ភ្នំពេញ៖ ពិធីបុណ្យ​ផ្កាយ​ ឬតា​ណា​បា​តា ជប៉ុន​-​កម្ពុជា ឆ្នាំ២០២៤ បាន​បើក​កម្មវិធី​ប្រារឰ​​នៅ​ថ្ងៃទី​១២ ខែកក្កដា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។​

​ពិធី​បុណ្យ​ប្រពៃណី​ជប៉ុន​​ដែល​គ្រោង​នឹង​ដំណើរការ​រហូតដល់​ថ្ងៃទី​១៤ ខែកក្កដា ​នឹង​ក្លាយ​ជាឱកាស​​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។​

ពិធី​បើក​នេះត្រូវបាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកអគ្គរដ្ឋទូត UENO Atsushi និង​លោកស្រី​ ប៉ែន មុនី​មករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

លោក ហង់ ជួនណា​រ៉ុ​ន បាន​កោតសរសើរ​ចំពោះការ​រៀបចំ​​​ពិធីបុណ្យ​នេះ ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​រឹងមាំ​។

លោកបាន​ថ្លែង​ថា៖ «​ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា​​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះការ​រៀបចំ​​ពិធីបុណ្យផ្កាយ​ជប៉ុន​-​កម្ពុជា​។​ ​ព្រឹត្តិការណ៍​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​វប្ប​ធម៌ និង​ការផ្លាស់ប្តូរ​ការសិក្សារ​វាង​ប្រជាជន​ជប៉ុន និង​កម្ពុជា​»។​

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណា​រ៉ុ​ន ថ្លែង​ក្នុង​​កម្មវិធី​ប្រារឰ​​នៅ​ថ្ងៃទី​១២ ខែកក្កដា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។​ រូបថត ហុង រស្មី

លោក​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​នេះ ខណៈ​ CJCC ប្រារព្ធ​ខួប​លើក​ទី២០របស់ខ្លួន​ថា៖ «​វា​គឺជា​ទំនាក់ទំនង​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការអប់រំ​រវាង​ប្រជាជាតិ​យើង​ទាំងពីរ ពង្រឹង​ចំណងមិត្តភាព និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ពង្រឹង​ទំនាក់ទំនង​យូរអង្វែង​របស់​យើង»​។​

លោក​ក៏បានអបអរ​ផងដែរ​ចំពោះ​​​ខួប​លើក​ទី៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន ដោយ​សង្កត់ធ្ងន់​លើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​បានរៀបចំ​ឡើង​ក្នុង​ឆ្នាំ២០២៣ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​។​

លោក​ឯកអគ្គរដ្ឋទូតជប៉ុន​ UENO Atsushi បាន​បើក​ពិធីបុណ្យ​នេះ​ជាមួយនឹង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នៃ​ពិធីបុណ្យតាណាបាតា​ ឆ្នាំ២០២៤​។ 

លោក​បាន​ថ្លែង​ថា បុណ្យ​តា​ណា​បា​តា ឬ​ពិធីបុណ្យ​ផ្កាយ គឺជា​ប្រពៃណី​ជប៉ុន​ដ៏​រីករាយ​ ដែល​ប្រជាជន​សរសេរ​សេចក្តីប្រាថ្នា​របស់​ពួកគេ​នៅលើ​បន្ទះ​ក្រដាស​ពណ៌ ហើយ​ព្យួរ​វា​នៅលើ​ដើម​ឫស្សី​។​

លោក Atsushi បាន​បន្ដ​ថា៖ «​គោលបំណង​នៃ​ពិធីបុណ្យ​នេះ​គឺ​ដើម្បី​ណែនាំ​ប្រពៃណីតាណាបាតា​ ដល់​ប្រជាជន​កម្ពុជា និង​កសាង​ទំនាក់ទំនង​វិជ្ជមាន​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​»។​

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណា​រ៉ុ​ន និងលោក​ឯកអគ្គរដ្ឋទូតជប៉ុន​ UENO Atsushi ​ក្នុង​​កម្មវិធី​ប្រារឰ​​នៅ​ថ្ងៃទី​១២ ខែកក្កដា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។​ រូបថត ហុង រស្មី

ពិធី​បុណ្យ​​ដែល​រៀបចំ​ដោយ CJCC ការិយាល័យ​ទំនាក់ទំនង​ភ្នំពេញ​នៃ​មូលនិធិ​ជប៉ុន និង​ស្ថានទូត​ជប៉ុន បង្ហាញ​ពី​សកម្មភាព​វប្បធម៌​ចម្រុះ​។​

ទាំងនេះ​រួមមាន​ការសម្តែង Kendama ការប្រកួតប្រជែង​ច្រៀង​ចម្រៀង​ជប៉ុន "Nodojiman" សិក្ខាសាលា​អប់រំ និង​ថ្នាក់​ធ្វើ​ម្ហូប​។​

លោក Atsushi បាន​បន្ថែមថា៖ «​យើង​សង្ឃឹមថា ​ពិធីបុណ្យ​នេះ​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ឱកាស​ដើម្បី​រីករាយ​ជាមួយ​បទពិសោធន៍​ថ្មីៗ​ជាច្រើន ស្វែងយល់​អំពី​វប្បធម៌​ជប៉ុន និង​មាន​អារម្មណ៍​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជប៉ុន»​។​

លោក​បាន​លើកឡើង​ថា ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងមកនេះ CJCC បាន​បម្រើការ​ជា​មជ្ឈមណ្ឌល​ត​ភ្ជាប់​ប្រទេស​របស់​​ទាំងពីរ ដោយបាន​ពង្រីក​ជា​បណ្តើ​រៗ ដើម្បី​ក្លាយជា​ទំនាក់ទំនង​សម្រាប់​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។​

លោក​បាន​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ទស្សនា​មជ្ឈមណ្ឌល​នេះ និង​ប្រើប្រាស់​សម្ភារៈ​បរិក្ខារ​រ​បស់​ខ្លួន ដោយ​សង្ឃឹមថា វា​នៅតែ​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រជាជាតិ​ទាំងពីរ​។​

​លោកស្រី ប៉ែន មុនី​មករា បាន​គាំទ្រ​ការ​លើក​ឡើង​ទាំង​នេះ​ ដោយ​សង្កត់ធ្ងន់ថា ពិធីបុណ្យ​នេះ​ជា​និមិត្តរូប​នៃ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​ដ៏​រឹងមាំ​។​

​លោកស្រី​បាន​ថ្លែង​​ថា៖ «​ពិធីបុណ្យតាណាបាតា​ ពោរពេញ​ទៅដោយ​សកម្មភាព​វប្បធម៌​ដ៏​រំភើប និង​ការសម្តែង​ដោយ​សិល្បករ​មកពី​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន»​។​​ ឆ្នាំនេះ គឺជា​សក្ខីភាព​មួយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ដ៏​រឹងមាំ​របស់​យើង​ រួមទាំង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​រីកចម្រើន ជាពិសេស​ក្នុងចំណោម​យុវជន»​។​

​ពិធីបុណ្យ​នេះ​មិន​ត្រឹមតែ​ប្រារឰ​នូវ​ទំនៀម​ទំលាប់​ដ៏​សម្បូរបែប​របស់​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ចំណងមិត្តភាព​យូរអង្វែង និង​ស្មារតី​សហការ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​៕