នៅ​ពេល​គេ​ឃើញ​អ្នកស្រី ពេជ្រ អូន ​បើក​ម៉ូតូ​ធំ សណ្ដោង​រ៉ឺម៉ក​ ពាក់​វែនតា​ខ្មៅ ដឹក​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ខ្មែរ​​ គេ​ប្រហែលជា​គិត​ក្នុង​ចិត្ត​ថា​អ្នកស្រី​ជាស្ត្រី​ដ៏​ខ្លាំង​ម្នាក់​ ហើយ​​​ចេះ​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង។

ប៉ុន្តែ​បើ​បាន​ដឹង​ពី​ខ្សែ​ជីវិត​របស់​អ្នក​ស្រី​ទើប​ដឹង​ថា អ្នកស្រី​ជា​មនុស្ស​ម្នាក់​ដែល​បាន និង​កំពុង​ តស៊ូ​​​ឆ្លងកាត់​ជីវិត​ដ៏​លំបាក ពី​​អ្នក​​លក់​អុស ​កម្មករ​សំណង់ អ្នក​រើស​​អេតចាយ លើក​​ម្ហូប​នៅ​តាម​ហាង និង​រៀបចំ​បន្ទប់​នៅ​​​ផ្ទះសំណាក់។ អ្នកស្រី​ក៏​មិន​ចេះ​អាន​អក្សរ​ខ្មែរ​ដែរ ប៉ុន្តែ​ ចេះ​​និយាយ​ភាសា​អង់គ្លេស​បន្តិចបន្តួច​សម្រាប់​ទំនាក់​ទំនង​ជាមួយ​ភ្ញៀវ។

អ្នកស្រី​មានស្រុក​​កំណើត​នៅភូមិ​រវៀង​​តាទុំ ​ឃុំ​រំចេក ស្រុកបន្ទាយ​ស្រី ខេត្ត​សៀមរាប ប៉ុន្តែ​បាន​ផ្លាស់​ទី​លំនៅ​​មក​រស់​នៅ​ក្នុង​ស្រុក​សៀមរាប (បច្ចុប្បន្ន​ក្រុង​​សៀមរាប) តាំង​ពី​​ឆ្នាំ១៩៩១។ 

បច្ចុប្បន្ន ​អ្នកស្រី​មាន​អាយុ​៤៧​ឆ្នាំ ​មាន​កូន​ក្នុង​បន្ទុក​ ៤​នាក់ ដោយ​កូន​ច្បង​អាយុ​១៧ ឆ្នាំ ហើយ​កូន​ពៅ​អាយុ ៧ ឆ្នាំ ដែល​សុទ្ធ​តែ​ស្ថិត​ក្នុង​វ័យ​រៀន​សូត្រ​នៅ​សាលា។

បន្ទាប់ពី​បាន​ចាប់​ដៃរួម​រស់​ជាមួយ​​ប្ដី និង​តស៊ូ​ជាមួយ​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ភាព​កក់​ក្ដៅ​ក្នុង​​គ្រួសារ​នេះ​បាន​ឈាន​ដល់​ភាព​ប្រេះ​ស្រាំ​រហូត​ដល់​លែង​លះគ្នា​នៅ​ឆ្នាំ​ ២០១៨។​

បន្ទាប់​ពី​បែក​បាក់​គ្រួសារ ស្ត្រីមេម៉ាយ​រូបនេះ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ក្នុង​ការ​​​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​កូន​​ទាំង​ ៤នាក់​ និង​ម្ដាយ​ចាស់​ជរា បច្ចុប្បន្ន​អាយុ​ជាង ៨០​ឆ្នាំ ដែល​តម្រូវ​ឲ្យ​អ្នកស្រី​​ធ្វើការ​សំណង់។​ 

នៅចុង​​ឆ្នាំ​២០១៨ អ្នកស្រី​បាន​ងាក​មក​ចាប់​របប​ជា​អ្នក​រត់​រ៉ឺមក​តុកតុក​ ដោយ​ដំបូង​ត្រូវ​ជួល​គេ តម្លៃ ៣៥​ដុល្លារ​ក្នុង​មួយ​ខែ។ ក្រោយ​ពេល​សន្សំប្រាក់​បាន​ខ្លះ ហើយ​ខ្ចី​ប្រាក់​គេ​ខ្លះ អ្នកស្រី​ក៏បាន​ទិញ​យក​រ៉ឺម៉ក​ទុក​ទុក​នេះ សម្រាប់​​ដឹក​ភ្ញៀវ​​ទាំង​ខ្មែរ​និង​បរទេស​ដែល​​ទៅ​ទស្សនា​ប្រាសាទ​ និង​ទីកន្លែង​នានា​នៅ​ក្នុង​ខេត្ត​នេះ។

មិន​យូរ​ប៉ុន្មាន ជីវិត​ដែល​លំបាក​​​នេះ​​ក៏​ជួប​បញ្ហា​បន្ថែម នៅ​ពេល​​ជំងឺ​កូវីដ១៩ ​បាន​​ចូល​មក​ដល់​កម្ពុជា​នៅដើម​ឆ្នាំ ២០២០។ នៅ​ពេល​ការ​រាលដាល​​មាន​ទំហំ​ធំធេង តំបន់​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​​ត្រូវ​បាន​កំណត់​ជា ​«តំបន់​ក្រហម» ដែល​ហាម​ឃាត់​ការ​ចេញ​ចូល​ដាច់​ខាត។ មិន​ខុស​ពី​ភ្នំពេញ​ទេ តំបន់​មួយ​ចំនួន​នៃ​ខេត្ត​សៀមរាប​ រួម​ទាំង​តំបន់​របស់​អ្នកស្រី ពេជ្រ អូន ក៏ត្រូវ​បាន​កំណត់​ជា​តំបន់​​ក្រហម​ដូចគ្នា​ដែរ។

អ្នកស្រី​និយាយ​ថា គឺពេល​នោះ​ហើយ​ដែល​ជាពេល​ដ៏​លំបាក​សម្រាប់​អ្នកស្រី៖ «ពេល​កូវីដ១៩​ចូល​មក​ដល់ យើង​អត់​មាន​ភ្ញៀវដឹក។ តំបន់ខ្លះ​ជា​​តំបន់​ក្រហម គឺ​ពិបាក​មែនទែន ខ្ញុំ​ត្រូវ​ក្រោក​ទៅរើស​អេតចាយ សូម្បីតែ​តំបន់​ក្រហម​ក៏​ត្រូវសុំ​គេ​​ចូល​ទៅ​រើស​អេតចាយ​ដែរ។ ខ្ញុំ​​សុំ​​ប៉ូលិស​ចូល​ទៅរើស​នៅ​​តាម​ប្រាសាទ និង​តាម​ដង​ផ្លូវ​នានា។ ពេល​យើង​ប្រមូល​អេតចាយ​បាន​២​ថ្ងៃ​ទើប​​យក​ទៅលក់​ម្ដង​។ ពេល​បាន​ប្រាក់​ខ្ញុំ​ទិញ​ពងទា ៥០​គ្រាប់​​ទុក​ឲ្យហូប និង​ឲ្យ​កូន​យក​ទៅ​ហូប​នៅ​សាលា»។ 

អ្នកស្រី​បន្ត​ថា៖ «ថ្ងៃមួយ ខ្ញុំ​ដាច់​បាយ​ដោយ​សារ​មិន​បាន​ទិញ​អង្គរ​ត្រៀម​ទុក ខ្ញុំ​ក៏សុំ​ប៉ូលិស​ចូល​ទៅ​តំបន់​ក្រហម​ដើម្បី​ទៅ​ទិញ​​នំបុ័ង​យក​មក​​ឲ្យ​ម៉ែ និង​កូន»។

អ្នកស្រី ពេជ្រ អូន ត្រៀមដឹក​ភ្ញៀវ​ទេសចរ​បរទេស​ ទស្សនាប្រាសាទនៅក្នុងខេត្តសៀមរាប។ រូបថតសហការី

ក្នុង​អំឡុង​ពេល​កូវីដ១៩ អ្នកស្រី​ទទួល​បាន​ការ​ឧបត្ថម្ភ​ខ្លះ​ពី​អង្គការ​មួយ​ក្នុង​ខេត្ត​សៀមរាប រួម​មាន​អង្ករ​៤០​គីឡូក្រាម ប្រាក់ ៤០​ដុល្លារ និង​ត្រី​ងៀត​មួយគីឡូ និង​បន្លែ​បង្កា​​មួយចំនួន។ ប៉ុន្តែ​ការ​ផ្ដល់​ជំនួយ​នេះ​តែ​ ២​ឬ​ ៣​ខែ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​​ពី​រដ្ឋ​ផងដែរ ដោយសារ​គ្រួសារ​អ្នកស្រី​មាន​ប័ណ្ណក្រីក្រ​២។ 

ទោះបីជា​​អ្នកស្រី​បាន​​ជួប​ការលំបាក​យ៉ាង​ណាក៏​ដោយ​ ក៏អ្នកស្រី​មិន​បោះ​បង់ចោល​កូន​នោះទេ ដោយ​បដិសេធ​ការ​ស្នើ​សុំ​កូន​ពី​សំណាក់​អ្នក​ជីវភាព​ធូរធា​ដែល​បាន​សុំ​កូន​យក​ទៅ​ចិញ្ចឹម។

នៅ​ពេល​​វិបត្តិ​ជំងឺ​កូវីត​បាន​កន្លង​ផុត​ទៅ អ្វី​ដែល​​ជំងឺរាតត្បាត​សាកល​នេះ​បន្សល់​ទុក​គឺ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច ជា​ពិសេស​មុខរបរ​ដែល​ពាក់​ព័ន្ធ​នឹង​ភ្ញៀវ​ទេសចរ​ដូច​មុខ​របស់​អ្នកស្រី​ ពេជ្រ អូន ជាដើម។ អ្នកស្រី​ថា បច្ចុប្បន្ន​នេះ ចំនួន​ភ្ញៀវ​ទេសចរ​​ចាប់​ផ្ដើមងើប​​​ឡើង​វិញ​បណ្ដើរៗ ប៉ុន្តែ​ចំណូល​របស់​អ្នកស្រី​ពី​របប​នេះ​មិន​ទាន់​អាច​ជួយ​ឲ្យ​អ្នកស្រី​រំដោះ​ពី​បំណុល​បាន​នៅ​ឡើយ។

អ្នកស្រី​និយាយ​ថា៖ «ពីរ​ថ្ងៃ​នេះ គ្មាន​ភ្ញៀវ​ទេ ស្ងាត់​ឈឹង។ រាល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​ជំពាក់​អង្គការ​ ៣ ០០០​ដុល្លារ និង​ធនាគារ ១ ៥០០​ដុល្លារ»។

ក្រៅ​ពី​​ឈរ​ជើង​នៅតាម​សណ្ឋាគារ ឬ​ រង់ចាំ​ការ​ហៅ​កក់​តាមប្រព័ន្ធ​ធ្វើដំណើរ [Apps] បច្ចុប្បន្ន​នេះ អ្នកស្រី​ក៏​ជា​សមាជិក​នៃ​សមាគម​ដឹក​ភ្ញៀវ​ទេសចរ​ដែល​មាន​​ស្ត្រី​​ចំនួន ១០​នាក់។

ទោះបី​ជា​អ្នកស្រី​​នៅ​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​តាម​រយៈ​ប័ណ្ណ​ក្រីក្រ​ក៏ដោយ ក៏​ចំនួន​ថវិកា​ឧបត្ថម្ភ​ត្រូវ​បាន​កែប្រែ។

អ្នកស្រី​និយាយ​ថា៖ «កាលពី​មុន ធ្លាប់​បើក​បាន​ជាង ៣០​ម៉ឺន​ក្នុង​មួយ​ខែ ប៉ុន្តែ​ព្រឹកមិញ ឌុប​ម៉ែ​ទៅ​បើក​បានតែ​៦២ ០០០ រៀល»។ 

នៅដើមខែ​ឧសភា​នេះ  អ្នកស្រី​បាន​ដឹក​ភ្ញៀវ​បរទេស​​ដែល​មាន​ឋានៈ​ខ្ពស់​ម្នាក់​គឺ​លោក Dominic​ Williams ឯកអគ្គរាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា។

អ្នកស្រី​និយាយ​ថា៖ «លោកដែល​បង្ហោះ​រូប​ខ្ញុំនោះ ​គាត់​តែងតែ​ជិះ​រ៉ឺម៉ក​ខ្ញុំ ពេល​ពួកម៉ាក​គាត់​មកក៏​គាត់​ហៅ​ឲ្យ​ខ្ញុំ​ដឹក​ពួក​ម៉ាក​គាត់ដែរ ហើយ​ពេល​ភរិយា​គាត់​មក​ក៏​គាត់​ឲ្យ​ខ្ញុំ​ដឹក​គាត់​ទៀត។ ចុង​ក្រោយ​គាត់​មក​ជា​គ្រួសារ គឺពីរ​គ្រួសារ​បូក​ទាំង​ប្អូន​គាត់»។

នៅ​ពេល​សួរ​ពីក្ដី​ស្រមៃ​ទៅ​អនាគត អ្នកស្រី ពេជ្រ អូន និយាយ​ថា អ្នកស្រី​មិន​ប្រាថ្នា​អ្វីក្រៅពី​ការ​សង​បំណុល​គេ​ឲ្យ​រួច និង​ឲ្យ​កូន​បាន​រៀន​ចប់ និង​មាន​ការងារ​ធ្វើ​​នោះ​ទេ។ អ្នកស្រី​ក៏​អំពាវនាវ​ដល់​អ្នក​ដែល​ត្រូវ​ការ​សេវា​ធ្វើដំណើរ​នៅ​ខេត្ត​សៀមរាប​ប្រើប្រាស់​រ៉ឺម៉ក​តុកតុក របស់​អ្នកស្រី។

លោក Dominic​ Williams ឯកអគ្គរាជទូត​​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ ថតរូបជាមួយអ្នកស្រី ពេជ្រ អូន។ រូបថត Dominic​ Williams

លោក Dominic Williams បាន​សរសេរ​ថា នៅ​ពេល​លោក​ទៅ​ខេត្ត​សៀមរាប លោកតែង​ហៅ​អ្នស្រី​ ពេជ្រ អូន​ ព្រោះ​អ្នកស្រី​ស្គាល់​ផ្លូវច្បាស់ និង​ក៏​ដើម្បី​ជួយ​ដល់​ជីវភាព​របស់​អ្នកស្រី​ផងដែរ។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពីខែ​មីនា ឆ្នាំ​២០២២ មុន​ពេល​ចូល​កាន់​តំណែង​ជា​ឯក​អគ្គរាជទូត​ចក្រភព​អង់គ្លេស លោក​បាន​ទៅ​រៀន​ភាសាខ្មែរ​អស់​រយៈពេល ៤សប្ដាហ៍​នៅ​មជ្ឈមណ្ឌល​ខេរមសិក្សា​ក្នុង​ខេត្ត​សៀមរាប ហើយ​លោកតែង​ធ្វើដំណើរ​តាម​​រ៉ឺម៉ក​តុកតុក​ទៅ​ទស្សនា​រមនីយដ្ឋាន​អង្គរ។

លោក​ថា ថ្ងៃមួយ​លោក​បាន​ហៅ​រ៉ឺម៉ក​​តុកតុក​ដើម្បី​ជិះ ហើយ​ក៏​បាន​ជួប​នឹង​អ្នកស្រី​ ពេជ្រ អូន។ នោះ​ជា​​លើក​ទី១​ដែល​លោក​បាន​ជួប​អ្នក​បើក​រ៉ឺម៉ក​តុកតុក​ជា​ស្ត្រី ដែល​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ការ​ធ្វើដំណើរ​ជាមួយ​អ្នកស្រី ក៏​ជា​ឱកាស​ដែល​លោក​អាច​អនុវត្ត​ការ​និយាយ​ភាសា​ខ្មែរ​ផងដែរ។

លោក​និយាយ​ថា៖ «ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​គាត់​ប្រាប់​ខ្ញុំ​រឿងរ៉ាវ​ជីវិត​របស់​គាត់ និង​ការងារ​ដែល​គាត់​ធ្វើ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។ ខ្ញុំ​ក៏​ភ្ញាក់​ផ្អើល​នឹង​ការ​បើកបរ​ ការយល់​ដឹង​អំពី​តំបន់ និង​សេវា​ធ្វើដំណើរ​ដ៏​ល្អ​ដែល​គាត់​ផ្ដល់​ដល់​អ្នក​ធ្វើ​ដំណើរ។ ឧទាហរណ៍ គាត់​តែង​តែ​មាន​ទឹក​ក្លាសេ​នៅ​ក្នុង​ធុង​សម្រាប់​ចែក​ដល់​ភ្ញៀវ»។ 

លោក​បន្ត​ថា ទាំង​រូបលោកផ្ទាល់​​ និង​ភរិយា​​របស់​លោក ចូលចិត្ត​សេវាធ្វើ​ដំណើរ​​របស់​ស្ត្រី ពេជ្រ អូន ពីព្រោះ​លោក​​ចូលចិត្ត​ជួយ​គាំទ្រ​ដល់​ស្ត្រី​ដែល​ប្រឹងប្រែង​ធ្វើការ​ងារ​បែប​នេះ។

លោក Dominic Williams បន្ត​​ថា ការ​ដែល​លោក​ជ្រើស​រើស​យក​អ្នកស្រី​ ពេជ្រ អូន សម្រាប់​ការ​ធ្វើ​ដំណើរ​ ក៏​ដើម្បី​​បង្ហាញ​ការ​​គាំទ្រ​សម្រាប់​ស្ត្រី​ឲ្យ​មាន​ភាព​ស្មើ​គ្នា​នឹង​បុរស។ ប៉ុន្តែ លោក​ថា ភាព​ស្មើគ្នា​នេះ​មិន​អាច​កើត​មាន​ភ្លាមៗ​ដោយ​គ្មាន​ការ​ទាមទារ​សិទ្ធិ​ពី​ស្ត្រី​ខ្លួន​ឯង​នោះ​ទេ។ 

លោក​និយាយ​ថា៖ «សហគ្រិន​ស្ត្រី​តែងតែ​​ជា​អ្នក​នាំ​មុខ​គេ។ ស្ត្រី​ជា​សហគ្រិន​បាន​បង្ហាញ​ថា ពួក​គេ​អាច​ធ្វើ​អ្វី​បាន​ដូច​បុរសដែរ ហើយ​ប្រសើរ​ជាង​បុរស​ទៀត​ផង។ ពួក​គេ​មាន​គំនិត​និង​វិធី​សាស្ត្រ​ថ្មីៗ​នៅ​ក្នុង​ធុរកិច្ច​របស់​ពួក​គេ ហើយ​ប្រាក់​ចំណូល​របស់​ពួក​គេ​តែង​តែ​ចំណាយ​ទៅ​លើ​ការ​ផ្គត់​ផ្គង់​​​គ្រួសារ​និង​សហគមន៍»។

លោកបន្ត​ថា ស្ថានទូត​ចក្រភព​អង់គ្លេស​ចង់​ឃើញ​ស្ត្រី​កាន់តែ​ច្រើន​នៅ​ក្នុង​តួនាទី​ដឹកនាំ ទាំង​ក្នុង​ធុរកិច្ច​ និង​វិស័យ​ផ្សេងៗ​​ទៀត​នៅ​ទូទាំង​ប្រទេស៕