ភ្នំពេញ៖ អ្នកជិះកង់ឆ្លងទ្វីបដើម្បីបុព្វហេតុកុមារកម្ពុជា លោក ទីវ តារារិទ្ធ ថ្មីៗនេះបានបញ្ចប់ការធ្វើដំណើរចម្ងាយជាងពីរពាន់គីឡូម៉ែត្រឆ្លងកាត់ប្រទេសឡាវ ដែលបន្សល់ទុកនូវមេរៀនជីវិតដ៏មានតម្លៃ និងការចងចាំមិនអាចបំភ្លេចបាន។
ដំណើរផ្សងព្រេងមួយខែដំបូងក្នុងរយៈពេលមួយឆ្នាំរបស់លោក តារារិទ្ធ បាននាំរូបលោកឆ្លងកាត់គ្រប់ខេត្ត និងទីក្រុងក្នុងប្រទេសឡាវ ជាមួយទេសភាពធម្មជាតិ និងតំបន់ជាច្រើនរបស់ប្រទេសមិនជាប់សមុទ្រមួយនេះ។
លោកបានចែករំលែកថា៖ «ឡាវជាប្រទេសគ្មានដែនសមុទ្រដែលមានធនធានធម្មជាតិយ៉ាងសម្បើម។ ភ្នំខ្ពស់ ព្រៃក្រាស់ និងទីប្រជុំជនដាច់ស្រយាលនៅភាគខាងជើងបានអនុញ្ញាតឱ្យខ្ញុំរកឃើញថា ខ្ញុំជានរណា»។
ជិះឆ្លងកាត់ភាពងងឹតនៃពេលយប់ តារារិទ្ធ តែងតែមានអារម្មណ៍ដូចជាលោកនៅលើភពផ្សេង។ លោកបាននិយាយថា៖ «ខ្ញុំហាក់ដូចជារស់នៅតែម្នាក់ឯងជាមួយនឹងសំឡេងធម្មជាតិ ផ្កាយភ្លឺចែងចាំង និងសម្លឹងមើលទិដ្ឋភាពដែលមិនមែនអ្នករាល់គ្នាអាចមើលឃើញនោះទេ»។
ដំណើរនេះមិនមែនគ្មានឧបសគ្គនោះទេ។ លោក តារារិទ្ធ បានជួបឧបទ្ទវហេតុមួយនៅខាងក្រៅទីក្រុងវៀងច័ន្ទ ដែលបណ្តាលឱ្យរបួសមាត់ និងកង់រងការខូចខាតយ៉ាងដំណំ។
លោកបានរៀបរាប់ថា៖ «ខ្ញុំបានធ្វើកំហុសដោយជិះកង់ក្នុងពេលងងុយគេងទើបបណ្តាលឱ្យបុកជាមួយគូទរថយន្តគេ»។
ថ្វីត្បិតតែមានការលំបាកក៏ដោយ លោកនៅតែមានកម្លាំងចិត្ដ និងទទួលបានការគាំទ្រពីសហគមន៍មូលដ្ឋាន និងប្រជាជនកម្ពុជានៅទីក្រុងវៀងចន្ទន៍។
ចំណុចសំខាន់មួយក្នុងការធ្វើដំណើររបស់លោក គឺការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនឡាវ។ លោកបាននិយាយថា៖ «ពួកគេតែងតែញញឹមស្វាគមន៍អ្នកធ្វើដំណើរដូចខ្ញុំ»។
ស្នាក់នៅវត្តព្រះពុទ្ធសាសនាតាមផ្លូវ លោកបង្ហាញពីភាពរីករាយក្នុងការស្វែងអំពីព្រះពុទ្ធសាសនានៅប្រទេសឡាវ ជាពិសេសលោកអាចសន្សំប្រាក់លើការស្នាក់នៅ។ រូបថតរបស់លោកពីការស្នាក់នៅទាំងនេះបានទាក់ទាញមនុស្សជាច្រើនដែលបង្ហាញពីភាពស្រស់ស្អាតស្ងប់ស្ងាត់នៃប្រទេសឡាវ។
ពេញមួយបេសកកម្មនៅប្រទេសឡាវ លោក តារារិទ្ធ បានជួបបុគ្គលផ្សេងៗ ដែលបានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយគ្នា។
នៅទីក្រុងវៀងចន្ទន៍ លោកបានជួបលោក Ken ជាជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលបានចែករំលែកបទពិសោធន៍ និងការងារសិល្បៈរបស់លោកទាក់ទងនឹងភាពចលាចលនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកបានពន្យល់ថា៖ «យើងបាននិយាយច្រើនអំពីបញ្ហាទាំងនេះ ហើយគាត់បានបង្ហាញខ្ញុំពីការថតរូបរបស់គាត់ និងការតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា»។
ដំណើរនេះក៏បានអនុញ្ញាតឱ្យលោកភ្ជាប់ទំនាក់ទំនងជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងសម្រាប់សកម្មភាពជិះកង់មនុស្សធម៌ក្នុងគោលបំណងរៃអង្គាសថវិកាដល់កុមារកម្ពុជា។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ លោក តារារិទ្ធ បានមើលឃើញរាល់បទពិសោធន៍ជាមេរៀន។
លោកបានកត់សម្គាល់ថា៖ «រាល់បទពិសោធទាំងអស់បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ខ្ញុំ ជាពិសេសជាការរំឭកដ៏សំខាន់មួយថា ខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នបំផុត និងកុំធ្វើឱ្យមានកំហុសនៅពេលអនាគត» ។
ដំណើររបស់លោក តារារិទ្ធ ឆ្លងកាត់ប្រទេសឡាវ គឺជាសក្ខីភាពនៃថាមពលការតស៊ូ និងកម្លាំងដែលកើតចេញពីទំនាក់ទំនងរបស់ប្រជាជនខ្មែរ និងឡាវ។
លោកបានអះអាងថា៖ «អ្នកនឹងមិនជួបការភ័យខ្លាចទេនៅពេលដែលអ្នកមានការស្រឡាញ់ជ្រាលជ្រៅ។ ក្ដីស្រឡាញ់មានថាមពលដ៏អស្ចារ្យដែលយើងនឹកស្មានមិនដល់ ហើយវាអាចបំបាត់ការភ័យខ្លាចទាំងអស់»។
នៅពេលដែលបន្តបេសកកម្មជិះកង់ លោក តារារិទ្ធ នៅតែដឹងគុណចំពោះការគាំទ្រ និងទទួលបានបទពិសោធមេរៀនបន្ថែម។
លោកបានបញ្ចប់ថា៖ «នៅមានផ្លូវវែងឆ្ងាយទៀតហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងមានរឿងជាច្រើនទៀតដែលខ្ញុំនឹងបន្តចែករំលែកជាមួយអ្នកទាំងអស់គ្នា»។
មហិច្ឆតារបស់លោក តារារិទ្ធ គឺជិះពីកម្ពុជាទៅអឺរ៉ុបក្នុងរយៈពេល ៣៦៥ ថ្ងៃខាងមុខ។ នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការគាំទ្រចំពោះបុព្វហេតុមនុស្សធម៌ផ្សេងៗ បន្តដំណើរនៃក្តីស្រឡាញ់ ក្តីមេត្តា និងការផ្សងព្រេងរបស់លោក។
លោកបានចែករំលែកថា៖ «ខ្ញុំមានក្ដីរីករាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។ ការជិះកង់ទៅកាន់ទ្វីបអឺរ៉ុបមិនមែនគ្រាន់តែជាបញ្ហាប្រឈមផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្មផ្សព្វផ្សាយក្តីសង្ឃឹម និងលើកទឹកចិត្តអ្នកដទៃ»។
ចាប់តាំងពីបានបញ្ចប់ការជិះកង់ចម្ងាយពីរពាន់គីឡូម៉ែត្រឆ្លងកាត់ប្រទេសឡាវ ឥឡូវនេះ លោក តារារិទ្ធ កំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងឈៀងម៉ៃក្នុងប្រទេសថៃ។
ដោយសារបញ្ហាទិដ្ឋាការ លោកមិនអាចធ្វើដំណើរឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងជិះយន្ដហោះរំលងប្រទេសជំនួសវិញ។
បន្ទាប់មក លោក តារារិទ្ធ នឹងបន្តដំណើរផ្សងព្រេងរបស់លោកនៅក្នុងប្រទេសបង់ក្លាដែស ដោយប្តេជ្ញាចិត្តជំនះរាល់ឧបសគ្គ និងស្វែងរកបទពិសោធថ្មីៗទៀត៕