ភ្នំពេញ៖ ថវិកាជាង ៥​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​បរិច្ចាគ​សម្រាប់​ការងារ​មនុស្ស​ធម៌​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ក្រោម​មូលបទ «រួមគ្នា ដើម្បី​សប្បុរសធម៌ និង ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន» ដែល​មាន​អ្នក​ចូលរួម​ជាង ៣ ម៉ឺន​នាក់កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤​នេះ។

ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​មិត្តភាព​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ពហុកីឡដ្ឋានជាតិ​ អូឡាំពិក ក្រោម​អធិបតីភាព លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​គ្រូ​បង្វឹក​កិត្តិយស​ក្រុម​បាល់ទាត់​តារា​កម្ពុជា (Cambodia football Super Stars) ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

យោង​តាម​ហ្វេសប៊ុក លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ១ ឧសភា​ ២០២៤ នេះ ​មាន​ប្រាក់​រៀល​ចំនួន​ ៦០៥ 000 000រៀល និង​ជា​ប្រាក់​ដុល្លារអាមេរិក​ចំនួន ៤ ៨៥០ ០០០ដុល្លា។ បើ​សរុប​គិត​ជា​ប្រាក់​ដុល្លារ​មាន​ចំនួន ៥ ០០១ ២៥០។

ថវិកា​ទាំងនេះ​ត្រូវ​បាន​បែងចែក​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​ចំនួន ៥០០ ០០០ ដុល្លារ មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​ចំនួន ៣០០ ០០០​ដុល្លា គ្រួសារ​យុទ្ធជន​ពលី ២០ គ្រួសារ​ចំនួន ២០០ ០០០​ដុល្លារ ដែល​សរុប​មាន ១ ០០០ ០០០ ដុល្លារ។ ក្រៅ​ពី​នោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ទទួល​បាន​ថវិកា​ចំនួន ៤ ០០១ ២៥០​ដុល្លារ​ជា​បណ្តោះ​អាសន្ន ហើយ​ប្រសិន​ជា​ទទួល​បាន​បន្ថែម​ទៀត​ក៏​នឹងប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​ផងដែរ។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​មិត្តភាព ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព ហើយ​ជំរុញ​ប្រជាពលរដ្ឋ​ស្រលាញ់​កីឡា និង ជៀសផុត​ពី​គ្រឿងញៀន និង ទឹក​ចិត្ត​សប្បុរសធម៌ ជាពិសេស ដើម្បី​ប្រមូល​ថវិកា​ជួយដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ម្លប់​សន្តិភាព និង ស្របទៅ​តាម​ពាក្យ​ស្លោក «កីឡា​រស់​ក្នុង​សន្តិភាព»។

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​គ្រូ​បង្វឹក​កិត្តិយស​ក្រុម​បាល់ទាត់​តារា​កម្ពុជា (Cambodia football Super Stars)។ រូបថត SHS

លោក​បញ្ជាក់​ថា៖ «បាល់ទាត់​ល្ងាច​នេះ បង្ហាញ​នូវ​សមិទ្ធផល​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ការ​អភិវឌ្ឍ ជាពិសេស បង្ហាញ​នូវស្មារតី​សាមគ្គីភាព​ក្នុង​ចំណោម​ជន​រួមជាតិ​យើង»។

លោក​បាន​អរគុណ​ដល់​សប្បុរសជន ក្រុម​បាល់ទាត់​ទាំង ៤ ក្រុម ដែល​ចូលរួម​ប្រកួត សិល្បករ​សិល្បការិនី អ្នក​ចូលរួម​រៀបចំ​បម្រើការងារ​ទាំងអស់​ ជាពិសេស​សាលារាជធានី​ភ្នំពេញ និង កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​អរគុណ​អ្នក​គាំទ្រ​ដែល​ចូលរួម​ទស្សនា​ទាំង​នៅ​ពហុកីឡដ្ឋាន​ទាំង​មើល​ការ​ផ្សាយផ្ទាល់។

លទ្ធផល​នៃ​ការ​ប្រកួត​គឺ កីឡា​បាល់ទាត់​ក្រុម​តារា​កម្ពុជា (Cambodia football Super Stars) បាន​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម​បាល់ទាត់ Kun Khmer All Stars ក្នុង​លទ្ធផល ២-០។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្រ្គោះ​ជន​រងគ្រោះ​ ដោយសារ​គ្រឿងញៀន (DARAC) បាន​សំដែង​ការ​គាំទ្រ​ចំពោះ​ការរៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​កីឡា​បែប​នេះ ដោយសារ​តែ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គម ដូចជា ការ​ទទួល​បាន​ការបរិច្ចាគ​ពី​សប្បុរសជន និង ការ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​ចូលរួម​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ផងដែរ។

លោក​បាន​បញ្ជាក់​ថា៖ «កីឡា​មាន​ការ​ផ្សាភ្ជាប់​ទៅ​នឹង​គ្រឿងញៀន​ដែរ។ ការ​លេង​កីឡា​ក៏​ជា​វិធីសាស្រ្ត​មួយ ដើម្បី​កាត់​ជួយ​បន្ថយការ​ប្រើប្រាស់​គ្រឿងញៀន ក៏​ដូចជា ចំណែក​មួយ​ជួយ​ឱ្យ​អ្នក​ញៀន​ផ្តាច់​បាន​ផងដែរ»។

លោក​បាន​សង្កេត​ឃើញ​ថា ថ្នាក់ដឹកនាំ​ប្រទេស​តែងតែ​រិះរក​វិធី​សាស្រ្ត​ថ្មីៗ ដើម្បី​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ធ្វើការ​ស្វែងយល់ ហើយ​នំាគ្នា​ទប់ស្កាត់​បញ្ហា​គ្រឿង​ញៀន​ទាំងអស់​គ្នា៕