នៅ​ពេល​និយាយ​ពី​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​បរទេស​សម្រាប់​និស្សិត​កម្ពុជា គេ​អាច​នឹក​ទៅ​ដល់​ប្រទេស​បារាំង​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ស៊ីវិល​ដូចគ្នា​ដោយសារ​តែ​កម្ពុជា​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណា​និគម​បារាំង ឬ​នឹក​ទៅ​ដល់​សហរដ្ឋ​អាមេរិក ឬ​អូស្ត្រាលី ដែល​ជា​ទិសដៅ​ពេញ​និយម។

ប៉ុន្តែ សម្រាប់​កញ្ញា ម៉េង សៀកលីវ វិញ​​បាន​សម្រេច​ចិត្ត​សិក្សា​ច្បាប់​នៅ​ប្រទេស​ចិន ដោយ​មើល​ឃើញ​ឱកាស​ធំៗ​ចំនួន​ពីរ​នៅ​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​បញ្ចប់​ការ​សិក្សា។

កញ្ញា សៀកលីវ មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល និង​បាន​បញ្ចប់​ការ​សិក្សា​ធម្យម​សិក្សា​ទុទិយភូមិ​នៅ​វិទ្យាល័យ ហ៊ុន សែន កោះធំ ក្នុង​ឆ្នាំ ២០២១។ បន្ទាប់​ពី​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ កញ្ញា​បាន​ចាប់​យក​ការ​សិក្សា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​បាន​រយៈ​ពេល ២ ឆ្នាំ ដោយ​កំណត់​គោលដៅ​ក្លាយ​ជា​មេធាវី​នា​ពេល​អនាគត។

នៅ​ឆ្នាំ​ ២០២៣ កញ្ញា​បាន​ឃើញ​ការ​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អំពី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ​យូណាន ក្នុង​ខេត្ត​យូណាន ប្រទេស​ចិន។ ដោយ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ពូ​របស់​ខ្លួន​ និង​មើល​ឃើញ​ឱកាស​ពី​អាហារូបករណ៍​នេះ សៀកលីវ ក៏​បាន​ដាក់​ពាក្យ​ស្នើសុំ​ហើយ​​ក៏​ទទួល​បាន​អាហារូបករណ៍​នេះ ទោះបីជា​ កញ្ញា​មិន​ចេះ​ភាសា​ចិន​សូម្បី​មួយ​ម៉ាត់​ក៏​ដោយ។

បើតាម ​សៀកលីវ ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ​ អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ត្រូវ​មាន​សញ្ញាប័ត្រ​បញ្ជាក់​ពី​សមត្ថភាព​ភាសាចិន ឬ HSK។ ប៉ុន្តែ ករណី​​របស់​កញ្ញា​ គឺ​មិន​មាន​ HSK ទេ ប៉ុន្តែ​កញ្ញា​មាន​កម្រិត​ពិន្ទុ GPA ល្អ​នៅ​ពេល​រៀន​នៅ​វិទ្យាល័យ ដែល​ជា​កត្តា​មួយ​ជួយ​ឲ្យ​កញ្ញា​ទទួល​បាន​អាហារូបករណ៍​នេះ។

នៅ​ដើមឆ្នាំ ២០២៤ កញ្ញា​បាន​ទៅដល់​ខេត្ត​យូណាន ប្រទេស​ចិន​ ហើយ​ចាប់​ផ្ដើម​រៀនភាសា​ចិន ដែល​ជា​ផ្នែក​មួយ​នៃ​អាហារូបករណ៍​រយៈ​ពេល ៤ ឆ្នាំ។ ត្រឹមតែ ៦ ខែ សៀកលីវ ​អាច​និយាយ​ភាសា​ចិន​បាន​ល្អ​សម្រាប់​ការ​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ ព្រម​ទាំង​ទទួល​បាន​ការ​កោត​សរសើរ​ពី​គ្រូ​ភាសា​ចិន​ផងដែរ។

សៀកលីវ​និយាយ​ថា៖ «នៅ​សាកលវិទ្យាល័យ​នេះ ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​រៀន​ច្បាប់។ និស្សិត​ខ្មែរ​ផ្សេង​ទៀត​គាត់​រៀន​ផ្នែក​ធុរកិច្ច​ ឬ​ផ្នែក​សេដ្ឋកិច្ច។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ខាង​ច្បាប់ ដូច្នេះ​ក៏​បន្ត​រៀន​ច្បាប់​តទៅ​ទៀត»។

បច្ចុប្បន្ន​នេះ​ មាន​និស្សិត​កម្ពុជា​ប្រហែល​៨​នាក់​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​យូណាន ​ដោយ​ខ្លះ​ស្ទើរ​តែ​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ​ទៅ​ហើយ ខណៈ​ខ្លះ​ទៀត​ដូច​ជា សៀកលីវ ជាដើម ទើប​តែ​មក​ដល់​នៅ​ក្នុង​ឆ្នាំ​នេះ។

សៀកលីវ បន្ត​ថា៖ «ខ្ញុំចង់​ធ្វើ​ជា​មេធាវី ពីព្រោះ​វា​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ ហើយ​គ្រួសារ​ខ្ញុំ​ក៏​គាំទ្រ​ខាង​ហ្នឹង​ដែរ»។

នៅ​ពេល​សួរ​ថា ហេតុអ្វី​នាង​សម្រេច​ចិត្ត​មក​សិក្សា​នៅ​ប្រទេស​ចិន សៀកលីវ និយាយ​ថា កញ្ញា​ចាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដើម្បី​យល់​ដឹង​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ទៅ​លើ​មុខ​វិជ្ជា​ដែល​កញ្ញា​រៀន​នៅ​ស្រុក​ខ្មែរ។ លើស​ពី​នេះ​ទៀត កញ្ញា​ក៏​មើល​ឃើញ​ឱកាស​ធំៗ​ចំនួន​ពីរ​ទៀត​ដែល នោះ​គឺ​ភាសា​ចិន និង​​តម្រូវ​ការ​ទីផ្សារ​សេវាកម្ម​ច្បាប់​ ជាពិសេស​ក្នុង​ចំណោម​ពលរដ្ឋ​ចិន​ដែល​ទៅ​វិនិយោគ​នៅ​កម្ពុជា។

កញ្ញា​និយាយ​ថា៖ «ទី១ ខ្ញុំ​ឃើញ​ថា ភាសា​ចិន​មាន​សារៈ​សំខាន់។ នៅ​កម្ពុជា បើយើង​ចេះ​ភាសា​ចិន​វា​ជួយ​ឲ្យ​យើង​អាច​រក​ការងារ​បាន​ឆាប់​រហ័ស។ ទី២ ខ្ញុំ​មើល​ឃើញ​ថា​ក្នុង​វិស័យ​ច្បាប់​នៅ​កម្ពុជា​ សេវាកម្ម​ច្បាប់​ជា​ភាសា​ចិន​នៅ​មាន​តិច​តួច។ ដូច្នេះ បើសិន​ជា​ខ្ញុំ​ចេះ ខ្ញុំ​មាន​ឱកាស​ច្រើន»។

សៀកលីវ​បន្ត​ថា៖ «មាន​គេ​ឆ្ងល់​ដែរ​ ហើយ​គេ​ឆាត​សួរ​ថា ម៉េច​បាន​ជាទៅ​រៀន​ច្បាប់​នៅ​ប្រទេស​ចិន​អីចឹង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​ឱកាស។ បើយើង​តាំង​ចិត្ត​រៀន ទោះ​ទៅ​ដល់​កន្លែង​ណា​ក៏​យើង​អាច​រៀន​បាន​ដែរ»។

យោងតាម​គេហទំព័រ​របស់​ខ្លួន សាកលវិទ្យាល​យូណាន ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​គុនមីង មាន​ប្រវត្តិ​ ១០២ ឆ្នាំ​មក​ហើយ៕