ភ្នំពេញ៖ អមដោយ​ដំណើរ​តារា​រ៉េប​ វណ្ណដា ពេល​ត្រឡប់​មក​មាតុប្រទេស​វិញ កញ្ញា ឡូរ៉ា ម៉ម បាន​បង្ហាញ​មនោសញ្ចតនា​ និង​អារម្មណ៍​រំភើប​ក្ដុក​ក្ដួល​ចំពោះ​ការ​គាំទ្ររបស់​មហាជន និង​ក្ដីរំភើប​រីករាយ​ដែល​សិល្បករ​ខ្មែរ​បាន​បង្ហាញ​វត្ដមាន​នៅលើ​ឆាក​អន្ដរជាតិ​ក្នុង​ព្រឹត្ដិការណ៍​បិទ​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី ១១ ខែសីហា​កន្លងទៅ។ 

នៅ​ព្រលាន​យន្ដហោះ​ភ្នំពេញ នាព្រឹក​ថ្ងៃទី១៤ ខែសីហានេះ កញ្ញា​​ ឡូរ៉ា ម៉ម ម្ចាស់​ផលិតកម្ម​បារមី បាន​និយាយ​ទៅអ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​មាន​មោនទភាព​ខ្លាំង​មែនទែន​សម្រាប់​ផលិតកម្មបារមី សម្រាប់​ខ្ញុំ និង​សម្រាប់​ វណ្ណដា។ អ្វីដែល​ខ្ញុំ​សប្បាយ​ចិត្ដ​គឺ​កេរ​តំណែល​របស់​ខ្មែរ​ ពេល​វត្ដមាន​របស់​គាត់​នៅ​លើ​ឆាក​កម្មវិធី​នោះ​»។

ជាមួយអារម្មណ៍​​រំភើប​រំជើប​រំជួល កញ្ញា ឡូរ៉ា បានបន្ដថា​៖ «​ថ្ងៃនេះជា​ថ្ងៃ​ជោគជ័យ​ខ្លាំង​ ហើយខ្ញុំ​សង្ឃឹមថា ខ្មែរ​យើង​នឹង​មើល​រូបភាព​របស់​ វណ្ណដា ហើយ​ជឿជាក់​លើ​ខ្លួនថា យើង​ធ្វើ​បាន​»។ 

កញ្ញា​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ ក្រុម​ការងារ និង​អ្នក​គាំទ្រ​ទាំងអស់​។ កញ្ញា​សារភាពថា ខ្មែរ​មាន​តន្ដ្រី​ល្អ និង​វប្បធម៌​ល្អ​ផូរផង់​ តែមិន​នឹកស្មាន​ថា សិល្បករ​ខ្មែរ​អាច​មាន​វត្ដមាន​នៅ​ក្នុង​ព្រឹត្ដិការណ៍​បិទ​កីឡា​អូឡាំពិក​នេះ​ឡើយ​។ 

កញ្ញា​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ដែលគិតថា វា​អាច​ទៅ​រួច​ទេ ហើយ​ខ្ញុំ​គិត​ថា ក្ដី​សុបិនរបស់យើង​កាន់តែ​រីកធំ​ទៅៗ​។ សម្រាប់​ខ្ញុំ ខ្ញុំ​សប្បាយ​ជាពិសេស​ ពីព្រោះវាជា​ថ្ងៃ​ខួប​កំណើត​របស់​ម៉ាក់ ដែល​គាត់​ស្រឡាញ់​សិល្បៈ​ខ្មែរ​យើង​មែន​ទែន​»។ 

ក្នុង​ការ​វិល​ត្រឡប់​របស់​សិល្បករ​រ៉េប​រូបនេះ មានវត្ដមានស្វាគមន៍​ពី​សំណាក់​លោក ថោង ខុន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ​​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕