សមាគមកាយ​ឫទ្ធិនារី​កម្ពុជា​ កំពុង​ធ្វើ​យុទ្ធនាការ​ «ចាស់​អ្នក ​ថ្មី​ខ្ញុំ» ដើម្បី​ប្រមូល​របស់​របរ ​សម្ភារៈ​ចាស់ៗ​ដែល​នៅ​អាច​ប្រើ​ប្រាស់​បាន​ដើម្បី​ចែក​ជូន​បន្ត​ទៅ​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី៣១ ខែ​កក្កដា​នេះ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សមាគម។

សមាគម​នេះ​ដឹកនាំ​ដោយ​លោកស្រី ពេជ្រ ចន្ទមុន្នី ភរិយា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ដែល​មាន​បេសកម្ម​ចូលរួម​អភិវឌ្ឍ​ដល់​ក្មេង​ស្រី និង​ស្ត្រី​ ដើម្បី​ឲ្យ​ពួកគាត់​ក្លាយ​ជា​ពលរដ្ឋ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ប្រទេស​និង​ពិភពលោក។

យុទ្ធនាការ​ប្រមូល​របស់​របរ​ចាស់ៗ​ដើម្បី​បរិច្ចាគ​ទៅ​អ្នក​ដែល​ខ្វះ​ខាត ទទួល​បាន​ការ​គាំទ្រ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា៖ «យុទ្ធនាការ ចាស់​អ្នក​ ថ្មីខ្ញុំ​ ចាប់​ពីថ្ងៃ​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី៣១ ​ខែ​កក្កដា​ ឆ្នាំ២០២៤​ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ​មាន​រៀបចំ​យុទ្ធនាការ «ចាស់អ្នក​ ថ្មីខ្ញុំ»​ ដើម្បី​ទទួល​យក​របស់​របរ​មាន​ដូចជា សំលៀក​បំពាក់ ឬ​សម្ភារ​សិក្សា ​ដែល​លោក​អ្នក​ឈប់​ប្រើ​ប្រាស់ តែ​នៅ​មាន​គុណភាព​ល្អ​ យក​ទៅ​កែច្នៃ​ឱ្យ​ក្លាយ​ជា​របស់​របរ​ថ្មី ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​ត្រូវការ។

នេះ​ជា​លើក​ទី១​ហើយ ដែល​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ធ្វើ​យុទ្ធនាការ​ប្រមូល​របស់​ចាស់ៗ ដែល​នៅ​មាន​គុណភាព​នេះ។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ គាំទ្រ​ការ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​យុទ្ធនាការ​បែប​នេះ ព្រោះវា​ក៏ជា​វប្បធម៌​ចែករំលែក​មួយ​ដែល​តែង​មាន​នៅ​ក្នុង​សង្គម​ខ្មែរ។

លោក​និយាយ​ថា៖ «នេះ​ជា​ការ​បន្ត​វប្បធម៌​ខ្មែរ​យើង​ដែល​មាន​រក្សា​ខ្សត់ ​ឬ​អ្នក​ក្រីក្រ។ វា​ជាចំណែក​មួយ​ដែល​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដោយ​សារ​បញ្ហា​ផ្សេងៗ។ គម្រោង​នេះ​ល្អ ព្រោះវា​បណ្ដុះ​វប្បធម៌​នៃ​ការ​ចែករំលែក ហើយ​វា​ក៏ចូលរួម​គោលការ​ប្រើប្រាស់​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន»។

បើតាម​សមាគន ការបរិច្ចាគ​អាច​ធ្វើ​ឡើង​នៅ​ផ្ទះលេខ ​៥អេ ផ្លូវលេខ ១៣៤ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ៕