ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៣ បានបើកដំណើរការយ៉ាងឱឡារឹកនៅសាលសន្និសីទចតុមុខ ដោយមានការប្រមូលផ្តុំអ្នកផលិតភាពយន្ត សិល្បករ និងអ្នកចូលចិត្តវប្បធម៌មកពីជុំវិញពិភពលោក។
ព្រឹត្តិការណ៍នេះបង្ហាញពីឧស្សាហកម្មភាពយន្ដដែលកំពុងរីកចម្រើនរបស់កម្ពុជា និងតួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងសុន្ទរកថាបំផុសគំនិតកាលពីថ្ងៃទី ២៥ ខែមិថុនា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃមហោស្រពអន្ដរជាតិនេះ។
លោកស្រីបានថ្លែងថា៖ «CIFF គឺជាមជ្ឈមណ្ឌលដ៏ល្អសម្រាប់អ្នកផលិតភាពយន្តពិភពលោកដើម្បីផ្លាស់ប្តូរគំនិត និងបទពិសោធន៍។ វាផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់យុវជនកម្ពុជាក្នុងការពង្រីកទស្សនៈរបស់ពួកគេតាមរយៈការជ្រើសរើសភាពយន្តចម្រុះពីជុំវិញពិភពលោក»។
មហោស្រពលើកទី១៣ នេះបង្ហាញពីការជ្រើសរើសខ្សែភាពយន្តជាច្រើនពីជុំវិញពិភពលោកជាមួយភាពយន្តសរុបចំនួន ១៥៣ មកពីប្រទេសចំនួន ៤១ ក្នុងនោះមានភាពយន្តខ្មែរចំនួន ៤៨ រឿង។
លោកស្រី សកុណា បានលើកឡើងពីសក្ដានុពលនៃមហោស្រពក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ទម្រង់សិល្បៈប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រីរដ្ឋមន្ត្រីបានទទួលស្គាល់ការគាំទ្រពីដៃគូនានា រួមមាន អង្គការសហប្រជាជាតិ UNDP កម្មវិធីស្បៀងអាហារពិភពលោក ស្ថានទូតឥណ្ឌា និងអូស្ត្រាលីជាដើម។
លោកស្រីក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ប៉ាន់ រិទ្ធី ដែលភាពយន្ត «RENDEZ VOUS AVEC POL POT» ត្រូវបានដាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Cannes ហើយបានចាក់បញ្ចាំងនៅរោងភាពយន្តជាង ២០០ នៅទូទាំងប្រទេសបារាំង។
បន្ថែមពីនេះ លោកស្រីក៏បានថ្លែងអំណរគុណចំពោះលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងការពង្រឹងវិស័យភាពយន្តនៅកម្ពុជា។
ក្នុងនាមជាអ្នកសិល្បៈ លោកស្រី ជា សិរី និយាយថា លោកស្រីមានកិត្តិយសដែលទទួលបានការអញ្ជើញឱ្យធ្វើជាអភិបាលកិត្តិយសនៃមហោស្រព CIFF។
លោកស្រីនិយាយថា៖ សិ«ល្បៈភាពយន្តកម្ពុជាកំពុងតែរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងគំនិតច្នៃប្រឌិតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយស័ក្ដិសមនឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមនុស្សគ្រប់គ្នា នាំឱ្យឧស្សាហកម្មមួយនេះមានភាពរីកចម្រើន ដែលរួមចំណែកយ៉ាងពេញលេញដល់កំណើនសេដ្ឋកិច្ច»។
លោកស្រី សកុណា បានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាចំពោះឧស្សាហកម្មភាពយន្ត ដោយកត់សម្គាល់ពីការដាក់ចេញនូវការលើកលែងសារពើពន្ធសំខាន់ៗក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកស្រីបាននិយាយថា៖ «រដ្ឋាភិបាលបានផ្អាកកាតព្វកិច្ចពន្ធសំខាន់ៗសម្រាប់អ្នកផលិតភាពយន្តក្នុងស្រុកពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ហើយកំពុងលើកទឹកចិត្តអ្នកផលិតភាពយន្តអន្តរជាតិឱ្យមកថតនៅកម្ពុជា»។
លោក Cedric Eloy នាយក CIFF ក៏បានសម្តែងការដឹងគុណចំពោះអ្នកគាំទ្រ និងអ្នកចូលរួមមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជានេះ។
លោកបាននិយាយថា៖ «ក្នុងនាមអ្នករៀបចំ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមការងារដែលខិតខំប្រឹងប្រែងរបស់យើង ដៃគូរ និងអ្នកឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្តដែលលះបង់របស់យើង។ ម្នាក់ៗបានរួមចំណែកពេលវេលា ការខិតខំប្រឹងប្រែង និងញើសដើម្បីធ្វើឱ្យមហោស្រពលើកទី១៣ នេះក្លាយជាការពិត»។
អ្នកស្រី ប៉ាន់ ស៊ីម៉ាឡា ជាប្រធានផ្នែកលក់នៃក្រុមហ៊ុន SR Digital Media និងភ្នំពេញប៉ុស្ដិ៍ បានថ្លែងពីចំណាប់អារម្មណ៍រីករាយក្នុងជាអ្នកដៃគូផ្សព្វផ្សាយ ដែលបានឃើញការចូលរួមរបស់ភ្ញៀវកិត្ដិយសយ៉ាងច្រើនកុះករ ទោះស្ថិតក្រោមដំណក់ទឹកភ្លៀង។
អ្នកស្រីបាននិយាយថា៖ «ដើម្បីរួមចំណែកលើកស្ទួយវិស័យខ្សែភាពយន្ត SR Digital Media, Phnom Penh Post និង Post Khmer មានមោទនភាពជាដៃគូសហការផ្សព្វផ្សាយដល់មហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះ»។
លោក Eloy បានលើកឡើងពីកម្មវិធីចម្រុះនៃមហោស្រពនេះ ដែលបង្ហាញពីភាពយន្តពីប្រទេសកម្ពុជា អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក ឥណ្ឌា និងផ្សេងៗទៀត។
លោកបាននិយាយថា៖ « CIFF មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ចាក់បញ្ចាំងខ្សែភាពយន្តតែមួយមុខនោះទេ ព្រោះការទស្សនាភាពយន្ត យើងទាំងអស់គ្នា អាចធ្វើបានតាមរយៈ Netflix ជាដើម។ តែមហោស្រពភាពយន្តពិតប្រាកដ គឺប្រារព្ធឡើងដើម្បីលើកតម្លៃបុគ្គល និងឧស្សាហកម្ម ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងលើកទឹកចិត្តឱ្យមានអន្តរកម្មជាមួយនឹងគំនិតដទៃទៀតនៅពីក្រោយខ្សែភាពយន្ត ដែលជាហេតុជំរុញឱ្យមានការបង្កើតថ្មីជានិច្ច»។
កម្មវិធីពិសេសៗ ដូចជា LIFE LONG LEARNING និង ROADS TO OLYMPIA ត្រូវបានរៀបចំឡើងដើម្បីបំផុសគំនិតយុវជនកម្ពុជា លើកទឹកចិត្តពួកគេឱ្យបន្តក្តីសុបិនតាមរយៈការអប់រំ ការខិតខំប្រឹងប្រែង និងការលះបង់។
លោកបានកត់សម្គាល់ថា៖ «រាល់វត្តមានសិល្បករ និងផលិតករទាំងអស់ ទាមទារឱ្យមានការគាំទ្រពីមហាជន។ រៀងរាល់សប្តាហ៍ យើងឃើញគម្រោងភាពយន្តពិសេសៗ ដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ»។
លោកក៏បានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចនៃឧស្សាហកម្មភាពយន្ត ការលើកកម្ពស់វិស័យទេសចរណ៍ ការបង្កើតការងារ និងការបណ្តុះជំនាញយូរអង្វែង។
ដោយឆ្លុះបញ្ចាំងពីដំណើររបស់ CIFF ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ២១០ លោក Eloy បានអំពាវនាវឱ្យមានកិច្ចសហការបន្តដើម្បីកសាងភាពជោគជ័យកន្លងមក។
លោកបាននិយាយថា៖ «ឧស្សាហកម្មភាពយន្តគឺជាមជ្ឈដ្ឋានដ៏មានឥទ្ធិពលដែលតភ្ជាប់រវាងសិល្បៈដទៃទៀតបើទោះជាមានទម្រង់ខុសៗគ្នាក៏ដោយ។ រឹតតែសំខាន់ទៀត ឧស្សាហកម្មនេះមានសក្តានុពលក្នុងដំណើរលើកកម្ពស់វិស័យទេសចរណ៍ បង្កើត និងបង្កើនការងារ ដែលផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិ»។
លោកបានបន្ដថា៖ «កាលពីមួយទសវត្សមុន ភាពយន្តកម្ពុជាបានទទួលការវាយតម្លៃឱ្យចូលប្រកួតពានរង្វាន់អូស្ការលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៤។ ព្រឹត្តិការណ៍ដ៏សំខាន់នេះដែរ ក៏បានទាក់ទាញការបណ្តាក់ទុនដ៏ធំសម្រាប់ការផលិតរបស់អ្នកស្រី Angelina Jolie ជាមួយផលិតករភាពយន្តកម្ពុជា»។
នៅពេលដែលមហោស្រពនេះដំណើរការរយៈពេល ៥ថ្ងៃទៀត អ្នកនិយមភាពយន្ដអាចស្វែងការវិភាគបញ្ចាំងភាពយន្ដនៅលើបណ្ដាញសង្គមរបស់ CIFF។
ការគូសបញ្ជាក់ដ៏សំខាន់នៃសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺការដាក់ឱ្យប្រើប្រាស់នូវគំនិតផ្តួចផ្តើម «Mekong Discovery Days»។
កម្មវិធីនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិសាលភាពរបស់ CIFF ដែលមានគោលបំណងអភិរក្សជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា ក៏ដូចជាបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងធម្មជាតិក្នុងតំបន់។
លោកស្រី សកុណា ថ្លែងថា៖ «ការរួមចំណែករបស់អ្នកទាំងអស់គ្នាគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់មហោស្រពនេះ ជាកត្តាជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងគោលបំណងអភិរក្សជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា»៕