ភ្នំពេញ៖ នៅលើ​ដំណើរ​រយៈ​ពេល​ជាង​១០​ថ្ងៃ​ដំបូង​ក្នុង​ផែនការ​ជិះ​កង់​ ៣៦៥​ថ្ងៃ លោក ទីវ​ តារារិទ្ធិ​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង​​វៀងចន្ទន៍ ដែល​ធ្វើ​ឱ្យ​កង់​របស់​លោក​មាន​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ។​

កាលពីថ្ងៃ​ទី៣ ខែ​កក្កដា លោក តារារិទ្ធិ បាន​សម្រេច​ចិត្ដ​លាត​ត្រដាង​អំពី​ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ឡាវ​ ​សប្ដាហ៍​មុន ទោះបីជា​លោក​ប្រឈមការ​ព្រួយ​បារម្ភ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់​។ 

លោក​បាន​និយាយ​នៅក្នុង​វីដេអូ​ផ្ញើ​ជូន​ដល់​អ្នកគាំទ្រ​ដំណើរ​ផ្សង​ព្រេង​របស់​លោកថា​៖ «ខ្ញុំ​បាន​ជិះកង់​ទាំង​ស្មារតី​ងងុយ​គេ បាន​ទៅ​បុក​គូទ​ឡាន​ដែល​ចត​នៅ​មួយ​កន្លែង​ពេញ​ទំហឹង​ ធ្វើ​ឱ្យ​ខ្ញុំ​បែក​មាត់​ ​​ញ៉ាំ​អី​កើត​ប៉ុន្មាន​ថ្ងៃ​»។ 

ឧប្បត្ដិហេតុ​នេះ​បាន​ធ្វើ​ឱ្យ​លោក តារា​រិទ្ធិ ខាត​ពេលវេលា​ធ្វើ​ដំណើរ​មួយ​សប្ដាហ៍​ដោយ​នៅ​បន្ដ​ព្យាបាល​របួស​មាត់ធ្ងន់ធ្ងរ​​នៅ​ទីក្រុង​​​វៀងចន្ទន៍ ។ 

លោក​បាន​បន្ដថា ក្រៅពី​របួស​លើ​រាងកាយ កង់​ជា​ជំនិះ​ដែល​នាំ​រូប​លោក​ឆ្លងកាត់​ផ្លូវ​លំបាក​ ឆ្លង​ព្រំដែន និង​ឆ្លង​ទ្វីប​ រង​នូវការ​ខូច​ខាត​យ៉ាង​ខ្លាំង​។ 

លោក ទីវ តារារិទ្ធិ ចូលសួរសុខទុក្ខកុមារស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់មុនពេលលោកចេញដំណើរផ្សងព្រេងជិះកង់សម្បុរសធម៌កម្ពុជា-អឺរ៉ុប។ សហការី

យុវជន​ ដែល​គ្រោង​ចំណាយ​ពេល​មួយ​ឆ្នាំ​ជិះកង់​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ បាន​ឱ្យដឹងថា​៖ «​ខ្ញុំ​ពិបាកពន្យល់​អារម្មណ៍​មួយ​នេះ​ណាស់។ ពេល​ជួប​គ្រោះថ្នាក់​ភ្លាម ខ្ញុំ​ស្លុត​ ស្រឡាំងកាំង​ផង ពេល​វា​ឈាម​មាត់​ច្រើន ហើយ​ខ្ញុំ​អត់​ចេះ​និយាយ​ភាសា​ឡាវ​។ ខ្ញុំ​មាន​កំហុស និង​ចង់​ចេញ​ថ្លៃ​ជួស​ជុល​ឡាន​សង​គេ​វិញ»​។ 

លោក​បាន​អរគុណ​ដល់​យុវជន​ខ្មែរ​មួយ​រូប​ដែល​តែងតែ​ជួយ​យក​អាសា​ និង​សម្រួល​ជាមួយ​ម្ចាស់​រថយន្ដ​នូវ​សំណង​នៃការ​​ខូចខាត​។

កិច្ច​សំខាន់​មួយ​គឺ​លោក តារារិទ្ធិ យក​កង់​ទៅ​ជួសជុល​ ដែល​អរគុណដល់​ជាង​កង់​ជនជាតិ​ឡាវ​មាន​ជំនាញ​ក្នុង​ការ​តោន​ និង​បាញ់​ថ្នាំ​ឡើង​វិញ​ ក៏ដូចជា​ ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​។ 

លោក​បាន​បញ្ជាក់​ថា​៖ «​កំហុស​ឆ្គង​មួយ​នេះ​បាន​ដាស់​តឿន​ខ្ញុំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ ដោយ​មិន​ខំ​ជិះ​កង់​ទាំង​ស្មារតី​ងងុយ​ដេក​នេះ​ទៀត​ទេ»។ 

ឆ្លៀត​ពេលវេលា​សម្រាក​ព្យាបាល​របួស និង​ជួសជុល​នេះ លោក តារា​រិទ្ធិ បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងក្រុង​ ក៏ដូចជា​ខេត្ដជុំវិញ​ ដោយ​ពួកគេ​បាន​ចូល​រួម​បរិច្ចាគ​ថវិកា​ជួយ​ដល់​មន្ទីរ​កុមារ​អង្គរ​​ផង​ដែរ។ 

លោក ទីវ តារារិទ្ធិ នៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ សហការី

លោក​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា តាមរយៈ​បេសកកម្ម​ជិះ​កង់​ដើម្បី​កុមារ​កម្ពុជា តំណាង​ឱ្យ​យុវជន​ខ្មែរ​ជិះ​កង់​ឆ្លងកាត់​តាម​ប្រទេស​ឡាវ លោក តារារិទ្ធិ បាន​ជួប​សម្ដែង​​ការគួរសម ​​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី វៀងចន្ទន៍។ ​

លោក តារារិទ្ធិ កំពុង​តែ​​បង្កើត​ប្រវត្ដិសាស្ដ្រ​មួយ​គឺការ​ធ្វើ​ដំណើរ​រយៈពេល​មួយ​ឆ្នាំ ជិះកង់​ចម្ងាយ ២ម៉ឺន​គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទ្វីបអឺរ៉ុប។

បេសកកម្ម​ដ៏មាន​មហិច្ឆតា​នេះ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៩ ខែ​មិថុនា ក្នុង​គោល​បំណង​រៃអង្គាស​ប្រាក់​ចំនួន ២៥​ម៉ឺន​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ​កុមារអង្គរ (AHC) ដើម្បី​អបអរសាទរ​ខួប​លើក​ទី ២៥ របស់​មន្ទីរពេទ្យ​សម្រាប់​ជួយ​ដល់​កុមារ។

ការ​ជិះ​កង់​របស់​យុវជន​រូប​នេះ​ នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ ២៥​ប្រទេស ដោយ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​រៃ​អង្គាស​ប្រាក់​​ដល់​កុមារ​កម្ពុជា​ដែល​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ៕