ភ្នំពេញ៖ នៅក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ​២០២៤ តារា​ចម្រៀង​រ៉េប​កម្ពុជា វណ្ណដា​ បាន​បង្កើត​ប្រវត្ដិសាស្ដ្រ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ចូលរួម​សម្ដែង​នៅលើ​ឆាក​ដោយ​ជ្រើសរើស​បទ​ចម្រៀង «Time to Rise»។ 

បទ​​ចម្រៀង​ដែល​ទទួល​បាន​ការ​សាទរ​ជា​អន្តរជាតិ គួប​នឹង​សម្លៀកបំពាក់​ច្នៃ​ពី​ផាមួង​​នៃ​វប្បធម៌​ខ្មែរ បាន​អង្រួន​អារម្មណ៍​មហាជន​ទូទាំង​ពិភពលោក​ឱ្យ​បាន​ស្ដាប់​នូវ​សូរ្យ​សៀងចាប៉ី​​បុរាណ​ខ្មែរ​ជាមួយ​នឹង​ចង្វាក់​រ៉េប​ទំនើប។

កញ្ញា ណុប ដាណេ ជាម្ចាស់​សម្អាង​ការ ជា​អ្នក​ច្នៃម៉ូដ​សម្រាប់​តារា​រ៉េប វណ្ណដា ក្នុង​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ ដែល​សិល្បករ​កម្ពុជា​បាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​កីឡា​អូឡាំពិក​នៅទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

កញ្ញា ដាណេ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «ខ្ញុំ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដោយ​ប្រើ​ផាមួង​នេះ​ឱ្យ​ វណ្ណដា ទៅតាម​ការ​ចង់​បាន​របស់​គាត់​។ កាលពី​នៅ​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ វណ្ណដា គ្រង​ឈុត​ហូល​ ហើយ​ព្រឹត្ដិការណ៍​នៅ​ទីក្រុង​ប៉ារីសនេះ យើង​ចង់​ផ្លាស់​ប្ដូរ​មកប្រើ​ផាមួង​សូត្រ​សុទ្ធ​ តែ​រំលេច​ជរ​ជើង​»។ 

ខណៈពិធី​នេះ​បាន​បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Los Angeles ២០២៨ នា​ពេ​លខាងមុខ ការ​សម្តែង​របស់ វណ្ណដា​ មាន​ភាព​លេចធ្លោ​ក្នុង​ចំណោម​តារា​ល្បីៗ​ជាច្រើន​រូប​ទៀត​ រួមទាំង H.E.R. ការលេង​ភ្លេងជាតិ​របស់​សហរដ្ឋអាមេរិក​ត្រៀម​​ធ្វើជា​ម្ចាស់ផ្ទះ តារា​ចម្រៀង​ Snoop Dogg, Billie Eilish និង Red Hot Chili Peppers។​

យោងតាម​សារព័ត៌មាន NBC News ក្រុម​តន្ត្រី​បារាំង Phoenix បាន​ភាព​លេច​ធ្លោរ​ជាង​គេ​ក្នុងការ​អបអរសាទរ​សិល្បៈ​បារាំង​ជាមួយ​ការ​សម្តែង «Lisztomania» និង​ការសម្ដែង​ផ្សេងៗ​ច្រើន​ទៀត​។ នៅ​មាន​សិល្បករ​ Ezra Koenig នៃ​ក្រុមតន្ដ្រី Vampire Weekend និង វណ្ណដា​ កាន់តែ​​បន្ថែម​ភាព​ទាក់ទាញ​ជា​សកល​ដល់​ព្រឹត្តិការណ៍​លាគ្នានេះ»។

វណ្ណដា ស្លៀក​សម្លៀក​បំពាក់​ទាន់សម័យ ច្នៃ​ពី​ផាមួង​ដែល​ស័ក្តិ​សមជា​មរតក​ខ្មែរ ធ្វើ​​ឱ្យ​​ទស្សនិកជន​ចាប់អារម្មណ៍ ទាំង​ទឹកដម​សម្លេង និង​រូបរាង​ដ៏​ទាក់ទាញ​។ 

ការ​ស្លៀកពាក់​របស់តារា​រ៉េប​រូប​នេះ​​​​​ ជា​និមិត្តរូប​នៃ​ការបញ្ចូល​គ្នា​រវាង​អតីតកាល និង​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ដែល​នាំមក​នូវ​ភាពសម្បូរ​បែប​នៃ​វប្បធម៌​​​ទៅកាន់​វេទិកា​ពិភពលោក​។​

តារារ៉េបកម្ពុជា វណ្ណដា និងកញ្ញា ណុប ដាណេ ជាអ្នកសម្អាងកាយ និងឌីហ្សាញសម្លៀកបំពាក់។ រូបសហការី

ស្ថានទូត​បារាំង​ប្រទេស​ក្រុង​ភ្នំពេញ ក៏​បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​វត្ដមាន​របស់​តារា​រ៉េប​កម្ពុជា​ក្នុង​ព្រឹត្ដិការណ៍បិទ​កីឡា​អូឡាំពិក​នេះ​ផង​ដែរ។ 

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​បារាំង​បាន​ឱ្យ​ដឹងថា​៖ «​អស្ចារ្យ​ណាស់ Vann Da - វណ្ណដា! តារារ៉េប​កម្ពុជា​ដ៏​ល្បី​ឈ្មោះ​បាន​ច្រៀង​នៅ​ចំពោះ​មុខ​ពិភពលោក​កាល​ពី​យប់​មិញ​ក្នុង​ពិធី​បិទ​កីឡា​អូឡំាពិក​ប៉ារីស៍​២០២៤»។ 

ស្ថានទូត​បារាំង​បាន​បន្ដ​ថា​៖ «មុន​ពេល​កម្ពុជា​ដណ្តើម​បាន​មេដាយ​អូឡាំពិក​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ ឈ្មោះ​របស់ វណ្ណដា នឹង​ចារឹក​ទុក​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក»។ 

លីហ្សា ជា​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ប៉ារីស មិន​អាច​ទប់​អារម្មណ៍​រំភើប​របស់​ខ្លួន​បាន​ទេ ខណៈដែល​នាង​បាន​ចូលរួម​ក្នុង​ពិធី​នៅ Stade De France​។ ជាមួយនឹង​ទូរស័ព្ទ​​​នៅក្នុង​ដៃ នាង​បាន​ឆ្លៀត​ផ្ដិត​យក​សកម្មភាព​នៅលើ​ឆាក​តន្ដ្រី​ដ៏​កក្រើក​នេះ​ចែក​ជូន​ប្រជាជន​កម្ពុជា​នៅលើ​បណ្ដាញ​សង្គម​ផង​ដែរ។ ​

ខាងក្រោម​វីដេអូ លីហ្សា​បាន​សរសេរថា៖ «Omgggg, វណ្ណដា កំពុង​តែ​ច្រៀង​នៅក្នុង​កម្មវិធី​អូឡាំពិក​ក្រុង​ប៉ារីស​ ឆ្នាំ​២០២៤​។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​ស្ដាប់​ឮ​ចម្រៀង​ខ្មែរ​នៅលើ​ឆាក​ដ៏​អស្ចារ្យ​នេះ​»។​

បទចម្រៀង «Time to Rise» ដែលមាន​ការចូល​​ទស្សនា​​ច្រើនជាង ១២៣​ លាន​ដង​នៅលើ YouTube​។ 

យោងតាម​កាសែត​បារាំង Le Parisien បានឱ្យ​​ដឹងថា៖ «​ក្នុង​អំឡុងពេល​បង្ហាញ​មុខ​នៅលើ​ឆាក​​របស់​តារា​ចម្រៀង​រ៉េប​កម្ពុជា វណ្ណដា​ នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក ច្បាស់​ណាស់​ថា ​ប្រជាជន​បារាំង​ភាគច្រើន​មិន​ធ្លាប់​បានឮ​ពី​សិល្បករ​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​កម្ពុជា​។ តារា​រ៉េ​ប​វ័យ​២៧​ឆ្នាំ​រូបនេះ​ច្រៀង​បទចម្រៀង​ «Time to Rise» ជា​ពីរ​ភាសា​គឺ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​»​។​

ចំពោះ​វត្ដមាន​នៃការ​ចូលរួម​របស់​តារា​ចម្រៀង​ វណ្ណដា យោង​តាម​លក្ខខណ្ឌ​ និង​ដំណើរការ​​ក្នុង​ការ​ជ្រើសរើស​សិល្បករ​ទៅ​សម្ដែង​នៅព្រឹត្តិការ​ណ៍​កីឡាអូឡាំពិក​កន្លង​មក បេក្ខភាព​តារា​ចម្រៀង​ដែល​ត្រូវ​បាន​ពិចារណា​​ត្រូវ​មាន​ភាព​តំណាង​ឱ្យ​វប្បធម៌​ជាតិ​សាសន៍​ខ្លួន ប្រភេទ​តន្ត្រី សាវតា​ចម្រៀង​ដែល​អាច​ទាក់ទាញ​អ្នកស្ដាប់​ជាសកល។

ចំណុច​បន្ទាប់​តារា​ចម្រៀង​នោះ​​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ដោយ​​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ។ បទចម្រៀង​​ត្រូវ​មាន​ភាព​ស៊ីសង្វាក់គ្នា​នឹង​​ប្រធានបទ​នៃ​ការ​សម្ដែង​​ក្នុង​ព្រឹត្តិការណ៍​បិទ។ 

តារា​ចម្រៀង​នោះ​ចាំ​បាច់​ត្រូវ​មាន​ឆន្ទៈ និង​ធានា​ឱ្យ​បាន​នូវ​វត្តមាន​ក្នុង​​ការ​ឡើង​ឆាក​ ខណៈ​ដែល​ការ​ចរចា​ចុះ​កុងត្រា​អាច​មាន​ភាព​ស្មុគស្មាញ​ជាមួយ​តារា​ចម្រៀង​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា មានឈ្មោះបោះសម្លេង។

ចំពោះ​តំណាក់​កាល​ក្នុង​ការ​ជ្រើសរើស ត្រូវ​ចាប់​ផ្ដើម​ពី​គណៈកម្មាធិការ​ជា​អ្នក​និពន្ធ​តន្ត្រី​ក្នុង​ឧស្សាហកម្ម​អាជីព រួមជាមួយ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក និង​អ្នកជំនាញ​ផ្នែក​វប្បធម៌។ តារា​ចម្រៀង​ត្រូវ​បាន​ស្រាវជ្រាវ និង​កំណត់​ថា​តើ​ បេក្ខភាព​នោះ​អាច​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ដែល​បាន​​រៀបរាប់​​ខាងលើដែរ​ឬទេ។ 

ក្រោយ​ពី​ជាប់​ក្នុង​បញ្ជីសម្រាំង ការ​ចរចា និង​កុងត្រា​ត្រូវបានធ្វើឡើង​ជាមួយ​ទីភ្នាក់ងារ​តំណាង​ដើម្បី​ធានាវត្តមាន​​ពុំអាក់ខាន។ ដំណាក់​កាល​បន្ទាប់​ ព័ត៌មាន​លម្អិត​ពី​ផែនការ​សម្ដែង ការ​រចនា​ឆាក ប្រព័ន្ធពន្លឺ និងសម្លេង​ត្រូវបាន​​ផ្ដល់ជូន​ដល់​តារាចម្រៀង​អន្តរជាតិ​ដែលត្រូវបានជ្រើសរើស។

ក្នុង​ចំណោម​នោះ វណ្ណដា បានបំពេញ​លក្ខខណ្ឌ​យ៉ាង​ពេញលេញ​ជាមួយ​កេរ្តិ៍ឈ្មោះល្បី​ល្បាញ​​​នៅ​អាស៊ីអាគ្នេយ៍ ដោយ​មាន​ចំនួន​ Subscriber ៤ លាន​នាក់​នៅលើ​យូ​ធូប​របស់​លោក៕