ភ្នំពេញ៖ តារាចម្រៀង​រ៉េប​កម្ពុជា វណ្ណដា​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​​នៅ​ព្រឹក​នេះ ខណៈដែល​លោក​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ​ បន្ទាប់ពី​ការ​សម្តែង​​ក្នុង​ពិធី​បិទ​អូឡាំពិក​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤​។ 

លោក ថោង ខុន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ស្វាគមន៍​សិល្បករ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​

លោក​បានថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ថា​៖ «​ក្នុងនាមជា​ម្ចាស់​ផ្ទះ បារាំង​បាន​ផ្ដល់​កិត្ដិយស​ពីរ​ដ៏ធំ​សម្រាប់​កម្ពុជា​ទោះបីជា​អត្ដពលិក​កម្ពុជាមាន​ចំនួន​តិច តែ​ផ្ដល់​ទូក​មួយ​យ៉ាង​ស្អាត​សម្រាប់​ពិធីហែក្បូន ហើយ​វត្ដមាន​តារារ៉េប​កម្ពុជា គឺ វណ្ណដា ក្នុង​ព្រឹត្ដិការណ៍​បិទ​កីឡា​អូឡាំពិក​ គឺជា​មហា​កិត្ដិយស​មួយ​សម្រាប់​កម្ពុជា​ ក្នុង​ពេល​កម្ពុជា​មិន​ទាន់​មាន​ឧស្សាហកម្មតន្ដ្រី​​ធំទូលំទូលាយ​»។

លោក ខុន បានបន្ដថា​ នេះ​គឺជាគោល​នយោបាយ​កីឡា​អូឡាំពិក​អន្ដរជាតិ​ដែល​ជួយ​លើកទឹកចិត្ដ​ដល់​ប្រទេស​កំពុង​មាន​ការ​អភិវឌ្ឍ​។ 

លោក​បាន​បន្ថែមថា ក្នុង​នាមជាគណកម្មការ​​កីឡាអូឡាំពិក​កម្ពុជា លោក​បាន​ថ្លែង​អំណរគុណ​ដល់​លោក វណ្ណដា ដែលបាន​ផ្ដល់​កិត្ដិយស​មហា​ធំធេង​ដល់​ប្រទេស​កម្ពុជា ខណៈ​ វណ្ណដា តែងតែ​ចូលរួម​ព្រឹត្ដិការណ៍​កីឡា​ផ្សេងៗ​ទាំង​ជាតិ និង​អន្ដរជាតិ។​

លោក ខុន បាន​ថ្លែង​ថា​៖ «​វត្ដមាន​របស់​ក្មួយ​ វណ្ណដា ក្នុង​ព្រឹត្ដិការណ៍​បិទ​កីឡា​អូឡាំពិក​នេះ បាន​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ចលនា​កីឡាអូឡាំពិក​ពិភពលោក ជាពិសេស ​ចលនា​កីឡាអូឡាំពិកកម្ពុជា​យើង​។ នេះគឺជា​ចលករ​មួយ​យ៉ាង​ធំ​សម្រាប់​ឱ្យ​យុវជន​យើង ជាពិសេស សិល្បៈ​រ៉េប​ជា​ចំណង់​ចំណូល​ចិត្ដ​របស់​យុវជន​បច្ចុប្បន្ន ខណៈ​កីឡាអូឡាំពិក​នៅ​បារាំងក៏មាន​ការ​ប្រកួត​ប្រភេទ​កីឡា Break Dance​»។ 

ចំពោះ​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់ វណ្ណដា លោក​បាន​ឱ្យដឹង​ថា លោក​មានមោទនភាព​ដែល​បាន​នាំយក​ទង់ជាតិ​ខ្មែរ​ និង​ភាសា​ទៅលើ​ឆាក​អន្ដរជាតិ និង​ឱកាស​នៃការ​សម្ដែង​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់ដឹងថា ព្រឹត្ដិការណ៍​នេះ​ ប៉ុន្មាន​ឆ្នាំ​មាន​ម្ដង​នោះទេ​ ពីព្រោះ​នេះ​ជា​ឱកាស​មួយ​ជីវិត​។ វា​អាច​ ពេល​ខ្លះ មាន​តែ​ម្ដង​ទេ។ អ៊ីចឹង វា​គឺ​មោទនភាព​មែន​ទែន​សម្រាប់​ខ្ញុំ​ផ្ទាល់ សម្រាប់​ប្រជាជាតិ ប្រទេស​យើង​។ ខ្ញុំ​គិត​ថា នេះ​គឺជា​ភាព​ឈ្នះ​ដ៏ធំមួយ ហើយ​ខ្ញុំសង្ឃឹមថា នឹង​មាន​អ្វី Surprise បន្ដ​ទៀត»។ 

វណ្ណដា បាន​ថ្លែង​ពីអារម្មណ៍​សប្បាយ និងបាន​អរគុណដល់​ថ្នាក់​ដឹកនាំ ក៏ដូចជា លោក ថោង ខុន ដែល​មក​ទទួល​ស្វាគមន៍​តារារ៉េប​រូប​នេះ​ដោយ​ផ្ទាល់​។  

ជាមួយ​ការ​ចាប់​កាន់​ក្បាល​មេក្រូ​ច្រៀងបទ «Time to Rise» ដែលលោកសម្រេច​ចិត្ដលើក​យក​បទចម្រៀងនេះ​ដោយ​ខ្លួន​ឯង ខណៈ​ព្រឹទ្ធាចារ្យ​ដៃគូ​របស់លោក​ទើប​លាចាក​លោក វណ្ណដា បាន​ថ្លែងថា​ បទ «Time to Rise» ពិតជាល្អ​ឥត​ខ្ចោះ​សម្រាប់​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​នេះ។​

លោកបាន​ឱ្យដឹងថា៖ «នេះ​គឺជា​រឿង​ដ៏ធំ​មួយ​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​លោកគ្រូ។ មុន​នឹង perform ខ្ញុំ​បាន​និយាយ​ [ឧទ្ទិស​] ប្រាប់​គាត់ថា ចៅ​បាន​ធ្វើ​រឿង​មួយ​ទៀត​ហើយ​សម្រាប​លោក​គ្រូ ហើយ​ខ្ញុំ​នាំយក​វត្ថុ​អនុស្សាវរិយ​ជូន​គាត់​។ ខ្ញុំ​សង្ឃឹមថា លោកគ្រូ​នឹង​សប្បាយ​ចិត្ដ​ជាមួយ​អ្វីដែល​ខ្ញុំ​បាន​ធ្វើ​លើ​រឿង​មួយ​នេះ»។ 

លោកក៏បាន​ក្ដីសប្បាយរីករាយ​នៅពេល​កាសែតបរទេស​ចង់​ដឹង​អំពី​តារា​រ៉េប​កម្ពុជា ដោយ​លោក​លើកឡើងថា វាជា​ចំណុច​មួយ​ដ៏​ល្អ​ដែល​គេ​ចង់​ដឹងអំពី​សិល្បៈ និង​ភាសា​ខ្មែរ​។ 

​វណ្ណដា ដែលមាន​ឈ្មោះ​ពិត​ថា ម៉ាន់ វណ្ណដា បាន​ក្លាយជា​សិល្បករ​ដ៏​មាន​ឥទ្ធិពល​មួយរូប​របស់​កម្ពុជា​។ ដោយ​ស្គា​ល់ពី​ស្ទីល​ពិសេសចំពោះ​ទេពកោសល្យ​​ដែល​លាយ​បញ្ចូល​​តន្ត្រីបុរាណ​ខ្មែរ​ជាមួយនឹង​ការ​រ៉េ​ប​សហ​សម័យ ស្នាដៃ​របស់ វណ្ណដា ​បាន​ទាក់ចិត្ត​ទស្សនិកជន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​។ 

បទ​ចម្រៀង​ដ៏​ល្បី​របស់លោក​ "Time to Rise" ដែលមាន​អ្នក​ចូល​មើល​ជាង ១២៣​ លាន​ដង​នៅលើ​យូ​ធូប បាន​បង្ហាញ​ពីភាព​អស្ចារ្យ​ និង​មោទនភាព​វប្បធម៌​សម្រាប់​ប្រជាជន​កម្ពុជា​។​

​ការច្រៀង​បទ​ "Time to Rise" ក្នុងអំឡុងពេល​ពិធី​បិទ​អូឡាំពិក​បាន​ទាក់ទាញ​ទស្សនិកជន​ទូទាំង​ពិភពលោក ដោយ​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា និង​នាំយក​សំឡេង​របស់​វា​ទៅកាន់​ឆាក​ពិភពលោក​។ 

នេះ​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ ​វណ្ណដា ​បាន​ក្លាយជា​សិល្បករ​ខ្មែរ​ដំបូង​​ដែល​បាន​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​បែបនេះ​។​

កាលពី​យប់​មិញ លោក​ក៏​បាន​សរសេរសារ​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​នាំ​ដែល​បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​រូប​ដោយ​បាន​លើកឡើង​ថា​៖ «ជាដំបូង ​សូម​គោរព​អរគុណ​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត។ ​ក្នុងនាម​ជា​សិល្បករ​មួយរូប​តំណាងឱ្យ​ផលិតកម្ម បារមី និង​ក្រុមការងារ​ទាំងអស់ ពួកយើង​ពិតជា​មាន​មោទកភាព​បំផុត ដែល​ត្រូវបាន​អញ្ជើញ​ជា​កិត្តិយស​ទៅ​សម្តែង​តំណាង​ប្រទេស​កម្ពុជា​នៅលើ​ឆាក នៃ​កម្មវិធី​បិទ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ ២០២៤​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​ពួកយើង​នឹង​បន្ត​ខំប្រឹងប្រែង ដើម្បី​នាំយក​សំឡេង​តន្ត្រី​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ»​។​

លោកក៏បាន​សរសេរ​សារ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដោយ​ថ្លែង​អំណរគុណ​ចំពោះ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ដែលបាន​បង្ហាញ​ការ​អបអរ​សាទរ និង​កោត​សរសើរ​ផង​ដែរ។ 

​កញ្ញា ឡូរ៉ា ម៉ម ម្ចាស់​ផលិតកម្ម​បារមី បាន​និយាយ​ទៅអ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​មាន​មោនទភាព​ខ្លាំង​មែនទែន​សម្រាប់​ផលិតកម្មបារមី សម្រាប់​ខ្ញុំ និង​សម្រាប់​ វណ្ណដា។ ខ្ញុំ​អរគុណដល់​លោកគ្រូ​ គង់ ណៃ និង​ប្រពន្ធ​របស់​គាត់​។ អ្វីដែល​ខ្ញុំ​សប្បាយ​ចិត្ដ​គឺ​កេរ​តំណែល​របស់​ខ្មែរ​ ពេល​វត្ដមាន​របស់​គាត់​នៅ​លើ​ឆាក​កម្មវិធី​នោះ​»។

ជាមួយអារម្មណ៍​​រំភើប​រំជើប​រំជួល កញ្ញា ឡូរ៉ា បានបន្ដថា​៖ «​ថ្ងៃនេះជា​ថ្ងៃ​ជោគជ័យ​ខ្លាំង​ ហើយខ្ញុំ​សង្ឃឹមថា ខ្មែរ​យើង​នឹង​មើល​រូបភាព​របស់​ វណ្ណដា ហើយ​ជឿជាក់​លើ​ខ្លួនថា យើង​ធ្វើ​បាន​»។ 

កញ្ញា​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ ក្រុម​ការងារ និង​អ្នក​គាំទ្រ​ទាំងអស់​។ កញ្ញា​សារភាពថា ខ្មែរ​មាន​តន្ដ្រី​ល្អ និង​វប្បធម៌​ល្អ​ផូរផង់​ តែមិន​នឹកស្មាន​ថា សិល្បករ​ខ្មែរ​អាច​មាន​វត្ដមាន​នៅ​ក្នុង​ព្រឹត្ដិការណ៍​បិទ​កីឡា​អូឡាំពិក​នេះ​ឡើយ​។ 

កញ្ញា​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ដែលគិតថា វា​អាច​ទៅ​រួច​ទេ ហើយ​ខ្ញុំ​គិត​ថា ក្ដី​សុបិនរបស់យើង​កាន់តែ​រីកធំ​ទៅៗ​។ សម្រាប់​ខ្ញុំ ខ្ញុំ​សប្បាយ​ជាពិសេស​ ពីព្រោះវាជា​ថ្ងៃ​ខួប​កំណើត​របស់​ម៉ាក់ ដែល​គាត់​ស្រឡាញ់​សិល្បៈ​ខ្មែរ​យើង​មែន​ទែន​»។ 

ម្ចាស់​ផលិតកម្មរូបនេះ បាន​បន្ដថា​ ជាមួយមរកត​សិល្បៈបុរាណខ្មែរ លោកគ្រូ គង់ ណៃ បាន​ប្រាប់ថា វាជា​ពេលវេលា​ «Time to Rise» ជាពិសេស​ក្រោក​ឡើង​ជាថ្មី​ម្ដង​ទៀត ហើយ​នេះ​គ្រាន់តែជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​។ 

កញ្ញា​អះអាងថា ផលិតកម្ម​នឹង​ផលិតបទ​ចម្រៀង​ដោយ​បញ្ចូល​ទម្រង់​សិល្បៈ​ប្រពៃណី​ខ្មែរ​ជា​ច្រើន​បន្ថែម​ទៀត​។ 

ជាសិល្បករ​រ៉េប​តែ​បង្ហាញ​អប្បកិរិយា​សុភាពរាប​សា វណ្ណដា ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​តន្ត្រី​ខ្មែរ​សម័យ​ទំនើប ខណៈពេលប្រកាន់ភ្ជាប់​នូវ​ការ​ផ្សព្វផ្សាយ​សិល្បៈ​ប្រពៃណី​ខ្មែរ​​។ ​

​ការសម្តែង​របស់ វណ្ណដា ​នៅ​អូឡាំពិក​ទីក្រុង​ប៉ារីស​មិនមែន​គ្រាន់តែ​ជា​ជ័យជំនះ​ផ្ទាល់ខ្លួន​ទេ ប៉ុន្តែ​ជា​និមិត្តរូប​នៃ​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​កម្ពុជា​នៅលើ​ឆាក​ពិភពលោក​។​

​ឥទ្ធិពល​នៃ​ការសម្តែង​របស់ វណ្ណដា លើ​ឆាក​អន្ដរជាតិ​​នឹង​បន្ត​ជំរុញ​ទឹកចិត្ត​សិល្បករ​ខ្មែរ​ជំនាន់​ថ្មី ឱ្យ​ចង់​ចែករំលែក​វប្បធម៌ និង​ទេពកោសល្យ​របស់​ពួកគេ​ទៅកាន់​ពិភពលោក​៕