ភ្នំពេញ៖ នៅក្នុងសាលមួយនៃទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា សំឡេងភ្លេងបុរាណខ្មែរបានបន្លឺឡើង ជាសក្ខីភាពមួយនៃការខិតខំប្រឹងប្រែងរបស់បុរសម្នាក់ចំពោះវប្បធម៌របស់គាត់។
ក្នុងវ័យ ៦៧ ឆ្នាំ លោក អៀង ស៊ីធុល ជាសិល្បករជើងចាស់ចំពោះសិល្បៈប្រពៃណីខ្មែរបានក្លាយជាបុគ្គលដ៏គួរឱ្យគោរពចំពោះការលះបង់ និងការអភិរក្សវប្បធម៌។
លោកបានសរសេរអមវដេអូសម្ដែងសិល្បៈបុរាណខ្មែរនៅលើហ្វេសប៊ុកថា ៖ «ការសម្តែងយីកេរឿងម៉ាក់ថឹង (រូបភាពក្រៅឆាក) នៅ San Jose, California ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ (ព្រោះតែខ្លាចបាត់បង់ទើបខំទាំងវ័យកាន់តែជរា) អរគុណជនរួមជាតិទាំងអស់ដែលនៅគាំទ្រ»។
លោក ស៊ីធុល ដែលសំឡេងចម្រៀងដ៏ក្រអួនក្រអៅរបស់លោកតែងតែឆក់យកបេះដូងប្រជាជនក្នុងប្រទេសទាំងបទចម្រៀងបែបប្រពៃណី និងប្រជាប្រិយ បានបន្ដបណ្ដុះគ្រាប់ពូជសិល្បៈបុរាណដល់ដែនដីនាយសមុទ្រ។
ដំបូងឡើយ ការធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីព្យាបាល និងទៅសួរសុខទុក្ខកូន ដំណើររបស់លោក ស៊ីធុល បានក្លាយជាទិដ្ឋភាពថ្មីមួយ នៅពេលដែលលោកត្រូវបានសមាគមខ្មែរអាមេរិក ទាក់ទងទៅបង្រៀនសិល្បៈខ្មែរដល់ក្មេងៗ។
លោកបានឱ្យដឹងថា៖ «ក្មេងៗភាគច្រើនមានអាយុពី ៦ ឬ ៧ ឆ្នាំ ទៅដល់ ១៣ ឆ្នាំ និងក្រុមក្មេងធំៗពី ១៣ ទៅ ១៦ ឆ្នាំមួយចំនួនដែរ។ ឪពុកម្ដាយរបស់ពួកគេមានបំណងចង់ឱ្យកូនៗរៀនរាំ រៀនច្រៀង និងអក្សរសាស្ដ្រខ្មែរឱ្យចេះ។
លោកបន្ដថា៖ «ខ្ញុំនឹកឃើញថា បើរស់នៅក្នុងជីវិតចូលនិវត្ដន៍នេះទទេៗ ជីវិតកាន់តែថយទៅៗ ឆ្លៀតឱកាសនេះ ខិតខំជួយបង្ហាត់បង្រៀនកុមារ ដែលសមាគមនៅទីនេះយកចិត្ដទុកដាក់ក្នុងការអភិរក្សសិល្បៈប្រពៃណីបុរាណ រួមទាំងសីលធម៌ គុណធម៌ និងសម្ដែងសិល្បៈជាបន្ដបន្ទាប់»។
ការបង្ហាត់បង្រៀនកុមារខ្មែរនៅឯនាយសមុទ្រនេះផ្ដោតលើការបណ្ដុះគំនិតស្រឡាញ់សិល្បៈវប្បធម៌ និងអក្សរសាស្ដ្រខ្មែរជាជាងការបង្វឹកយកអាជីព ឬជំនាញណាស់។
លោក ស៊ីធុល បានឱ្យដឹងថា ក្នុងការបង្រៀនវគ្គទីមួយ លោកបានបង្រៀនកូនខ្មែរទាំងនោះបានចំនួន ៧ បទចម្រៀង រួមទាំងរបាំឆៃយ៉ាំ និងរបាំផ្សេងៗ។
ស្ថិតក្នុងវ័យជរា លោក ស៊ីធុល នៅតែខិតខំរិះរកវិធីសាស្ដ្របណ្ដុះគំនិតកុមារចេះយកចិត្ដទុកដាក់ ពីព្រោះឆ្នាំក្រោយនឹងមានព្រឹត្ដិការណ៍ខួបរបស់សមាគមធំទាក់ទងកំណើតខ្មែរដែលទៅរស់នៅសហរដ្ឋអាមេរិក។
លោកបានបញ្ជាក់ថា៖ «នៅស្រុកខ្មែរ ខ្ញុំបង្រៀនកូនសិស្សម្ដង ៤៧ នាក់ និង ៦០ នាក់ ហើយយើងបង្រៀនពួកគាត់ទៅតាមបំណងរបស់យើងចង់បណ្ដុះពួកគាត់។ ប៉ុន្ដែនៅសហរដ្ឋអាមេរិក វាមានការលំបាកបន្ដិចទាំងពួកគាត់ខ្លះមិនសូវមានចំណូលចិត្ដ ហើយពួកគាត់មិនសូវមានពេលមករៀនទៀត ដោយសារចំណាយពេលច្រើននៅសាលារៀន»។
លោកបានលើកឡើងថា អ្វីដែលលោកខិតខំទាំងឈឺទាំងជា គឺការមើលឃើញកុមារទាំងនោះមានចិត្ដស្រឡាញ់ និងត្រងត្រាប់ស្ដាប់ការពន្យល់ទាំងការរាំ លេងភ្លេង និងចេញសម្ដែងម្ដងកាល។
ដោយចាត់ទុកកុមារទាំងនោះជាទំពាំងស្នងឬស្សី សហគមន៍ខ្មែរក៏មានក្រុមសិល្បៈបុរាណ ដែលអាចសម្ដែងរបាំជាទម្រង់ធំៗ មិនខុសពីសហគមន៍ផ្សេងៗនៅសហរដ្ឋអាមេរិក ដូចជា ចិន វៀតណាម ថៃ សុទ្ធតែមានសិល្បៈរបស់ពួកគេ។
ជាមួយស្ថានភាពជំងឺរ៉ាំរ៉ៃ ដែលលោកទទួលការព្យាបាលដោយវះកាត់បេះដូង និងជរា ដែលទាមទារឱ្យព្រឹទ្ធាចារ្យសិល្បៈត្រូវការសម្រាកពីសម្ដែង លោក ស៊ីធុល បាននិយាយថា ដោយមានសំណូមពរពីសមាគមខ្មែរថា តើលោកអាចជួយមួយថ្ងៃមួយម៉ោង ឬ មួយសប្ដាហ៍ ៣ ម៉ោងទៅតាមលទ្ធភាពជាជាងនៅស្ងៀម។ ដូច្នេះ លោកសម្រេចចិត្ដធ្វើកិច្ចការនេះ និងបង្កើតស្នាដៃសម្រាប់កុមាររស់នៅឯនាយសមុទ្រ។
សម្រាប់ក្រុមរបាំរបស់សមាគមខ្មែរនៅអាមេរិកនេះមិនអាចក្លាយទៅជាក្រុមអាជីពបានទេ។ ប៉ុន្ដែសម្រាប់ក្រុម Angkor Dance Troupe ជាក្រុមរបាំអាជីពនៅសហរដ្ឋអាមេរិក ដែលលោកបានចូលរួមមួយចំណែកដែរ ត្រូវបានបង្ហាត់បង្រៀនដោយគ្រូមកពីសាលាវិចិត្រសិល្បៈ។
លោក ស៊ីធុល បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «សមាគមខ្មែរនេះ មានតែខ្ញុំម្នាក់ និងគ្រួសារខ្ញុំម្នាក់ គ្រាន់តែពង្រឹងផ្នែកភាសាខ្មែរ ចម្រៀងអប់រំខ្លីៗដើម្បីក្មេងៗស្គាល់ពីខ្លួនឯងថាជានរណា មកពីណា ធ្វើអ្វី និងដើម្បីអ្វី»។
លោកបានបន្ដថា សមាគមខ្មែរកំពុងរៀបចំគម្រោងមួយក្នុងការធ្វើស្នាដៃដើម្បីបង្ហាញប្រជាជនខ្មែរនៅសហរដ្ឋអាមេរិកថា សិល្បៈខ្មែរមានអ្វីខ្លះ និងប្រារព្ធកម្មវិធីដង្ហែដើម្បីរំឭកដល់ការមកដល់របស់ប្រជាជនខ្មែរលើទឹកដីអាមេរិកកាលពី ៥០ ឆ្នាំមុន៕