ភ្នំពេញៈ យុទ្ធនាការ​សៀវភៅ​មួយ សហគមន៍​មួយ (OBOC) បាន​នឹង​កំពុង​តែ​ធ្វើ​បេសកម្ម​សប្បុរសធម៌​«២៥​ថ្ងៃ ២៥​ខេត្ត​ក្រុង»ដើម្បី​លើក​កម្ពស់​និង​ជំរុញ​វប្បធម៌​ការ​អាន​នៅ​តាម​សហគមន៍ តាម​រយៈការ​បន្ត​ចែក​សៀវភៅ​ជាង ​​២​ម៉ឺន​ក្បាល។ 

បេសកម្ម​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ដល់​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ ដោយ​ធ្វើ​ការ​បែងចែក​ទិសដៅ​ខុសៗ​គ្នា ដើម្បី​ចែក​សៀវភៅ​ចំនួន ២៥ ០០០ក្បាល​ទៅ​ដល់​សហគមន៍​នានា​ទូទាំង​ប្រទេស ជា​ពិសេស​ទៅ​​ដល់​ក្រុម​យុវជន ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ ទៅ​ដល់​៣៥​ឆ្នាំ។ នេះ​បើ​យោង​តាម លោក សុខ ឡាក់ សហស្ថាបនិក​យុទ្ធនាការ​សៀវភៅ​មួយ សហគមន៍​មួយ។

លោក​បាន​ឱ្យ​ដឹង​ពី​កន្លែង​ធ្វើ​បេសកម្ម​ក្នុង​ខេត្ត​ប៉ៃលិន​មក​ថា ក្នុង​អំឡុងពេល​បេសកម្ម​ក៏​រួម​មាន​ទាំង​ការ​ធ្វើ​សិក្ខាសាលា ឬ​ការ​ផ្សព្វផ្សាយ​ពី​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ចូលរួម​ប្រកួត​ជើងឯក​អំណាន ការ​ជំរុញ​ឱ្យ​មាន​អ្នក​អាន២ ៥០០នាក់ និង​អ្នក​អាន​ឆ្នើម​២៥០​ក្នុង​ ២៥​ខេត្ត​ក្រុង។ ក្រៅ​ពី​នោះ​ក៏​មាន​បេសកម្ម អភិវឌ្ឍ​បណ្ណាល័យ​ស ហគមន៍​៥០​ក្នុង​២៥​ខេត្ត​ក្រុង​ផងដែរ។

លោក​បញ្ជាក់​ថា៖ «សៀវភៅ​ហ្នឹង​មាន​ច្រើន​ប្រភេទ ដែល​ចម្រុះ​គ្នា ដូចជា សៀវភៅ​ប្រវត្តិសាស្ត្រ ប្រលោម​លោក អក្សរសិល្បិ៍ អភិវឌ្ឍ​ខ្លួន ភាសា​អង់គ្លេស ភាសាខ្មែរ និង​យុទ្ធសាស្រ្ត...​១​ខេត្ត​យើង​គម្រោង​ចែក​១​ពាន់​ក្បាល។ ហើយ​យើង​ព្យាយាម​ជួប​ក្រុម​យុវជន»។  

បេសកម្ម​ធ្វើឡើង​នៅ​តាម​សាលារៀន បណ្តា​ល័យ​សហគមន៍ និង​តាម​ទីសាធារណៈ​ជាដើម ដែល​អាស្រ័យ​ទៅ​លើ​ដៃ​គូ​សហការ។

បេសកកម្ម​នេះ​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ប្រហែល ២ ៥០០នាក់ ដែល​រួម​មាន​យុវជន អ្នកនិពន្ធ សហគ្រិន និង​ដៃគូ​សហការ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ប្រមាណ ៣ ០០០ គីឡូម៉ែត្រ​ជុំវិញ​ប្រទេស។

លោកស្រី ហ៊ាង វត្ថី សហស្ថាបនិក​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ​សង្ឃឹម​ថា បេសកកម្ម​នេះ នឹង​រួម​ចំណែក ជំរុញ​វប្បធម៌​ការ​អាន​តាម​សហគមន៍ និង​ពង្រឹង​បន្ថែម​នូវ​ធនធាន​មនុស្ស​នៅ​ក្នុង​សង្គម​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។

លោកស្រី​រំពឹង​ដូច្នេះ​ថា៖ «ក្រោយ​ចប់​សកម្មភាព​ជំរុញ​ការ​អាន និង បណ្តុះ​វប្បធម៌​ថ្លៃថ្នូរ​របស់​យើង​ក្នុង​ពេល​នេះ វា​នឹង​មាន​ភាព​សកម្ម និង​ឯករាជ្យ​ក្នុង​ការ​ជំរុញ​ឱ្យ​សហគមន៍​ទាំង​នោះ​អាច​រៀបចំ​សកម្មភាព​នានា​បាន​ដោយ​ខ្លួន​ឯង​នៅ​សហគមន៍​ពួកគេ ជាពិសេស​ឱ្យ​យុវជន​កាន់តែ​ស្រឡាញ់​អក្សរសាស្ត្រ អក្សរសិល្ប៍ និង​វប្បធម៌​ខ្មែរ»។

លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណាល័យ​កម្ពុជា និង​ជា​នាយក​អង្គការ​ស៊ីប៉ា (Sipar) បាន​លើក​ឡើង​ក្នុង​ពិ​ធី​បើក​បេសកម្មនេះ​នា​ថ្ងៃទី៩ ខែ​សីហា​ថា សៀវភៅ​មួយ​សហគមន៍​មួយ ជា​សកម្មភាព​មួយ​ល្អ និង​ជា​គំរូ​របស់​យុវជន​កម្ពុជា ដែល​ព្យាយាម​យក​សៀវភៅ​ទៅ​ដល់​ជនបទ។

លោក​បញ្ជាក់​ថា៖ «បញ្ហា​នៅ​កម្ពុជា​យើង គឺ​សៀវភៅ​មិន​បាន​ទៅ​ដល់​ដៃ​មនុស្ស​គ្រប់ស្រទាប់​វណ្ណៈ​នៅ​គ្រប់​ទិសទី​ទេ ហើយ​គំនិត​របស់​ប្អូនៗ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​យ៉ាង​ណា​យក​សៀវភៅ​ឱ្យ​បាន​ទៅ​ដល់​សហគមន៍ ឬ​ទី​ជនបទ ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ គឺជា​សកម្មភាព​មួយល្អ ហើយ​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​មួយ​​​ក្នុង​ការ​អភិវឌ្ឍ​ការ​អាន និង​ការ​លើក​ស្ទួយ​ចំណេះ​ដឹង​នៅ​កម្ពុជា»។

ចាប់​ពី​ឆ្នាំ ២០២២ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ បាន​ចូលរួម​គាំទ្រ​បណ្ណា​ល័យ​សហគមន៍​ជាង ៤០​កន្លែង ខណៈ​ការ​ចែក​សៀវភៅ​បាន​ប្រហែល​ ១​ម៉ឺន​ក្បាល​នៅ​ទូទាំង​ប្រ​ទេស។

យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ​គឺជា​យុទ្ធនាការ​មួយ​ដែល​មាន​សកម្មភាព​បណ្តុះ​វប្បធម៌​អាន និង​ការ​រៀនសូត្រ​ឯករាជ្យ​តាម​រយៈកម្ម​វិធី​មួយ​ចំនួន​ដូចជា កម្មវិធី​ប្រកួត​អំណាន ២៥​ខេត្ត​ក្រុង និង​ជើងឯក​បំបែក​​ជើងឯក​នៅ​រាជធានី​ភ្នំពេញ​, កម្មវិធី​ចែក​សៀវភៅ, កម្មវិធី​បណ្ណា​ល័យ​ចល័ត, កម្មវិ​ធី​អភិវឌ្ឍ​បណ្ណា​ល័យ​​និង សិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹង៕