ភ្នំពេញ: នាវា MV Doulos Hope ជាបណ្ណាល័យបណ្តែតដែលដំណើរការដោយក្រុមហ៊ុន OM Ships International បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់ខ្លួនទៅកាន់កំពង់ផែស្វយ័តភ្នំពេញ ដោយបានបន្ថែមសៀវភៅខ្មែរថ្មីៗសម្រាប់ប្រជាជនខ្មែរ។
ការបន្ថែមនេះមានគោលបំណងធ្វើឱ្យការអានកាន់តែងាយស្រួល និងរីករាយសម្រាប់ភ្ញៀវកម្ពុជា បង្កើនបទពិសោធន៍ផ្នែកអក្សរសាស្ត្រជាមួយសៀវភៅជាភាសាខ្មែរ។
កញ្ញា Wilma Hildebrand បុគ្គលិកមកពីប្រទេសប៉ារ៉ាហ្គាយនៅលើនាវា Doulos Hope បានចែករំលែកក្តីរំភើបរបស់កញ្ញាអំពីការមកដល់របស់នាវានេះនៅភ្នំពេញ។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងមិនដែលមកភ្នំពេញពីមុនមកទេ យើងធ្លាប់ទៅខេត្តព្រះសីហនុ ប៉ុន្តែមកភ្នំពេញតម្រូវឱ្យយើងធ្វើនាវាចរណ៍តាមដងទន្លេមេគង្គ។ កប៉ាល់តូចនេះបានផ្តល់ឱកាសឱ្យយើងធ្វើទស្សនកិច្ចនេះ»។
នៅថ្ងៃបើកដំណើរការរបស់ខ្លួនគឺថ្ងៃទី៥ ខែមិថុនា អ្នកទស្សនាប្រហែល ៣០០ នាក់បានមកលើនាវាដើម្បីមើល អាន និងទិញសៀវភៅ។
កញ្ញា Hildebrand បានសង្កត់ធ្ងន់ថា ពួកគេមិនផ្តោតលើចំនួនអ្នកទស្សនាទេ ប៉ុន្តែពេញចិត្តចំពោះបទពិសោធន៍របស់អ្នកទស្សនាគ្រប់គ្នា ជាមួយនឹងក្រុមនាវិកអន្តរជាតិ និងពិព័រណ៍សៀវភៅ។
លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន បានឱ្យដឹងថា ពេលឃើញមានការចែករំលែកនៃការមកដល់របស់នាវាបណ្ណាល័យចល័តនេះ លោកមានអារម្មណ៍រីករាយ និងបន្ដចែករំលែកទៅកាន់សិស្ស-និស្សិត ក៏ដូចជាអ្នកនិយមការអានដទៃទៀត។
ជាអ្នកស្រឡាញ់ការអានម្នាក់ លោក រស់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមិនទាន់បានឃើញ បានទៅដល់ផ្ទាល់នោះទេ តែខ្ញុំរំភើបរីករាយពេលមានបណ្ណាល័យចល័តរបស់អាល្លឺម៉ង់នេះមកដល់ភ្នំពេញ។ ទោះមិនសម្បូរសៀវភៅភាសាខ្មែរ ខ្ញុំជឿថា យុវជនខ្មែរក៏អាចអានភាសាអង់គ្លេសបានផងដែរ»។
មុនពេលចូលចតនៅភ្នំពេញ នាវា Doulos Hope បានធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង ហើយគ្រោងនឹងចេញដំណើរទៅប្រទេសសិង្ហបុរីបន្ទាប់។
បេសកកម្មរបស់នាវាគឺដើម្បីចែករំលែកចំណេះដឹង ជំនួយ និងផ្ដល់ក្តីសង្ឃឹម ជាចម្បងតាមរយៈសៀវភៅ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។
កញ្ញា Hildebrand ពន្យល់ថា៖ «Doulos មានន័យថា អ្នកបម្រើនៅក្នុងភាសាក្រិច។ ដូច្នេះយើងខិតខំធ្វើជាអ្នកបម្រើនៃក្តីសង្ឃឹម ហើយចែករំលែកក្តីសង្ឃឹមដែលយើងមាននៅក្នុងព្រះយេស៊ូវ»។
ពិព័រណ៍សៀវភៅបណ្តែតទឹកនៅកំពង់ផែស្វយ័តភ្នំពេញនឹងបើកពីថ្ងៃទី៥ ដល់១៦ មិថុនា និងថ្ងៃទី២២ មិថុនា ដល់ថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤។
អ្នកទស្សនាអាចទស្សនាពិព័រណ៍ចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យចន្លោះម៉ោង ១២:៣០ ថ្ងៃដល់ម៉ោង ៧:៣០ យប់ ដោយសម្រាកនៅថ្ងៃចន្ទ។
ទន្ទឹមនឹងការទិញសៀវភៅ ដែលតម្លៃភាគច្រើនចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនរៀល អ្នកទស្សនាអាចរីករាយជាមួយកាហ្វេនៅលើនាវា ខណៈពេលកំពុងគយគន់ទេសភាពនៃទន្លេសាប និងស្ពានជ្រោយចង្វារដ៏អ៊ូអរ។
ការទស្សនានាវា និងអានសៀវភៅ មិនគិតថ្លៃទេ ដែលធ្វើឱ្យពិព័រណ៍លើនាវានេះកាន់តែទាក់ទាញភ្ញៀវក្នុងស្រុកបន្ថែមទៀត។
ដោយផ្លាស់ប្តូរពីនាវាទេសចរណ៍ នាវា MV Doulos Hope ធ្វើដំណើរជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់អក្ខរកម្ម និងការអប់រំ។
ចាប់តាំងពីការបើកដំណើរការឡើងវិញនៅក្នុងខែឧសភា ឆ្នាំ២០២៣ នាវា MV Doulos Hope បានទៅដល់ប្រទេសជាច្រើន ដោយទាក់ទាញអ្នកទស្សនាជិត ១២ម៉ឺននាក់ និងលក់សៀវភៅបានប្រហែល ១៥ម៉ឺនក្បាល។
នាវិកអន្តរជាតិលើនាវាដែលមានជាង ៥០ សញ្ជាតិជំរុញការផ្លាស់ប្តូរវប្បធម៌ និងចូលរួមក្នុងគំនិតផ្តួចផ្តើមក្នុងស្រុកដើម្បីគាំទ្រអក្ខរកម្ម និងមនសិការសង្គម៕