ភ្នំពេញ៖ នៅ​ក្នុង​សមិទ្ធផល​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ដែល​បាន​នាំ​មក​នូវ​មោទនភាព​ដល់​ប្រទេស​ជាតិ​ កុមារី ឃាងសុផានី ព ស្ព្រីង អាយុ ១១ ឆ្នាំ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ សម្រាប់​ជើងឯក​ពិភពលោក​ក្នុង​កម្មវិធី TeenEagle Global Round ដ៏​មាន​កិត្យានុភាព​នៅ​ចក្រភព​អង់គ្លេស ​ជា​អ្នក​គ្រង​ពាន​មួយ​ក្នុងចំណោម​ម្ចាស់​​ពាន​រង្វាន់​កំពូល​ទាំង​ ៣។

ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​សិស្ស​​អន្តរជាតិ​ជាង ៣០០ នាក់ មក​ពី​ជាង ១០ ប្រទេស​សមត្ថភាព​ដ៏​ឆ្នើម​របស់ ស្ព្រីង ទទួល​បាន​ពាន​រង្វាន់​ចំនួន ៣ និង​មេដាយ​មាស​ចំនួន ២ ដែល​ធ្វើឱ្យ​កុមារី​រូប​នេះ​​ក្លាយជាម្ចាស់​ពាន​កំពូល​ម្នាក់​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​សកល​នេះ។

ស្ព្រីង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ចំណែកឯ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ Ayla Garakhanli មកពី​ប្រទេស​ អាហ្សាក់បាហ្សង់​ (Azerbaijan) ខណៈដែល Mahvendra Nava Murali មកពី​ម៉ាឡេស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៣។

កម្មវិធី TeenEagle Global Round ដែល​បាន​រៀប​ចំ​ឡើង​​រយៈពេល​ពីរ​ថ្ងៃ​នៅ​ចន្លោះ​ថ្ងៃទី ៥-៦ ខែ​សីហា ឆ្នាំ២០២៤ បាន​បើក​ឱកាស​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​មុខវិជ្ជា​ផ្សេងៗ ចាប់​ពី​កម្រង​សំណួរ​ចំណេះដឹង រហូត​ដល់​ការ​សិល្បៈ​នៃ​និយាយ។

ស្ព្រីង ដែល​នឹង​ត្រូវ​ឡើង​ថ្នាក់ទី ៦ នៅសាលា​ DK SchoolHouse បាន​ចែក​រំលែក​ក្តី​រំភើប​ថា៖ «វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ និង​មិត្ត​កម្ពុជា​របស់ខ្ញុំ ដែល​តំណាងឱ្យ​ប្រទេស​របស់​យើង និង​បង្ហាញ​ពី​ទិដ្ឋភាព​វិជ្ជមាន​នៃ​ប្រទេស​កម្ពុជា​។​ ​គ្រួសារ​របស់ខ្ញុំ​តែងតែ​​ស្រឡាញ់​ខ្ញុំ ផ្ដល់​កម្លាំង​ចិត្ដ​ដល់​​​ខ្ញុំ និង​គាំទ្រ​​ទស្សនៈ​របស់ខ្ញុំ​។ ខ្ញុំ​រំភើបចិត្ត​ពេល​ខ្ញុំ​ទទួលបាន​ចំណាត់​ថ្នាក់​លេខ​២​សម្រាប់ Global Overall Champion Winner រួមទាំង​ពាន​ ៣ និង​មេដាយ​ ២»​។​

ស្ព្រីង បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​មនុស្ស​ល្អៗ​ដែល​បាន​ជួប​នៅ TeenEagle ដោយ​បង្ហាញ​ពី​ការ​បង្កើត​​មិត្តភាព​ជាមួយ​សិស្សានុសិស្ស​កម្ពុជា និង​អន្ដរជាតិ។

កុមារី​រូប​នេះ​ក៏​​បាន​លើក​សរសើរ​គ្រូបង្រៀន ដោយ​ចាត់ទុក​ពួកគេ​ជា​អ្នក​ផ្ដល់​ការ​អប់រំ​គួរ​ឱ្យគោរព​  និង​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ពេញចិត្ដ​នឹង​ថ្នាក់​រៀន។

នៅ​ពេល​សួរថា​តើ​មិត្ត​ភក្តិ និង​គ្រូ​បង្រៀន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ភាព​ជោគជ័យ​​នេះ ស្ព្រីង បាន​ចែក​រំលែក​ថា ពួកគេ​រំភើប​ចិត្ត​ដោយ​បង្ហាញ​ទំនុកចិត្ត​​​ជាមួយ​នឹង​ពាក្យ​ពេចន៍​ថា៖ «​ខ្ញុំ​ដឹង​ថា​អ្នក​អាច​ធ្វើបាន» និង «គ្មានអ្វី​អាចជា​ឧបសគ្គ​សម្រាប់​​​អ្នក​ទេ​» ដែល​ធ្វើឱ្យកុមារី​ សប្បាយចិត្ត​ណាស់​ដែលមាន​មិត្ត​គាំទ្រ​បែបនេះ​។​

អ្នក​ម្តាយ​របស់ ស្ព្រី​ង គឺ​អ្នកស្រី សៅ សុ​ផានី បានបង្ហាញ​នូវ​មោទនភាព​យ៉ាងខ្លាំង​ចំពោះសមត្ថភាព​​កូនស្រី​​​ដែល​មិន​ត្រឹមតែ​ទទួលបាន​ពានរង្វាន់​ប៉ុណ្ណោះ​ទេ ថែមទាំង​ការខិតខំ​ប្រឹងប្រែង​​​ទៀតផង​។​

អ្នកស្រី សុ​ផានី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍៖ «ក្នុងនាម​ខ្ញុំ​ជា​ម្តាយ ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ មោទនភាព​ចំពោះ​កូន​យ៉ាង​ខ្លាំង​​។ មោទនភាព​របស់​ខ្ញុំ​ក្នុងនាម​ជា​ម្តាយ មិនមែន​នៅក្នុង​សមិទ្ធផល​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ទេ ប៉ុន្តែ​នៅក្នុង​កា​រមើលឃើញ​ពី​ភាព​ជោគជ័យ សេចក្តី​សប្បុរស ភាពរឹងមាំ និង​ប្រាជ្ញា​របស់​កូន​ខ្ញុំ​​ក្នុង​កម្មវិធី TeenEagle Global Round នៅ​ចក្រភព​អង់គ្លេស»។​

កុមារីស្ព្រី​ង កាន់បង្ហាញពានរបស់ខ្លួន។ រូបថត សហការី

អ្នកស្រី​ បានបង្ហាញ​អារម្មណ៍​មោទនភាព និង​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ដែល​ឃើញ​កូនស្រី​តំណាងឱ្យ​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ព្រោះ​វា​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ ការខិតខំ​ប្រឹងប្រែង វិន័យ និង​ការ​លះបង់​របស់​និស្សិត​កម្ពុជា​។

លោក ហាក់ សូហ្វី ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន Bright Education Consultant and Travel ដែល​រៀបចំ​ដំណើរ​ទៅប្រកួតប្រជែង​នេះ បាន​កោត​សរសើរ​ចំពោះ​ស្នាដៃ​របស់​សិស្សានុសិស្ស​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង TeenEagle​ នៅ​ចក្រភព​អង់គ្លេស។

លោក សូហ្វី​ បាន​និយាយ​ថា៖ «​សិស្ស​កម្ពុជា​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ ដោយ​ឈ្នះ​ជើងឯក Global Winner Champion Trophy មួយ និង​ពាន​ចំនួន ១៣ មេដាយមាស ៩ មេដាយប្រាក់ ១១ និង​មេដាយសំរិទ្ធ ៣ គ្រឿង»។

លោក​បាន​បន្ថែមថា សមិទ្ធផល​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ទេពកោសល្យ និង​ការលះបង់​របស់​សិស្សានុសិស្ស​កម្ពុជា ដែលមាន​សក្តានុពល​ប​ញ្ចេ​ញ​សមត្ថភាព​​លើ​ឆាក​ពិភពលោក​។​

សម្រាប់​ការប្រកួត TeenEagle នៅ​ចក្រភព​អង់គ្លេស សិស្សានុសិស្ស​​ទាំងនេះ​មកពី​សាលា​រដ្ឋ និង​ឯកជន​​ ​ត្រូវ​ការ​កាត់​ការ​​ជ្រើសរើស​ពីរ​ដំណាក់កាល​ទាំងក្នុង​ស្រុក និង​អន្ដរជាតិ​។​

លោក សូហ្វី​ បានឱ្យ​ដឹង​ថា៖ «សិស្សានុសិស្ស​ជាង ៦០០ នាក់​មកពី​សាលា​រដ្ឋ និង​ឯកជន​បាន​ចូលរួម​ក្នុងការ​ប្រឡង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។ ​អ្នក​ដែល​ប្រឡង​ជាប់​មានឱកាស​ទៅ​ប្រកួតប្រជែង​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​»។​

TeenEagle Global Round ដែល​ត្រូវបាន​គេ​ស្គាល់​ថា​សម្រាប់​ការប្រកួតប្រជែង​យ៉ាង​ម៉ត់ចត់​ ​មាន​វិញ្ញាសា​ជាច្រើន ​ដូចជា Knowledge Quiz, Persuasive Speaking, និង Writing Challenge​។​

ការប្រកួតប្រជែង​នៅ​ឆ្នាំនេះ​ក៏បាន​លើកឡើង​ពី​បញ្ហា​សកលលោក ដោយ​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​វ័យ​ក្មេង​​គិតពិចារណា​អំពី​ពិភពលោក​ជុំវិញ​ពួកគេ និង​ថ្លែង​ចេញ​ពី​គំនិត​យោបល់​​លើ​ប្រធានបទ​សំខាន់ៗ ដូចជា ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​។​

ជម្នះ​ឧបសគ្គ

ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់ Spring គឺ​មិនមែន​ដោយ​គ្មាន​បញ្ហា​ប្រឈម​នោះទេ​។ នាង​បាន​និយាយ​ដោយស្មោះ​ត្រង់​អំពី​ការលំបាក​ដែល​នាង​ជួបប្រទះ រួមទាំង​ការ​សង្ស័យ​នៅពេល​សិក្សា​សម្រាប់​ការប្រកួតប្រជែង​។​

ស្ព្រី​ង បាន​ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍ថា៖ «​មាន​ឧបសគ្គ​លំបាក​ជាច្រើន​ដែល​ខ្ញុំ​បាន​ជួបប្រទះ ដូចជា​ ពេលដែល​ខ្ញុំ​មើលសៀវភៅ ខ្ញុំ​ស្ទើរ​តែ​បោះបង់​ចោល​ម្ដងៗ​​។​ ប៉ុន្តែ​ខ្ញុំ​​ក៏​មិន​ចង់​ជឿលើ​​ខ្លួនឯងដែរ​ ដែល​ខ្ញុំ​នៅតែ​អាច​បន្ដ​​ឈ្នះ​លើ​ឧបសគ្គនេះ​»។​

ស្ព្រីង បានបង្ហាញ​ពីបទ​ពិសោធន៍​នៅ TeenEagle ដោយ​កត់​សម្គាល់ថា ​ការប្រកួតប្រជែង​គឺ​ពោរពេញ​ទៅដោយ​បេក្ខជន​​មាន​ការអប់រំ​ខ្ពស់​ជាច្រើន និង​ឧបសគ្គ​ផ្សេងៗ​។​

កុមារី​រូប​នេះ ​បាន​ទទួល​ស្គាល់​ថា ទោះបីជា​មាន​ការ​លំបាក​យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​បរិយាកាស​រីករាយ​ ហើយ​អ្នក​ចូលរួម​បាន​ចែករំលែក​នូវ​ភាព​ស្និទ្ធស្នាល​ ហាក់​បី​​ដូចជា​ក្រុមគ្រួសារ​តែមួយ​។​

ក្នុងនាម​ជា​ម្តាយ​ម្នាក់ អ្នកស្រី សុ​ផានី បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​បាន​ជួបប្រទះ​ក្នុងការ​រៀបចំ ជាពិសេស​ ​ភាព​ខុសគ្នា​នៃ​ពេលវេលា និង​ការទទួលបាន​ប្រភព​មេរៀន​​។​

អ្នកស្រី សុផានី បាន​​ឱ្យ​ដឹង​ថា ពួកគេ​បានរៀបចំ​យ៉ាង​ហ្មត់ចត់​សម្រាប់​សំណួរ និង​ចម្លើយ ដោយ​កូនស្រី​របស់​អ្នកស្រី​ឧស្សាហ៍​រៀន និង​ទន្ទេញ​វាក្យសព្ទ ហាត់សរសេរ​លើ​ប្រធានបទ​ផ្សេងៗ និង​ហាត់​សម​ការនិយាយ​ រហូតដល់​សិស្ស​ថ្នាក់ទី ៧ រូប​នេះ​​មាន​អារម្មណ៍​ជឿជាក់ និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការប្រកួត​។​

​ថ្វីបើ​មាន​ឧបសគ្គ​ទាំងនេះ​ក៏ដោយ ក៏​ការប្តេជ្ញាចិត្ត​របស់ ស្ព្រី​ង និង​ការគាំទ្រ​ឥត​ងាករេ​របស់អ្នក​​ម្តាយ និង​ឪពុក​​ធានាបាន​ជោគជ័យ​របស់កូន​ស្រី​​។​

​អ្នកស្រី សុ​ផានី បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការលើកទឹកចិត្ត​កូនស្រី​ឱ្យមាន​តុល្យភាព​ការប្រកួតប្រជែង​ជាមួយនឹង​សកម្មភាព​ផ្សេងទៀត​ដែល​កុមារី​​ចូលចិត្ត ដូចជា ​ការហាត់​ប្រាណ ការចំណាយ​ពេល​ជាមួយ​មិត្តភក្តិ ឬ​ជាមួយ​ក្រុមគ្រួសារ​ជាដើម​។​

អ្នកស្រី​​ជឿជាក់ថា​ ការរក្សា​តុល្យភាព​នេះ​នឹង​ជួយ​ឱ្យ​កូនស្រី​​មាន​សុភមង្គល និង​មាន​សុខភាព​ល្អ ខណៈពេលដែល​ត្រៀមខ្លួន​សម្រាប់​ការប្រកួតប្រជែង​ដោយ​មិនមាន​អារម្មណ៍​ធុញថប់​។​

អ្នកស្រី​បាន​កត់សម្គាល់ថា៖ «​ខ្ញុំ​តែងតែ​ផ្តោតលើការ​ខិតខំ​ប្រឹងប្រែង​ មិនមែនជា​គោលដៅ​ចុងក្រោយ​នោះទេ»។ អ្នកស្រី​​បន្ថែមថា ជាមួយនឹង​ការគាំទ្រ​ពី​អ្នក​ម្ដាយ​ កូនស្រី​​អាច​ទទួលបាន​ជោគជ័យ និង​​នៅតែ​រីករាយ​នឹង​កុមារភាព​។​

សមត្ថភាព​នា​ពេល​អនាគត​

ភាពជោគជ័យ​នៅ TeenEagle Global Round បាន​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អនាគត​របស់ ស្ព្រី​ង។ កុមារី​បាន​​ប្ដេជ្ញា​ថា​នឹង​បន្ត​ការសិក្សា​​ឱ្យបាន​ល្អ ដើម្បី​សម្រេចបានភាព​ជោគជ័យ​​កាន់តែ​ច្រើន​។​

ស្ព្រី​ង បាន​និយាយថា​៖ «​ខ្ញុំ​មាន​យុទ្ធសាស្ត្រ​ដើម្បី​ទទួលបាន​ពិន្ទុ​ល្អ​នៅ​សាលា ដូច្នេះ​ខ្ញុំ​នឹង​អាន​សៀវភៅឱ្យ​​បាន​ច្រើន សាកល្បង​ធ្វើ​លំ​ហាត់ និង​​មើល​​វីដេអូ​លើ​មុខវិជ្ជា​នេះ​»​។​

​ម្តាយ​របស់​ស្ព្រី​ង ​ជឿជាក់ថា​ សមិទ្ធផល​នេះ​នឹងមាន​ឥទ្ធិពល​យូរអង្វែង​ដល់​អនាគត​កូនស្រី​ និង​លើកទឹកចិត្ត​ដល់​កុមារ​កម្ពុជា​ដទៃទៀត​។​

អ្នកស្រី សុផានី បាន​ឱ្យ​ដឹងថា​៖ «ស្ព្រី​ង នឹង​ចែករំលែក​នូវ​អ្វីដែល​គាត់​​បាន​រៀន និង​បទពិសោធន៍​ជាមួយ​កុមារ​កម្ពុជា​ដទៃទៀត ក្នុង​គោលបំណង​សិក្សា និង​អភិវឌ្ឍ​ការអប់រំ​»។ ​

​អ្នកស្រី​​ ជឿជាក់ថា កុមារ​កាន់តែច្រើន​នឹងចូលរួម​ក្នុងការ​ប្រកួត​នេះ ហើយ​នាំមក​នូវ​ក្តីសង្ឃឹម និង​កិត្តិយស​ដល់​ប្រទេស និង​ក្រុមគ្រួសារ​របស់​ពួកគេ បន្ទាប់ពី​បានដឹង​ព័ត៌មាន​នេះ​ពី​ភ្នំពេញ​ប៉ុស្តិ៍​។​

អ្នកស្រី​បាន​សង្កត់ធ្ងន់ថា ឪពុកម្តាយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​របស់​កូនៗ ដោយសារ​ពួកគេ​ផ្តល់​​ការគាំទ្រ​ទាំង​រូបី និង​អារម្មណ៍​ពេញ​មួយ​ការប្រកួត​អន្តរជាតិ​។​

​អ្នកស្រី សុផានី ​បាន​និយាយថា៖ «​ក្នុងនាម​ជា​ម្តាយ​របស់ ស្ព្រី​ង ខ្ញុំ​ជឿថា ​វា​ចាំបាច់​ណាស់​ក្នុងការ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង និង​ការអប់រំ​របស់​កូនស្រី​ខ្ញុំ ពីព្រោះ​ការចូលរួម​របស់​ឪពុកម្តាយ​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​»។​

ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី​​បានទទួល​ស្គាល់​ពី​សារៈសំខាន់​របស់​ឪពុកម្តាយ​ក្នុង​ការរក្សា​ទស្សនវិស័យ ដើម្បី​ធានាថា ​ការប្រកួតប្រជែង​នៅតែមាន​សុខភាព​ល្អ និង​មិន​ដាក់​សម្ពាធ​ខ្លាំងពេក​លើ​កុមារ​។​

នៅ​ឆ្នាំ២០២៣ សិស្សានុសិស្ស​​កម្ពុជា​ចំនួន ៣៧ នាក់​ក្នុង​ចំណោម​បេក្ខជន ៤២៧នាក់ បានទទួល​ជោគជ័យ​គួរឱ្យកត់សម្គាល់​នៅក្នុង​ការប្រកួតប្រជែង​ភាសា​អង់គ្លេស TeenEagle ដែល​ធ្វើឡើង​នៅ​ចក្រភព​អង់គ្លេស​ចាប់ពី​ថ្ងៃទី ៣០ ខែកក្កដា​ដល់​ថ្ងៃទី ៦ ខែសីហា​។​

ពួកគេ​បាន​ត្រឡប់មក​មាតុប្រទេស​វិញ​​​ជាមួយនឹង​មេដាយ​​មាស១១ គ្រឿង មេដាយប្រាក់១៧គ្រឿង​ និងមេដាយសំរឹទ្ធ២៤គ្រឿង ហើយ​​កាល​​ឆ្នាំ២០២២ ​​សិស្សានុសិស្ស​​កម្ពុជា​ចំនួន ៨០ នាក់​បាន​ចូលរួម​​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​ចំនួន ៤១៦​ នាក់​មកពី ២១ ប្រទេស​ក្នុងការ​ប្រកួត​ដូចគ្នា​នៅ​ទីក្រុង​ឡុង​ដ៍​។​

​ក្រុម​កម្ពុជា​បានបង្ហាញសមត្ថភាព​​ដ៏​ពិសេស ដោយនាំ​មកវិញ​ជាមួយ​មេដាយ​​មាស​ចំនួន ១១ គ្រឿង​ ប្រាក់ ១៩ គ្រឿង សំរឹទ្ធ ១៨ គ្រឿង​ និង​មេដាយ​កិត្តិយស​ចំនួន ២៧​៕