្ហាញទេពកោសល្យរបស់អ្នកសម្ដែងខ្មែរក្នុងស្រុក និងសិស្សានុសិស្សមកពីសាលាសៀកហ្វារពន្លឺសិល្បៈ ជាអង្គការមិនរកប្រាក់ចំណេញរបស់កម្ពុជា ដែលប្រើប្រាស់សិល្បៈដើម្បីលើកកម្ពស់សង្គម និងការពង្រឹងសមត្ថភាពបុគ្គល។
ពេលមហោស្រពនេះកាន់តែរីកធំឡើង វាបានចាប់ផ្តើមទាក់ទាញសិល្បករ និងក្រុមសិល្បៈអន្តរជាតិ ដោយបានប្រែក្លាយវាទៅជាវេទិកាសម្រាប់ការសម្តែងសៀកសកល និងការសហការគ្នា។
មហោស្រពសិល្បៈសៀក ទីនេះ ទីនោះ ត្រូវបានគេស្គាល់ដោយសារការលាយបញ្ចូលគ្នានៃការសម្តែងសៀកបែបប្រពៃណី និងសហសម័យ ដែលបង្ហាញអ្វីគ្រប់យ៉ាងពីកាយសម្ព័ន្ធ និងការត្លុក ដល់ការសម្តែងពីលើអាកាស និងការលេងល្បែងប្រជាប្រិយ។
វាបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សហគមន៍សៀក ដោយផ្តល់ឱ្យសិល្បករមកពីជុំវិញពិភពលោកនូវឱកាសដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេ រៀនពីគ្នាទៅវិញទៅមក និងសហការលើគម្រោងថ្មីៗ។
យូរៗទៅ ទីនេះ ទីនោះប្រឈមមុខនឹងបញ្ហា រួមទាំងការលំបាកក្នុងការផ្តល់មូលនិធិ និងផលប៉ះពាល់ជាសកលនៃជំងឺរាតត្បាតកូវីដ ១៩ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ភាពធន់របស់អ្នករៀបចំ និងការគាំទ្ររបស់សហគមន៍បានអនុញ្ញាតឱ្យវាបន្ត និងរីកចម្រើន។
សមត្ថភាពរបស់មហោស្រពក្នុងការសម្របខ្លួន និងការប្តេជ្ញាចិត្តចំពោះសិល្បៈបានជួយឱ្យវារក្សាបាននូវឋានៈជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលើកកម្ពស់មិនត្រឹមតែសិល្បៈសៀកប៉ុណ្ណោះទេ ថែមទាំងការសន្ទនា និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។
លោក យួន ដេត សហស្ថាបនិក ហ្វារពន្លឺសិល្បៈ និងជានាយកសាលាជំនាញសិល្បៈទស្សនីយភាព ហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា៖«សៀក គឺជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌ខ្មែរ ហើយជាមួយ ទីនេះ ទីនោះ យើងមានមោទនភាពក្នុងការផ្ទេរចំណេះដឹងសិល្បៈសៀក ដល់យុវជនកម្ពុជា និងអន្តរជាតិជំនាន់ក្រោយ»។
លោកបានបន្ដថា៖ «មហោស្រពនេះតំណាងឱ្យអ្វីៗគ្រប់យ៉ាងដែលសៀកបានផ្តល់ជូនរួមមាន៖ កម្លាំង ការធ្វើការងារជាក្រុម ភាពបត់បែន ការស្រមើស្រមៃ និងជាការពិតណាស់ ភាពសប្បាយរីករាយ។ សិល្បៈគឺមានសារៈសំខាន់ក្នុងការកំណត់អត្តសញ្ញាណនៃប្រទេសមួយ ហើយ ទីនេះ ទីនោះ នឹងបង្ហាញសិល្បៈសៀកកម្ពុជាដោយមោទនភាពទៅកាន់ពិភពលោកទាំងមូលបានឃើញ»។
ព្រឹត្តិការណ៍រយៈពេល ១ សប្តាហ៍នេះ ក៏នឹងរួមបញ្ចូលកិច្ចប្រជុំទូទៅប្រចាំឆ្នាំនៃបណ្តាញសៀកអាស៊ី (CAN) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលច្នៃបង្កើតសិល្បៈតាមចិញ្ចឹមផ្លូវក្រុងស៊េអូលក្នុងឆ្នាំ ២០១៧ ហើយ CAN បានប្រមូលផ្តុំអង្គការ និងស្ថាប័នសៀកចំនួន ១៣ ដែលមកពីប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៧ ក្នុងគោលបំណងអភិវឌ្ឍសៀកសហសម័យនៅក្នុងតំបន់ តាមកម្មវិធីផ្លាស់ប្តូរ និងអភិវឌ្ឍន៍រយៈពេលវែង។
គោលបំណងរបស់ហ្វារពន្លឺសិល្បៈសម្រាប់មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ រួមបញ្ចូលក្នុងការបង្កើតស្នាដៃសៀកដែលជាផ្នែកមួយដ៏មានតម្លៃ និងសំខាន់នៃសិល្បៈ និងវប្បធម៌ខ្មែរ បម្រើជាច្រកផ្លូវសម្រាប់ក្រុមសៀកមកពីបណ្តាប្រទេសអាស៊ាន សម្រាប់ទីផ្សារស្លៀកពិភពលោក ផ្តល់វេទិកាសម្រាប់សិល្បករសៀកដើម្បីភ្ជាប់បណ្តាញ និងកសាងសមត្ថភាពរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ដែលជាតំបន់ទេសចរណ៍វប្បធម៌ និងសិល្បៈ៕