ភ្នំពេញ៖ ក្រុម​និស្សិត​មក​ពី​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) បាន​ក្លាយ​ជា​ក្រុម​ជើង​ឯក​សម្រាប់​ការ​ប្រកួត​កែច្នៃ​ផលិតផល​រុក្ខជាតិ​ក្នុង​ស្រុក​សម្រាប់​ពាន​រង្វាន់​ត្នោត​មាស ឆ្នាំ​២០២៤។ 

និស្សិត​ចំនួន ១១ ក្រុម ចុង​ក្រោយ​មក​ពី​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម និង​វិទ្យាស្ថាន​សន្តប៉ូល​នៃ​​ខេត្ត​តាកែវ​ បាន​​ចូលរួម​ប្រកួត​ដណ្តើម ​ពាន​រង្វាន់​ត្នោតមាស​ ឬ​ Thnot d’Or 2024 នៅ​វគ្គផ្តាច់​ព្រ័ត្រកាល​ព្រឹក​​ថ្ងៃ​ទី២៧ ខែ​កក្កដា កន្លងទៅ​នៅ​​មូលនិធិ​គីណាល់។

ប្រធាន​បទ​សិក្សា​ស្រាវជ្រាវ​សម្រាប់​ពាន​រង្វាន់​ត្នោត​មាស​លើក​ទី​៥ នេះ ផ្តោត​ទៅ​លើ៖ «ការ​ច្នៃប្រឌិត​បង្កើន​គុណ​តម្លៃ​ផលិតផល​រុក្ខជាតិ​មាន​ប្រយោជន៍​ដល់​សុខភាព សម្រាប់​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​អន្តរជាតិ»។

ក្រុម​និស្សិត​ដែល​មាន​សមាជិក ៦​នាក់​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) បាន​ច្នៃ​បង្កើត​អំបុក​ដំណាប់​ស៊ីរាល (processing of Ambok Damnab Cereal) សម្រាប់​អាហារ​ពេល​ព្រឹក។ 

ក្រុម​និស្សិត​អំបុក​ដែល​ទទួល​បាន​ជ័យ​លាភី​លេខ ១ ជាមួយ​ទឹក​ប្រាក់ ៤​លាន​រៀល បាន​និយាយ​ថា​៖ «​យើង​បាន​បន្ថែម​ផ្លែ​ឈើ​ខ្មែរ​យើង ៦​មុខ​ជាមួយ​អំបុក​សម្រាប់​អាហារ​ពេល​ព្រឹក​។ យើង​មើល​ឃើញ​ថា ការ​ទទួលទាន​អំបុក​មួយ​ឆ្នាំ​ម្ដង វា​ពិត​ជា​តិច​មែ​នទែន​នៅក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​»​។ 

ក្រុម​ជ័យ​លាភី​នេះ​នឹង​បង្កើន​ប្រជាប្រិយភាព​អំបុក​ឱ្យ​ក្លាយ​ជា​អាហារ​ពេល​ព្រឹក​ជា​ទម្លាប់ និង​កែច្នៃ​ផ្លែ​ឈើ​ដែល​សូវ​មាន​ការ​ពេញ​និយម​មក​ទទួលទាន ក៏ដូចជា ផ្ដល់​ទីផ្សារ​ដល់​ប្រជាកសិករ​ផង​ដែរ។ 
អំបុក​ដំណាប់​ស៊ីរាល មាន​រសជាតិ​ស្រួយ ផ្អែម​ឆ្ងាយ​ជាមួយ​ផ្លែឈើ​ ៦​មុខ​នៅ​ក្នុង​នោះ ជាពិសេស ទឹក​ដោះ​គោ​ស្រស់​ៗ​សម្រាប់​នា​ពេល​ព្រឹក​ព្រលឹម​។ 

ក្រុម​ជ័យ​លាភី​លេខ ២ គឺ​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​ផលិត​ឈីស​កែច្នៃ​ពី​គ្រាប់​ស្វាយ​ចន្ទីខ្មែរ ខណៈ​ក្រុម​លេខ ៣ មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ស្ពឺ ក៏​បាន​កែច្នៃ​ឈីស​ពី​គ្រប់​ស្វាយ​ចន្ទី​ផង​ដែរ​។ 

ក្រុម​ជ័យ​លាភី​លេខ ២ គឺ​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​ផលិត​ឈីស​កែច្នៃ​ពី​គ្រាប់​ស្វាយ​ចន្ទីខ្មែរ។ រូបថត សហការី

លោក សាយ សំអាល់ ជារដ្ឋមន្ដ្រីក្រសួង​​ដែនដី​ នគរូប្បនីយកម្ម​ និង​សំណង់​ បាន​ចាត់​ទុក​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ត្នោត​មាស ជា​កម្មវិធី​មួយ​ដ៏​ល្អ ដែល​បណ្ដុះ​គំនិត​អ្នក​ចូលរួម​ឱ្យ​ចេះ​រិះ​រក​ការ​បង្កើត​ថ្មី​។

លោក​បាន​ថ្លែងថា​៖ «បច្ចុប្បន្ន​នេះ មាន​វប្បធម៌​នៃការ​ឆ្ងល់​ ​ចង់ដឹង ស្វែង​យល់​ និង​វប្បធម៌​ស្រាវជ្រាវ​ច្រើន ដែល​មាន​ការ​រីក​ចម្រើន​ច្រើន​ពី​ជាង ១០​ឆ្នាំ​មុន​»។ 

កម្មវិធីប្រកួត​ថ្ងៃនេះ​គឺជា​ចលករ​ដើម្បី​រុញ​មនុស្ស​ឱ្យ​ចេះ​គិតលើ​ផ្លូវ​ផ្សេង។ លោក​បាន​លើក​ឡើង​ថា អំពី​រុក្ខជាតិ​ប្រទាល​ថ្លើម​ឆ្កែ​ខ្មៅ​ កិន​ជាម្សៅ​សម្រាប់​ជាឱសថ​ដែល​កម្ពុជា​មាន​។ 

លោក សំអាល់ បាន​ថ្លែងថា លោក​ចាប់​អារម្មណ៍​រុក្ខជាតិ​ក្រវាញ​នៅ​សហគម​ទ័ព​ជាងនៅ​ទាប​ ខុស​ពី​ក្រវាញ​នៅ​ភ្នំ​ក្រវាញ ដែល​ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់​ សម្រាប់​ដាំ​នៅ​ខេត្ដ​ព្រៃវែង​។ 

លោក​បាន​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​មាន​ការ​គាំទ្រ​ចំពោះ​ការ​ស្រាវជ្រាវ​ស្រាប់​ជា​ម្ហូប​អាហារ និង​ជា​ឱសថ​របស់​យើង​»។ 

លោក ហៃ លីអ៊ាង​ ប្រធាន​មូលនិធិ​ គីណាល់​ និង​ជា​ប្រធាន​អគ្គនាយ​ក្រុមហ៊ុន​ សហគ្រាស ប៉េប៉េអឹម និង​ខនហ្វីរេល បាន​ឱ្យ​ដឹង​ថា ក្នុង​សម័យ​កាល​ដែល​ជំងឺ​បេះដូង ជំងឺ​លើស​ឈាម និងជំងឺ​ទឹក​នោមផ្អែម​កំពុង​តែ​រីករាលដាល​នៅ​កម្ពុជា​ដោយសារ​របប​អាហារ​សម្បូរសារជាតិ​ខ្លាញ់ និង​ស្ករ​ច្រើនពេក ដែល​បណ្តាល​មក​ពី​ទំនោរ​ទៅ​រក «អាហារ​បែប​លោក​ខាង​លិច»  ការ​ប្រកួត​ប្រជែង​ច្នៃ​បង្កើត​នេះ​មាន​បំណង​ចង់​លើក​កម្ពស់​គោលការណ៍​មួយ​ដែល​អាច​ដឹក​នាំ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ឈាន​ទៅ​រក​ការ​រស់នៅ​ប្រកប​ដោយ​និរន្តភាព និង​សុខភាព​ល្អ។ 

លោក​ថ្លែង​ថា៖ «គោលការណ៍​នោះ​គឺ​ «សុំឱ្យ​ចំណី​អាហារ​របស់​អ្នក​ក្លាយ​ជា​ឱសថ​ទីមួយ​សម្រាប់សុខភាព​អ្នក» ដោយសារ​ប្រទេស​យើង​សម្បូរ​ទៅ​ដោយ​រុក្ខជាតិ​ឱសថ​ជាច្រើន ហើយ​ការ​ថែរក្សា​សុខភាព និង​ការ​ព្យាបាល​ដោយ​ប្រើ​ឱសថ​បុរាណ បាន​ចាក់​ប្ញស​យ៉ាង​ជ្រៅ​នៅ​ប្រទេសកម្ពុជា​រាប់​សិប​សតវត្សរ៍​មក​ហើយ»។

​ក្រុម​លេខ ៣ មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ស្ពឺ ក៏​បាន​កែច្នៃ​ឈីស​ពី​គ្រប់​ស្វាយ​ចន្ទី​ផង​ដែរ​។ រូបថត សហការី

មូលនិធី​គីណាល់​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​សម្រាប់​ពានរង្វាន់​ត្នោត​មាស​នេះ ចាប់​តាំង​ពីឆ្នាំ​ ២០១៧ ​ដើម្បី​បញ្ជាក់​ពី​​គោល​នយោបាយ​ការ​ទទួល​ខុសត្រូវ​សង្គម និង សេដ្ឋកិច្ច (CSR) ​របស់​ក្រុមហ៊ុន​សហគ្រាស PPM-Confirel Group។

កម្មវិធី​ពាន​រង្វាន់ ត្នោត​មាស ឬ Thnot d'Or នេះ មាន​គោល​បំណង​លើក​ទឹក​ចិត្ត​បណ្តុះ​គំនិត​ដល់​និស្សិត​កម្ពុជា​ផ្នែក​ក្សេត្រសាស្រ្ត និង​កសិ-ចំណីអាហារ កម្ពុជា ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ និង​ការ​បង្កើត​ថ្មី ដើម្បី​ក្លាយ​ជា​តួ​អង្គ​យ៉ាង​ពិត​ប្រាកដ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ជនបទ​នៃ​ប្រទេស​កម្ពុជា​របស់​យើង​ទាំង​អស់គ្នា៕