ភ្នំពេញ៖ ក្រោយ​វត្ដមានតារា​ចម្រៀង​រ៉េប វណ្ណដា ឬ​ម៉ាន់ វណ្ណដា ​ក្នុង​ព្រឹត្ដិការណ៍​បិទ​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស ឆ្នាំ ​២០២៤ កាលពី​ថ្ងៃទី ១២ ខែសីហាកន្លងមក​ ធ្វើ​ឱ្យ​ប្រជាជន​​ខ្មែរ ក៏ដូចជា​ប្រទេស​ជិតខាង​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​មហាជន​បន្ដ​ជជែក​ថាតើ​ វណ្ណដា ច្រៀង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ឬ​តំណាង​អាស៊ី​ទាំងមូល។ 

នៅពេលនេះ លោក វណ្ណដា បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ Facebook របស់លោកនៅថ្ងៃទី ១៣ សីហា​នេះ ដោយ​លោកពិត​ជា​ច្រៀង​តំណាង​ប្រទេស​របស់​ខ្លួន។ 

លោក​បាន​សរសេរ​ដោយ​ភ្ជាប់​ជាមួយ​សារ​ថ្លែង​អំណរគុណ​ចំពោះ​ការ​ចែករំលែក​ ការ​អបអរ​របស់​ថ្នាក់ដឹកនាំ​ថា៖ «ជាដំបូង ​សូម​គោរព​អរគុណ​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត។ ​ក្នុងនាម​ជា​សិល្បករ​មួយរូប​តំណាងឱ្យ​ផលិតកម្ម បារមី និង​ក្រុមការងារ​ទាំងអស់ ពួកយើង​ពិតជា​មាន​មោទកភាព​បំផុត ដែល​ត្រូវបាន​អញ្ជើញ​ជា​កិត្តិយស​ទៅ​សម្តែង​តំណាង​ប្រទេស​កម្ពុជា​នៅលើ​ឆាក នៃ​កម្មវិធី​បិទ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ ២០២៤​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​ពួកយើង​នឹង​បន្ត​ខំប្រឹងប្រែង ដើម្បី​នាំយក​សំឡេង​តន្ត្រី​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ»​។​

ថ្នាក់​ដឹកនាំកំពូលៗ ដូចជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ដ្រីកម្ពុជា ក៏ដូចជា រដ្ឋមន្ដ្រី ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាច្រើន​ក៏បាន​សរសេរ​សារ​លើ​បណ្ដាញសង្គម​ អបអរ​សាទរ​ និង​កោត​សរសើរ​ចំពោះ​ការ​លើក​មុខមាត់​ជាតិ​របស់​តារាចម្រៀង​រ៉េប​ វណ្ណដា​។ 

វណ្ណដា នឹង​មកដល់​ប្រទេសក​ម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​ព្រឹក ថ្ងៃទី ១៤ ខែ​សីហា ដែល​នឹង​មាន​ការ​ស្វាគមន៍​ពីសំណាក់​មន្ដ្រី​ជាន់​ខ្ពស់​កម្ពុជា រួមទាំង​អ្នក​គាំទ្រ​ជាច្រើននាក់​។ 

គួរ​បញ្ជាក់ថា ទាំង​ផលិតកម្ម​បារមី និង​ វណ្ណដា ខ្លួន​ឯង​ក៏៏មិន​បាន​បង្ហើប​ ឬ​បង្ហាញ​ព័ត៌មាន​អ្វី​ទាំង​អស់​ ទាំង​មុននិង​ក្រោយ ដែល​​តារារ៉ាប​រូប​នេះ​ បាន​ឡើង​ច្រៀង​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​។ 

អតីត​កីឡាការិនី​ហែលទឹក ហែមថុន វិទីនី ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ ខណៈ​កម្ពុជា​មាន​​កីឡាករ​តែ ៣ នាក់​គត់​​ ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក បាន​បង្ហាញ​អារម្មណ៍​​រំភើប​ជាមួយ​ការ​ថត​វីដេអូ​របស់​ខ្លួន​ឯង ពេល​ឃើញ​ វណ្ណដា ច្រៀង​នៅ​ពេល​បិទ​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​នោះ​។ 

អតីត​កីឡាការិនី​បាន​និយាយ​ក្នុង​វីដេអូ​នោះថា​៖ «​ខ្ញុំ​ពិត​ជា​រំភើប​ និង​គាំង ១៥​នាទី​។ យើង​ជាកីឡាករ និង​គ្រូ​បង្វឹក​ ៨នាក់​នាំគ្នា​មើល​មុខ​គ្នា​ដោយ​ស្រឡាំងកាំង​»។

ទាំងក្រុមចម្រៀង K-pop ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បួង BTS និងកញ្ញា Lisa របស់​ក្រុមតារាស្រីកូរ៉េខាងត្បូង Blank Pink គ្មាន​មុខ​នៅ​ក្នុង​ព្រឹត្ដិការណ៍​ដ៏​​អស្ចារ្យនេះទេ។ តារា​រ៉េប​កម្ពុជា វណ្ណដា​ បែរ​ជា​បាន​​សម្តែង​ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​​គេហទំព័ររបស់​ថៃ Pantip។

ចំពោះការ​ផ្សព្វផ្សាយ​សិល្បៈ និង​វប្បធម៌​ខ្មែរ​នៅលើ​ឆាក​អន្ដរជាតិនេះ វណ្ណដា ធ្លាប់​បាន​ផ្ដល់​បទសម្ភាស​ជាមួយ Bandwagon កាលពី​ឆ្នាំ​២០២១ ដោយ​បាន​និយាយថា មនុស្ស​ភាគច្រើន​មិន​ស្គាល់​ថា អ្វី​ទៅជា​ខ្មែរ​ ឬ​​មកពី​ណា​ផង​។ នៅពេល​ពួកគេ​បាន​ស្ដាប់​តន្ដ្រី​របស់​ខ្មែរ​ និង​បាន​ឃើញ​វប្បធម៌​របស់​ខ្មែរ ភាគច្រើន​ពួកគេ​និយាយថា សិល្បៈ​នោះ​មកពី​អាស៊ី​ តែ​តាម​ពិត​វាជា​វប្បធម៌​ដើ​​ម​របស់​ខ្មែរ៕