កំពង់ស្ពឺ៖ ការ​លាចាក​លោក​របស់​ព្រឹទ្ធាចារ្យ​​ចាប៉ី​ដងវែង លោកតា​ គង់ ណៃ គឺជា​ការ​បាត់បង់​ធនធាន​មរកត​មនុស្ស​រស់​ក្នុង​វិស័យ​សិល្បៈ​ប្រពៃណី​​ដ៏​សម្បូរបែប​របស់​កម្ពុជា។

បន្ទាប់ពី​មរណៈ​ភាព​កាលពី​ថ្ងៃទី២៨ ខែ​មិថុនា របស់​លោកតា គង់ ណៃ អាយុ​ ៨០​ឆ្នាំ អ្នក​គាំទ្រ​សិល្បៈ​ជាច្រើន​មាន​ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​​ទម្រង់​សិល្បៈ​ចាប៉ី​ដងវែង​នេះ។

យ៉ាងណាមិញ យុវជន​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ កំពុង​បង្កើត​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ចំពោះ​សមត្ថភាព​ច្រៀង​ចាប៉ី​ដង​វែង។

ជាមួយ​ប្រាក់​សន្សំ​ត្រឹម​តែ ១០ដុល្លារ​ និង​ជំនាល​ក្តារ​បន្ទះ​ យុវជន​វ័យ ១៦​ឆ្នាំ ដែល​មាន​ចិត្ដ​ស្រឡាញ់​សិល្បៈ​ប្រពៃណី​ខ្មែរ​ បាន​ប្រែ​ក្លាយ​វត្ថុ​ទាំង​នោះ​ទៅជា​​ឧបករណ៍​តន្ដ្រី​ចាប៉ី​ដង​វែង​។ 

នៅ​ពី​មុខ​ផ្ទះ​ស្លឹក​ទ្រុឌទ្រោម​ យុវជន​ សឿង ចិត្រា ហៅ ចៅចិត្រ កំពុង​លេង​ឧបករណ៍​ប្រពៃណី​បុរាណ​ ដោយ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ចាប៉ី​ដង​វែង​ ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​មរតក​វប្បធម៌​របស់​កម្ពុជា។

ចៅ​ចិត្រ​ បាន​និយាយ​ថា៖ «ដោយសារ​តែ​ខ្ញុំ​ស្រឡាញ់​ចាប៉ី​ដង​វែង​តាំងពី​តូច​ ខ្ញុំ​សន្សំ​លុយ​ទិញ​កាវ និង​ធ្វើឧបករណ៍​ចាប៉ី​ដោយ​ខ្លួនឯង ដោយ​រក​ឈើ​ចាស់​ដំ​ជាប់​ជាមួយ​នឹង​ដែក​គោល បន្ទាប់​មក​ខ្ញុំ​រៀន​លេង​វា​ជារៀង​រាល់​ថ្ងៃ»។

ជា​ក្មេង​ប្រុស​ម្នាក់​ ដែល​ស្ថិត​ក្នុង​វ័យ​កំពុង​តែ​ពេញ​ដើរ​តាម​បច្ចេកវិទ្យា​ ជាមួយ​ការ​និយម​ឧបករណ៍​តន្ដ្រី​សម័យ ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ទាន់​សម័យ​ ចៅ​ចិត្រ ឆ្លៀត​ពេល​ពីការ​សិក្សា​មក​កេះ​ចាប៉ី​ក្រោម​ដើម​ត្នោត ក្បែរ​វាល​ស្រែ​នៃ​ខេត្ដ​កំពង់ស្ពឺ និង​ត្រងត្រាប់​ស្ដាប់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង​ច្រៀង​ជាមួយ​វោហា​ស័ព្ទ​ប្លែកៗ​។ 

យុវជន​វ័យ​​ ​១៦​ឆ្នាំរូប​នេះ មិនត្រឹម​​តែជា​ធនធាន​ផ្នែក​សិល្បៈ​បុរាណ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជា​ធន​ធានដ៏​មាន​សារៈសំខាន់​ក្នុង​ការ​អភិរក្ស​វប្បធម៌​នៅ​ក្នុង​ពិភព​ទំនើបកម្ម​យ៉ាង​ឆាប់​រហ័ស​នេះ​ថែម​ទៀត។

បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​ស្លាប​លែង​ ខេត្តកំពង់ស្ពឺ ចំណង់​ចំណូល​ចិត្ត​របស់ ចៅចិត្រ​ ចំពោះ​ចាប៉ី​ដងវែង បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​បាន​ស្ដាប់​រឿង «ខ្យងសម្បុរ​បី» ដោយ មុម សុន​។

យ៉ាង​ណា​ក្ដី យុវជន​សម្បុរ​ស្រអែម​សក់រួញ​អង្គារ​ដី​​រូប​នេះ ​បាន​រំឭក​ថា បទពិសោធន៍​ដំបូង​ដែល​លេង​ចាប៉ី​ដោយ​គ្មាន​គ្រូ​គឺ​មិន​មែន​ជា​រឿង​ល្អ​​ទេ ព្រោះ​សំឡេង​ចាប៉ីគ្មា​ន​ចង្វាក់​ពិត​ជា​រំខាន​​ខ្លាំង​ណាស់។

ចៅ ចិត្រ បាន​និយាយ​ថា ដំបូង​ឡើយ ឪពុកម្តាយ​បាន​រអ៊ូរទាំ​ចំពោះ​សំឡេង​ចាប៉ី​រំខាន​ ដោយសារ​ ចៅចិត្រ លេង​មិន​ត្រូវ​ចង្វាក់​ភ្លេង​។ នេះ​ជា​ហេតុ​ផល​ដែល​យុវជន​រូប​នេះ​ខិតខំ​ស្វះ​​ស្វែងរក​គ្រូបង្វឹក​លេង​​ឧបករណ៍​បុរាណ​នេះ​នៅ​ឆ្នាំ ២០១៩។​

ការ​រអ៊ូរទាំ​នេះ​​បាន​រលាយ​បាត់ទៅ​វិញ​នៅពេល ​ចៅ​ចិត្រ​ ចេះប្រគំ​បទភ្លេង​​​យ៉ាង​ពីរោះ​ជាមួយ​ឧបករណ៍​បុរាណ​ខ្មែរ​ដែល​មិនសូវ​ពេញនិយម​ពីសំណាក់​​យុវវ័យ​នេះ​។​

យុវជន​ សឿង ចិត្រា ហៅ ចៅចិត្រ កំពុង​លេង​ឧបករណ៍​ប្រពៃណី​បុរាណ​ ដោយ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ចាប៉ី​ដង​វែង​ ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​មរតក​វប្បធម៌​របស់​កម្ពុជា។ រូបថត សហការី

ចៅ ចិត្រ ​ទទួល​ស្គាល់​ថា ពេល​រៀន​លេង​ឧបករណ៍​ភ្លេង​ខ្លួន​ឯង​គឺជា​បញ្ហា​ប្រឈម​មួយ តែ​ការ​ច្រៀង​កំណាព្យ​ចុង​ចួន​ប្រកប​ដោយ​ការ​អប់រំ​ទាមទារ​ភាព​ប៉ិន​ប្រសប់​ និង​បត់​បែន។

យុវជន​រូប​នេះ​បាន​និយាយ​ថា៖ «​ការលេង​ចាប៉ី​ទាមទារ​ភាព​ច្នៃប្រឌិត​ និង​ប្រើ​កាព្យ​ចុងចួន​ ធ្វើឱ្យ​ស៊ីចង្វាក់​ជាមួយ​សំឡេង​ចាប៉ី​ ជាពិសេស បង្កប់​នូវ​សារ​អប់រំ»។

តុល្យភាព​នៃ​ទេពកោសល្យ​តន្ត្រី និង​កំណាព្យ​អប់រំ​​នេះ​គឺជា​អ្វីដែល ចៅចិត្រ​ ខិតខំ​សម្រេច​បាន ដោយ​ស្វ័យ​សិក្សា​លើ​កំណាព្យ មើល​អ្នក​ចម្រៀង​ចាប៉ី​ជើង​ចាស់ និង​បង្កើត​ភាព​ច្នៃប្រឌិត​ផ្ទាល់​ខ្លួន។

ការ​លាចាក​​ព្រឹទ្ធាចារ្យ​​ចាប៉ី​ដងវែង លោក គង់ ណៃ ជា​ការ​បាត់​បង់​មរតក​មនុស្ស​ចំពោះ​វិស័យ​សិល្បៈ​តន្ត្រី​ដ៏​សម្បូរបែប​របស់​កម្ពុជា។

ពាក្យពេចន៍​នៃការ​ច្រៀង និង​បទ​ភ្លេង​របស់ព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង គង់ ណៃ​ សម្បូរ​ទៅដោយ​និទានរឿង​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ធ្វើឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ និង​រក្សា​ខ្លឹមសារ​នៃ​ទម្រង់​សិល្បៈ​បុរាណ​នេះ​ឱ្យ​នៅរស់​។​

ដោយសារ​ចាប៉ី​ចាស់​ជំនាន់​មុន​កាន់តែ​ថមថយ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​អនាគត​នៃ​ប្រពៃណី​ដ៏​ជាទី​ស្រឡាញ់​នេះ​។​

នៅក្នុង​ដំណាក់​កាល​ដ៏​សំខាន់​នៃ​កា​រផ្លាស់ប្តូរ​នេះ ការ​លេច​ចេញ​នូវ​ទេពកោសល្យ​វ័យក្មេង​ដ៏​កម្រ ​ដូចជា សឿង ចិត្រា ហៅ ចៅ​ចិត្រ នាំមក​នូវ​ក្តីសង្ឃឹម​ចំពោះ​ចម្រៀង​ចាប៉ី​ដងវែង។

ចៅ​ចិត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ដែល​ព្រឹទ្ធាចារ្យ​ គង់ ណៃ​ ទទួលមរណភាព​។ យើង​បាន​បាត់បង់​មរតក​ដែល​មាន​ជីវិត​ដ៏​មាន​តម្លៃ​ម្នាក់»។

ការ​លះបង់ និង​ការច្នៃប្រឌិត​របស់ ចៅចិត្រ​ ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុងការ​អភិរក្ស​មរតក​តន្ត្រី​របស់​ប្រទេស​កម្ពុជា ដូចជា ​លោក គង់ ណៃ​។​

ការ​ស្រឡាញ់​វិស័យ​សិល្បៈ​ចាប៉ី​ដងវែង​របស់ ចៅចិត្រ​ មិន​ត្រឹមតែ​គោរព​ដល់​មរតក​រៀមច្បង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​និមិត្តរូប​នៃ​ស្ពាន​រវាង​អតីតកាល និង​អនាគត ដែល​ធានា​ថា ព្រលឹង​នៃ​ចាប៉ីដងវែង បន្ត​បន្លឺឡើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ចៅចិត្រ​ បាន​និយាយថា៖ «​ខ្ញុំ​ចូលចិត្ត​ច្រៀង​ចម្រៀង​អប់រំ​អំពី​បញ្ហា​សង្គម ដូចជា ការ​វាយតប់​គ្នា​ដោយ​ក្រុម​ក្មេង​ទំនើង ព្រោះ​វា​ឱ្យ​ខ្ញុំ​ប្រើ​តន្ត្រី​ជា​ឧបករណ៍​ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​សារ​វិជ្ជមាន​ក្នុងចំណោម​យុវជន»។

ចៅចិត្រ​ បាន​ទទួលស្គាល់ថា អ្នកសិល្បៈ​ចាប៉ីដងវែង​​ត្រូវ​ប្រឈម​នឹងការ​​រក​ចំណូល​ពី​សិល្បៈ​បុរាណ​នេះ​។​

យុវជន​រូប​នេះ​បាន​​និយាយថា​៖ «​ខ្ញុំ​ត្រូវបាន​គេ​អញ្ជើញ​ទៅ​សម្តែង​នៅសាលារៀន និង​​ភូមិ​ក្បែរ​នោះ​ក្នុងឱកាស​​សង្ក្រាន្តឆ្នាំ​ថ្មី​ ប៉ុន្តែរដូវ​ភ្លៀង​នេះ មិន​មាន​កម្មវិធី​អ្វី​នោះទេ​​»​។​

ទាំង​នេះ​ជា​អ្វីដែល​​ជំរុញ​ឱ្យ ចៅ​ចិត្រ ផ្តោតលើ​ការសិក្សា​​ ដោយ​ប្រាថ្នា​ចង់​ក្លាយជា​គ្រូបង្រៀន​អក្សរសាស្ត្រ​ខ្មែរ​ សម្រាប់​ជា​អាជីព​គោល​របស់​ខ្លួន​​។​

លោក​សង្ឃឹមថានឹង​សម្រេចបាន​ស្ថិរភាព​ហិរញ្ញវត្ថុ​តាមរយៈ​ការបង្រៀន​ខណៈពេលដែល​លោក​បន្ត​ចិញ្ចឹមចិត្ត​រៀន​​ចាប៉ីដងវែង​ និង​បន្ដ​ចំណេះដឹង​នេះ​ទៅកាន់​យុវជន​ដទៃ​ទៀត​។​

ដោយ​ចាប់​យក​ជំនាញ​ទាំងពីរ​​​ផ្នែក​ ចៅចិត្រ​ មាន​ក្តី​ស្រមៃ​ចង់​ក្លាយជាគ្រូ​​ចាប៉ីដងវែង ថែរក្សា​មរតក​វប្បធម៌​ដ៏​មានតម្លៃ​នេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

យុវជន​រូប​នេះ បាន​​អំពាវនាវ​ដល់​សហគមន៍ និង​អ្នក​ស្រឡាញ់​សិល្បៈ​​ជួយ​គាំទ្រ​សិល្បៈ​បុរាណ​ដោយ​លោក​ថា «​ដោយមាន​ការគាំទ្រ ខ្ញុំ​អាច​ថែរក្សា​ចាប៉ីដងវែង និង​ចិញ្ចឹមជីវិត ជំរុញ​យុវជន​ដទៃទៀត​​ឱ្យ​​ដើរ​តាម និង​រក្សា​មរតក​វប្បធម៌​របស់​យើង​​គង់វង្ស​»​។​

បណ្ដាញ​សង្គម​ TikTok ចៅចិត្រ​ ដើម្បី​ចែករំលែក​ចំណង់​ចំណូល​ចិត្ត​ចំពោះ​ចាប៉ីដងវែង ដោយ​ខ្លួន​ថត​សម្តែង​ច្រៀង​ចាប៉ី​ប្រពៃណី និង​ទទួលបាន​អ្នក​ចូល​មើល​រាប់សែន​ដងចំពោះ​វីដេអូ​នីមួយៗ​​។​

ការសម្តែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ ចៅចិត្រ ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដែល​​ធ្វើ​ឱ្យ​យុវជន​រូប​នេះ​មាន​ឱកាស​​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​​​នេះ​ទៅកាន់​ទស្សនិកជន​ទូលំទូលាយ​។​

ក្រៅពី​ខ្លឹមសារ​ផ្ទាល់ខ្លួន ចៅចិត្រ​ ក៏​បង្ហោះ​ការសម្តែង​របស់​ចាប៉ី​ដងវែង ដូចជា ​លោកតា ប្រាជ្ញ ឈួន និង​លោកតា គង់ ណៃ ជួយ​ថែរក្សា និង​អបអរសាទរ​កេរ្តិ៍មរតក​របស់ខ្លួន ក៏ដូចជា​បំផុស​ទឹកចិត្ត​អ្នកដ​ទៃ​ឱ្យ​ពេញចិត្ត និង​ស្វែងយល់​ពី​មរតក​តន្ត្រី​របស់​កម្ពុ​ជា៕