វាជារឿងកម្រ​មាន​ណាស់​ដែល​បទ​ចម្រៀងខ្មែរ​ត្រូវ​បាន​យក​ទៅ​ចាក់​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​នៅ​បរទេស​ ជា​ពិសេស​ប្រទេស​ធំៗ​​ដែល​នៅ​ឆ្ងាយ​ពី​កម្ពុជា​ ដូចជា​ប្រទេស​ចិន​ជា​ដើម។ ប៉ុន្តែ​មាន​បទញាក់​សម័យ​ថ្មី​មួយ​បទ​ គឺ «មាន់ស្រែ» របស់​តារា​ចម្រៀង ​រ៉ាប៊ី បាន​​និង​កំពុង​ពេញ​និយម​នៅ​ទីក្រុង​ស៊ីស័ងបេណា (Xishuangbanna) ក្នុង​ខេត្ត​យូណាន នៃ​ប្រទេស​ចិន។

ទីក្រុង​​ស៊ីស័ងបេណា គឺតំបន់​ដែល​មាន​ជនជាតិ​ភាគតិច​តាយ​ រស់នៅ​ដោយ​ពួកគេ​គោរព​ព្រះពុទ្ធ​សាសនា។ នៅ​ក្នុង​ទីក្រុង​នេះ​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដូចជា​ភូមិ​ប្រពៃណី និង​វប្បធម៌​​​របស់​ជនជាតិ​តាយ។ លើស​​ពី​នេះទៀត​ក៏​មាន​​សួន​កម្សាន្ត​ដ៏​ធំ​​មួយ​ឈ្មោះ​ថា «សួន​ជនជាតិ​តាយ» ដែល​ស្រដៀង​ទៅ​និង​ភូមិ​វប្បធម៌​នៅ​ខេត្ត​សៀមរាប។ ប៉ុន្តែ នៅ​សួន​កម្សាន្ត​នេះ ​មានការ​រៀបចំ​ការ​ចម្រៀង រាំ នា​ពេល​រសៀល​ដោយ​មាន​ទាំង​បទ​ប្រពៃណី​និង​បទ​សម័យ​ទំនើប ព្រម​ទាំង​មាន​ការ​​បាញ់​ទឹក​និង​ការ​បាច​ទឹក​ដាក់​គ្នា​ដូច​សង្ក្រាន្ត​បែប​ថៃ។

បទចម្រៀង​ដែល​ចាក់​ដោយ​ឌីជេ ភាគច្រើន​ជា​បទ​ចិន ប៉ុន្តែ វា​ជារឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ និង​ស្ទើរ​តែ​មិន​គួរ​ឲ្យជឿ​​ដែល​បទចម្រៀង​ខ្មែរ «មាន់ស្រែ» ​របស់​កញ្ញា​រ៉ាប៊ី​​ត្រូវ​បាន​ចាក់​នៅ​ក្នុង​កម្មវិធី​នេះដែរ។​ 

ក្រោយ​ពេល​បញ្ចប់​ការ​រាំច្រៀង​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សាកសួរ​​លោក Ai Wenling ដែល​ជា​អ្នក​ចាក់​ភ្លេង ឬ​ហៅ​សាមញ្ញ​ថា ឌីជេ។

ការ​​លេងបាញ់​ទឹក​និង​ការ​បាច​ទឹក​ដាក់​គ្នា​នៅសួន​កម្សាន្ត​ដ៏​ធំ​​មួយ​ឈ្មោះ​ថា «សួន​ជនជាតិ​តាយ» នៅ​ទីក្រុង​ស៊ីស័ងបេណា (Xishuangbanna) ក្នុង​ខេត្ត​យូណាន នៃ​ប្រទេស​ចិន។ រូបថត នៀម ឆេង

លោក​និយាយ​ថា៖ «ខ្ញុំ​ជ្រើស​រើស​យក​បទ​នេះ​មក​ចាក់​​ព្រោះថា ចង្វាក់​ភ្លេង​មាន​ភាព​រស់​រវើក ហើយ​សាមញ្ញ។ ខ្ញុំ​បាន​ឃើញ​បទ​ចម្រៀង​នេះ​​តាម​បណ្ដាញ​សង្គម ហើយ​ខ្ញុំ​គិត​ថា វា​ជា​បទ​ល្អ​សម្រាប់​ការ​រាំ ហើយ​ចង្វាក់​នេះ​ស្រដៀង​ទៅ​នឹង​ចង្វាក់​បទ​ភ្លេង​វប្បធម៌​នៅ​ទីនេះ»។

លោក​បន្ត​ថា៖ «បទនេះ​ល្បីល្បាញ​ណាស់​នៅ​ចិន ជា​ពិសេស​នៅ​ទីក្រុង​នេះ។ មនុស្ស​នៅ​តំបន់​នេះ រាំ​បទ​នេះ​គ្រប់​ទី​កន្លែង។ បទនេះ​ត្រូវ​បាន​ចាក់​នៅ​ក្នុង​សួន​កម្សាន្តនេះ​ជា​រៀង​រាល់​ថ្ងៃ គឺ២​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ទីនេះ។ បទនេះ​ធ្វើ​ឲ្យ​មាន​ភាព​រីករាយ និង​រស់​រវើក។ នៅ​ពេល​ដល់​បទ​ចម្រៀង​សម្រាប់​រាំ យើង​ចាក់​បទ​នេះ»។ 

លោក Wengling និយាយ​ថា លោក​មិន​បាន​ដឹង​ថា បទ​នេះ​ជា​បទ​ចម្រៀង​ខ្មែរ​ទេ លោក​បាន​ជ្រើស​រើស​យក​បទ​នេះ​ទុក​ចាក់​ព្រោះ​សាច់ភ្លេង​មាន​ភាព​រស់​រវើក មិន​លឿន​ពេក និង​មិន​យឺត​ពេក។ បើតាម​ការ​បញ្ជាក់​របស់​លោក បទ​នេះ​មិន​មាន​ភាសា​ចិន​នោះ​ទេ គឺ​មាន​តែ​បទ​ខ្មែរ​តែ​មួយ​បទនេះ។ 

លោក​បញ្ជាក់​ថា បទ​នេះ​ត្រូវ​បាន​ចាក់​ប្រមាណ ៤ ទៅ ​៥ ​ឆ្នាំ​មក​ហើយ​នៅ​ទីនេះ ហើយ​លោក​ក៏​មិន​ដែល​បាន​ទៅ​ប្រទេស​កម្ពុជា​ដែរ។

លោក Ai Wenling ដែល​ជា​អ្នក​ចាក់​ភ្លេង ឬ​ហៅ​សាមញ្ញ​ថា ឌីជេ។ រូបថត នៀម ឆេង

ខេត្តយូណាន គឺជាខេត្ត​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម និង​ជា​ប្រភព​នៃ​តែ​របស់​ប្រទេស​ចិន។ ខេត្ត​នេះ​សម្បូរ​ទៅ​ដោយ​ជនជាតិ​ភាគតិច​តាយ ដែល​មាន​ទំនៀម​ទម្លាប់​ស្រដៀង​ទៅ​នឹង​ទំនៀម​ទម្លាប់​នៅ​ថៃ​ ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា​ផងដែរ ដោយសារ​ជា​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​ដូច​គ្នា។

លោក ឈត ប៊ុនថង អ្នកស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ ​អប់រំ​ និង​ទេសចរណ៍​នៃ​រាជ្យបណ្ឌិត្យ​សភា​កម្ពុជា​ បាន​ថ្លែង​ថា ជាទូទៅ​ប្រទេស​នានា​តែង​មាន​ឥទ្ធិពល​វប្បធម៌​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ប្រទេស​ធំ​មាន​ឥទ្ធិពល​លើ​ប្រទេស​តូច ហើយ​ឥទ្ធិពល​នេះ​ធ្លាប់​កើន​មាន​យូរ​ហើយ សូម្បី​ជំនាក់​លោក ស៊ីន ស៊ីសាមុត​ ក៏​ធ្លាប់​មាន​បទ​លំនាំ​បរទេស​ដែរ។

លោក​បន្ត​ថា៖ «ទោះបី​យើង​ទទួល​ពី​គេ គេ​ក៏​អាច​ពេញ​ចិត្ត​បទ​របស់​យើង​ដែរ​ សម្រាប់​បទ​ណាមួយ​របស់​យើង​ផងដែរ ដូចជា​បទ​ដែល​កន្ត្រាក់​អារម្មណ៍​តាម​រយៈ​បទ​ភ្លេង ទំនុក​ច្រៀង​ឬ​មាន​រូបភាព​ដែល​គួរ​ឲ្យ​ទាក់​ទាញ គ្រាន់តែ​គេ​អាច​តិច​ជាង​យើង។ ធម្មតា​ទំនាក់​ទំនង​សង្គម សេដ្ឋកិច្ច នយោបាយ វាតែង​មាន​ទៅ​វិញ​ទៅ​មក ដូច​យើង​នាំ​ទំនិញ​ទៅគេ គេ​នាំ​ទំនិញ​មក​យើង។ យើង​រៀន​ពីគេ គេ​ក៏​រៀន​ពី​យើង»។ 

បើនិយាយ​ពី​ទំនាក់​ទំនង​កម្ពុជា​ចិន​វិញ លោក ប៊ុនថង និយាយ​ថា ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ចុងក្រោយ​នេះ​ ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ក៏​ល្អដែរ​ ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​រក​វិធី​លើក​កម្ពស់​ទំនាក់​ទំនង​នេះ​ដែរ។

លោកបន្តថា «ចំពោះ​បទ «មាន់ស្រែ»វិញ ទោះបី​ជា​វា​មិន​មែន​ជា​បទ​ដែល​មាន​ខ្លឹមសារ​ល្អ​ណាស់​ណា​ក៏​ដោយ ក៏ប៉ុន្តែតាម​ការ​សង្កេត​របស់​ខ្ញុំ​ឃើញ​ថា វា​មាន​ភាព​ទាក​ទាញ់​លើ​បទ​ភ្លេងនិង​ទំនុក​ច្រៀង​ដែល​កន្ត្រាក់​អារម្មណ៍»៕