ភ្នំពេញ: មជ្ឈមណ្ឌលបុប្ផាណា គ្រោងនឹងរៀបចំការតាំងពិព័រណ៍ដ៏អស្ចារ្យមួយ ក្រោមចំណងជើងថា «ពិព័រណ៍សត្វស្លាបកម្ពុជា» បង្ហាញពីស្នាដៃរបស់លោក ស៊ុយ សេងលីម ជាអ្នកអភិរក្សនិយម ដែលបានចំណាយពេលជាងមួយទសវត្សរ៍ ដើម្បីចងក្រងឯកសារអំពីសត្វស្លាបនៅកម្ពុជា។
ការតាំងពិព័រណ៍ដែលដំណើរការពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ នឹងក្លាយជាវេទិកាបំពេញតម្រូវការអ្នកចូលចិត្តបក្សី និងអ្នកស្រឡាញ់ធម្មជាតិដូចគ្នា។
ជាង១០ឆ្នាំហើយ ដែលលោក សេងលីម បានបំពេញបេសកកម្ម ដើម្បីចងក្រងឯកសារជីវចម្រុះ សត្វស្លាប ដ៏សម្បូរបែបនៃប្រទេសកម្ពុជា។
លោក សេងលីម បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានថតរូបសត្វស្លាបចំនួន ២៨ ប្រភេទ ដោយកត់ត្រាយ៉ាងល្អិតល្អន់អំពីជម្រក និងអាកប្បកិរិយារបស់ពួកវា»។
គម្រោងរយៈពេលវែងនេះ ត្រូវបានធ្វើឡើងដោយការចំណាយធនធានផ្ទាល់ខ្លួន ដែលលោក
សេងលីម ផ្ដល់អត្ថប្រយោជន៍ដល់ការអប់រំ និងអភិរក្សសត្វស្លាបកម្ពុជា (BCEC)។
លោក សេងលីម បានបន្ដថា៖ «ខ្ញុំបានចងក្រងឯកសារអំពីសត្វស្លាបតាំងពីខែមីនា ឆ្នាំ ២០១២។ វាមិនត្រឹមតែអំពីសត្វស្លាបប៉ុណ្ណោះទេ ប៉ុន្តែអំពីជីវចម្រុះ ជាពិសេសជម្រករបស់សត្វស្លាប និងសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់វា»។
គម្រោងអប់រំ និង អភិរក្សសត្វស្លាបនៅកម្ពុជា BCEC ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១២ មានគោលបំណងបង្ហាញពីសម្បត្ដិធម្មជាតិរបស់កម្ពុជា។
តាមរយៈគម្រោងនេះ លោក សេងលីម ព្យាយាមចូលរួម និងអប់រំសាធារណៈជនកម្ពុជា ជាពិសេសយុវជនអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ។
ការងាររបស់លោក រួមមានការស្រាវជ្រាវដ៏ទូលំទូលាយ និងផែនការបោះពុម្ពសៀវភៅជាភាសាខ្មែរ ស្តីពីសត្វស្លាប និងសត្វព្រៃនៅកម្ពុជា ដើម្បីធ្វើឱ្យចំណេះដឹងផ្នែកបរិស្ថានកាន់តែមាននៅក្នុងមូលដ្ឋាន។
ការតាំងពិព័រណ៍នៅមជ្ឈមណ្ឌលបុប្ផាណានឹងបង្ហាញរូបថតដ៏គួរឱ្យភ្ញាក់ផ្អើលនៃសត្វស្លាបរបស់ប្រទេសកម្ពុជា ដែលភាគច្រើនកម្របានឃើញពីសាធារណជន។
រូបភាពទាំងនេះមិនត្រឹមតែបញ្ជាក់ពីភាពស្រស់ស្អាតរបស់សត្វស្លាបប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតម្រូវការសម្រាប់ការអភិរក្សរបស់វាទៀតផង។
ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលបុប្ផាណា ព្រឹត្តិការណ៍នេះមានបំណងបំផុសឱ្យមានក្តីស្រឡាញ់ និងការគោរពបរិស្ថានធម្មជាតិរបស់កម្ពុជា។
បើតាមការបង្ហោះរបស់មជ្ឈមណ្ឌលបុប្ផាណាបានបង្ហាញថា៖ «គោលបំណងរបស់ BCEC ក៏ដូចជាការតាំងពិព័រណ៍នេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វស្លាប និងប្រភេទសត្វព្រៃ និងដើម្បីទាក់ទាញប្រជាជនកម្ពុជាឱ្យស្រឡាញ់សម្បត្ដិធម្មជាតិ និងសត្វព្រៃ។ នេះគឺកើតឡើងតាមរយៈរូបភាពដែលថតនៅតំបន់ផ្សេងៗនៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងផងដែរ»។
មជ្ឈមណ្ឌលបានបន្ដថា៖ «លើសពីនេះ រូបភាពទាំងអស់ដែលបានថតនៅក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវបានចងក្រងជាសៀវភៅវិទ្យាសាស្ត្រ ដើម្បីចែកចាយដល់បណ្ណាល័យ និងភាគីពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រទេសកម្ពុជានាពេលអនាគត»។
អ្នកចូលទស្សនាការតាំងពិព័រណ៍នឹងមានឱកាសចូលរួមកិច្ចពិភាក្សាបរិស្ថានដោយលោក ស៊ុយ សេងលីមផ្ទាល់។
គម្រោងសម្រាប់ថ្ងៃបើកកម្មវិធីនៅថ្ងៃទី ១៦ ខែឧសភា វេលាម៉ោង ៦:០០ ល្ងាច សុន្ទរកថានេះនឹងពិភាក្សាលើប្រធានបទផ្សេងៗ រួមទាំងបរិស្ថានវិទ្យាសត្វស្លាប លក្ខណៈជម្រក និងកិច្ចខិតខំប្រឹងប្រែងអភិរក្ស។
លោក សេងលីម ក៏នឹងចែករំលែកការយល់ដឹងអំពីការថតរូបសត្វស្លាប ដោយផ្តល់នូវការណែនាំអំពីការផ្ដិតយកទិដ្ឋភាពរស់នៅក្នុងជម្រកធម្មជាតិរបស់ពួកវា និងការយល់ដឹងអំពីអាកប្បកិរិយារបស់ពួកវា។
មជ្ឈមណ្ឌបុប្ផាណា បានឱ្យដឹងថា៖ «រូបភាពទាំងអស់ដែលបានមកពីការតាំងពិព័រណ៍ នឹងត្រូវបានចងក្រងជាសៀវភៅវិទ្យាសាស្ត្រ ក្នុងគោលបំណងពង្រឹងបណ្ណាល័យ និងស្ថាប័នអប់រំទូទាំងប្រទេសកម្ពុជា»។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃបេសកកម្មដ៏ទូលំទូលាយរបស់ BCEC ក្នុងការផ្សព្វផ្សាយចំណេះដឹង និងជំរុញវប្បធម៌នៃការអភិរក្សក្នុងចំណោមប្រជាជនកម្ពុជា៕