ភ្នំពេញ៖ ក្រៅពី​ការ​ដាក់​បញ្ចាំង​ភាពយន្ដ​ខ្មែរ ៤៨​រឿង​ និង​បរទេស​សរុប​ ១៥៣​រឿង មក​ពី​ជាង ៤០ ប្រទេស ដែល​កំពុង​តែ​ផ្ដល់​ការ​កម្សាន្ដ​ដល់​រោងភាពយន្ដ​គោល​ដៅ​មួយចំ​នួន​ មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា (CIFF) ក៏​ជា​វេទិកា​មួយ​ក្នុង​​ការ​ចូលរួម​អភិរក្ស​ធនធាន​ធម្មជាតិ​កម្ពុជា​ផង​ដែរ។​

លោក ឌិត ទីណា រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ធ្វើ​ជា​អធិបតី​ក្នុង​កម្មវិធី​ទិវា​​យល់​ដឹង​ពី​ទន្លេមេគង្គ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា CIFF កាលពី​ថ្ងៃទី២៧ ខែមិថុនា​។ 

លោក​បាន​ឱ្យដឹងថា មហោស្រព​ភាពយន្ដ​គឺជា​ពេល​វេលា​ដែល​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ ហើយ​ជាមួយ​គ្នា​នេះ មហោស្រព​ភាពយន្ដ​ក៏​បាន​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង​មួយ​ចំនួន​ធំ​ ដោយ​បាន​ដាក់​បញ្ចូល​នូវ​ប្រធានបទ​ «ជុំវិញ​ទន្លេ​មេគង្គ» ឬ (Mekong Discovery Days)។

លោក​ ទីណា បាន​ថ្លែង​អំពី​ការ​ផលិត​ភាពយន្ដ​ឯកសារ​ដែល​លោក​បាន​ចូលរួម​ផងដែរ​ថា៖ «វាជា​ឱកាស​សម្រាប់​ការ​គិតគូរ​អំពី​ធនធាន​ធម្មជាតិ មាន​លទ្ធភាព​ក្នុង​ការ​បង្ហាញ​ដល់​ក្មួយៗ និង​ប្រជាពលរដ្ឋ​យើង​ទាំង​អស់​ឱ្យ​បាន​ដឹង​ថា យើង​មាន​អ្វី​ខ្លះ យើង​កំពុង​​ធ្វើ​អ្វី ហើយ​យើង​ត្រៀម​ធ្វើ​អ្វីបន្ដ​ទៀត»។ 

លោករដ្ឋមន្ដ្រី​ ក៏បាន​សារភាពថា លោក​ក៏មិន​ធ្លាប់​ស្គាល់​ទិដ្ឋភាព​បាត​សមុទ្រ​ដែរ​។ ប៉ុន្ដែ​នៅពេល​លោក​បានឃើញ​នូវ​ស្ថានភាព​នៅ​បាត​សមុទ្រ លោក​និយាយ​ថា សកម្មភាព​នៅ​លើ​គោក​មួយ​ចំនួន​ត្រូវ​ចៀសវាង​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ។ 

លោក​បាន​ឱ្យដឹងថា​៖ «​យើងមិន​អាច​បោះចោល​កាក​សំណល់​ទៅ​ផ្ទះ​របស់​អ្នក​ដទៃ​នោះទេ​។ ដូច្នេះ ដូច​គ្នា​ដែរ សមុទ្រ​ ឬ​ទន្លេ​គឺជា​ផ្ទះរបស់​មច្ឆជាតិ​យើង​ យើង​មិន​អាច​បោះ [កាក​សំណល់] ​ទៅ​បាន​ទៅទេ»។ 

លោក Cedric Eloy នាយក​មហោស្រព​ភាពយន្ដ CIFF បាន​ថ្លែង​ថា លោក​អរគុណ​ដល់ CJCC និង​ក្រសួង​កសិកម្ម​ផងដែរ ដែល​មាន​វត្តមាន និង​ជា​អធិបតីភាព​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម។

លោក Eloy បាននិយាយ​ថា៖ «​ខ្ញុំ​បាន​បង្ហាញ​ពី​ការចូលរួម​របស់​ដៃគូ​របស់​យើង​ទាំងអស់ និង​ជា​លើក​ដំបូង​​ដែល​អង្គការ​សហប្រជាជាតិ និង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា កម្មវិធី​ស្បៀងអាហារ​ពិភព​លោក និង UNDP បាន​ចូលរួម​»​។​

លោក​បន្ដថា​៖ «​បាទ អ៊ីចឹង​​ខ្ញុំ​ក៏​អរគុណ​ដល់​យុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ដែរ ព្រោះ​ខ្ញុំ​បាន​និយាយ​ថា វា​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​យុវជន​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​បរិស្ថាន ជីវចម្រុះ និង​សហគមន៍»​។​

លោក Eloy បាន​អញ្ជើញ​ដៃគូ​ឱ្យ​រៀបចំ​ផែនការ​ព្រឹត្តិការណ៍​នេះ​ជា​​ប្រចាំឆ្នាំ​ដើម្បីឱ្យ​កម្មវិធី​នេះ​​​បន្ដ​​រីក​ចម្រើន លើស​ពី​​ទីក្រុង​ភ្នំពេញ និង​មិន​ត្រឹមតែ​ក្នុង​អំឡុង​ពេល​កម្មវិធី​មហោស្រព​ភាពយន្ដ​ CIFF ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​វា​អាចជា​កម្មវិធី​នៅតាម​បណ្ដា​​ខេត្ត​ផ្សេងទៀត​។​

លោក​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​គិតថា ​ឆ្នាំនេះ​ យើង​អាច​និយាយ​បាន​ថា​ យើង​​បាន​បន្ថែម​កម្មវិធី​​ជីវចម្រុះ និង​ទំនាក់ទំនង​រវាង​ការ​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​»​។​

គម្រោង​អច្ឆរិយៈ​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផា​ណា បាន​ប្រកាស​កម្មវិធី​ ជុំវិញ​ទន្លេ​​មេគង្គ ​ជា​ព្រឹត្តិការណ៍​មួយ​រំលេច​នូវ​ការ​ស្រាវជ្រាវ​ដំបូង​របស់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​កម្ពុជា​។​

ព្រឹត្តិការណ៍​នៅ​ថ្ងៃទី២៨ ខែមិថុនា បាន​បង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន និង​រឿងរ៉ាវ​បំផុស​គំនិត​របស់​អ្នក​ស្រាវជ្រាវ​អាជីព​ដំបូង ដែល​បាន​លះបង់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុងការ​សិក្សា​ត្រី ទឹក និង​ជីវចម្រុះ​នៅ​កម្ពុជា​។​

បុគ្គល​ដែលមាន​ចំណង់​ចំណូលចិត្ត​ទាំងនេះ​មិន​ត្រឹមតែ​ប្តេជ្ញាចិត្ត​ក្នុងការ​អភិរក្ស​ជីវវិទ្យា និង​ការសិក្សា​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ការអប់រំ​ដល់​កុមារ​តូចៗ និង​សាធារណជន​អំពី​ភាព​អស្ចារ្យ​នៃ​វិទ្យាសាស្ត្រ ដោយ​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ ​ដូចជា លំហូរ​ទន្លេ ការ​អភិរក្ស​ជម្រក​​ត្រី ភាព​សម្បូរ​បែប​នៃ​ត្រី គុណភាព​ទឹក និង​ការបំពុល​។​

នេះ​បើ​យោងតាម​កម្មវិធី​ដែល​បាន​បង្ហោះ​នៅលើ Facebook បាន​បង្ហាញថា​៖ «គម្រោង​នេះ​មាន​គោល​បំណង​ថែរក្សា​ធនធាន​ធម្មជាតិ និង​បូរណភាព​នៃ​ទន្លេមេគង្គ។ ការដោះស្រាយ​បញ្ហា​ប្រឈម​ ដូចជា ការ​រិចរឹល​ទីជម្រក ការ​នេសាទ​ខុស​ច្បាប់ ការបំពុល​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ អ្នក​វិទ្យា​សាស្ត្រ​​ទាំងនេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ធានា​និរន្តរភាព និង​សុខភាព​របស់​ទន្លេ​»។​

ព្រឹត្តិការណ៍​នេះ​មាន​គោល​បំណង​បំផុស​គំនិត​មនុស្ស​ជំនាន់​ក្រោយ ដោយ​បង្ហាញ​កុមារ​តូចៗ​ថា ​ពួកគេ​​ក៏​អាច​ក្លាយជា​អ្នក​ស្រាវជ្រាវ ជួយ​​សហគមន៍ និង​ពិភពលោក​របស់​ពួកគេ ជំរុញ​ឱ្យ​មាន​ការ​ស្រឡាញ់​​វិទ្យាសាស្ត្រ និង​ការ​លើក​កម្ពស់​អនាគត​ប្រកបដោយ​និរន្តរភាព​៕