ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី ១៣ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ដោយនឹងដាក់បញ្ចាំងភាពយន្តប្លែកៗប្រមាណ ១៤០រឿង មកពីជាង ៤០ ប្រទេស។
យោងតាមអ្នករៀបចំកម្មវិធី បានឱ្យដឹងថា៖ «មហោស្រពឆ្នាំនេះរួមមានភាពយន្តខ្នាតខ្លី ភាពយន្តឯកសារ និងគំនូរជីវចល ដែលរំលេចនូវភាពសម្បូរបែបនៃសិល្បៈភាពយន្ដទូទាំងពិភពលោក»។
CIFF ជាព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដ៏ធំ និងកិត្យានុភាពបំផុតរបស់កម្ពុជា នឹងរៀបចំការបញ្ចាំងភាពយន្ត និងសកម្មភាពនានានៅរោងកុនសំខាន់ៗ និងទីកន្លែងល្បីៗ ទូទាំងរាជធានីភ្នំពេញ រួមមាន រោងភាពយន្ត Legend រោងភាពយន្ត Major Cineplex វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ, CJCC និង រោងកុន Fable។
ការចូលទស្សនាទាំងភាពយន្ដ និងកម្មវិធីផ្សេងៗគឺមិនគិតថ្លៃ ដែលធ្វើឱ្យមហោស្រពនេះក្លាយជាឱកាសរួមបញ្ចូលគ្នានៃសិល្បៈភាពយន្ត។
អ្នករៀបចំកម្មវិធីបាននិយាយថា៖ «មហោស្រពនេះនឹងចាប់ផ្តើមជាមួយនឹងពិធីសម្ពោធដ៏ធំនៅសាលមហោស្រពចតុមុខនៅថ្ងៃទី ២៥ ខែមិថុនា ដោយផ្តល់ជូនភាពយន្ត «Elvis of Cambodia» ក្រោមស្នាដៃផលិតករ Chris G Parkhurst»។
ខ្សែភាពយន្ដបើកឆាកនេះជាការបើកទំព័រមហោស្រពដ៏ល្អឥតខ្ចោះរយៈពេលមួយសប្តាហ៍នៃភាពយន្ត និងឯកសារមកពីជុំវិញពិភពលោក។
ពិធីបិទមហោស្រព នៅថ្ងៃទី ៣០ ខែមិថុនា នឹងត្រូវរៀបចំឡើងនៅរោងភាពយន្ត Legend របស់ផ្សារទំនើប Olympia ដោយមានការចូលរួមពីផលិតករភាពយន្ត និងសិល្បករទូទាំងពិភពលោក។
ផ្ទាំងរូបភាពផ្លូវការរបស់ CIFF សម្រាប់មហោស្រពឆ្នាំនេះ បង្ហាញពីស្នាដៃសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ «ធម្មជាតិ និងស្នាមញញឹម» (២០២២) ដោយប្រើវិចិត្រករខ្មែរដ៏ល្បីឈ្មោះ ចាន់ ដានី។
ជាផ្ទាំងសិល្បៈមួយច្នៃពីកម្ទេចនៃចំណិតខ្មៅដៃចម្រុះពណ៌ដែលមានទំហំ ១១០ x ៨០ សង់ទីម៉ែត្រ «ធម្មជាតិ និងស្នាមញញឹម» បានបង្ហាញពីមុខមនុស្សដ៏ស្ងប់ស្ងាត់របស់ព្រះពុទ្ធជាម្ចាស់ ហ៊ុំព័ទ្ធដោយក្បាច់វល្លិយ៉ាងល្អប្រណីតតាមរចនាបថក្បាច់ខ្មែរ។
តាមរយៈស្នាដៃសិល្បៈនេះ លោក ចាន់ ដានី បានបង្ហាញពីភាពសុខដុមរមនា និងភាពស្ងប់ស្ងាត់ដែលមាននៅក្នុងធម្មជាតិ និងជានិមិត្តរូបនៃឧត្តមគតិ ឬអំណាចរបស់ព្រះពុទ្ធដែលគេស្គាល់ថាជា «បារមី»។
បច្ចេកទេសដ៏ប៉ិនប្រសប់របស់លោកក្នុងការប្រើប្រាស់ចំណិតខ្មៅដៃ និងកាវគឺទាមទារភាពអត់ធ្មត់ និងការយកចិត្តទុកដាក់រាល់ចំណុចលម្អិតជាច្រើន ដែលអាចឱ្យអ្នកទស្សនា អាចយកតម្រាប់តាម ដោយការប្រើអារម្មណ៍ស្មិងស្មាធិ៍ និងឱ្យតម្លៃដល់ធម្មជាតិ ជាពិសេសដើមពោធិ៍។
ស្នាដៃរបស់លោក ចាន់ ដានី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបកស្រាយឡើងវិញនូវទម្រង់វប្បធម៌ខ្មែរបុរាណនៅកម្ពុជានាសម័យបច្ចុប្បន្ន។
តាមរយៈការរួមបញ្ចូលគ្នានៃក្បាច់លម្អបែបប្រពៃណី និងតួអង្គទេវកថាជាមួយនឹងសម្ភារៈ និងបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិត លោកបានរក្សានូវតម្លៃសោភ័ណភាព និងក្រមសីលធម៌ ខណៈពេលដែលទទួលយកការផ្លាស់ប្តូរ និងការសាកល្បង។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) គឺជាព្រឹត្តិការណ៍វប្បធម៌ឈានមុខគេរបស់កម្ពុជាដែលប្រារព្ធពិធីភាពយន្តជាសកលចាប់តាំងពីការចាប់ផ្តើមបង្កើតឡើង។
CIFF ផ្សព្វផ្សាយវប្បធម៌ភាពយន្តដ៏រស់រវើកក្នុងប្រទេសកម្ពុជា ជំរុញការផ្លាស់ប្តូរគំនិត និងផលិតភាពយន្ដ។
មហោស្រពភាពយន្ដ CIFF ផ្តល់វេទិកាសម្រាប់អ្នកចូលចិត្តភាពយន្ត និងផលិតករដើម្បីប្រមូលផ្តុំ អបអរសាទរ និងស្វែងយល់ពីសិល្បៈនៃផលិតភាពយន្ដតាមរយៈខ្សែភាពយន្តដោយមិនគិតថ្លៃ។
ព័ត៌មានលម្អិតអំពីកម្មវិធី និងកាលវិភាគនៃពិធីបុណ្យ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/cambodiaiff/៕