ភ្នំពេញ: អ្នកជិះកង់ចម្ងាយឆ្ងាយដ៏ល្បីឈ្មោះ ទីវ តារារិទ្ធិ បានចេញដំណើរបេសកកម្មដ៏អស្ចារ្យមួយនាថ្ងៃនេះ គឺការជិះកង់ផ្សងព្រេងរយៈពេលមួយឆ្នាំ ចម្ងាយ ២ម៉ឺនគីឡូម៉ែត្រពីកម្ពុជាទៅទ្វីបអឺរ៉ុប។
បេសកកម្មជាប្រវត្ដិសាស្ដ្រសម្រាប់កម្ពុជានេះ មានបំណងរកប្រាក់ចំនួន ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់មន្ទីរពេទ្យកុមារ ជាពិសេស មន្ទីរពេទ្យកុមារអង្គរ (AHC) ខណៈដែលមន្ទីរពេទ្យនេះប្រារព្ធខួបលើកទី ២៥ របស់ខ្លួន។
ផ្លូវដែលបានគ្រោងទុកយ៉ាងល្អិតល្អន់របស់លោក តារារិទ្ធិ ដែលលាតសន្ធឹងលើ ២៥ ប្រទេស ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីរដ្ឋាភិបាលកម្ពុជា និងមន្ទីរពេទ្យផ្ទាល់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែមិថុនា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្តែងការគាំទ្ររបស់ក្រសួងចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់លោក តារារិទ្ធិ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិ និងសុខុមាលភាពរបស់កុមារ ក៏ដូចជាទារក។
លោកបានថ្លែងថា៖«ប្អូន ទីវ តារារិទ្ធិ នឹងចេញដំណើរនៅដើមខែមិថុនា ដោយឆ្លងកាត់ចំនួន ២៥ ប្រទេស ដោយភ្ជាប់ទៅជាមួយនូវទង់ជាតិប្រទេសកម្ពុជា។ នេះជាមោទនភាពក្នុងនាមជាជនជាតិខ្មែរម្នាក់ ដែលបានផ្សព្វផ្សាយអំពីប្រទេសរបស់ខ្លួនតាមរយៈសកម្មភាពមនុស្សធម៌ ហើយអ្វីដែលសកម្មភាពរបស់ប្អូនធ្វើគឺការរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យចំនួនពីរ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ»។
ជាមួយបទពិសោធធ្វើដំណើរផ្សងព្រេងតំបន់ព្រៃជ្រៅ តំបន់ដាច់ស្រយាលរយៈពេល ៦ ឆ្នាំ និងដោយមើលឃើញពីបញ្ហាខ្វះខាតមន្ទីរពេទ្យ សាលារៀន និងឱសថ លោក តារារិទ្ធិ មានបំណងចូលរួមកិច្ចការសង្គមតាមរយៈការរៃអង្គារប្រាក់ជួយដល់កុមារកម្ពុជា។
នៅឆ្នាំ ២០២៣ លោក តារារិទ្ធិ បានធ្វើដំណើរចម្ងាយ ៩ពាន់គីឡូម៉ែត្រឆ្លងទ្វីបអាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យ។
ចាប់ផ្តើមបេសកកម្មនៅថ្ងៃទី៣១ ខែឧសភា លោក តារារិទ្ធិ បានជិះកង់ឆ្លងកាត់ប្រទេសវៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងគោលបំណងប្រមូលប្រាក់ចំនួន ៥ម៉ឺនដុល្លារ។
ទោះបីជាប្រឈមមុខនឹងបញ្ហា ដូចជា ការខូចកង់ និងជំងឺក៏ដោយ ក៏លោកនៅតែប្តេជ្ញាចិត្ត និងរៃអង្គាសប្រាក់បានជិត ៦ម៉ឺនដុល្លារត្រឹមថ្ងៃទី ២៦ ខែសីហាឆ្នាំមុន។
មូលនិធិនេះបានគាំទ្រដល់មន្ទីរពេទ្យ AHC ដោយផ្តល់ការថែទាំសុខភាពដល់កុមារជាង ៤០០ នាក់ជារៀងរាល់ថ្ងៃដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ការខិតខំប្រឹងប្រែងរបស់លោក តារារិទ្ធិ ទទួលបានការទទួលស្គាល់ និងការគាំទ្រពីសប្បុរសជនក្នុងស្រុក និងអន្តរជាតិ។
លោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាលមន្ទីរកុមារអង្គរ ខេត្តសៀមរាប បានចាត់ទុកជាវីរៈបុរសរបស់កម្ពុជា ជាពិសេសសម្រាប់កុមារ។
មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងរយៈពេល ២៥ឆ្នាំ ដោយបានធ្វើការពិនិត្យព្យាបាលជំងឺកុមារ បានប្រហែលជាខ្ទង់ ៣ លានករណី ហើយជាមធ្យមក្នុងមួយឆ្នាំមន្ទីរពេទ្យមួយនេះបានធ្វើការពិគ្រោះ និងកុមារជាង ១០ម៉ឺននាក់ ខណៈដែលក្នុងមួយថ្ងៃមានប្រមាន ៤០០នាក់។
លោក វីរៈ បាននិយាយថា៖ « ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ចំណាយថវិកាពី ៥ ទៅ ៦ លានដុល្លារ ដោយថវិកាប្រមាណ ៧០ភាគយបានមកពីការជួយរបស់សប្បុរសជន នៅក្រៅប្រទេស និងប្រមាណ ៣០ភាគរយបានមកពីសប្បុរសជនក្នុងប្រទេស»។
លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផា បាននិយាយថា មន្ទីរពេទ្យបានដាក់ដំណើរឡើងវិញនៅឆ្នាំ១៩៩២ រហូតដល់ពេលនេះ មានរយៈពេលជាង ៣០ឆ្នាំ ដោយស្រ្តីមានផ្ទៃពោះឆ្លងទន្លេជាង ២៣លានករណី។
លោកថ្លែងថា៖ «មន្ទីរពេទ្យព្យាបាលជំងឺបេះដូងចំហបានជាង ៨ពាន់ករណី សម្រាប់ការចំណាយថវិការបស់មន្ទីរពេទ្យគន្ធបុប្ផា ចន្លោះពី ៤០ ទៅ ៤៥ លានដុល្លារ ក្នុងមួយឆ្នាំ។ បើគិតជាការចំណាយប្រចាំថ្ងៃវិញ ស្មើនឹង ១២ម៉ឺនដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងខេត្តសៀមរាប»។
ទោះបីជាជួបប្រទះនឹងឧបសគ្គទិដ្ឋាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថានក៏ដោយ ក៏លោក តារារិទ្ធិ ទទួលបានទិដ្ឋាការគ្មានការរឹតត្បិតក្នុងការធ្វើដំណើរទូទាំងទ្វីបអឺរ៉ុប។ លោកនឹងចេញពីខេត្ដសៀមរាបឆ្លងកាត់ប្រទេសឡាវ ថៃ បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងតួកគី ដោយត្រូវហោះកាត់ប្រទេសមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាន ដោយសារការរឹតបន្តឹងការធ្វើដំណើរ។
ជាមួយកង់ដែលមានគុណភាពខ្ពស់អាចផ្ទុកទម្ងន់បានជិត ១០០ គីឡូក្រាមនោះ លោក តារារិទ្ធិ បានត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនៅខាងមុខ។
ការធ្វើដំណើររបស់លោកត្រូវឆ្លងកាត់ផ្លូវក្រាលកៅស៊ូ ផ្លូវលំបាក និងផ្លូវឡើងភ្នំ កាត់ព្រៃអាចប្រើពេល ១០ខែ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់ដែលអាចបន្តរហូតដល់មួយឆ្នាំទៀតបន្ទាប់ពីការត្រឡប់មកវិញរបស់លោក។
លោក តារារិទ្ធិ បានចែករំលែកថា៖ «ខ្ញុំនឹងជិះកង់ពីព្រលឹមរហូតដល់ព្រលប់ រៀបចំការបោះជំរំ និងកាត់វីដេអូ។ ទម្លាប់ប្រចាំថ្ងៃ រួមបញ្ចូលការជិះកង់ ការបង្កើតមាតិកាវីដេអូកម្សាន្ដ និងការចូលរួមសហគមន៍ ដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះបុព្វហេតុមនុស្សធម៌ និងជំរុញការបរិច្ចាគ»។
លើសពីសមត្ថភាពផ្ទាល់ខ្លួន ដំណើរផ្សងព្រេងពីកម្ពុជាទៅអឺរ៉ុបរបស់យុវជនកម្ពុជា ជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់កុមារកម្ពុជាដែលកំពុងប្រយុទ្ធនឹងជំងឺធ្ងន់ធ្ងរ ដូចជា មហារីកជាដើម៕