ភ្នំពេញ៖ លើដំណើរផ្សងព្រេងជិះកង់ដើម្បីសប្បុរសធម៌ពីកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប រយៈពេល ៣៦៥ថ្ងៃ លោក ទីវ តារារិទ្ធ បានជួបប្រទះនឹងឧបសគ្គដែលបង្ខំឱ្យលោកផ្លាស់ប្តូរផែនការខ្លះ។
ដើមឡើយមានបំណងឆ្លងកាត់ប្រទេស ប៊ូតាន លោក តារារិទ្ធ ត្រូវប្ដូរផ្លូវដោយសារតែថ្លៃទិដ្ឋាការ និងបញ្ហាសន្ដិសុខ ដែលកើតឡើងពីអស្ថេរភាពនយោបាយ។
លោក តារារិទ្ធ បានចែករំលែកការខកចិត្តនៅលើទំព័រហ្វេសប៊ុកថា៖ «តម្លៃទិដ្ឋការចូលប្រទេស ប៊ូតាន មានតម្លៃ 200 ដុល្លារក្នុងមួយថ្ងៃ។ ប្រសិនបើខ្ញុំជិះកង់នៅប្រទេសនេះមួយអាទិត្យ ខ្ញុំត្រូវចំណាយលុយ ១៤០០ ដុល្លារ»។
លោកបានបន្ថែមបែបកំប្លែងថា៖ «ខ្ញុំគាំង!!! ពូ Pilot សូមដឹកខ្ញុំទៅចុះនៅជួរភ្នំក្រវាញវិញ»។
លោក តារារិទ្ធ បានប្រឈមមុខនឹងការលំបាកមួយទៀត នៅពេលដែលផែនការហោះហើរទៅកាន់ទីក្រុងដាកា ប្រទេស បង់ក្លាដែស ត្រូវបានរារាំងដោយស្ថានការណ៍នយោបាយដ៏គ្រោះថ្នាក់នៅក្នុងប្រទេសនេះ។ លោកត្រូវបោះបង់សំបុត្រយន្ដហោះ ហើយជ្រើសរើសគោលដៅថ្មី គឺទីក្រុង Kathmandu ប្រទេស នេប៉ាល់។
លោកបានឱ្យដឹងថា៖ «ច្រើនថ្ងៃមកនេះ ខ្ញុំមានភាពស្មុគស្មាញច្រើនដោយសារគោលដៅដែលខ្ញុំបានកកសំបុត្រយន្តហោះ និងទិញកញ្ចប់ដើម្បីដឹកកង់ខ្ញុំហោះទៅកាន់ទីក្រុង ដាកា ប្រទេសបង់ក្លាដេស គឺជួបនឹងឧបសគ្គដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពអាក្រក់។ ខ្ញុំត្រូវសម្រេចចិត្តបោះបង់ចោលសំបុត្រដែលទិញរួច និងជ្រើសរើសគោលដៅថ្មីគឺខ្ញុំត្រូវហោះទៅកាន់ទីក្រុង Kathmandu ប្រទេសនេប៉ាល»។
លោកបានបន្ដថា គម្រោងក្នុងដំណាក់កាលទី ២ គឺត្រូវជិះកង់ចេញពីប្រទេស នេប៉ាល់ ឆ្លងកាត់តាមតំបន់ជួរភ្នំ ភូមិភាគខាងលិចប្រទេសនេះទៅកាន់ទីក្រុង ញ៉ូដេលី ប្រទេសឥណ្ឌា និងបន្ទាប់មក លោកនឹងបន្តជិះកង់ទៅកាន់ជួរភ្នំហេមពាន្ដ។
ដំណើរផ្សងព្រេងរបស់លោក តារារិទ្ធ គឺជាសក្ខីភាពនៃភាពអត់ធន់ និងការប្តេជ្ញាចិត្តរបស់លោកក្នុងការជម្នះឧបសគ្គក្នុងបុព្វហេតុដ៏ល្អ។
ផ្លូវដែលគ្រោងទុករបស់លោក តារារិទ្ធ គឺចេញដំណើរពីខេត្ដសៀមរាបនៃប្រទេសកម្ពុជា ឆ្លងកាត់ ២៥ប្រទេសឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។
នៅអាកាសយានដ្ឋានបាងកក កង់របស់ តារារិទ្ធ ដែលបំពាក់ដោយសម្ភារៈចាំបាច់សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយក្លាយជានិមិត្តរូបនៃការត្រៀមខ្លួន និងការតាំងចិត្តខ្ពស់របស់យុវជនរូបនេះ។
កង់ត្រូវបានវេចខ្ចប់ រួមជាមួយសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត បង្ហាញពីការរៀបចំយ៉ាងម៉ត់ចត់សម្រាប់ការធ្វើដំណើរដ៏លំបាកបែបនេះ។
ថ្មីៗនេះ លោក តារារិទ្ធ បានបញ្ចប់ដំណើរកម្សាន្តជិះកង់ចម្ងាយ ២ពាន់គីឡូម៉ែត្រឆ្លងកាត់ប្រទេសឡាវ។ បេសកកម្មនេះមិនត្រឹមតែរុករកតំបន់ទេសភាពធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេរៀនជីវិតអំពីភាពធន់ និងថាមពលនៃទំនាក់ទំនងផងដែរ។
ទោះបីជាជួបការលំបាក រួមទាំងគ្រោះថ្នាក់នៅទីក្រុងវៀងចន្ទន៍ ដែលបណ្តាលឱ្យមានរបួស និងខូចខាតកង់ក៏ពិតមែន ប៉ុន្តែលោក តារារិទ្ធ នៅតែប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួន ដោយទទួលបានការគាំទ្រពីសហគមន៍មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីធ្វើដំណើរឡើងវិញ។
គ្រោងនឹងចាប់ផ្តើមនៅខែមិថុនា បេសកកម្មនេះមានគោលបំណងរៃអង្គាសប្រាក់ចំនួន ២៥ម៉ឺនដុល្លារសម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំរបស់ខ្លួន៕